Wednesday, August 17, 2016

យើងជ្រើសរើសកើតបាន


ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ការបានកើតមកជាមនុស្សជាលាភមួយដ៏ប្រសើរ ព្រោះរបស់កម្រក្រៃក្រាស

ព្រះអានន្ទក្រាបទូលសួរ ព្រះពុទ្ធអង្គថា សត្វលោក (គ្រប់ជីវិតដែលនៅវិលវល់កើតស្លាប់មិនចេះចប់) កាលបើស្លាប់ហើយទៅកើតក្នុងទីណាខ្លះ? ព្រះពុទ្ធអង្គទ្រង់តបថា ពពួកសត្វដែលវិលត្រឡប់មកកើតក្នុងសុគតិភូមិ (មនុស្ស១ ទេវលោក ៦ ព្រហ្មលោក ២០ជាន់) ប្រៀបបានដូច ស្នែងគោ។ ពពួកសត្វ ដែលកើតក្នុងទុគតិភូមិ ឬអបាយភូមិ (នរក ប្រេត អសុរកាយ និងសត្វតិរច្ឆាន) ប្រៀបបានដូចជា រោមគោ។ យើងនឹងឃើញថា គោមួយក្បាលមាន ស្នែងតែពីរប៉ុណ្ណោះ ចំណែករោមវាវិញច្រើនរាប់មិនអស់។ ប៉ុន្តែក្នុងសុគតិភូមិ មានដល់ទៅ ២៧ ភព តើហេតុដូចម្តេច បានជាសត្វលោក ទើបនាំគ្នាមកកើតមានចំនួនតិច ប្រៀបដូចជាស្នែងគោទៅវិញ?

ចំណែកអបាយភូមិមានត្រឹមតែ ៤ភព តែសត្វលោកត្រឡប់ជានាំគ្នាទៅកើតច្រើន ប្រៀបបានដូចជារោមគោ (ហេតុដែលចំនូនប្រជាករ មានការកើនឡើងរាល់ឆ្នាំ ព្រោះយុគសម័យនេះ ពួកអបាយភូមិដែលលោះអស់ផលកម្មហើយ បានត្រឡប់មកកើតជាមនុស្សច្រើន ទើបបន្ថែមជាបរិមាណ ចំណែកគុណធម៌ធ្លាក់ចុះទៅវិញ)។ តើបច្ច័យ ដែលធ្វើឲ្យមនុស្សស្លាប់ហើយ ទៅកើតក្នុងសុគតិភូមិ ឬអបាយភូមិមានអ្វីខ្លះ?

ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ពេលជិតទៀបនឹងស្លាប់ ប្រសិនបើចិត្តកើតនូវការសៅហ្មង រមែងនាំឲ្យទៅកើតក្នុងអបាយភូមិ (ចិត្តេ អសង្កិដ្ឋេទុគតិ បាដិកង្ខា)។ កាលបើវាកើតមានដូច្នេះ ពេលហៀបទៀប នឹងដាច់ខ្យល់ស្លាប់ ទើបជាវិនាទី ដែលហ៊ានសម្រេចថា បុគ្គលអ្នកស្លាប់នឹងទៅកើតក្នុងភូមិភពមួយណា

ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ខណៈពេលទៀបនឹងដាច់ខ្យល់ស្លាប់ ចិត្តរបស់បុគ្គលនឹងចាប់តោង នូវអារម្មណ៍មួយណា ក្នុងអារម្មណ៍ទាំង៣ប្រការ ដូចមានខាងក្រោមនេះ

១) ឃើញកម្មដែលខ្លួនឯងបានធ្វើទុកបានប្រាកដឡើង ប្រសិនបើជាកម្មផ្នែកខាងកុសល ដូចជា ឃើញខ្លួនកំពុងធ្វើបុណ្យ ដាក់បាត្រ សូត្រធម៌ អង្គុយសមាធិ ជួយស្រោចស្រង់សង្គ្រោះជននានា ឬសកម្មភាពផ្សេងៗ ដែលជាគុណសម្បត្តិ។ រូបភាពដូចពោលមក វានឹងប្រាកដឡើង នឹងជួយឲ្យបុគ្គលអ្នកស្លាប់ មានចិត្តឆ្អែតស្កប់ស្កល់រីករាយ ឬចិត្តមានសេចក្ដីជ្រះថ្លាផូរផង់ នាំជីវិតឲ្យទៅកើតក្នុងសុគតិភូមិ។

