Sunday, June 19, 2016

មនុស្សដែលមានសេចក្តីសុខបំផុតក្នុងលោក


មនុស្សគោរពព្រះពុទ្ធជាម្ចាស់ ពុំមែនព្រោះថា ព្រះអង្គជាម្ចាស់នៃអំណាចរដ្ឋទេ ពុំមែនព្រោះថា ព្រះអង្គជាមហាសេដ្ឋីទេ ពុំមែនព្រោះថា ព្រះអង្គអាចឲ្យយសសក្តិតំណែងតួនាទីកំពូលឲ្យបុគ្គលណាបានទេ។

ព្រះពុទ្ធជាម្ចាស់មានភាវៈជាសមណៈមួយអង្គ។ ព្រះអង្គឥតមានទ្រព្យសម្បត្តិ ព្រះអង្គមានត្រឹមតែត្រៃចីវរ(ចីវរ៣) និងបាត្រមួយប៉ុណ្ណោះ។ ពេលព្រះអង្គទ្រង់បរិព្វានរលត់សង្ខារខន្ធទៅ ទ្រព្យសម្បត្តិដែលសល់របស់ព្រះអង្គគឺបាត្រមួយ ដែលព្រះអានន្ទប្រើប្រាស់ទុកជានិមិត្តសញ្ញាតំណាងរបស់ព្រះអង្គទៅតាមនិគមជនបទតូចធំ ចាត់ទុកថាជារឿងមួយដ៏អស្ចារណាស់។ មហាបុរសដែលពុំមានទ្រព្យសម្បត្តិ មិនមានតេជានុភាព និងអំណាចឲ្យយសសក្តិបុគ្គលណាបាន បែរត្រឡប់ជាបានការរាប់អានគោរពបូជាឆ្លងកាត់កាលវេលារហូតមកដល់បច្ចុប្បន្ននេះប្រកបទៅដោយចិត្តបរិសុទ្ធជ្រះថ្លា។

ព្រះពុទ្ធទ្រង់ពុំមានអ្វីឡើយ  ទោះជាយើងព្រមឲ្យព្រះពុទ្ធទៅជាយ៉ាងនោះបាន ពាក្យចម្លើយគឺ ព្រះអង្គទ្រង់មានបញ្ញាដែលទំលុះចូលទៅដល់គុណតម្លៃនៃជីវិតដ៏ជ្រាលជ្រៅបំផុតក្នុងខណៈពេលដែលមនុស្សទាំងពិភពលោកនាំគ្នាស្វែងរកទ្រព្យសម្បត្តិមាសប្រាក់ បែរជាព្រះពុទ្ធអង្គទ្រង់ស្វែងរកការយល់ពិភពលោក និងជីវិតទៅវិញ។

រវាងបុគ្គលអ្នកមានទ្រព្យសម្បត្តិមាសប្រាក់មហាសាល ជាមួយមនុស្សដែលមានការយល់ពិភពលោក និងជីវិតយ៉ាងជ្រៅ សួរថា តើមានបុគ្គលណាមួយមានសេចក្ដីសុខជាង?

ធ្លាប់មានបុគ្គលទៅរកព្រះពុទ្ធអង្គ ហើយសួរថា តើព្រះពុទ្ធជាអ្នកណាជំនួសនូវការប្រាប់ដល់ត្រកូល ព្រះអង្គទ្រង់សួរត្រឡប់ទៅវិញថា យើងជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោក

បុរសម្នាក់នោះមិនជឿ ព្រះពុទ្ធអង្គទ្រង់ត្រាស់សួរថា តើអ្នកគិតថា តើអ្នកណាទៅមានសេចក្ដីសុខបំផុតក្នុងពេលនេះ?

បុរសនោះទូលតបថា ព្រះរាជា

ព្រះពុទ្ធទ្រង់សួរទៀតថា ព្រះរាជាចេញមកគង់កំសាន្តជាយមាត់ព្រៃដូចជាយើងបានទេក្នុងរដូវរងារដូច្នេះ ខ្យល់កំពុងបក់រហៀកៗ គ្រាប់ព្រិលកំពុងធ្លាក់ចុះមកសក្បុស យើងមកអង្គុយនៅក្រោមដើមឈើ យកចីវរឃ្លុំទទូរយ៉ាងមានសេចក្ដីសុខ តើព្រះរាជាធ្វើយ៉ាងនេះបានទេ?

ឱ! មិនបានទេ ធ្វើយ៉ាងនោះពិតជាគ្រោះថ្នាក់ដល់រាជបល្ល័ង្គជាក់ជាមិនខានឡើយ ព្រះអង្គមានសិទ្ធិត្រូវបដិបត្តិបានគ្រប់ពេល

ព្រះពុទ្ធទ្រង់បន្តទៀតថា ប៉ុន្តែយើងធ្វើដូច្នេះបាន ហើយយើងធ្វើជានិច្ច រវាងយើងជាមួយព្រះរាជា តើអ្នកណាមួយមានសេចក្ដីសុខបំផុត?

បុរសម្នាក់នោះទើបទូលតបថា ទូលបង្គំខ្ញុំដឹងហើយ ព្រះអង្គមានសេចក្ដីសុខបំផុតក្នុងលោក

ព្រះពុទ្ធអង្គគឺជាបុគ្គលគំរូរបស់មនុស្សដែលនៅជាមួយនឹងខ្លឹមសារនៃជីវិត ដោយមិនបណ្តែតបណ្តោយពេលវេលាទៅជាមួយរឿងគ្មានខ្លឹមសារដែលមានទាំងអស់ ក្នុងខណៈពេលដែលប្រជាពលលោកនាំគ្នាស្វែករកទ្រព្យសម្បត្តិមាសប្រាក់ និងភាពមានបាន បរិភោគ កាម កិត្តិយស តែព្រះអង្គទ្រង់ស្វែងរកការយល់។

មនុស្សដែលមានការយល់លោក និងជីវិតគឺ មនុស្សដែលមានបានបំផុត
មនុស្សដែលមានការយល់លោក និងជីវិត គឺជាមនុស្សដែលមានសេចក្ដីសុខបំផុត
មនុស្សដែលមានការយល់លោក និងជីវិត គឺមនុស្សដែលមានគុណតម្លៃបំផុត

តាំងពីអតីតកាលរហូតកមដល់បច្ចុប្បន្ននេះ សច្ចធម៌ក៏នៅតែជាសច្ចធម៌។ លោកដែលមានចិត្តសន្តោសតិច មិនថាលបគេចទៅគង់នៅក្នុងព្រៃ លើកំពូលភ្នំ ក្នុងជ្រោះជ្រងជ្រលងណាទេ ឬក៏ក្នុងគុហា ក៏មានមនុស្សដង្ហែគ្នាទៅក្រាបថ្វាយបង្គំជានិច្ច។ ព្រោះហេតុដូច្នេះមនុស្សដែលមានការយល់លោក និងជីវិត ទើបជាមនុស្សដែលមានគុណតម្លៃ និងជាមនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោក
..........................................................
ប្រែ. ចាន់




No comments:

Post a Comment