Saturday, August 13, 2016

លុយមួយរយពាន់រៀល ចិញ្ចឹមចិត្តម៉ែ


លុយមួយរយពាន់រៀល ចិញ្ចឹមចិត្តម៉ែ៖ បទវិភាគនេះ បានអានហើយ មានចិត្តរំជួលអារម្មណ៍ ទៅជាមួយលោកគ្រូម្នាក់នេះណាស់ ដែលគាត់ជាបុគ្គលម៉ត់ចត់ល្អិតល្អន់ ចំពោះអ្នកមានព្រះគុណយ៉ាងក្រៃលែង ជាគំរូមួយអាចយកជាតម្រាប់តាមបាន ដើម្បីសង្គមដែលមានសន្តិភាព និងការចេះចែករំលែកនូវគោលគំនិតល្អៗ ដើម្បីលម្អសង្គមរស់នៅគ្នាទៅវិញទៅមក។

លោកគ្រូរបស់ខ្ញុះ គាត់បានជូនប្រាក់ខែអ្នកម្តាយ និងលោកឪពុកគាត់ មួយខែៗ ១០០,០០០រៀល ជាប្រចាំរាល់ខែ។ ខ្ញុំសង្ស័យថា ហេតុអ្វីត្រូវជូនប្រាក់ឪពុកម្តាយមួយខែ ដប់ម៉ឺនរៀល ក្នុងពេលអ្នកម្តាយរស់ក្នុងដំបូលផ្ទះតែមួយ នឹងលោកគ្រូស្រាប់ហើយ តម្លៃចាយវាយសម្រាប់ម្តាយលោក លោកគ្រូរ៉ាប់រងទាំងអស់ហើយនោះ។

ថ្ងៃមួយមានឱកាសល្អ ខ្ញុំទើបសម្រេចចិត្តសួរលោកគ្រូថា តើលោកគ្រូកំពុងធ្វើអ្វីបាទ? លោកគ្រូតបមកវិញថា គ្រូកំពុងកាត់ដកការចំណាយ...គ្រូត្រូវចេញតម្លៃជួលចុងភៅ តៃកុងឡាន អ្នកមើលថែចម្ការ តម្លៃចាយវាយក្នុងផ្ទះ និងជូនម្តាយមួយខែដប់ម៉ឺនរៀល... ពេលនេះចំណូល និងចំណាយមិនសូវមានសមតុល្យនឹងគ្នាទេ ត្រូវកាត់ដកការចំណាយថ្លៃផ្ទះចេញខ្លះ។

ខ្ញុំលូកមាត់ប្រាប់ថា ប្រាក់ខែដែលលោកគ្រូជូនម្តាយ ដប់ម៉ឺនរៀល កាត់ដកចេញបាន ចំណីអាហារមួយថ្ងៃ ៣ពេល លោកគ្រូរៀបចំជូនគាត់ស្រេចបាច់ហើយ សំលៀកបំពាក់ ក៏ទិញជូនគាត់មួយឆ្នាំ៣ កម្លេរ ឈឺស្កាត់គ្រុនងារយប់អាធ្រាត ហៅពេទ្យមកចាក់ថ្នាំជូន អ្នកម្តាយពិកាភ្នែកមិនបានទៅណា ដូច្នោះប្រាក់ខែ ដប់ម៉ឺនរៀលនេះ លោកគ្រូគួរនឹងកាត់ដកចេញបានណ៎ា។


លោកគ្រូប្រាប់ថា កាត់ដកមិនបានជាដាច់ខាត... ប្រាក់មួយសែនរៀលនេះ វាសំខាន់ណាស់ ព្រោះ...ជាប្រាក់សម្រាប់ចិញ្ចឹមចិត្តម៉ែ ខ្ញុំស្តាប់ហើយរំជួលចិត្ត ប្រាក់ចិញ្ចឹមចិត្តម៉ែ... ពួកយើងធ្លាប់បានឮទេ? លោកប្រាប់បន្តទៀតថា ចិត្តត្រូវការអាហារ ដែលយកមកចិញ្ចឹមឲ្យឆ្អែត រីករាយ ជាសុខ...អ្នកសាកគិតលោកមើល... មនុស្សដែលគ្មានប្រាក់ជាប់នឹងខ្លួននេះ នឹងមានអារម្មណ៍យ៉ាងម៉ែចដែរ? ចិត្តវាស្ពូត វាស្វិតស្រពោន ប្រៀបដូចជាផ្កានៅពេលល្ងាចអ៊ីចឹង។  បុគ្គលណាដែលមានប្រាកខែច្បាស់លាស់ ពេលដល់ថ្ងៃទី ២៥ទៅហើយ ប្រាក់ខែនៅមិនទាន់បានបើក ចិត្តវាធុញថប់ បារម្ភ មិនស្រស់ថ្លា ណាតម្លៃរថ ណាតម្លៃអាហារ ណាតម្លៃប្រើប្រាស់ភ្លើង ទឹក សំលៀកបំពាក់ សេវ៉ាកម្មអនាម័យ សេវាសុខភាព។ល។ វាស្វិតស្រពោនរហូតដល់ដាច់ខែហ្នឹងឯង។

