Tuesday, June 14, 2016

វិធីធ្វើចិត្តឲ្យត្រជាក់បែបលាបាតដៃ ៤យ៉ាង



តាមពិតទៅ ការក្តៅចិត្តពុំមែនអ្វីឡើយ ក្រៅពីផ្លែផ្កានៃសេចក្ដីខឹងក្រោធ។ មនុស្សចិត្តក្ដៅគឺជាមនុស្សដែលបានសន្សំទុកនូវសេចក្ដីក្រោធខឹងក្នុងខ្លួនឯងច្រើនណាស់ ប្រសិនបើកើតរឿងចាក់ចំចំណុចចិត្តខ្មៅ។ សូម្បីថា វាជារឿងតូចតាចក៏ដោយ ក៏ធ្វើឲ្យអ្នកបាត់បង់សតិ ផ្ទុះអារម្មណ៍ខ្លាំងក្លាចេញមកបាន ហើយអាចធ្វើបាបចិត្ត ឬរូបរាងកាយរបស់អ្នកដទៃបាន ដោយមិនបានដឹងខ្លួន។ ប្រសិនបើមិនបានព្យាយាមកំចាត់ចោលសេចក្ដីក្រោធចេញទេ សេចក្ដីខឹងក្រោធក៏ដុះលូតលាស់នៅក្នុងខ្លួនយើង និងចម្រើនធំធាត់ឡើង រហូតដល់កើតគ្រោះភ័យចំពោះខ្លួនឯង និងអ្នកជិតខាងខ្លួនផងដែរ។

វាគួរនឹងដល់ពេលវេលាហើយ ដែលយើងត្រូវផ្លាស់ប្តូរខ្លួនឯងឲ្យជាមនុស្សចិត្តត្រជាក់។ គោលគំនិតល្អដើម្បីជីវិតមានគន្លឺះមួយចំនួនលើកយកមកបង្ហាញប្រាប់ដល់អ្នកអានបានដឹងបានជ្រួតជ្រាបពីបញ្ហាទាំងនេះ។

១) ស្គាល់ពីចំណុចខ្សោយខ្លួនឯង ស្គាល់ថា តើយើងច្រើនតែមួមៅខឹងក្រោធកើតឡើងដោយសាររឿងអ្វី?  តើអ្វីដែលយើងមិនចង់ដឹងមិនចង់ឮច្រើនបំផុត ? ពីព្រោះថា ការស្គាល់ខ្លួនឯងទុកជាមុន សូម្បីតែវាមានកម្រិតតិចតួចក៏ដោយ ក៏វាអាចធ្វើឲ្យយើងមានពេលវេលាផ្អាកគិត និងអាចគ្រប់គ្រងខ្លួនឯងបានល្អដោយស្រួល។

២) ពិនិត្យសញ្ញាគ្រោះថ្នាក់ ខណៈពេលកំពុងសន្ទនាឲ្យយើងសួរខ្លួនឯងជារឿយៗថា “ខ្ញុំកំពុងនិយាយញាប់ពេកឬក៏អត់? តើដកដង្ហើមញាប់ពេកទេ? ព្រោះថាការនិយាយញាប់ពេក ដកដង្ហើមញាប់ពេក វាគឺជាសញ្ញាចាប់ផ្តើមនៃការគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន។

៣) យកចិត្តគេមកដាក់ចិត្តយើង សាកល្បងសន្មតិខ្លួនឯងថា ប្រសិនបើអ្នកជាមនុស្សបើកបរតាក់ស៊ីដែលបើកបរស្វែលជុំវិញពេញមួយថ្ងៃ  ដោយមិនមានអ្នកដំណើរណាម្នាក់សោះ ហើយមានតម្លៃត្រូវចំណាយរង់ចាំយ៉ាងច្រើន ឬធ្វើជាភ្នាក់ងារផ្នែកអតិថិជនទំនាក់ទំនងដែលត្រូវទទួលការហៅទូរស័ព្ទមួយថ្ងៃៗរាប់រយខ្សែ។ល។ មនុស្សដែលធ្វើឲ្យអ្នកខឹងក្រោធអាចធ្វើខុស ដោយក្រោមហេតុផលផ្សេងៗដែលអ្នកនឹកឃើញមិនដល់ ដូចជា ធ្វើទៅ ព្រោះកំពុងស្ត្រេសធ្ងន់ធ្ងរ ព្រោះតែវ័យផ្សេងគ្នា វាធ្វើឲ្យការសម្លឹងមើលពិភពលោកផ្សេងគ្នា។ ប្រសិនបើអ្នកចេះយកចិត្តគេមកដាក់ចិត្តយើង ​អ្នកនឹងមិនចេះតែខឹងក្រោធបានងាយៗទេ។

៤) ចាំស្តាប់ប្រកបដោយក្តីករុណាចិត្ត ការស្តាប់ជារឿងដែលត្រូវការការហ្វឹកហាត់។ មានមនុស្សមួយចំនួនធំនិយាយកាត់ចង្វាក់គេ តែបែរជាមិនធ្លាប់យល់ចិត្តភាគីម្ខាងទៀតទេ សូម្បីតែបន្តិច ព្រោះដោយសារការស្តាប់។ តាមការពិតទៅ វាត្រូវការចាប់ផ្តើមត្រង់ការបើកចិត្ត ព្រមនឹងទទួលស្តាប់បញ្ហា និងសេចក្ដីទុក្ខរបស់ភាគីម្ខាងទៀតវាជារឿងទីមួយ។ បន្ទាប់ពីនោះមក គឺការបើកត្រចៀក បើកភ្នែក តាំងចិត្តស្តាប់ខ្លឹមសារដែលភាគីម្ខាងទៀតនិយាយដោយស្មោះ ធ្វើដូច្នេះ សេចក្ដីករុណាចិត្តទើបកើតឡើង និងជួយឲ្យសេចក្តីថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្តដែលកំពុងកើតមាននឹងរលាយរសាយទៅអស់ រហូតដល់អាចទទួលស្តាប់ការពិត និងរើសយកធ្វើរឿងដែលត្រឹមត្រូវបាន។

តោះ! មកហ្វឹកហាត់ធ្វើជាមនុស្សចិត្តត្រជាក់ ព្រោះក្រៅពីអ្នកនឹងក្លាយជាមនុស្សដែលគួរឲ្យស្រលាញ់ពេញចិត្តរបស់មនុស្សរាល់គ្នាហើយ អ្នកថែមទាំងបានមើលថែរក្សាចិត្តខ្លួនឯងដោយពិតៗទៀតផង!!!

.........................................................................
ប្រែ.ចាន់


No comments:

Post a Comment