ចូរធ្វើខ្លួនឲ្យល្អឲ្យលោកសប្បាយចិត្ត លើកស្ទួយកេរ្តិ៍ឈ្មោះវង្សត្រកូល
ជួយបង្ហើយកិច្ចការរបស់លោក លោកមានកិច្ចការធុរៈណានីមួយ យើងត្រូវចេះជួយចែករំលែកភារៈខ្លះ
ទោះជាកិច្ចការងារផ្ទះសម្បែង ជំនួញជួញប្រែក៏ដោយ ឬថាលោកឈប់ធ្វើកិច្ចការហ្នឹងហើយក្តី
យើងក៏ជាអ្នកធ្វើកិច្ចងារហ្នឹងបន្ត គឺយើងធ្វើកិច្ចការងារហ្នឹងឲ្យហើយ
ដើម្បីរកបច្ច័យមកជូនលោក និងមើលថែរក្សាលោក កុំមើលថែរក្សាតែវត្ថុ
តែត្រូវមើលថែចិត្តផងណា។
យើងគួររៀបចំកាលវិភាគទៅរកលោក
សួរសុខទុក្ខលោកឲ្យលោកបាត់ភាពកណ្តោចកណ្តែងឯកោ ឲ្យលោកមានអារម្មណ៍កក់ក្តៅក្នុងចិត្ត ដែលមានកូនចៅបាននឹកគិតយ៉ាងនេះជាដើម។
នេះជាខណៈពេលដែលលោកកំពុងមានអាយុជីវិតរស់នៅ។
ពេលលោកចាក់បែកចែកឋានទៅហើយ
យើងត្រូវផ្គងមនោសញ្ចេតនាធ្វើបុណ្យកុសល ឧទ្ទិសមគ្គផលនៃបុណ្យកុសលទាំងឡាយនោះជួនទៅដល់លោកឲ្យបានរឿយៗ
នេះជាតួនាទីរបស់កូនប្រុសស្រី។
ប្រសិនបើកូនចៅត្រូវការតបស្នងសងព្រះគុណរបស់លោកឲ្យអស់ពិតមែន ហើយឲ្យពេញលេញបរិបូណ៌ពិតប្រាកដនោះ
លោកប្រាប់ថា បើលោកឪពុកអ្នកម្តាយមិនទាន់មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា
ដឹកនាំឲ្យលោកមានសទ្ធា។ បើលោកមិនទាន់ចេះបរិចាគទាន ដឹកនាំលោកឲ្យចេះធ្វើទាន។
បើលោកមិនទាន់រក្សាសីល ដឹកនាំឲ្យលោកចេះរក្សាសីល។ បើលោកមិនទាន់បានតាំងចិត្តចម្រើនធម៌ភាវនា
ដឹកនាំឲ្យលោកចេះតាំងចិត្តចម្រើនធម៌ភាវនា។ បើកូនចៅណាបានធ្វើដូចនេះ
កូនចៅនោះមានឈ្មោះថាជាអ្នកតបស្នងសងព្រះគុណលោកឪពុកអ្នកម្តាយបានល្អបំផុតហើយ៕
...........................................
ប្រែ.ចាន់
No comments:
Post a Comment