Saturday, July 2, 2016

ចង្រិតដែក ឆ្ពឹកមុខហើយឬនៅ?

រូបភាពៈ Google
 ជីវិតនៅក្នុងសង្សារវដ្ដ មានតែបុណ្យនិងបាបប៉ុណ្ណោះ ដែលចាំផ្លាស់ប្តូរជីវិតយើងឲ្យប្រព្រឹត្តទៅក្នុង រឿងរ៉ាវផ្សេងៗ និងមានច្បាប់នៃកម្មដែលជាចម្បងជាងច្បាប់មនុស្សទាំងឡាយក្នុងលោកមួយនេះ ដែលចាំបង្គាប់បញ្ជាសព្វសត្វ និងរាល់វត្ថុទាំងឡាយដែលកើតមក។ គ្មានអ្នកណាមួយអាចគេចចេញ ពីច្បាប់មួយនេះបានឡើយ ទោះបីបុគ្គលនោះជឿ ឬមិនជឿ ដឹងឬមិនដឹងក៏ដោយ គ្រប់គ្នាសុទ្ធតែធ្លាក់ចូល ជាចំណាប់ខ្មាំងស្ថិតក្រោមអំណាចកម្មនេះទាំងអស់។ មិនដឹងឬមិនបានសិក្សាអំពីច្បាប់នៃកម្មក្នុងដំណើរការ នៃជីវិតក្នុងសង្សារវដ្តនេះគ្រោះថ្នាក់ខ្លាំងណាស់។

ជីវិតត្រូវគេរចនាឡើងដូចជាចង្រិតដែលគេយកមកឲ្យជល់គ្នាលេង ឬត្រូវគេយកមកដាក់ក្នុងត្បាល់បុក ឬកែវឲ្យកើតទុក្ខវេទនាគ្រប់ពេលវេលា។ វាបង្គាប់បញ្ជាយើងឲ្យធ្វើអាក្រក់ ទាំងផ្នែកគំនិត ការនិយាយស្តី និងទង្វើ ទាំងបង្គាប់បញ្ជា និងយកវិបាកកម្មឲ្យមករ៉ាប់រងកើតទុក្ខវេទនាយូរអង្វែងទៀត។

ពេលអស់កម្មពីអបាយមកកើតជាមនុស្សថ្មី វាធ្វើឲ្យភ្លេចឈឹងអស់អ្វីៗទៅទៀត ភ្លេចរឿងរ៉ាវក្នុងអតីត មិនឃើញរឿងរ៉ាវក្នុងអនាគត មិនដឹងរឿងរ៉ាវក្នុងបច្ចុប្បន្ន មានជីវិតរស់នៅជាមួយគ្នារាល់ថ្ងៃ ត្រូវ បង្គាប់បញ្ជាម្តងទៀត បង្គាប់បញ្ជាដដែលៗ ធ្វើទៅមក ចុះទៅឡើងៗ វិលវល់ក្នុងសង្សារវដ្តដូចនេះ។

ប៉ុន្តែប្រសិបើថា ភាវៈជាបុគ្គលដឹង តែធ្លាក់នៅក្រោមច្បាប់នៃកម្ម យើងក៏នៅដូចជាចំណាប់ខ្មាំង។ បុគ្គលដឹង ទោះបីជាស្ថិតនៅក្រោមច្បាប់នៃកម្ម ក៏អាចទ្រទ្រង់ជីវិតឲ្យផុតភ័យបាន យ៉ាងហោចបំផុតក៏នឹងកើតទុក្ខតិច ជាង បុគ្គលដទៃទៀត និងមានសុខច្រើនជាងបុគ្គលដទៃទៀត ហើយត្រាច់ចរទៅកាន់តែភពពីរប៉ុណ្ណោះគឺ ក្នុងភពមនុស្ស១ និងភពទេពតា១ ច្យុតអំពីទេវលោកមកកាន់ភពមនុស្ស ច្យុតចេញពីភពមនុស្សទៅ កាន់ភពទេវតា។

បុណ្យបាបគេកាន់ខ្សែញាក់នៅពីខាងក្រោយ យើងគេចទៅណាមិនផុតឡើយ គេបង្កើតរឿងរ៉ាវអ្វីៗតាំង ពីមកចាប់បដិសន្ធិ ឲ្យគោលដៅផ្លាស់ប្តូរ មិនឲ្យដឹងរឿងបុណ្យ បាប ឲ្យធ្វើបាប ប៉ុន្តែមិនឲ្យសាងបុណ្យ ហើយក៏វិលវល់កើតស្លាប់ៗ។ ការងារមុខរបរ និងក្រុមគ្រួសារ ឲ្យយកចិត្តទៅដោះស្រាយបញ្ហាផ្សេងៗ ដើម្បីឲ្យអស់ពេលទៅ។ ពេលបញ្ហាធូរស្រាល ក៏ទាញទៅសប្បាយ ទៅភ្លើតភ្លើន ហើយដល់ពេលចុង ក្រោយ ក៏សម្រេចអារកាត់ដោយបុណ្យនិងបាបទៅវិញ។

លោកគ្រូតូច
ប្រែ.ចាន់


No comments:

Post a Comment