Saturday, August 20, 2016

ខកបំណង


ជីវិតមនុស្សមានគូនឹងគ្នាជានិច្ច ដូចជា មានស្រី មានប្រុស មានដី មានទឹក មានព្រះច័ន្ទ មានព្រះអាទិត្យ មានថ្ងៃ មានយប់ មានទុក្ខ មានសុខ មានការនិន្ទា មានការសរសើរ មានខកបំណង មានសមបំណង។ល។....

រឿងទាំងអស់នេះជាកម្លាំងជីវិត មិនមែនជាឧបសគ្គបញ្ហា ដូចជាអាណូត ជាមួយកាតូតរបស់ចរន្តអគ្គិសនី ឬដូចជាធាតុយិន និងយ៉ាងជាដើម។ ជីវិតបុគ្គលណាខ្លះទៅ ដែលមានសំណាងតែម្យ៉ាងនោះ ដែលមិនធ្លាប់ខុសបំណង ដូច្នោះ ពេលណាមានការខកបំណង សូមឲ្យនឹកគិតថា អាចថ្ងៃណាមួយសមបំណង ពេលណាមានការសមបំណង ក៏សូមឲ្យនឹកគិតថា អាចមានថ្ងៃណាមួយខកបំណង និងនៅពេលណាបានមក សូមឲ្យនឹកគិតថា នឹងមានថ្ងៃណាមួយសាបសូន្យ។ វានឹងធ្វើឲ្យចិត្តរបស់យើងមានសតិ មិនប្រមាទ មិនត្រេកអរពេក មិនខូចចិត្តពេកជាដើម។

ការមានគូនៃវត្ថុផ្សេងៗ វាមិនជាខុសប្លែកអីពីជីវិតរបស់យើង គ្រាណាបានជួបគ្រោះវិបត្តិ បរាជ័យក្នុងជីវិត ក៏កុំអាលទាន់បន្ទោសខ្លួនឯង កុំអាលទាន់គិតធ្វើបាបខ្លួនឯង ឲ្យព្យាយាមនឹកគិតក្នុងផ្លូវ ដែលជាគុណសម្បត្តិ តាំងសតិឲ្យបាន កុំគិតថា យើងត្រូវបានតែម្យ៉ាង កុំគិតថា ហេតុអ្វី យើងទើបជាមនុស្សសំណាងអាក្រក់បែបនេះ អ្នកដទៃមិនឃើញមានអ្នកណា មានសំណាងអាក្រក់ដូចជាយើងសោះ។ ការគិតកប់លិចតែខាងអវិជ្ជមានពេក នឹងធ្វើឲ្យចិត្តរបស់យើង ធ្លាក់ទាបទាញចុះទៅរកហាយនភាពបានលឿនរហ័ស អ្នកខ្លះតាំងសតិមិនទាន់ ដល់ថ្នាក់ធ្វើបាបជីវិតខ្លួនឯង ឬអ្នកដទៃបានយ៉ាងងាយស្រួល។

យុវជនជាទីស្រលាញ់ រឿងនេះជារឿងធំចម្បង សម្រាប់វ័យកម្លោះក្រមុំ។ ខ្ញុំចង់ផ្តល់មតិឲ្យដល់មនុស្សជំនាន់ក្រោយ ដែលច្រើនតែចិត្តលឿនរហ័សពេកថា ការខកបំណងក្នុងជីវិតអ្នកនៅតិចតួចជាង ការខកបំណងក្នុងជីវិតរបស់លោកឪពុក អ្នកម្តាយរបស់លោករាប់រយដង ព្រោះថា លោកឪពុកអ្នកម្តាយចាប់ផ្តើមសាងជីវិតយើង សាងផ្ទះ សាងតួនាទីការងារ រកចំណីអាហារហូបចុកមកចិញ្ចឹមយើង ទាល់តែយើងធំធាត់ពេញរូបពេញរាង មកដល់សព្វថ្ងៃនេះ លោកជួបប្រទះទាំងការខកបំណងខ្លះ និងសមបំណងខ្លះ។ ប្រសិនបើយើងធ្វើអ្វីខុសភ្លាត់ ឲ្យយករឿងនេះទៅគិតមើលថា តើអ្នកណាគេខកបំណងច្រើនបំផុត?

គ្រាន់តែទុក្ខមួយប៉ុណ្ណេះនេះ យើងនៅទ្រាំធន់មិនបានផង តើយើងនឹងយកអ្វីទៅគិត មានគូគ្រងជីវិតបានយ៉ាងដូចម៉េច? គ្រាន់តែខុសបំណងតែបន្តិច គិតបំផ្លិចបំផ្លាញធ្វើបាបខ្លួន តើយើងនឹងយកអ្វីទៅគិត គ្រប់គ្រងបេះដូងបុគ្គលណាមួយបានទៅ?

សេ្នហាជាវត្ថុដ៏ល្អ  ចិត្តលឿនរហ័សពេកទៅវិញទេ ដែលបំផ្លាញសេ្នហា ការមិនអត់ទ្រាំសង្កត់ចិត្តបានចំពោះគ្នាទៅវិញទេ គឺជាកន្ត្រៃកាត់សេ្នហាឲ្យដាច់ចេញពីគ្នា សាកល្បងគិតលោមើលជាថ្មីថា តើជីវិតដែលកន្លងមក ពេលវេលាដែលកន្លងមក យើងបានធ្វើអ្វីជាការហ្វឹកហាត់ចិត្តរបស់យើងខ្លះទេ? តើយើងបានធ្វើអ្វីដែលជាការដុសខាតចិត្តរបស់ខ្លួនខ្លះទេ? ក្រៅពីនេះការយកចិត្តគិតតែខ្លួនឯង យកខ្លួនឯងជាមជ្ឈមណ្ឌលរបស់ពិភពលោក ប្រសិនបើគិតបាន សូមឲ្យកែលម្អ.... ហើយការខកបំណង នឹងជាគុណសម្បត្តិចំពោះជីវិតយើងយ៉ាងអស្ចារ្យ៕[edit]

រាជញ្ញាណកវី
រូបភាពហ្វេសប៊ុកផេក


No comments:

Post a Comment