សំនួរ៖
ខ្ញុំមិនមានសទ្ធាជឿលើសាសនាណាមួយឡើយ
ប៉ុន្តែខ្ញុំចាប់អារម្មណ៍សិក្សាសាសនាក្នុងឋានៈជាអ្នកទស្សនវិជ្ជាមួយរូប។
សម្រាប់ខ្ញុំ ព្រះពុទ្ធជាម្ចាស់គ្រាន់តែជាអ្នកពូកែគិតដ៏ឆ្លាតមួយអង្គ។
ពេលនេះខ្ញុំកំពុងមានចំណាប់អារម្មណ៍លើព្រះពុទ្ធសាសនា ក្នុងនាមឋានៈវិទ្យាសាខាមួយ មានរឿងដែលខ្ញុំចង់ដឹង
ប៉ុន្តែនៅមិនទាន់មានអ្នកណា ឆ្លើយឲ្យបាត់ការអស់សង្ស័យបានឡើយគឺ
ប្រសិនបើយើងមិនមែនជាពុទ្ធបរិស័ទទេ តើយើងអាចសម្រេចមគ្គផលនិព្វានបានដែរឬ?
និស្សិតជនជាតិអង់គ្លេស
មកពីមហាវិទ្យាខែមព្រិច
ចម្លើយ៖
មុនចូលដល់សាច់រឿង
សូមធ្វើសេចក្ដីអធិប្បាយរឿង ដែលព្រះពុទ្ធជាម្ចាស់នៃយើងសិន
ពាក្យអប់រំទូន្មានរបស់ព្រះពុទ្ធជាម្ចាស់នោះ ពីដើមមានត្រឹមតែ “សច្ចធម៌” គឺ
ការពិតដែលមានឯកឯងទៅតាមធម្មជាតិ ត្រឹមតែព្រះអង្គទ្រង់បានស្រាវជ្រាវរកឃើញនូវការពិតនោះ
រួចហើយទ្រង់នាំយកចេញមក “សម្តែង” [សង្កេតបានល្អ ទ្រង់ប្រើពាក្យថា “សម្តែង”
សម្រាប់សច្ចធម៌។ ចំណែកខាងព្រះវិន័យ
ឬក្រិត្យក្រមសណ្ដាប់ធ្នាប់របស់ពួកសង្ឃគណៈ ទ្រង់ប្រើពាក្យថា “បញ្ញត្តិ” គឺទ្រង់ដាក់របៀបវារៈឡើងមក។
ទាំងពីរវចនៈនេះ ជាការប្រាប់ឋានៈរបស់ “ធម្មៈ”
(សច្ចធម៌) និងវិន័យ (រឿងសន្មតិ) បានមានយ៉ាងល្អ]។
សច្ចធម៌តាមធម្មជាតិ គឺ សេចក្ដីទុក្ខក្តី
និព្វានក្តី ជារឿងដែលវាមានស្រាប់រួចមកហើយ
មុនការត្រាស់ដឹងរបស់ពុទ្ធជាម្ចាស់មកម្ល៉េះ។ ចូរសាកល្បងសង្កេតបែបងាយៗ មិនថា
ព្រះពុទ្ធជាម្ចាស់ទេ នឹងមកឧបត្តិ ឬមិនឧបត្តិ(កើតឡើង)ក៏ដោយ មនុស្សកើត មនុស្សចាស់
មនុស្សឈឺ និងមនុស្សស្លាប់ ក៏មានស្រាប់ហើយដែរ នេះគឺជាសច្ចធម៌។ ទុក្ខមាននៅ
និព្វានមាននៅ ដូចគ្នា ប៉ុន្តែមនុស្សនៅមិនទាន់មានបញ្ញា
ដែលអាចនឹងមើលឃើញនិព្វានបានប៉ុណ្ណោះឯង។ លើកឧបមាងាយៗ មុនលោក ញូតុន មកកើត
ច្បាប់នៃកម្លាំងទំនាញផែនដីក៏មានស្រាប់ហើយដែរ។ លោក ញូតុន
ត្រឹមតែមកស្រាវជ្រាវរកឃើញតែប៉ុណ្ណោះ។ ច្បាប់នៃកម្លាំងទំនាញផែនដី គឺជាសច្ចភាពម្យ៉ាងដូចគ្នា។
លោក ញូតុន ស្លាប់បាត់ទៅហើយ ប៉ុន្តែច្បាប់នេះ ក៏នៅតែមាន មិនបាត់ទៅណាឡើយ។
បន្តបន្ទាប់មក
ក្រោយសម័យពុទ្ធកាលរាប់រយឆ្នាំ ទើបមានមនុស្សហៅ សច្ចធម៌ ដែលព្រះពុទ្ធទ្រង់បង្រៀនថា
