មានមនុស្សច្រើនណាស់ បាននាំគ្នាសង្ស័យថា តើមនុស្សយើងស្លាប់ទៅហើយកើតទៀតឬអត់? ប្រសិនបើកើតទៀត
តើកើតនៅឯណា?
សាសនាខ្លះ ដែលមានទេវនិយម គេជឿថា ព្រះជាម្ចាស់ជាអ្នកបង្កើតលោក
ជាអ្នកលិខិតលើជីវិតមនុស្ស ដូចជា សាសនាគ្រិស្ត សាសនាឥស្លាម គេមានជំនឿថា
ពេលមនុស្សស្លាប់ទៅហើយ នឹងមិនកើតទេ វិញ្ញាណនឹងសម្រាក ហើយនឹងត្រឡប់មកមានជីវិតជាថ្មីម្តងទៀត ក្នុងថ្ងៃជម្រះក្តី
ដើម្បីឲ្យព្រះជាម្ចាស់សម្រេចចិត្តថា វិញ្ញាណមួយដួងនោះ នឹងទៅកាន់នរក
ឬទៅកាន់ឋានសួគ៌។ ទាំងអស់នេះ វាស្ថិតនៅលើក្តីមេត្តារបស់ព្រះ
និងមានជំនឿលើព្រះជាម្ចាស់របស់បុគ្គលនោះ។
សម្រាប់សាសនាព្រាហ្មណ៍ ឬហិណ្ឌូ
ដែលមានជំនឿថា ព្រះព្រហ្មជាអ្នកបង្កើតលោក និងលិខិតជីវិតមនុស្ស មានជំនឿថា
មនុស្សដែលស្លាប់ទៅហើយ នឹងវិលកើតវិលស្លាប់ ដើម្បីមករំលោះផលកម្មអស់ផលកម្មពេលណា
(បំពេញតបៈ) នឹងបានទៅរស់នៅជាមួយព្រះព្រហ្មលើឋានសួគ៌។
ចំណែកព្រះពុទ្ធសាសនាវិញ ដែលពុំមែនជាទេវនិយម
ព្រះពុទ្ធជាម្ចាស់ពុំបានជាអ្នកបង្កើតលោក ឬជាអ្នកលិខិតជីវិតរបស់សត្វលោកទេ។
ព្រះពុទ្ធអង្គទ្រង់ជាអ្នកបង្រៀនឲ្យមានជំនឿថា អ្វីៗគ្រប់យ៉ាងកើតឡើងតាមហេតុ បច្ច័យ ដែលមានទំនាក់ទំនងគ្នា(គោលបដិច្ចសមុប្បាទធម៌)
ដូចជា ដើមស្រូវជាហេតុនាំឲ្យកើតមានគួរស្រូវ គួរស្រូវជាហេតុនាំឲ្យកើតគ្រាប់ស្រូវ
គ្រាប់ស្រូវជាហេតុនាំឲ្យកើតមានដើមស្រូវ ជាវដ្ដចក្រវិលទៅវិលមកប្រទាក់ក្រឡាគ្នា។
ប្រសិនបើបំផ្លាញតំណសម្ព័ន្ធ ដែលនៅក្នុងគ្រាប់ស្រូវចេញ ដើមស្រូវក៏អស់
នឹងមិនមានទៀត ដូចជាការបំផ្លាញអវិជ្ជា ឬបំផ្លាញពីភាពមិនដឹង ដែលវាអាស្រ័យលើតណ្ហាគ្រប់សង្កត់ចិត្ត
ការកកើតឡើងក៏អស់ទៅ។
មនុស្សដែលស្លាប់ទៅហើយ
ទៅកើតក្នុងទីណានោះ វាអាស្រ័យលើវារៈចុងក្រោយរបស់ចិត្ត
ប្រសិនបើដាច់ខ្យល់ក្នុងខណៈពេលចិត្តសៅហ្មង បដិសន្ធិវិញ្ញាណ ក៏នឹងនាំទៅកើតក្នុងទុគតិភព ឬអបាយភូមិ៤ ដែលមាននរក ប្រេត អសុរកាយ
និងសត្វតិរច្ឆាន(ចិត្តេសង្កិលិដ្ឋេ ទុគ្គតិ បាដិកង្ខា)។ ប្រសិនបើពេលទៀបនឹងស្លាប់
ចិត្តថ្លាស្អាត បដិសន្ធិវិញ្ញាណ ក៏នឹងនាំឲ្យទៅកើតក្នុងសុគតិភព ដែលមានមនុស្ស១
សួគ៌៦ជាន់ ព្រហ្ម២០ ជាន់(ចិត្តេ អសង្កិដ្ឋេ សុគតិ បាដិកង្ខា)។
