មួយរយៈកន្លងមកនេះ ស្មេរមានឱកាសបានទទួលរឿងរ៉ាវពាក់ព័ន្ធនឹងសេចក្ដីស្លាប់ជាច្រើនរឿង
មានជាអាទ៌ថា មានមនុស្សមកដំណាលរឿង ដែលគេបានមើលថែរក្សាមនុស្ស ជាទីស្រលាញ់
ដែលកើតរោគមហារីកក្នុងរយៈពេលចុងក្រោយ។ ប៉ុន្តែមុននឹងអ្នកជម្ងឺស្លាប់ គេបានព្យាយាមស្រោចស្រង់សង្រ្គោះគ្រប់វិធី ដូចជា ការផ្លាស់ប្តូរគ្រូពេទ្យ ប្តូរមន្ទីរពេទ្យព្យាបាលច្រើនកន្លែង
រក្សាដោយថ្នាំឱសថបូរាណផ្សែផ្សំជាមួយថ្នាំពេទ្យ និងសូត្រមន្ត
សូត្រផ្លុំរំដោះគ្រោះតាមអ្វី ដែលគ្រូហ្មណែនាំ ផ្លាស់ប្តូរឈ្មោះតាមអ្វីដែលមានមនុស្សគេមកណែនាំ
គ្រប់សព្វសារពើដល់អស់តម្រិះ។ ប៉ុន្តែអ្នកនេះអ្នកនោះមកណែនាំ ធ្វើហាក់ដូចជាថា ខ្លួនមានវិធីសាស្ត្រ
ដែលនឹងយកឈ្នះសេចក្ដីស្លាប់បានអ៊ីចឹង។ ទោះបីជាគេមិនយល់ស្រមតាមទស្សននោះក៏ដោយ
ប៉ុន្តែគេធ្វើដើម្បីលួងលោមចិត្ត ឬដើម្បីកុំឲ្យទាស់ចិត្តបណ្តាលពួកជន ដែលគេមានបំណងល្អទាំងអស់នោះមកលើខ្លួន។
នៅចុងបញ្ចប់មនុស្សដែលគេស្រលាញ់ក៏ស្លាប់បាត់ទៅ
មនុស្សមួយចំនួនធំខ្វះភាពរឹងមាំផ្លូវចិត្ត
ឬខ្វះបញ្ញាដែលដឹងពីសេចក្ដីពិត ពេលមានទុក្ខ មានភ័យធ្លាក់មកលើខ្លួន មិនដឹងរកវិធីណា
ដែលខ្លួនត្រូវដោះស្រាយបញ្ហាទេ ម្លោះហើយខ្លួនទៅប្រកាន់ជំនឿដែលខុស
តាមពាក្យនិយាយតពីមាត់មួយទៅមាត់មួយ
ហើយម្យ៉ាងទៀត ក៏គ្មានខ្លឹមសារត្រូវយកមកអនុវត្តប្រតិបត្តិបាន។
មានមនុស្សច្រើនណាស់ ដែលមិនព្រមទទួលយកការពិតនេះ
មិនហ៊ានប្រឈមមុខជាមួយការពិត ជាពិសេសការពិតក្នុងច្បាប់នៃកម្ម
និងការពិតដែលមនុស្សគ្រប់គ្នា នឹងត្រូវព្រាត់ប្រាសចាកនិរាសពីវត្ថុដែលខ្លួនឯងកើត
មាន បាន ដែលជាច្បាប់ធម្មជាតិ។ នៅពេលណាខ្លួនត្រូវព្រាត់ប្រាសនិរាសពីមនុស្ស
បុគ្គលដែលខ្លួនឯងស្រលាញ់ មិនថាព្រាត់រស់ ឬព្រាត់ស្លាប់ក៏ដោយ ម្នាក់ៗក៏ព្យាយាម ត្រូវតស៊ូពុះពារស្រោចស្រង់សង្គ្រោះរឿងនោះ
ទុកជាមួយខ្លួនឲ្យបានយូរបំផុត តាមដែលខ្លួនអាចធ្វើទៅបាន នៅទីបំផុតក៏មិនអាចយកឈ្នះច្បាប់នៃកម្មនេះបានដែរ។
មានអ្នកមកពិភាក្សាជាមួយស្មេរថា
គេមានជម្ងឺមហារីក តើគេគួរនឹងធ្វើយ៉ាងម៉េច? នេះមិនមែនជាអ្នកទីមួយទេ