ប៉ុន្តែប្រសិនបើខ្លួនឃើញកម្ម ជាបាបអកុសល ដែលខ្លួនធ្លាប់បានធ្វើសន្សំទុកមក ដូចជា សម្លាប់សត្វ ប្រព្រឹត្តខុសក្នុងកាម កុហកជននានា ផឹកសុរា សេពគ្រឿងញៀនឲ្យទោស លេងល្បែងស៊ីសង ឬរូបភាពនៃអំពើ ដែលជាបាបអកុសលនឹងផុសឡើង នឹងធ្វើឲ្យចិត្តបុគ្គលនោះតក់ស្លុត ឬសៅហ្មង ហើយនឹងនាំជីវិតសត្វនោះទៅកើតក្នុងអបាយភូមិ។

២) ឃើញឧបរណ៍ប្រកបការធ្វើ(កម្មនិមិត្ត) ប្រសិនបើជាឧបរណ៍ប្រកបកម្ម ដែលជាផ្នែកខាងកុសល បានដល់ ឃើញជាផ្កាភ្ញី ទាន ធូប បាត្រ ចីវរ ដែលធ្លាប់យកនាំទៅធ្វើបុណ្យប្រគេនព្រះសង្ឃ ឬឃើញជាអាហារ គ្រឿងស្លៀកពាក់ សៀវភៅ ប៊ិក ខ្មៅដៃ ខោអាវ ឧបករណ៍ធ្វើផ្ទះសម្បែង ដែលខ្លួនធ្លាប់បរិចាគជួយជន ដែលជួបគ្រោះភ័យវិបត្តិ ឬជននានាៗ ដែលជាការប្រកបបុណ្យកុសល។ រូបភាពទាំងអស់ដូចពោលនេះ នឹងជួយរុញច្រានចិត្តឲ្យមានកម្លាំង មានសេចក្ដីឆ្អែតស្កប់ស្កល់រីករាយ ហើយដឹកនាំជីវិតឲ្យទៅកើតក្នុងសុគតិភូមិ។

ប៉ុន្តែប្រសិនបើឃើញជាអាវុធ គ្រឿងប្រហារសម្លាប់មនុស្ស សត្វ ឧបករណ៍ដាក់សត្វ ស្រា បារី ឧបករណ៍ដែលប្រើ សម្រាប់ល្បែងស៊ីសង ឬវត្ថុផ្សេងៗទៀត ដែលជាគ្រឿងផ្នែកខាងអកុសល នឹងនាំចិត្តតក់ស្លុត ឬចិត្តសៅហ្មង នាំជីវិតសត្វឲ្យទៅកើតក្នុងអបាយភូមិ។

៣) ឃើញជាឈ្នួន ដែលនឹងនាំទៅកើតក្នុងភពថ្មីបន្ត (គតិនិមិត្ត) ឈ្នួននោះ អាចជារូបភាព សម្លេង ក្លិន ពណ៌ ប្រសិនបើខាងកុសល បានដល់ ឃើញជាវិមានស្រស់ស្អាតមកទទួល បានឮសម្លេងសូរតូតន្ត្រីដ៏ពិរោះចាប់ចិត្ត ធុំក្លិនក្រអូបឈ្ងុយឈ្ងប់ល្អក្រៃ ជាងផ្កានៅក្នុងព្រឹកព្រៃលើលោក ដែលជារបស់ទិព្វ ក៏នាំទៅឲ្យកើតក្នុងឋានសួគ៌។

ប៉ុន្តែប្រសិនបើឈ្នួននោះជាខាងអកុសលវិញ ដូចជា ឃើញមានឈាម ជារូងងងឹតស្លប់ ជាទៅអ័ព្ទងងឹតសុង ឃើញកំដៅភ្លើងឆេះ ដែលនាំឲ្យចិត្តសត្វតក់ស្លុត ភិតភ័យ ញាប់ញ័រ ភពបន្តគឺជានរក ឬឃើញជាព្រៃជ្រៅក្រំថ្ម ជាទន្លេស្ទឹងជាដើម នឹងអួសទាញចិត្តឲ្យទៅកើតជាសត្វព្រៃ ឬជាសត្វទឹកហើយ។

