មនុស្សដូចគ្នា
ពេលវេលាផ្សេងគ្នា ភាពឆ្លាតវៃមិនស្មើគ្នាទេ វាស្ថិតនៅត្រង់ថា
តើចិត្តយើងនឹងនមានដល់កម្រិតណា? យើងត្រូវយល់យ៉ាងនេះសិនថា
ក្នុងស្ថានការណ៍មួយ ពេលពិចារណាដោយល្អហើយ បុគ្គលអ្នកមានបញ្ញាមើលឃើញថា
តើគួរសម្រេចចិត្តបែបណា ដែលវានឹងបានផលល្អបំផុត? ប៉ុន្តែពេលណាក៏ដោយ
ដែលចិត្តរបស់យើងត្រូវកិលេសចូលគ្របសង្កត់ យើងនឹងសម្រេចចិត្តទៅមួយបែបទៀត
ទាំងដែលដឹងពិតហើយថា ការសម្រេចចិត្តនោះ វាមិនត្រឹមត្រូវទេ ព្រោះដោយសារតែថា ការសម្រេចចិត្តម្យ៉ាងទៀតនេះ
ដែលជារឿងត្រឹមត្រូវ វានឹងនាំមកនូវការជំទាស់ប្រឆាំងជាមួយកិលេស ដែលវាកំពុងចូលមកគ្រប់សង្កត់។
ម្លោះហើយ វាបង្គាប់ឲ្យយើងទៅរើសធ្វើរឿងមួយបែបទៀត ដែលខ្លួនគិតថា វាពិសេស វាល្បី
ដែលជាលក្ខណៈការមានទិដ្ឋិមានៈអួតអាងថាគ្រាន់បើ។ បញ្ញាដែលមាន ទើបមានដូចជាមិនមាន
ព្រោះមិនរើសធ្វើតាមរឿង ដែលបញ្ញាឃើញ ប៉ុន្តែត្រឡប់បែរជាទៅធ្វើតាមកិលេស ដែលវាបង្រៀនយើងឯណាឯនោះទៅវិញ
ចុងក្រោយក៏ភ្លាំងភ្លាត់ខូចការណ៍បាត់ទៅ។
តើមានអ្នកណា ធ្លាប់បានអានរឿងសាមកុកខ្លះទេ? ប្រហែលជា
ចងចាំបាំងថងបាន ជាសិស្សរួមគ្រូជាមួយខុងបេង
មានភាពវៃឆ្លាតប្រហាក់ប្រហែលគ្នា ប៉ុន្តែបម្រុងនឹងនាំកងទ័ពចេញទៅច្បាំងជួយឡៅប៉ី
គ្រាន់តែលើកទៅតែពីរដង ក៏ស្លាប់បាត់ទៅហើយ។ សួរថា សមត្ថភាពកម្រិតបាំងថង
ឆ្លាតសែនឆ្លាត ចុះហេតុអ្វីត្រូវធ្លាក់ក្នុងឧបាយកលបោកប្រាស់គេងាយ?
ចម្លើយមាន ព្រោះតែភាពរឹងរូស ចង់បានមុខមាត់ឲ្យលើសជាងខុងបេង
ចង់សាងស្នាដៃ ទាំងដែលខ្លួនដឹងច្បាស់ថា ធ្វើបែបនេះ វាមិនមានសុវត្ថិភាពទេ
ប៉ុន្តែខំជំនះធ្វើ ដោយសង្ឃឹមថា បើបានសម្រេចនោះ ខ្លួននឹងមានមុខមាត់។ ចុងក្រោយ ក៏ចាញ់ឧបាយកលរបស់សត្រូវខ្លួន
ក៏ស្លាប់កណ្តាលទីសឹក នេះគេហៅថា កិលេសវាមកបាំងបិទបញ្ញា
ពេលណាត្រូវទិដ្ឋិមានៈមកបិទបាំង បញ្ញាដែលមាន ក៏ដូចជាមិនមានដែរ។
ព្រោះហេតុដូច្នោះ ប្រសិនបើត្រូវការបាននូវភាពជោគជ័យក្នុងជីវិត
កុំឲ្យកិលេសក្នុងខ្លួនធ្វើជាគ្រឿងចង្អុលបញ្ជា មិនត្រូវទៅខ្លាំងជាមួយអ្នកណាឡើយ
ឲ្យតស៊ូប្រយុទ្ធជាមួយកិលេសក្នុងខ្លួននេះវិញ ត្រួតពិនិត្យមើលខ្លួនឯងឲ្យបានល្អ
ព្យាយាមដោះស្រាយ ប្រការខ្វះខាត់ប្រលោះប្រហោង ដែលដេកត្រាំនៅក្នុងសន្តានចិត្តខ្លួន
មិនត្រូវតតាំងវាទទី ច្បាំងដណ្តើមជាមួយអ្នកណាទេ តែឲ្យតតាំច្បាំងដណ្តើមជាមួយកិលេស
នៅក្នុងសន្តានចិត្តយើងនេះឯង។ មនុស្សដែលច្បាំងដណ្ដើមបានជ័យជំនះលើអ្នកដទៃរយនាក់
ក៏ស៊ូនឹងមនុស្ស ដែលច្បាំងឈ្នះខ្លួនឯងតែម្នាក់មិនបាន។
បើយើងដឹងពីមូលដ្ឋានគ្រឹះដូច្នេះហើយ
កុំឲ្យកិលេសទាំងឡាយ មកជាចំណុចទន់ជ្រាយក្នុងខ្លួនយើង ទោះជានឹងមានទិដ្ឋិមានៈក្តី ភាពអំណួតក្អេងក្អាងប្រកាន់ខ្លួនថាគ្រាន់បើក្តី ការចង់បានភាពលេចធ្លោរក្ដី ក៏ឲ្យយកកិលេសទាំងនេះចេញពីខ្លួនទៅ។ បញ្ញារបស់យើងនឹងមានពន្លឺច្បាស់ឡើង
ហើយការព្យាយាមធ្វើសមាធិ ដោយជាប់លាប់ វានឹងធ្វើឲ្យយើងមានសតិស្មារតីល្អ
និងចិត្តមានកម្លាំងច្បាំងឈ្នះកិលេសក្នុងខ្លួនយើងបាន៕ [edit]
ប្រភព៖ http://thanavuddho.org/blog
No comments:
Post a Comment