“ពុទ្ធសាសនា”។ ពាក្យថា “ពុទ្ធសាសនា” ទើបជាការសន្មតិបញ្ញត្តិម្យ៉ាង
មិនមែនជាតួសច្ចធម៌ទេ ប៉ុន្តែសច្ចធម៌ក្នុងនាមព្រះពុទ្ធសាសនា ក៏នៅមានស្រាប់
និងនៅមានពិតដូចដើម។ ដូច្នោះ អ្នកនឹងមានសទ្ធា
ឬមិនមានសទ្ធាក្នុងព្រះពុទ្ធសាសនាក៏ដោយ
ក៏ពាក្យអប់រំទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ក៏មិនផ្លាស់ប្តូរដែរ
ព្រោះវាកើតមានរបស់វាយ៉ាងនោះមកពីមុនហើយ។ អ្នកនឹងហៅឈ្មោះវាថាអ្វីៗ ក៏ដោយចុះ សច្ចធម៌នឹងមិនផ្លាស់ប្តូរ
ទៅតាមឈ្មោះ ដែលមនុស្សហៅឡើយ ដូចជាអ្នកហៅផ្លែប៉ោម ថាជាផ្លែចេកអ៊ីចឹង
ប៉ុន្តែផ្លែប៉ោម នៅតែរក្សារសជាតិផ្លែប៉ោម តាមធម្មជាតិរបស់វានោះដដែល។ សច្ចធម៌នឹងមិនប្រែប្រួលគុណភាពទៅតាមរឿងមនុស្សយល់
ដូចជាទឹកក្តៅ អ្នកនឹងជឿថា ក្តៅ ឬមិនក្តៅ វាក៏នៅតែក្តៅក្នុងសភាពរបស់វាយ៉ាងនេះដដែលដូចដើម។
នេះគឺជាការយល់ ពីមូលដ្ឋានគ្រឹះទាក់ទងជាមួយ
ពាក្យបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ ដែលមានលក្ខណៈផ្សេងពីសាសនាដទៃ ត្រង់ដែលមិនមែនជាបញ្ញត្តិចំពោះកាល
ប៉ុន្តែគឺការពិតសកល និងក្នុងពេលទ្រង់បង្រៀនការពិតសកល ដូច្នោះ មនុស្សទាំងពិភពលោក
ក៏មានសិទ្ធក្នុងមគ្គផលនិព្វាន ដែលទ្រង់បានបង្រៀនដូចៗគ្នា។
នឹងដំណាលរឿងពិតឲ្យស្តាប់មួយរឿង
ក្នុងសម័យពុទ្ធកាល មានកម្លោះម្នាក់ឈ្មោះ
“បុក្កុសាតិ” កម្លោះម្នាក់នេះបានឮសម្លេងរបស់ព្រះពុទ្ធហើយ
ក៏កើតមានសេចក្ដីជ្រះថ្លាជាកម្លាំង ទើបសម្រេចចិត្តបោះបង់ចោលផ្ទះសម្បែង
ហើយធ្វើដំណើរពនេចរទៅក្នុងលោកទទេ ក្នុងឋានៈអនាគារិកៈ(អ្នកមិនគ្រប់គ្រងផ្ទះសម្បែង) ។
គេធ្វើដំណើរទៅគ្រប់ច្រកល្ហកគ្រប់ទីកន្លែង ដែលមានមនុស្សពោលថា ព្រះពុទ្ធជាម្ចាស់
ស្តេចទ្រង់យាងឆ្លងកាត់មក។ រហូតដល់ថ្ងៃមួយ ជិតដល់ពេលព្រលប់ គេទើបសុំចូលសម្រាកក្នុងផ្ទះរបស់នាយជាងស្នួនឆ្នាំងម្នាក់
ក្នុងភូមិនោះ។ ពេលចូលទៅដល់ក្នុងបន្ទប់សម្រាក គេក៏បានជួបសមណៈមួយអង្គសម្រាកនៅមុនរួចហើយ
គេទើបចូលទៅក្រាបថ្វាយបង្គំលោក និងសុំសន្ទនាធម៌ជាមួយលោកផង។
យប់នោះពេញមួយរាត្រី
គឺបុរសកម្លោះអង្គុយសន្ទនាធម៌ជាមួយសមណៈកម្លោះនោះយ៉ាងជក់ចិត្ត រហូតដល់ល្មមភ្លឺស្រាងៗ
ទើបបានកែវភ្នែកឃើញធម៌ ហើយទើបដឹងថា បុគ្គលដែលខ្លួនសន្ទនាជាមួយខ្លួនពេញមួយយប់នោះ