ពេលមានកើតប្រការដូច្នេះ ពេលជិតស្លាប់ ទើបជាពេលដ៏សំខាន់ណាស់ ព្រោះជាពេលដែលសម្រេចថា ខ្លួននឹងទៅកើតកន្លែងណាមួយ ។ សួរថា ពេលជិតហៀបនឹងដាច់ខ្យល់ស្លាប់ តើមានអ្នកណា អាចបង្កើតកម្មវិធីចិត្តរបស់ខ្លួនបានទេថា សូមឲ្យនឹកគិតដល់តែកុសលផលបុណ្យ ដើម្បីឲ្យចិត្តជ្រះថ្លាផូរផង់?

ធម្មជាតិរបស់មនុស្ស ដែលជិតហៀបនឹងស្លាប់នោះ ប្រសិនបើកើតរោគអាក្រក់ ដូចជា រោគមហារីក រោគបេះដូង ចិត្តនឹងតោងទំជាប់ជាមួយនឹងជម្ងឺឈឺចាប់នោះ ឬការតក់ស្លុតទុក្ខសោកសៅហ្មង ទោះបីជាមិនបានឈឺកើតរោគអាក្រក់ក៏ដោយ គ្រាន់តែដឹងថា ខ្លួនជិតនឹងស្លាប់ ចិត្តក៏នឹងក្រវល់ក្រវាយ ច្របុកច្របល់ ភ័យញាប់ញ័រ ព្រោះមិនដឹងថា អនាគតរបស់ខ្លួន។ មនុស្សខ្លះក៏ព្រួយបារម្ភ ទៅលើទ្រព្យសម្បត្តិ បារម្ភបុគ្គលដែលមានសម្ព័ន្ធភាពជិតស្និត។ ខ្លះទៀតក៏ក្រោធខឹង ចងកំហឹង ចងចិត្តអាឃាតព្យាបាទ ស្អប់ខ្ពើមពួកជននានា ឬប្រសិនបើមានគំនិតអ្វីកើតឡើង ក៏អាចជារឿងអកុសល ដូចជា គិតដល់កម្មដែលជាហេតុអកុសល ដែលខ្លួនធ្លាប់សាង ធ្លាប់ធ្វើសន្សំទុកមកនោះ។ ទាំងអស់នេះសុទ្ធតែធ្វើឲ្យចិត្តសៅហ្មងទាំងអស់ ឱកាសទៅកើតក្នុងអបាយភូមិ ទើបមានដង់ស៊ីតេខ្ពស់ជាង។ សមដូច ព្រះពុទ្ធអង្គទ្រង់ត្រាស់ ជាមួយព្រះអានន្ទថា សត្វដែលទៅកើតក្នុងអបាយភូមិ ប្រៀបបានដូចជារោមគោ

តើមានវិធីធ្វើយ៉ាងណា ឲ្យបានវិលមកកើតជាមនុស្សលោកវិញ ឬទៅកើតក្នុងឋានសួគ៌ ដែលមានតែសេចក្ដីសុខ ឬកើតក្នុងព្រហ្មលោក ដែលមានតែចិត្តស្ងប់ និងមានអាយុវែងសែនវែង?

វិធីមានស្រាប់អស់ហើយ និងមិនមានពិបាកអីជាង ដែលខ្លួនធ្វើឲ្យសម្រេច តើវិធីប្រតិបត្តិ នឹងធ្វើយ៉ាងដូចម្តេចនោះ? ប្រហែលជាត្រូវតាមអានទាំងច្បាប់មុន និងច្បាប់ក្រោយទៀត ព្រោះអាថ៌សេចក្ដីស្មេរនាំមកចុះផ្សាយបានត្រឹមហ្នឹង។ ហើយស្នេរនឹងខិតខំសរសេរប្រែបន្ថែមទៀត ប៉ុន្តែទុកជាយ៉ាងនេះក៏ដោយ ក៏មានអានអត្ថបទជាច្រើនណាស់ ដែលមានសេចក្ដីទាក់ទងនឹងរឿងនេះមកជាហូរហែដែរហើយ៕[edit]

ព្រះគ្រូ អធិប្បញ្ញោ

No comments:

Post a Comment