Wednesday, June 15, 2016

តើការធ្វើអត្តឃាតខ្លួននេះចាត់ទុកជាអកុសលកម្មបទទេ?


សៈ តើការធ្វើអត្តឃាតខ្លួនចាត់ទុកជាអកុសកម្មបទទេ?

ចៈ ប្រសិនបើធ្វើការវិភាគទៅលើគោលការណ៍អភិធម្មរួចមក ការធ្វើអត្តឃាតខ្លួនមិនចាត់ទុកជាអកុសលកម្មបទទេ ក្រៅពីមិនមានការសម្លាប់ ឬបៀតបៀនដល់អ្នកដទៃដោយត្រង់ ទើបមិនគ្រប់អង្គប្រកបជាបាណាតិបាត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពេលខ្លួនស្លាប់ទៅហើយ ក៏ត្រូវទៅកើតក្នុងអបាយភូមិដដែល។
សួរថា ហេតុអី្វត្រូវធ្វើការវិភាគដូច្នេះ? ការធ្វើអត្តឃាតខ្លួននោះ ទោះបីជាមិនអាចខុសសីលក៏ដោយ ក៏ប៉ុន្តែថា វាខុសផ្លូវធម៌ ព្រោះជាទង្វើធ្វើដោយចិត្តដែលជាបដិឃៈ មានសេចក្ដីក្រោធ មានការទាស់ចិត្ត សន្តានចិត្តក៏រមែងមិនស្រស់ថ្លា ដែលជាលទ្ធផលបានស្លាប់ទៅ និងត្រូវធ្លាក់ចុះក្នុងអបាយភូមិ នឹងទៅកាន់ទុគតិ។

សៈ ហើយចុះ តើនឹងមានវិធីរំលត់បដិឃៈដែលពោលមកនេះដូចម្តេចល្អទៅ?

ចៈ សេចក្ដីទុក្ខកើតឡើងនៅត្រង់ចិត្ត ពេលរលត់ទៅក៏ត្រូវរលត់នៅត្រង់ចិត្ត។ យើងអាចរំលត់សេចក្ដីទុក្ខរបស់ខ្លួនយើងបាន ប្រសិនណាបើយើងយល់ពីវិធីក្នុងការរំលត់ទុក្ខ។ ការរំលត់ទុក្ខផ្លូវចិត្តនោះ យើងត្រូវយល់ជាមុនសិនថា ត្រង់ដែលកើតទុក្ខនោះ តើវាកើតឡើងចេញពីអ្វី? ឲ្យយកចិត្តដែលកំពុងកើតទុក្ខនោះមកត្រួតពិនិត្យមើល ហើយខណៈពេលដែលយើងកំពុងត្រួតមើលចិត្តដែលកើតទុក្ខនោះ យើងក៏អាចនឹងបញ្ឈប់ត្រិះរិះគិតដល់រឿងឬបុគ្គលដែលធ្វើឲ្យចិត្តរបស់យើងកើតទុក្ខនោះឯង។

ព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែងធម៌ទុកថា ទុក្ខកើតឡើងពីតម្រិះដល់ គិតដល់ ប្រារព្ធដល់ ទាំងអស់នេះជាហេតុដែលនាំឲ្យយើងកើតទុក្ខ។ សូរថា តើតម្រិះដល់គឺជាអ្វី? វាបានតម្រិះដល់វត្ថុដែលធ្វើឲ្យចិត្តយើងកើតទុក្ខហ្នឹងឯង។ ប្រសិនបើតម្រិះដល់វត្ថុដែលយើងមិនសូវចូលចិត្ត ក៏គិតដល់រឿងនោះនៅក្នុងផ្លូវអវិជ្ជមាន គិតតែក្នុងផ្លូវអាក្រក់ ចិត្តរបស់យើងក៏កើតអាការៈថ្នាំងថ្នាក់ មួហ្មង បន្ទាប់ពីនោះមក ចិត្តក៏កើតទុក្ខ

ពេលកើតមានដូច្នោះ ឲ្យសាកល្បងត្រឡប់ទៅមើលឲ្យនឹករលឹករកសេចក្ដីទុក្ខតាមផ្លូវចិត្តដែលបានកើតឡើងជាមួយខ្លួនយើង  ដែលវាធ្វើឲ្យយើងក្តៅក្រហល់ក្រហាយចិត្ត មិនសប្បាយចិត្ត តូចចិត្ត ខូចចិត្ត កង្វល់ចិត្ត ពិបាកចិត្ត ក្រៀមក្រំចិត្ត ញាប់ញ័រចិត្ត តក់ស្លុតរន្ធត់ចិត្ត រហូតទៅដល់មានការកង្វល់ចិត្តផ្សេងៗ រួចហើយយើងនឹងយល់ថា ចិត្តរបស់យើងនោះ កំពុងគិតដល់អ្នកណាគេ យើងក៏កើតទុក្ខ ព្រោះតែគិតដល់គេ វាបញ្ជាក់ឲ្យឃើញថា រឿងដែលធ្វើឲ្យចិត្តរបស់យើងកើតទុក្ខនោះ កើតចេញពីការតម្រិះដល់គេ។ ដូច្នោះ ប្រសិនបើមិនត្រូវការកើតទុក្ខ ក៏បញ្ឈប់តម្រិះដល់គេប៉ុណ្ណោះឯង៕

ពីព្រះគ្រូ មានព
...........................................
ប្រែ.ចាន់

No comments:

Post a Comment