គឺជាព្រះពុទ្ធ។ គេទើបក្រាបថ្វាយបង្គំសុំខមាទោស
ដែលហៅព្រះអង្គតាមជនសាមញ្ញដោយមិនបានដឹង ប៉ុន្តែព្រះពុទ្ធអង្គ
ទ្រង់មិនបានធ្វើទុកក្នុងចិត្ត។ ពេលគេសុំបួស ព្រះពុទ្ធទ្រង់ប្រាប់ថា
នឹងត្រូវមានបាត្រ មានចីវរ។ បុរសកម្លោះទើបសុំខ្លួនចេញមករកបាត្រ និងចីវរ
ប៉ុន្តែសំណាងអាក្រក់ នៅតាមផ្លូវគេត្រូវគោឆ្កួតជល់ស្លាប់មុនបាត់ទៅ។
ពួកភិក្ខុទាំងឡាយជ្រាបដំណឹងរឿងនេះ ដោយការព្រួយបារម្ភ
ប៉ុន្តែព្រះពុទ្ធអង្គទ្រង់ត្រាស់ថា មិនត្រូវបារម្ភទេ
ព្រោះបុរសកម្លោះនោះបានសម្រេចមគ្គផលថ្នាក់ទី៣ (ជាព្រះអនាគាមី) ហើយ
នឹងមិនត្រឡប់មកកើតទៀតឡើយ មិនថាក្នុងជាតិកំណើតភពណាទេ។
ក្នុងពេលខាងក្រោយមក ក៏មានអ្នកនិពន្ធដៃឯកម្នាក់ឈ្មោះ
កាល ហ្យេលឡឺរាប់ (Karl
Gjellerup) បាននាំយកលំនាំរឿងពីហេតុការណ៍នេះមកនិពន្ធជារឿងប្រលោមលោក
ដែលមានឈ្មោះបោះសម្លេងលំដាប់លោកគឺ កាមនិត-វាសិដ្ឋិ
បានញ៉ាំងឲ្យព្រះពុទ្ធសាសនាជាទីពេញនិយមផ្សព្វផ្សាយទៅខាងបស្ចិមលោក។
ក្រៅពីរឿងពិតនេះ ទើបមានអំណះអំណាងបានថា
សច្ចធម៌ ដែលជាសកលនោះ ជាសកលទាំងថ្ងៃទាំងយប់ ទោះបីជានឹងមិនស្គាល់ឈ្មោះ
ឬហៅឈ្មោះសច្ចធម៌នោះ មិនត្រូវផងក៏ដោយ ប៉ុន្តែប្រសិនបើប្រតិបត្តិត្រឹមត្រូវ
ក៏ទទួលបានផលដូចគ្នាពិតប្រាកដ ដូចជាបុរសកម្លោះ បុក្កុសាតិ ដែលមិនធ្លាប់ដឹងសោះថា
កំពុងបានសន្ទនាជាមួយព្រះពុទ្ធជាម្ចាស់ ប៉ុន្តែគ្រប់នៃការសន្ទនានោះ
គេបានទួលរសនៃព្រះធម៌យ៉ាងពេញបរិបូណ៌ ល្មមនឹងដឹងខ្លួនឯងទៀតថា
នឹងបានសម្រេចធម៌ទៅរៀបរយហើយផងក៏មិនដឹង។
មនុស្សដែលទទួលទានផ្លែប៉ោម ដោយមិនដឹងថា
វាមានឈ្មោះជាផ្លែឈើអ្វីក៏ដោយ ប៉ុន្តែបើបានទទួលទានរួចហើយ នឹងបានទទួលរសជាតឆ្ងាញ់
និងចំអែតផ្ទៃដែរ មកត្រឹមប៉ុណ្ណេះ ក៏អាចរាប់បានថា សម្រេចផល នៃការទទួលទានអាហារហើយ។
រឿងនេះយ៉ាងណា ក្នុងការប្រតិបត្តិធម៌តាមមាគ៌ាព្រះពុទ្ធក៏មានយ៉ាងដូច្នោះដែរ។
ប្រសិនបើបានប្រតិបត្តិត្រឹមត្រូវតាមវិធីហើយ មិនបាច់ចេះបាលីក៏បាន
មិនបាច់ប្តេជ្ញាចិត្តថា ជាពុទ្ធបរិស័ទក៏បាន និងមិនចាំបាច់បួសក៏បាន
គ្រប់មនុស្សជាតិមានសិទ្ធសម្រេចមគ្គផលបានដូចគ្នាៗទាំងអស់៕[edit]
ធម្មទានពីលោកម្ចាស់គ្រូ វជិរមេធី
No comments:
Post a Comment