ប្រសិនបើចិត្តអស់កិលេសតណ្ហា គឺចិត្តរបស់បុគ្គលជាព្រះអរហន្ត ក៏មិនមានឱកាសកើតទៀតឡើយ។
មនុស្សស្លាប់ទៅកើត ឬមិនកើត
ហើយទៅកើតកន្លែងណានោះ វាស្ថិតនៅជាមួយសភាវៈចិត្តរបស់គេ រកការពិតទៅ
មិនមានបុគ្គលណាមកលិខិតឡើយ បុគ្គលសាបព្រោះនូវពូជណា
រមែងទទួលបានផ្លែផ្កានូវពូជនោះវិញ។ ព្រះពុទ្ធសាសនាជាសាសនា ដែលពោលតាមហេតុផល
ស្រមគ្នាជាមួយគោលការណ៍វិទ្យាសាស្ត្រ។
ដោយហេតុនេះ អ្នកវិទ្យាសាស្ត្រ ដូចជា អាល់បឺត
អាយស្តាយ(គ.ស ១៨៧៩-១៩៥៥) ទើបព្រមទទួលយក និងនិយាយអំពីព្រះពុទ្ធសាសនាថា “សាសនាក្នុងអនាគតគួរជាសាសនា
ដែលមានភាពសកល(cosmic religion) ដោយមិនប្រកាន់មាំជាមួយព្រះជាម្ចាស់
ឬច្បាប់ក្រម ខប្រតិបត្តិដ៏តឹងរឹង នឹងត្រូវជាសាសនា ដែលមានមូលដ្ឋានមកពីបទពិសោធនៃអ្វីគ្រប់យ៉ាង
ដែលមានទាំងធម្មជាតិ និងចិត្តវិញ្ញាណ ដែលមានទំនាក់ទំនងគ្នាតែមួយ។ ទាំងអស់នេះ នឹងរកចម្លើយឃើញបានពីព្រះពុទ្ធសាសនា។
ប្រសិនបើមានសាសនាណាមួយ ដែលអាចឆ្លើយតបតម្រូវការរបស់វិទ្យាសាស្ត្រសម័យទំនើបនេះបាន
សាសនានោះគួរនឹងព្រះពុទ្ធសាសនា”។
[The religion in the future will be a cosmic
religion. It should transcend a personal God and avoid dogma and theology.
Covering both the natural and the spiritual, it should be based on a religious
sense arising from the experience of all things natural and spiritual, as a
meaningful unity Buddhism answers this description. If
there is any religion that would cope with modern scientific needs, it would be
Buddhism.]
ព្រះពុទ្ធអង្គ ទ្រង់ត្រាស់ថា (សត្វ)
លោក ត្រូវចិត្តដឹកនាំទៅ (ចិត្តេន នីយតិ លោកោ) មានន័យសេចក្ដីថា
ចិត្តជាអ្នកដឹកនាំជីវិតទៅ ដូចនឹងឃើញគំនិតនាំទៅដល់ការនិយាយ និងទង្វើ។
មនុស្សនឹងទុក្ខ ឬសុខ អាក្រក់ ឬល្អ ស្ថិតនៅជាមួយនឹងចិត្តរបស់បុគ្គលម្នាក់ៗ។ ធម្មជាតិរបស់ចិត្តនោះ
គិតបានសព្វយ៉ាង ទាំងក្នុងផ្លូវល្អ និងផ្លូវអាក្រក់។ វាគិតដល់អ្វីណានីមួយ
ក៏ដឹកនាំជីវិតទៅចង់រុំព័ទ្ធនៅជាមួយវត្ថុនោះ។ ក្រៅពីនេះ