ម៉ែនៅជាមួយយើងពិតមែនហើយ ប៉ុន្តែបើម៉ែមិនមានប្រាក់ក្នុងដៃទេ ចិត្តលោកវាស្វិតស្រពោន ទម្រាំដល់ថ្ងៃបើកប្រាក់ខែ។ មនុស្សគ្រប់គ្នាមានមុខរីក ដូចជាផ្កានៅពេលព្រឹមព្រហាម មានចិត្តស្រស់ស្រាយ សប្បាយរីករាយ មានក្តីសុខ ទទួលប្រាក់ខែបានមកថ្មីៗ ហើយមុខមាត់ស្រស់បស់ កាម៉ង់កាផែមួយកែវ ស្តាប់ចម្រៀងដ៏ពិរោះសោតាមួយបទ។ រាល់ពេលដាច់ខែម្តងៗ គ្រាន់តែប្រាក់ខែបើកភ្លាម គ្រូចូលទៅជំរាបសួរអ្នកម៉ែ ប្រាប់អ្នកម៉ែថា ថ្ងៃនេះប្រាក់ខែកូនបើកហើយ គ្រូយកប្រាក់ដាក់ក្នុងដៃម៉ែ មួយសែនរៀល រួចម៉ែក៏ឲ្យពរសព្វសារធុកា ហើយយកប្រាក់នោះ រក្សាទុកនៅក្រោមខ្នើយ ប្រកបដោយស្នាមញញឹម និងមានក្តីសុខ

តើប្រាក់ដប់ម៉ឺនរៀលនេះ ចិញ្ចឹមចិត្តម៉ែយ៉ាងម៉េច? ថ្ងៃមួយនោះ ប្អូនរបស់គ្រូបាននាំប្រព័ន្ធទៅឆ្លងទន្លេ បានកូនស្រីម្នាក់។ ដោយមានប្រាក់តែ មួយសែនរៀល ដែលម៉ែសន្សំមកនោះ លោកទិញបានមាសទម្ងន់ ៥០ សេន កក់ព្រលឹងចៅបានមួយខ្សែ។ លោកឱបចៅស្រី... ពាក់ខ្សែកឲ្យ ព្រមទាំងឲ្យពរចៅ។ ពេលចៅស្រីម្នាក់នេះ ធំល្មមនិយាយកើត មានមនុស្សគេសួរថា តើខ្សែកមួយខ្សែពីណាគេទិញឲ្យ? ចៅក៏ប្រាប់ថា លោកយាយទិញឲ្យ ចង្អុលទៅឯមនុស្សពិកាភ្នែក មនុស្សដែលជាបង្គោលធំបំផុតក្នុងផ្ទះ គឺលោកយាយ មិនមែនពុកម៉ែទេ។ ប្រាក់ដប់ម៉ឺនរៀលនេះ ធ្វើឲ្យមនុស្សពិកាភ្នែក មើលទៅគួរឲ្យកោតក្រែងស្ងប់ស្ងែង។ ប្រសិនបើអ្នកម៉ែគ្មានប្រាក់ទេ តើលោកនឹងទទួលកាដូចៅស្រីបានយ៉ាងម៉េច? មិនអ៊ីចឹងទេ ពេលចៅធំឡើង មានមនុស្សគេសួរថា តើគាត់ម្នាក់នេះជាអ្នកណា? ក្មេងនោះប្រាប់ថា យាយចាស់ពិកាភ្នែកដែលគាត់... មកស្នាក់អាស្រ័យជាមួយពុកម៉ែខ្ញុំ។ 

