Friday, August 19, 2016

យើងមានគ្រាប់បែកម៉ោងនៅក្នុងខ្លួនម្នាក់ៗច្រើនគ្រាប់


យើងប្រហែលជានឹងស្មានមិនដល់ទេថា អតីតដែលកន្លងមក ក្នុងជាតិកំណើតមុនៗនោះ យើងធ្លាប់បានធ្វើបាបអកុសលច្រើនតិចប៉ុនណាទៅ ដែលវាជាគ្រាប់បែកម៉ោងនៃជីវិត ដែលម្នាក់ៗមានច្រើនគ្រាប់ និយាយឲ្យងាយស្រួលស្តាប់ទៅ គឺរាប់មិនអស់ រង់ចាំតែញាក់ចិញ្ចើមដាក់ រង់ចាំតែដល់ពេលវេលាផ្ទុះ នៅខាងក្នុងខ្លួនរបស់យើងតែប៉ុណ្ណោះ។

វាកាន់តែខ្លាំងក្លាជាងនេះ ជីវិតនៅក្នុងបច្ចុប្បន្ននេះ យើងមានរឿងដែលភ្លាំងភ្លាត់ទៅ ពេលណាអកុសលចូលសង្គ្របចិត្តយើង ព្រោះហេតុដូច្នោះកុំប្រមាទ ហ៊ានក្លាហានព្យាយាមហ្វឹកហាត់អប់រំចិត្តរបស់យើង ឲ្យស្ងប់ ឲ្យថ្លាស្អាត ឲ្យចូលដល់ព្រះត្រៃរ័តន៍ខាងក្នុងឲ្យបាន។ យ៉ាងហោចណាស់ ក៏ឲ្យបានកែវព្រះធម៌ថ្លាៗ ជាប់នៅត្រង់មជ្ឈមណ្ឌលនៃកាយគ្រប់ពេលវេលា ក៏ល្មមគ្រប់គ្រាន់ជាគ្រឿងកក់ក្តៅចិត្តថា ជីវិតរបស់យើង នឹងមានសុវត្ថិភាពក្នុងបរលោក ក្នុងសង្សារវដ្ដ។ ប៉ុន្តែក៏ឲ្យវាមានសុវត្ថិភាពដល់ទីបំផុតគឺ ប្រតិបត្តិព្រះធម៌ ឲ្យចូលដល់ព្រះត្រៃរ័តន៍នៅខាងក្នុងខ្លួន ព្រោះក្រៅពីនឹងមានសុវត្ថិភាពក្នុងបរលោក ក្នុងវដ្ដៈនេះហើយ យើងថែមទាំងមានសេចក្ដីសុខ ក្នុងទេវលោកបានយូរអង្វែងឆ្នាំទៀតផង។

ការទៅកាន់សុគតិភពទេវលោក ដោយមានសេចក្ដីសុខបាននោះ លុះត្រាតែ យើងត្រូវប្រកបហេតុ ឲ្យគ្រប់ពេញបរិបូណ៌សិន ទាំងផ្នែកខាង ទាន សីល ភាវនា។ អតីតដែលមានការខុសឆ្គងម្ដេចម្ដាឲ្យវាកន្លងផុតទៅ បំភ្លេចវាចោលទៅឲ្យអស់ តែក្នុងបច្ចុប្បន្ននេះខិតខំអប់រំចិត្ត សន្សំបុណ្យបារមីទាំងទាន សីល និងភាវនា ឲ្យបានច្រើនឡើង។ យ៉ាងនេះ ទើបអាចហៅបានថា ដំណើរជីវិតប្រកបដោយសេចក្តីមិនប្រមាទ និងមានគុណតម្លៃ។ ពេលដល់ចុងក្រោយនៃជីវិត ចិត្តសន្តានក៏បានថ្លាស្អាត ដំណើរឆ្ងាយទៅកាន់បរលោក បានដោយសុវត្ថិភាព និងមានជ័យជំនះ៕[edit]


ពីគ្រូតូច

No comments:

Post a Comment