Wednesday, July 27, 2016

បើ​ចង់​ក្លាយ​ជា​អ្នកមាន ត្រូវ​ជៀសវាង​រឿង​ទាំង ៤ យ៉ាង​នេះ​ដាច់​ខាត​!


សុបិន​ចង់ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជា​រឿង​ដែល​អ្នកគ្រប់គ្នា​ប្រាថ្នា​ចង់​បាន ព្រោះ​ក្លាយ​ទៅ​ជា​អ្នក​មាន​អាច​ជួយ​ឲ្យ​មនុស្ស​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​រស់និងអាច​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ធ្វើ​។ យ៉ាងណាក៏ដោយមិនមែន​ឲ្យតែ​ចង់​ក្លាយ​ជាអ្នកមាន ​សុទ្ធ​តែ​សម្រេច​តាម​បំណង​នោះ​ឡើយ។ ដោយសារ​តែ​បែប​នេះហើយ​បាន​ជាចំនួន​អ្នកក្រ​ច្រើន​ជាងអ្នកមាន​ឆ្ងាយ​ណាស់។ មាន​មូលហេតុ​ជា​ច្រើន ដែល​នាំ​ឲ្យ​មនុស្ស​មិនអាចក្លាយ​ទៅ​ជា​អ្នកមាន​បាន ដូច្នេះ ហើយ​អ្នក​គួរតែ​យល់ដឹង និងជៀសវាង​នូវ​បញ្ហា​ទាំង​នោះ។ ខាងក្រោម​នេះ គឺជាចំណុច​សំខាន់ៗ​មួយ​ចំនួន ដែល​អ្នក​គួរ​តែ​ជៀសវាង ប្រសិន​បើ​ចង់​ក្លាយ​ជា​អ្នក​មាន៖​

១) ចាយ​ច្រើន​ជាងចំណូល៖ វា​ជា​រឿង​ដែលទៅ​មិន​រួច​ឡើយ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នកមាន តែ​ចូលចិត្ត​ចាយ​ច្រើន​ទៅ​វិញ។ ការ​ចំណាយ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះបើ​ទោះ​បី​ជា​អ្នករក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​ចាយ​ច្រើន​ជាង​ចំណូល​ទៅ​ហើយ​នោះ លទ្ធផល​ចុង​ក្រោយ គឺ​ប្រាកដ​ជា​វេទនា។ ដូច្នេះ​ហើយ អ្នក​គួរតែ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់ រាល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ដើម្បី​ប្រាកដ​ថា អ្នក​អាច​សល់​ប្រាក់​កាស​ខ្លះ​ដើម្បី​សន្សំ​ទុក។

២) ទិញ​របស់​ប្រើប្រាស់​ដែល​មិន​មែន​ជា​តម្រូវការ៖ នៅ​លើ​ទីផ្សារ​មាន​របស់របរ​ប្រើប្រាស់​ច្រើនណាស់ ដូច្នេះ​ត្រូវ​ឲ្យ​ប្រាកដ​ថា របស់​ណា​ដែល​ចាំបាច់ និងរបស់​ណា​ដែល​មិន​ចាំ​បាច់។ មានន័យថា អ្នក​គួរ​ទិញ​របស់របរ​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​សេចក្តី​ត្រូវការ និងមាន​ប្រយោជន៍​សម្រាប់​ការ​ប្រើប្រាស់ ជា​ជាង​ការទិញ​​​មក គ្រាន់តែ​ដើម្បី​បំពេញ​ចំណង់​របស់​ខ្លួន ព្រោះ អ្នក​គ្មាន​ថ្ងៃ​អាច​បំពេញ​ចំណង់​របស់​ខ្លួន​បាន​ឡើយ តែ​បែរជា​ត្រូវ​ចាយ​លុយ​ច្រើន​អត់ប្រយោជន៍​ទៅ​វិញ។ បើ​មិនដឹង​ ឬមិនអាច​បែងចែក​អ្វី​ដែល​សំខាន់​បាន​នោះ​ទេ ប្រាកដ​ណាស់ ការ​ចំណាយ​របស់​អ្នក គឺ​មិន​ចំ​ខ្ទង់​នោះ​ទេ ឬអាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ចាយ​អត់​ប្រយោជន៍។

៣) គ្មាន​គម្រោង​ច្បាស់លាស់៖ ជាទូទៅ​ មិនសូវ​មាន​មនុស្ស​ច្រើន​គិតគូរ ឬរៀបចំ​ផែនការ​ជីវិត​ច្បាស់លាស់​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ តែង​ប្រឈម​បញ្ហា​ជា​ច្រើន ហើយ​មិនដឹង​រក​វិធី​ណា​ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា។ ការ​រៀបចំ​ផែនការ ឬគម្រោង ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​កំណត់​ទិសដៅ​ឲ្យ​ច្បាស់​ ថា​អ្វី​ដែល​អ្នក​ចង់​សម្រេច​នៅ​ពេល​ខាង​មុខ ហើយ​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​អ្វីខ្លះ​ដើម្បី​សម្រេច​គោលដៅ​នោះ។ ដូច្នេះហើយ ​ដើម្បីក្លាយ​ទៅ​ជា​អ្នកមាន​ទ្រព្យសម្បតិ្ត​​ស្តុកស្តម្ភ​ម្នាក់ ការ​រៀបចំ​គម្រោង ឬផែនការ គឺ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង ហើយ​បើ​មិនទាន់​ធ្វើ​ទេ សូម​ចាប់​ផ្តើម​នៅ​ពេល​ឥឡូវ​នេះ។
             
៤) មិន​ព្យាយាម​បង្កើន​ប្រាក់ចំណូល​របស់​ខ្លួន៖ បើ​ទោះ​បី​ជា នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រាក់​ចំណូល​របស់​អ្នក​ច្រើន​គួរសម​ហើយ​ក៏​ដោយ តែ​ត្រូវតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​ប្រាក់​ចំណូល​ទាំងនោះ កើន​ឡើង​កាន់​តែ​ច្រើន​ថែមទៀត​។ បើ​អ្នក​មិន​ខិតខំ​រិះរក​វិធី ដើម្បីបង្កើត​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន​នោះ​ទេ វា​ពិតជា​ពិបាក​សម្រាប់​ការ​ក្លាយ​ទៅ​ជា​អ្នក​មាន។ ដូច្នេះ ត្រូវ​ចាប់​ឱកាស ហើយ​ប្រសិន​បើ​មិន​មាន​ឱកាស គឺ​ត្រូវតែ​ចេះ​បង្កើត​ឱកាស​ដោយ​ខ្លួនឯង ដើម្បីអាច​មាន​ប្រាក់​ចំណូល​ច្រើន​ឡើងៗ៕


ប្រភព thebnews
ប្រភពរូបភាព ហ្វេកប៊ុកផេក

No comments:

Post a Comment