ចិត្តនឹងផ្លាស់ប្តូរអារម្មណ៍បានលឿនរហ័ស ត្រឹមតែមួយវឹបប៉ុណ្ណោះ
ក៏ផ្លាស់ប្តូរអារម្មណ៍ពីរឿងមួយទៅដល់រឿងមួយទៀតហើយ។
ដូច្នោះ ពេលនឹងដាច់ខ្យល់ស្លាប់
ដែលជាការផ្លាស់ប្តូរភពថ្មី ប្រសិនបើចិត្តមានសភាពថ្លាស្អាត ឬមានសេចក្ដីស្ងប់ គិតដល់រឿងល្អៗ
ក្នុងជីវិត ដូចជាថា បុណ្យកុសល ឬយកចិត្តទៅតោងប្រកាន់យកគុណព្រះរតនត្រៃ
ឬព្រះជាម្ចាស់( សម្រាប់អ្នកកាន់រាប់អានសាសនាដទៃ) ឬសូត្រមន្តចម្រើនភាវនា ជាដើម។
ចិត្តថ្លាស្អាត ដូច្នេះ ពេលចេញពីរូបកាយ បដិសន្ធិវិញ្ញាណ ក៏នាំទៅកើតក្នុងសុគតិភព
យ៉ាងហោចណាស់ក៏ត្រឡប់មកយកកំណើតជាមនុស្សវិញដែរ។ ប្រសិនបើជាបុគ្គលជាប់មានសីលជានិច្ច
មានសភាពស្អាតប្រាសចាកអំពើបាប ខ្លាចក្រោតក្រែងចំពោះបាប (ហិរិ និងឧត្តប្បៈ)
នឹងទៅកើតក្នុងឋានសួគ៌។ ប្រសិនបើចូលដល់សមាធិលំដាប់ខ្ពស់ គឺឈាន នឹងទៅកើតក្នុងព្រហ្មលោក
តាមគុណសម្បត្តិរបស់ចិត្ត ដោយមិនពាក់ព័ន្ធជាមួយការរាប់អានសាសនាណាមួយឡើយ។
ប៉ុន្តែប្រសិនបើ ពេលទៀបនឹងដាច់ខ្យល់ស្លាប់
ចិត្តសៅហ្មង ដូចជា កើតទុក្ខវេទនា ជាមួយសេចក្ដីឈឺចាប់ ខ្លាចស្លាប់ ក្រវល់ក្រវាយ ច្របុកច្របល់
តប់ប្រមល់ ថ្នាំងថ្នាក់ ក្រោធខឹង ខូចអារម្មណ៍ជាមួយរឿងណាមួយ
ឬហួងហែងបុគ្គលដែលជាទីស្រលាញ់ ហួងហែងទ្រព្យសម្បត្តិ តំណែងតួនាទីផ្សេងៗ
ឬបានឃើញរូបភាព បានឮសម្លេង បានធុំក្លិន ដែលមិនល្អចូលមកជាដើម ។
ចិត្តសៅហ្មងដូច្នេះ បដិសន្ធិវិញ្ញាណ នឹងនាំទៅកើតក្នុងអបាយភូមិ។ វាកើតមានដូច្នេះ ជាមួយជីវិតគ្រប់ៗគ្នា
វាស្មើនឹងថា បុគ្គលម្នាក់ៗជាអ្នកមានជម្រើសកើតខ្លួនឯង លិខិតជីវិតរបស់ខ្លួនឯង ដោយទង្វើរបស់ខ្លួនឯង។
ពេលកើតមានដូច្នេះ សាកល្បងលោមើលចុះថា
ឱកាសដែលមនុស្សជិតស្លាប់ នឹងមានចិត្តថ្លាស្អាត និងចិត្តសៅហ្មងនោះ
យ៉ាងណានឹងមានច្រើនតិចជាគ្នាប៉ុណ្ណោះ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ការបានកើតមកជាមនុស្សជាលាភដ៏ប្រសើរ
ព្រោះជារបស់កម្រ(កិច្ឆោមនុស្សប្បដិលាភោ)។ ត្រង់ប្រជាករកើនឡើងក្នុងលោក
កើតមានព្រោះសត្វលោកក្នុងភពផ្សេងៗវិលកើតវិលស្លាប់បន្តគ្នា សត្វក៏កើតជាមនុស្សបានដែរ។
តើការធ្វើទាន រក្សាសីល
ជួយបិទទ្វាអបាយបានឬអត់?