ដែលបានមកប្រឹក្សាយោបល់។ មនុស្សច្រើនណាស់ ដែលស្មេរមិនបានប្រាប់ឈ្មោះ វាមិនថ្វីទេណ៎ា
ធ្វើបុណ្យរំដោះគ្រោះហ៍ ឧទ្ទិសមគ្គផលបុណ្យកុសលឲ្យម្ចាស់កម្មពារទៅ មិនយូរទៀតទេអ្នកជម្ងឺនឹងជាសះស្បើយហើយ
ក្រៅពីនេះស្មេរក៏មិនបានណែនាំអ្នកមកប្រឹក្សាយោបល់ថា ព្យាយាមភាវនាថ្វាយបង្គំព្រះ
អង្គុយធ្វើសមាធិផ្សាយមេត្តាចិត្តឲ្យម្ចាស់កម្មពារ មិនយូរអ្នកជម្ងឺនឹងជាសះស្បើយហើយក៏ទេដែរ។
ព្រោះថាស្មេរមិនប្រាកដក្នុងចិត្តទេថា វិធីដែលបានពោលនោះ ជាវិធីរក្សារោគមហារីក ឬរោគាអាក្រក់នានាឲ្យជាសះស្បើយបានឬមិនបានទេ។
ប្រសិនបើវិធីដូចពោល នេះរក្សាបានពិតមែននោះ មន្ទីរពេទ្យប្រហែលជាគ្មានអ្នកជម្ងឺកើតរោគមហារីក
ឬជម្ងឺដង្កាត់ផ្សេងៗមករក្សាព្យាបាលឡើយ។
ព្រះពុទ្ធសាសនាជាសាសនានៃបញ្ញា ជាសាសនាដែលពោលដោយ ហេតុ និងផល មិនមែនជាសាសនានៃការអង្វរករ
ឬស្បថសច្ចាអ្នកតាថា ជាវត្ថុស័ក្តិសិទ្ធិទាំងឡាយនោះទេ។
ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា “រឿងទាំងឡាយកើតពីហេតុ
ពេលណាហេតុរលត់ទៅ ផលក៏រមែងរលត់ទៅជារឿងធម្មតា”។
រឿងស្មេរណែនាំអ្នកជម្ងឺគឺ ជីវិតមានរូបកាយ
និងចិត្ត រោគមហារីកកើតលើកាយ ត្រូវឲ្យពេទ្យរក្សា សេចក្ដីទុក្ខជារឿងរបស់ចិត្ត
យើងត្រូវរក្សាចិត្តរបស់យើង។ ប្រសិនបើចិត្តយើងមានវិបត្តិសៅហ្មងទៅជាមួយរោគអាក្រក់
វាធ្វើឲ្យគ្រាប់ឈាមសក្នុងរាងកាយទន់ខ្សោយឡើង វាមានផលប៉ះពាល់ឲ្យរាងកាយទ្រុឌទ្រោម
វាស្មើនឹងថា ជាការដាក់បន្ទុកបន្ថែមឲ្យអាយុខ្លួនកាន់តែខ្លីចុះ។
ប៉ុន្តែប្រសិនបើយើងរក្សាចិត្ត
មិនឲ្យវាសៅហ្មង ផ្ទុយពីនោះ ខ្លួនបែរត្រឡប់មកអភិវឌ្ឍឲ្យចិត្តមានភាពស្រស់ថ្លា
ក៏ជួយជម្រុញឲ្យគ្រាប់ឈាមសមានកម្លាំង ជួយរក្សារាងកាយបាន តាមវិធីមួយគឺ
ការប្រតិបត្តិសមថវិបស្សនាកម្មដ្ឋាន ក្រៅពីជួយឲ្យចិត្តមានភាពស្រស់ថ្លាហើយ
អ្នកប្រតិបត្តិថែមទាំងដឹងពីសភាពពិតរបស់ជីវិត អាចដាក់ចុះនូវការប្រកាន់មាំរឿងខុស
ដែលធ្វើឲ្យចិត្តសៅហ្មងឡើងបាន។ មានអ្នកប្រតិបត្តិច្រើននាក់ ដែលមានជម្ងឺរោគមហារីកកម្រិតធ្ងន់
ជំនួសឲ្យជីវិតរស់នៅបានមិនលើសពីមួយឆ្នាំ។ ពេលណាខ្លួនបានមកប្រតិបត្តិកម្មដ្ឋាន
