Saturday, August 13, 2016

វិធីរក្សាចិត្តឲ្យថ្លាល្អពេញបានមួយថ្ងៃ


តើធ្វើយ៉ាងម៉េច ដើម្បីរក្សាចិត្តយើងឲ្យថ្លាល្អពេញបានមួយថ្ងៃ ទោះបីជាពេលដែលយើងត្រូវប៉ះទង្គិច ឬគ្រឿងជន្លឲ្យកើតមានអារម្មណ៍ក្រោធខឹងក៏ដោយ?

ប្រសិនបើយើងចេះស្រលាញ់ខ្លួនឯង ប្រាថ្នាចង់ឲ្យខ្លួនយើងមាននូវសេចក្ដីសុខ។ យើងត្រូវចេះរក្សាចិត្តនោះឲ្យថ្លាល្អបាន។ រឿងដែលសំខាន់គឺ ត្រូវពឹងផ្អែកលើការហ្វឹកហាត់ធ្វើសមាធិឲ្យបានញឹកញាប់។ ការហ្វឹកហាត់ឲ្យចិត្តឈប់នៅមួយកន្លែង នៅខាងក្នុងខ្លួនយើងឲ្យបានគ្រប់ពេលវេលា។ យើងហ្វឹកហាត់ឲ្យជំនាញ ទាំងថ្ងៃ ទាំងយប់ ទាំងលក់ ទាំងភ្ញាក់ ទាំងអង្គុយ ទាំងដេក ទាំងឈរ និងទាំងដើរ ហ្វឹកហាត់បែបនេះទៅរឿយៗទាល់តែបិទភ្នែកលក់ បើកភ្នែក អង្គុយ ដេក ឈរ ដើរឲ្យឃើញដួងកែវថ្លា ឬដួងព្រះអាទិត្យថ្លា នៅត្រង់ផ្ចិតនៃកាយគ្រប់ពេលវេលា។ ចិត្តនឹងបានស្នាក់នៅក្នុងតំណែងដែលត្រឹមត្រូវ ឈប់នឹងននៅត្រង់នោះ។ យើងនឹងមិនបញ្ជូនចិត្តនេះចេញទៅខាងក្រៅឡើយ។ ព្រោះហេតុដូច្នោះ រឿងណាមកប៉ះពាល់ វាក៏មិនញាប់ញ័រ ឃ្លេងឃ្លោង ឬមានអ្នកណាមកជន្លឲ្យកើតមានអារម្មណ៍ក្រោធ ក៏នឹងមានអារម្មណ៍ធម្មតាៗ ហើយថែមទាំងជាការសាងកម្លាំងបណ្តាលចិត្ត ឲ្យដល់បុគ្គលមកជន្លជន្លេញយើង ចង់មិនចង់ចិត្តគេក៏បានថ្លាល្អតាមយើងទៀតផងដែរ។

ប្រសិនបើចិត្តយើងកំពុងថ្លាល្អ ហើយគេបានមកបំផ្លាញចិត្តនោះ ដោយការមកជន្លឲ្យយើងកើតមានអារម្មណ៍ក្រោធខឹង ហើយយើងទៅក្តៅក្រហាយតាមគេ។ ប្រសិនបើមានដូច្នេះ យើងនឹងទៅសាងកម្លាំងបណ្តាលចិត្ត នឹងទៅជួយគេឲ្យចិត្តថ្លា និងមានសេចក្ដីសុខដូចយើងបានយ៉ាងម៉េចទៅកើត។ ព្រោះដូច្នោះហើយ យើងនឹងបានឃើញថា ធ្វើត្រង់យើងក៏បាន ធ្វើត្រង់មិត្តក៏បាន ធ្វើត្រង់មនុស្សនៅជុំវិញក៏បាន ហើយត្រង់នេះ ត្រូវហ្វឹកហាត់ ព្រោះថា ការប្រតិបត្តិធម៌ចូលដល់ដួងកែវថ្លាហើយ ឬចូលដល់ពន្លឺខាងក្នុងហើយ ត្រូវឧស្សាហ៍ព្យាយាមរក្សាទុកឲ្យថ្លាល្អនៅគ្រប់ពេល។

ការហ្វឹកហាត់ថ្មីៗ វាក៏អាចនឹងរបូតចេញទៅខ្លះៗ ប៉ុន្តែយើងហ្វឹកហាត់ឲ្យបានរឿយៗ សន្មត់ថាវានៅមិនស្ថិតស្ថេរទេ យើងត្រូវតាំងគោលការណ៍ទុកមុន តម្កល់សតិអត់សង្កត់ចិត្តទុកមុន ប្រសិនបើមានអារម្មណ៍នោះ វាកញ្ជ្រោលឡើងមក ឲ្យវានៅខាងក្នុង រួចហើយធ្វើចិត្តឲ្យនឹងន វានៅជាមួយយើងមិនបានយូរទេ តិចក៏រលត់បាត់ទៅវិញ វិធីធ្វើងាយៗយ៉ាងនេះឯង។  ប្រសិនបើយើងមិនយករឿងរ៉ាវ មិនប្រកាន់ទោសអួសដំណើរអ្វីទេ លើបុគ្គលដែលមកញុះ វានឹងមានត្រឹមតែ ខ្យល់ហួតហែងតែប៉ុណ្ណោះ។ ប្រសិនបើយើងប្រកាន់ទោស វាក៏កើតជារឿងរ៉ាវបាន ត្រង់នេះសំខាន់ណាស់ ប្រសិនបើយើងមិនប្រកាន់ទោសអួសដំណើរទេ ទុកដូចជាខ្យល់ ដែលបក់ផាត់រសាត់កន្លងផុតទៅ ហើយចិត្តយើងក៏នឹងថ្លាបាន ប្រសិនបើយើងស្រលាញ់ខ្លួនឯង យើងត្រូវគិតដូច្នេះណ៎ា៕[edit]

ពីគ្រូតូច


No comments:

Post a Comment