ឆ្លើយថា នៅមិនទាន់បានទេ ព្រោះទាន និងសីល
នោះមិនមែនជាគោលការណ៍ធានាថា ពេលជិតស្លាប់ ចិត្តមិនសៅហ្មងទេ។ គោលការណ៍ធានា ដែលអាចបិទទ្វាអបាយភូមិបាន
នឹងត្រូវមាន ភាវនា ឬបដិបត្តិសមថវិបស្សនាកម្មដ្ឋាន ទាល់តែបានដល់នូវព្រះអរិយបុគ្គល។
ប្រសិនបើបានដល់ព្រះអរិយបុគ្គល មានសោតាប័ន និងព្រះសកទាគាមី ចិត្តចូលត្រង់ហើយ
នឹងស្លាប់ទៅដោយការមិនវង្វេងក្នុងអារម្មណ៍សៅហ្មង ជាតិបន្ទាប់នឹងកើតជាមនុស្ស
ឬកើតក្នុងឋានសួគ៌។ ការចម្រើភាវនាមិនហួសពី ៧ជាតិទៀត ក៏នឹងបានក្លាយជាព្រះអរហន្ត។ ប្រសិនបើ
បានដល់ព្រះអនាគាមី និងទៅកើតក្នុងព្រហ្មលោក ហៅថា សុទ្ធាវាសព្រហ្ម(ព្រហ្មជាន់ទី១២-១៦)
ហើយនឹងទៅសម្រេចជាព្រះអរហន្តនៅទីនោះ។ ប្រសិនបើបានដល់ព្រះអរហន្ត
ក៏មិនមានការកើតឡើងទៀត។
តើមនុស្សខ្លះឧស្សាហ៍ធ្វើសេចក្ដីល្អទុកច្រើនណាស់
ដូចជា ធ្វើទាន រក្សាសីល បាប អកុសលក៏ធ្លាប់ធ្វើខ្លះ ប៉ុន្តែមិនច្រើនប៉ុន្មានទេ
ពេលស្លាប់កើតការភ្លាំងភ្លាត់សតិអារម្មណ៍សៅហ្មង នាំទៅកើតក្នុងអបាយភូមិ
យ៉ាងនេះវាមិនយុត្តិធម៌ទេ?
ជាការពិតទៅ ច្បាប់ធម្មជាតិឲ្យយុត្តិធម៌ជានិច្ច
គេទៅកើតក្នុងអបាយភូមិ កើតមានព្រោះចិត្ត ដែលជាអកុសល ក្នុងខណៈពេលនោះ នាំទៅកើត ពុំមានអ្នកណាមកលិខិតបាន
ប្រសិនបុណ្យកុសលធ្វើសន្សំទុកច្រើន ផលបុណ្យនឹងតាមទៅឧបការៈជួយគ្រប់ភពជាតិ ដែលទៅកើតនោះមានរយៈពេលខ្លីឡើង
ដូចជា ធ្លាក់នរកមិនយូរ បើកើតជាសត្វតិរច្ឆាន
ប្រសិនបើសម័យខ្លួននៅជាមនុស្ស ធ្លាប់ធ្វើទានច្រើន ក៏មិនសូវស៊ីអត់ស៊ីឃ្លាន
ជួលកាលអាចមានមនុស្សនាំទៅចិញ្ចឹមស្រលាញ់មើលថែយ៉ាងល្អ។ ប្រសិនបើសម័យជាមនុស្ស ធ្លាប់រក្សាសីលល្អ
ក៏កើតជាសត្វ ដែលមានសុខភាពល្អរឹងមាំ មិនមានសត្វដទៃ ឬមនុស្សមកបៀតបៀន។
ប្រសិនបើកើតជាមនុស្ស ជាបុគ្គលមានបញ្ញាឈ្លាសវៃ និងកើតជាសត្វចេះជាដើម។
ពុទ្ធសាសនាជាសាសនា ដែលពោលតាមការពិត
តាមច្បាប់ធម្មជាតិ។ ព្រះពុទ្ធជាម្ចាស់ ពេលបានត្រាស់ដឹងការពិត ដែលអ្វីៗមានស្រាប់ហើយ
ក៏នាំយករឿង ដែលបានដឹងនោះមកសម្តែង បង្ហាញប្រាប់ផ្លូវឲ្យពុទ្ធបរិស័ទបានប្រតិបត្តិតាម។
ប្រសិនបើត្រូវការសេចក្ដីសម្រេច ត្រូវព្យាយាមធ្វើដោយខ្លួនឯង
អ្នកដទៃធ្វើជួសមិនបានឡើយ។ ពុទ្ធសាសនាបានបំផ្លាញគ្រឿងចងចាំគំនិតរបស់មនុស្ស ដែលត្រូវបង្រៀន
ឲ្យជឿមកតាំងតែពីបូរាណថា មានអំណាចពិសេស ដែលលិខិតជីវិតរបស់ខ្លួន ទើបអង្វរករបួងសួង
ចំពោះអំណាចនោះ ដោយខ្វះជំនឿជឿជាក់លើគុណតម្លៃរបស់ខ្លួនឯង
ធ្វើឲ្យខ្លួនមិនសូវខ្វល់ខ្វាយ និងអភិវឌ្ឍលើខ្លួនឯង ដោយពិតប្រាកដ។
ប្រសិនបើក្លាយខ្លួនជាពុទ្ធបរិស័ទ ប៉ុន្តែមិនបានសិក្សាគោលការណ៍ធម៌
និងមិនបាននាំយករឿង ដែលមានតម្លៃយកមកប្រតិបត្តិទេ ការបានក្លាយខ្លួនជាពុទ្ធបរិស័ទនោះ គឺទទេ៕[edit]
No comments:
Post a Comment