អាចស្រោចស្រង់សង្គ្រោះអាយុជីវិតទៅបាន ៣-៥ ឆ្នាំទៀត។
ចំណែកបុគ្គលដែលកើតជម្ងឺមហារីកដំណាក់កាលដំបូងៗ ក្រៅពីរក្សាដោយឱសថហើយ
ការប្រតិបត្តិកម្មដ្ឋានបានជួយឲ្យគេជាសះស្បើយ ពីរោគមហារីកបាន។ ករណីដូចបានពោលមកនេះ មានប្រត្យក្សមានសក្សីមិនតិចទេ។
ពេលមិនយូរកន្លងមកនេះ
ស្មេរបានទទួលការនិមន្តឲ្យទៅជួយព្យាបាលអ្នកជម្ងឺម្នាក់ នាងដេកឈឺមកយូរឆ្នាំ ដោយកើតជម្ងឺមហារីកដំណាក់កាលធ្ងន់។
នាងមានកូនពីរនាក់ នៅរៀនសាលាមធ្យមសិក្សាជាមួយគ្នា។ នាងទើបតែចែកផ្លូវជាមួយប្តី
មកមិនប៉ុន្មានឆ្នាំមុននេះ។ ក្រៅពីត្រូវតស៊ូជាមួយរោគហើយ
ថែមទាំងត្រូវតស៊ូជាមួយសង្រ្គាមជីវិតទៀតផង។ ស្មេរអាចចាត់ទុកថា នាងជាស្ត្រីម្នាក់ដែលរឹងមាំ។
ស្មេរទៅដល់មន្ទីរពេទ្យពេលល្ងាច
ភ្លាមៗដែលបានជួបគ្នា អារម្មណ៍ស្មេរបានប្រាប់ថា នាងប្រហែលជាមានជីវិតរស់មិនបានយូរទេ។ សភាពរាងកាយរបស់នាង ប្រៀបដូចជាផ្លែឈើ ដែលទុំជោរជិតនឹងដល់ពេលជ្រុះចាកចោលទងហើយ។
នាងបានញញឹមស្វាគមន៍ស្មេរ ជាស្នាមញញឹម ក្នុងសភាពល្ហិតល្ហៃទន់ខ្សោយរបស់រាងកាយ។
ស្មេរបានណែនាំនាងថា ឲ្យមានភាពក្លាហាន
កុំតក់ស្លុត ភិតភ័យញាប់ញ័រ ជាមួយរឿងផ្សេងៗ ដែលខ្លួនកំពុងប្រឈមមុខ ដែលបានកំពុងកើតឡើង។
ជីវិតរបស់យើងមានរូបកាយ និងចិត្ត។ ធម្មជាតិរបស់រូបកាយនោះ ត្រូវចាស់ ជរា ព្យាធិ
និងស្លាប់ទៅក្នុងទីបំផុត មិនមានអ្នកណា រក្សារូបកាយនេះទុកបានឡើយ។
មនុស្សយើងមិនបានស្លាប់ទៅពិតប្រាកដទេ គ្រាន់តែរាងកាយបែកធ្លាយទៅតាមអាយុក្ខ័យ ប៉ុន្តែចិត្ត
ដែលនៅមានថាមពលប្រាថ្នា(តណ្ហា) នឹងទៅកើតទៀត។ រូបកាយប្រៀបបានដូចជាផ្ទះ ចិត្តប្រៀបបានដូចជាបុគ្គលអ្នក មកអាស្រ័យស្នាក់នៅក្នុងផ្ទះមួយខ្នងនេះ
ពេលណាផ្ទះចាស់ទ្រុឌទ្រោមបាក់បែកពុកផុយហើយ ទាល់តែមិនអាចនៅអាស្រ័យលែងបានតទៅទៀត
ក៏មិនគួរណា អ្នកត្រូវស្រណោះអាឡោះអាល័យវានោះទេ។ តែឲ្យគិតថា យើងបោះបង់ផ្ទះចាស់មួយខ្នងនេះទៅ
ដើម្បីទៅនៅផ្ទះថ្មីមួយខ្នងទៀត ដែលវាល្អជាងនេះ។
ស្មេរសុំឲ្យនាងនឹកគិតដល់គុណសម្បត្តិផ្សេងៗ
ដែលខ្លួនបានធ្វើទុកមករឿយៗនោះ ព្យាយាមរក្សាចិត្តឲ្យស្ងប់
កុំទៅជ្រួលច្រាលជាមួយអារម្មណ៍ដែលសៅហ្មង។ នៅពេលណាដែលចិត្តរវើរវាយគិតទៅដល់រឿងផ្សេងៗ
