យើងត្រូវដាក់គោលដៅនៃការស្វែករកទ្រព្យឲ្យបានច្បាស់លាស់ ថាយើងសង្ឃឹមនឹងឲ្យទ្រព្យសម្បត្តិនោះមកតបស្នងយើង
ដើម្បីឲ្យយើងមានសេចក្ដីសុខក្នុងជីវិត។ ដូច្នោះគោលដៅមិនមែនស្ថិតនៅលើត្រឹមតែលុយកាក់ប៉ុណ្ណោះទេ
ហើយវាក៏មិនមែនបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះដែរ។
ប៉ុន្តែត្រូវសម្លឹងមើលបន្តទៅថា ទ្រព្យសម្បត្តិនោះនឹងត្រូវជាផ្លូវនាំមកនូវសេចក្ដីសុខទាំងភពនេះ
និងភពខាងមុខផងដែរ។ ពេលដាក់គោលដៅបានច្បាស់យ៉ាងដូច្នេះហើយ យើងនឹងបានជ្រើសរើសមុខរបរត្រឹមត្រូវថា
ត្រូវជាមុខរបរសម្មាអាជីវៈ។ អ្វីដែលជាការខុសសីលខុសធម៌យើងមិនប្រកបធ្វើឡើយ និងត្រូវរកពេលវេលាដ៏សមរម្យជាមួយកិច្ចការទាំងអស់នេះ
ទាំងរឿងការងារផង ទាំងរឿងក្រុមគ្រួសារផង និងទាំងរឿងផ្ទាល់ខ្លួនផង។ ការមើលថែរក្សាសុខភាពក្តី
ការប្រព្រឹត្តធម៌ក្តី រៀបចំពេលវាលាឲ្យបានសមរម្យ ដូច្នេះទើបអាចប្រើប្រាស់វាបាន។
ប្រសិនបើមានមនុស្សក្រទុគត៌ម្នាក់ទៅបានលាភសំណាង មានមនុស្សលើកទ្រព្យសម្បត្តិឲ្យរាប់រយសែនរៀល
គេប្រហែលជាត្រេកអរណាស់ សុខចិត្ត រីករាយចិត្តយ៉ាងខ្លាំង ប៉ុន្តែផ្ទុយមកវិញប្រសិនបើមានមហាសេដ្ឋីលោកមានហាងទំនិញរាប់ម៉ឺនកន្លែង។
ថ្ងៃណាមួយពួកគេវិនិយោគបណ្តាក់ទុនខុស ទ្រព្យសម្បត្តិរលាយសាបសូន្យអស់ នៅសល់លុយកាក់ត្រឹមតែរាប់រយសែនរៀល
មហាសេដ្ឋីនោះប្រហែលជាពិបាកចិត្តបែកគំនិតចង់សម្លាប់ខ្លួនចោលជាក់ជាមិនខាន។
ចុះហេតុអ្វីមានលុយប្រហាក់ប្រហែលគ្នា ប៉ុន្តែពីរនាក់គិតមិនដូចគ្នា
ម្នាក់ត្រេកអរមានសេចក្តីសុខស្ទើរស្លាប់ រីឯម្នាក់ទៀតគិតពិបាកចិត្តគិតនឹងសម្លាប់ខ្លួន? វាស្ថិតនៅត្រង់ថា មានអារម្មណ៍ត្រេកអរពេញចិត្តក្នុងរឿងដែលខ្លួនឯងមានស្រាប់ឬអត់
ប្រសិនបើមិនចេះពេញចិត្តក្នុងរឿងដែលខ្លួនឯងមានស្រាប់ទេ វាក៏ពិបាកចិត្តមួយជីវិត មានទ្រព្យសម្បត្តិប៉ុនណាក៏មិនចេះគ្រប់
កាន់តែមានកាន់តែពិបាក។
ដូច្នោះ យើងត្រូវវែកញែកត្រង់ចំណុចនេះឲ្យបានច្បាស់ ទ្រព្យសម្បត្តមាសប្រាក់នឹងត្រូវមកតបស្នង
ដើម្បីឲ្យយើងមានសេចក្ដីសុខក្នុងជាតិនេះផង និងប្រើជាឧបករណ៍ស្វែងរកបុណ្យជាស្បៀងជាប់ខ្លួនទៅក្នុងភាពខាងមុខផង
រហូតទាល់តែដល់គោលដៅយ៉ាងក្រៃលែង ពោលគឺព្រះនិព្វានជាទីអាវសាន្ត៕
No comments:
Post a Comment