Wednesday, July 20, 2016

បទសន្ទនារវាងមេអូដ្ឋនិងកូនអូដ្ឋ


ប្រសិនបើយើងដឹងខ្លួនថា ស្ទាត់ជំនាញក្នុងរឿងអ្វីមួយ ហើយយើងក៏គួរនឹងធ្វើរឿងនោះ ដើម្បីបានជាប្រយោជន៍ និងនាំយកសមត្ថភាពរបស់យើងចេញមកប្រើការឲ្យបានច្រើនបំផុត ចំពោះស្ថាប័ន ឬអង្គភាពនោះៗ ហើយមានសេចក្ដីសុខនៅត្រង់នោះដែលយើងបានធ្វើវា។


កូនអូដ្ឋៈ កួនចង់សួរនូវសំនួរខ្លះៗបានទេ? ម៉ែ
មេអូដ្ឋៈ ពិតជាបានណ៎ា! តើកូនម៉ែមានអ្វីមករំខានកូនឬ?


កូនអូដ្ឋៈ តើហេតុអ្វីបានជាយើងមានដុំពក?
មេអូដ្ឋៈ ច៎ាកូន! ពួកយើងគឺជាសត្វដែលត្រូវនៅក្នុងសមុទ្រខ្សាច់ ពួកយើងត្រូវមានដុំពករក្សាទុកទឹក ហើយពួកយើងគឺជាសត្វដែលមនុស្សគ្រប់គ្នាដឹងថា យើងអាចរស់ដោយគ្មានទឹកបាន។


កូនអូដ្ឋៈ បាទម៉ែ ចុះហេតុអ្វីជើងពួកយើងវែង និងមានជើងរៀងមូល?
មេអូដ្ឋៈ ច៎ាកូន វាច្បាស់ណាស់ហើយថា ពួកយើងមានជើងវែងនិងរៀងមូលសម្រាប់ដើរក្នុងសមុទ្រខ្សាច់បានល្អជាងគេ។


កូនអូដ្ឋៈ បាទម៉ែ ចុះហេតុអីបានជារោមភ្នែកយើងវែងម្ល៉េះ? ពេលខ្លះវារំខានដល់ការមើលរបស់កូនផងណា។
មេអូដ្ឋៈ ច៎ាកូនម៉ែ! រោមភ្នែកវែងៗ ទាំងនោះណ៎ា គឺជាគ្រឿងការពារភ្នែករបស់យើង ពួកវាជួយការពារបិទបាំងផង់ធូលីខ្សាច់ និងខ្យល់បាន......


កូនអូដ្ឋៈ បាទម៉ែ! កូនដឹងហើយថា មានដុំពកសម្រាប់ផ្ទុករក្សាទឹក នៅពេលពួកយើងនៅកណ្តាលសមុទ្រខ្សាច់ មានជើងសម្រាប់ដើរឆ្លងកាត់សមុទ្រខ្សាច់ និងមានរោមភ្នែកវែងទាំងអស់នេះសម្រាប់ការពារដីធូលីពីសមុទ្រខ្សាច់។


កូនអូដ្ឋៈ ម៉ែ! ចុះពួកយើងមកនៅក្នុងសួនសត្វនេះធ្វើអ្វី?!
មេអូដ្ឋៈ ???

ការណ៍ដែលយើងមានសក្តានុពល សមត្ថភាព ភាពពូកែក្នុងផ្នែកណាហើយ បើយើងនៅខុសកន្លែង ក៏មិនបានសម្តែងសក្តានុពលនោះៗចេញបានឡើយ ប៉ុន្តែបើត្រូវនៅខុសកន្លែងពិតមែននោះ ក៏គួររកឱកាសសម្តែងចេញនូវសមត្ថភាពទាំងអស់នោះ។ ឥឡូវនេះវេទិការបើកឱកាសឲ្យយើងមានច្រើនឡើង។ សូមត្រឹមតែអត់ទ្រាំធ្វើក្នុងរឿងដែលល្អ និងរង់ចាំពេលវេលាដ៏ស័ក្តិសមដែលយើងនឹងសម្តែងបង្ហាញអំពីសមត្ថភាពរបស់យើងឲ្យកើតជាប្រយោជន៍បានច្រើនបំផុត។

ហើយបើប្រៀបធៀបជាមួយទ្រឹស្តីព្រះពុទ្ធសាសនាវិញ ព្រះពុទ្ធបានសម្តែងអំពីបដិរូបទេស៤យ៉ាងគឺ
          ១) មានអាវាស(ទីនៅ)ជាទីសប្បាយ
          ២) មានអាហារជាទីសប្បាយ
          ៣) មានបុគ្គលជាទីសប្បាយ
          ៤) មានព្រះធម៌ជាទីសប្បាយ
ដូច្នោះ នៅពេលយើងដឹងពីសក្តានុពលរបស់យើងពិតប្រាកដហើយ នឹងអាចជ្រើសរើសវាទាំងអស់នោះតាមលំអានបដិរូបទេស៤ប្រការ បានយ៉ាងសមរម្យ។ ជីវិតរបស់យើងក៏នឹងមានសេចក្ដីសុខច្រើនឡើង។

 (មើលពីជ្រុងម្ខាងទៀតគឺសួនសត្វជារឿងចាំបាច់ណាស់ចំពោះការសិក្សាជីវិតសត្វនិងថែមទាំងជាកន្លែងសម្រាកលំហែកាយចិត្ត ប៉ុន្តែត្រូវចាត់ចែងឲ្យបានល្អ សមស្របជាមួយជីវិតរបស់សត្វផងដែរ។ ប្រសិនបើមានសួនសត្វបើក ឬជាដែនអភិរ័ក្សពូជសត្វហើយ ឲ្យយើងពួនសង្កេតមើលដោយមិនធ្វើបាបវា វាក៏គួរជាដំណោះស្រាយដ៏ល្អទាំងចំពោះសត្វ និងមនុស្សផងដែរ)៕

សូមអរគុណអ្នកនូវមេរៀនល្អពី http://www.cmadong.com


No comments:

Post a Comment