ដែលនាំឲ្យចិត្តមិនសប្បាយ ឲ្យភ្ញាក់ខ្លួនត្រឡប់មកនៅ ត្រង់ខ្យល់ដង្ហើមចេញចូលវិញ
ដើម្បីឲ្យមានសមាធិ ឬនឹងសូត្រភាវនាបទបាទ ដែលធ្លាប់សូត្រជាប្រចាំក៏បាន
ជាពិសេសក្នុងពេលដែលជិតផុតដង្ហើមទៅ ឲ្យមានសតិតម្កល់មាំ
មិនត្រូវបារម្ភក្នុងរឿងផ្សេងៗទេ។ សុំឲ្យនឹកដល់គុណព្រះពុទ្ធ ព្រះធម៌
និងព្រះសង្ឃជាទីពឹងទីរលឹក
ឲ្យលោកដឹកនាំជីវិតខ្លួនទៅកាន់សុគតិភពផង។
អ្នកជម្ងឺទទួលស្តាប់
ដោយការយកចិត្តទុកដាក់ ទឹកមុខបង្ហាញការឆ្លើយតបប្រការណែនាំ តាមមិនដាច់អាក់ខានឡើយ។
ស្មេរសួរនាងថា តើនាងបានទទួលការឈឺចាប់ពីរោគា ដែលកើតនោះខ្លាំងទេ? នាងងក់ក្បាល។
ស្មេរសួរនាងទៀតថា តើនាងមានការព្រួយបារម្ភ ឬមានក្តីកង្វល់ចំពោះរឿងអ្វីខ្លះទេ?
នាងឆ្លើយថា មិនមានទេ។ ស្មេរបានពោលជាមួយនាងថា “ល្អហើយ ដែលញោមធ្វើចិត្តបាន មានចិត្តរឹងមាំក្លាហានល្អ។ ស្មេរសុំឲ្យញោមរក្សាចិត្តទុកបែបនេះឲ្យល្អ
រឿងរូបកាយកុំទៅព្រួយបារម្ភវាឡើយ វានឹងកើតយ៉ាងណា ក៏បណ្តោយឲ្យវាទៅយ៉ាងនោះទៅចុះ។
ចូររក្សាចិត្តកុំឲ្យសៅហ្មង ឲ្យបានល្អបំផុត”។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា
“ពេលផុតខ្យល់ដង្ហើមទៅ ប្រសិនបើចិត្តផូរផង់ រមែងនឹងទៅកើតសុគតិភព”។
មុនបែកពីគ្នា ស្មេរឲ្យពរនាង
នាងប្រណមដៃសំពះទទួលយក ដោយក្ដីសោមនស្ស។ ស្មេរមានអារម្មណ៍អរគុណញោម ដែលបាននិមន្តស្មេរមកជួបនាង
ដើម្បីឲ្យស្មេរមានឱកាសបំពេញតួនាទីរបស់ខ្លួន។
ពីរថ្ងៃក្រោយមក
ក៏មានគេតេមកប្រាប់ស្មេរថា អ្នកជម្ងឺនោះបានបាត់បង់ជីវិតហើយ
ក្នុងថ្ងៃបន្ទាប់ពីបានជួបជាមួយស្មេរមួយថ្ងៃ។ ស្មេរពោលជាមួយអ្នក ដែលគេតេមកប្រាប់ស្មេរថា
ល្អហើយ នាងចាកចេញទៅក្នុងពេលដ៏សមរម្យ ក្នុងសភាពមួយ ដែលចិត្តក្លាហាន
មានសតិដែលទំនេរពីរឿងផ្សេងៗក្នុងជីវិត។ ប្រសិនបើពន្យាពេលយឺតជាងនេះបន្តិច
មិនប្រាកដទេថា តើសភាពរូបកាយ និងចិត្តរបស់នាងនឹងទៅជាយ៉ាងហ៎្ន?
ស្មេរមានជំនឿថា នាងម្នាក់នេះ អាចរក្សាចិត្តឲ្យផូរផង់បាន
ក្នុងវេរៈចុងក្រោយនៃជីវិត៕ [edit]
(រឿងរបស់ព្រះគ្រូ អធិប្បញ្ញោ)
រូបភាព៖ ហ្វេសប៊ុក
No comments:
Post a Comment