តើអ្នកបានយល់ហើយឬនៅ? ថាប្រាក់ខែ ដប់ម៉ឺនរៀលនេះ ធ្វើឲ្យមនុស្សចាស់ពិកាភ្នែកមានគុណតម្លៃឡើងបាន។ ថ្ងៃល្អយប់ល្អ ចុងភៅលាងចានស្រេច អ្នកម៉ែប្រាប់ឲ្យមកច្របាច់គក់ជើងបន្តិច ចុងភៅមុខស្អុយស្ងួតចែស ធ្វើការហត់នឿយពេញមួយថ្ងៃ ហើយថែមត្រូវមកបម្រើច្របាច់គក់ឲ្យយាយទៀត គេអង្គុយចុះ ហើយចាប់ច្របាច់ជើងយាយ មុខស្ងោកមុខងាប់។ ពេលច្របាច់ស្រេចហើយ លោកក៏ហុចប្រាក់មួយម៉ឺនរៀលឲ្យ  ចុងភៅញញឹមមុខរីក លើកដៃសំពះអរគុណ។ ថ្ងៃស្អែកឡើង ពេលលាងចានស្រេច ប្រញាប់រត់មកអង្គុយជិតក្បែរ សួរថា “ថ្ងៃនេះគក់ច្របាច់ទៀតទេលោកយាយឃើញទេ ប្រាក់ខែ ដប់ម៉ឺនរៀល ដែលយើងជូន បានធ្វើឲ្យម៉ែរបស់យើងមានឫទ្ធិបារមីបាន មានមនុស្សច្រើនណាស់លើកដៃសំពះ មានមនុស្សមកប្រណិបត្តិ មានមនុស្សមកគក់ច្របាច់ជូន ប្រសិនបើគ្មានប្រាក់ខែ ដប់ម៉ឺនរៀលនេះទេ តើម៉ែយើងគាត់នឹងមានអានុភាពបានយ៉ាងម៉េច?

កាំជណ្តើរទៅកាន់ឋានសួគ៌ដោយប្រាក់ដប់ម៉ឺនរៀល

នៅថ្ងៃមួយនោះ មេឃុំមកផ្ទះគ្រូ គាត់ពិភាក្សាជាមួយគ្រូថា នឹងជុសជុលបន្ទប់ទឹកវត្ត ដែលវាចាស់ពុកផុយបាក់បែកហើយ ម្តាយគ្រូបានឮ បក់ដៃហៅគ្រូ ហើយគាត់បានលើកខ្នើយឡើង  រាប់ប្រាក់មកបាន ប្រាំសែនរៀល ប្រាប់ថា ឲ្យជូនមេឃុំជុសជុលបន្ទប់ទឹកលោក។ អ្នកឃើញទេថា ប្រាក់ខែដប់ម៉ឺនរៀល ដែលយើងជូនគាត់ បានក្លាយជាកាំជណ្តើរដឹកនាំម៉ែទៅកាន់ឋានសួគ៌...។ នេះប្រសិនបើមិនមានប្រាក់ក្នុងដៃទេ តើម៉ែនឹងបានធ្វើបុណ្យទេ?

ពេលមេឃុំទទួលប្រាក់ស្រេចបាច់ហើយ ក៏ដើរទៅផ្ទះបន្ត អ៊ុំចាស់នៅផ្ទះនោះកំពុងរៀបចំទុកដាក់ខោអាវក្នុងផ្ទះ។ មេឃុំក៏ស្រែកហៅពីរបងខាងក្រៅមក ចូលរួមធ្វើបុណ្យសាងបន្ទប់ទឹកលោកទេអ៊ុំ?” អ៊ុំក្បែរផ្ទះនោះឆ្លើយតបថា អ៊ុំគ្មានប្រាក់ទេ អ៊ុំរស់នៅពឹងអាស្រ័យជាមួយកូនស្រី ឥឡូវកុំអាល ចាំកូនស្រីគេត្រឡប់មកវិញសិន ចាំសុំប្រាក់កូនចូលបុណ្យព្រោះកូនគេមិនបានជូនប្រាក់ខែអ៊ុំទេ។ អ៊ុំម្នាក់នេះ ទើបបានត្រឹមតែរៀបចំទុកដាក់ខោអាវឲ្យកូនៗតែប៉ុណ្ណោះ។

គិតឃើញអ្វីខ្លះទេ នៃឥទ្ធិពលរបស់ប្រាក់ ដប់ម៉ឺនរៀល...ប្រាក់ចិញ្ចឹមចិត្តម៉ែហើយឬនៅ? ថ្ងៃនេះយើងបានជូន ប្រាក់ចិញ្ចឹមចិត្តម៉ែហើយឬនៅ? អ្នកណាចង់មានបានគាំពារឲ្យរកប្រាក់កើតទ្វេឡើង ដើម្បីចិញ្ចឹមចិត្តម៉ែ៕ [edit]


ប្រភព៖ http://winne.ws

No comments:

Post a Comment