Wednesday, June 15, 2016

តើបុគ្គលជាពេជឃាតមានបាបដែរទេ?


សៈ បុគ្គលដែលមានអាជីពជាពេជឃាត ត្រូវប្រហារអ្នកទោស តើគេមានបាបដែរទេ?

ចៈ គេដាក់ឈ្មោះឲ្យថា ការសម្លាប់ មិនថាជាមនុស្ស ឬសត្វនោះទេ រមែងមានបាបប្រាកដណាស់ ព្រោះគេចាត់ទុកថាធ្វើខុសក្នុងសីលសិក្ខាបទទីមួយ ប៉ុន្តែវាបាបច្រើនឬតិច ត្រូវមើលលើចេតនាជាអង្គប្រកបរបស់វាសិន។

ទាំងអស់នេះមានគោលក្នុងការធ្វើវិនច្ឆ័យដូច្នេះ គឺ ១) ត្រូវតែជាសត្វមានជីវិត គឺមនុស្សឬសត្វតិរច្ឆាន ២) ដឹងច្បាស់សត្វនោះមានជីវិត ៣) មានចិត្តគិតនឹងសម្លាប់ ៤) ព្យាយាមសម្លាប់ ៥) សត្វស្លាប់ដោយការព្យាយាមសម្លាប់។ ប្រសិនបើវាគ្រប់អង្គប្រកបរបស់សីលនេះ ទើបនឹងដាច់។ ដូច្នោះអាជីពពេជឃាតនឹងបាបច្រើនឬតិចនោះ វាស្ថិតនៅលើចេតនា។ ប្រសិនបើធ្វើទៅតាមតួនាទីដោយមិនមានអគតិ(លំអៀង) មិនត្រូវការយកជីវិតគេ ក៏រាប់ថាជាបាបមានទម្ងន់ស្រាល ប៉ុន្តែប្រសិនបើចិត្តអាឃាតព្យាបាទ ចង់សំឡេះផ្តាច់យកជីវិតគេឲ្យទាល់តែបាននោះ វាក៏បាបមានទម្ងន់ធ្ងន់។

ក្នុងសម័យពុទ្ធកាល មានពេជឃាតម្នាក់ឈ្មោះថា នាយ តម្ពទាដ្ឋិកៈ ធ្វើតួនាទីសម្លាប់ចោរ តាមបទបញ្ជារបស់អាមាត្យអស់វេលាយ៉ាងយូរទៅដល់ ៥៥ ឆ្នាំ។ កាលវេលាកន្លងផុតទៅ គេមានឱកាសបានស្តាប់ព្រះធម៌ពីព្រះសារីបុត្ត រហូតដល់បានសម្រេចសោតាបត្តិមគ្គ។ ពេលអស់អាយុជីវិតទៅ ក៏បានទៅយោនយកកំណើតកើតនៅក្នុងឋានសួគ៌ជាន់តុសិត។ ដូច្នោះមនុស្សដែលប្រែចិត្តឈប់ធ្វើបាប និងតម្កល់ចិត្តស្តាប់ព្រះធម៌ ក៏មានឱកាសសម្រេចធម៌បានដូចគ្នា។ តែពុំមានន័យថា កម្មអាក្រក់ដែលបានធ្វើវាអត់ឲ្យផលនោះទេ។ ពេលណាកម្មល្អអស់ទៅ កម្មអាក្រក់ ក៏រមែងហុចផលតាមមួយឲ្យដែរ។ កាលបើដឹងដូច្នោះហើយ យើងគួរតែសន្សំតែកម្មល្អ និងវៀរបង់កម្មអាក្រក់ចោលចេញ។ កម្មល្អជាមូលដ្ឋានគ្រឹះធានាឲ្យយើងបានជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន ទាំងក្នុងជតិភពនេះនិងជាតិភពខាងមុខទៀត៕

ព្រះគ្រូ បស្សន្នោ

.....................................................
ប្រែ.ចាន់

No comments:

Post a Comment