Saturday, August 20, 2016

ចោរលួចសទ្ធាដល់ពេលដែលកម្មតាមទាន់ត្រូវចប់


លោកយាយរបស់ខ្ញុំជាអ្នកចូលចិត្តធ្វើបុណ្យ ជារៀងរាល់ព្រឹកលោកយាយនឹងភ្ញាក់តាំងពីម៉ោង៤ ដើម្បីធ្វើម្ហូបបាយទឹកដាក់បាត្ររាល់ថ្ងៃ។ ពេលដល់ថ្ងៃសីល លោកយាយនឹងស្លៀកពាក់សទៅសមាធិឯវត្ត ឬប្រសិនបើមានកិច្ចការកម្មពិធីបុណ្យក្រៅពីនេះ លោកយាយក៏ត្រេកអរជួយសង្គ្រោះទាំងអស់ ប្រសិនបើជាជួយកម្លាំងកាយមិនបានទេ លោកយាយក៏ជួយជាកម្លាំងទ្រព្យជំនួសវិញ។

លោកយាយប្រាប់ខ្ញុំជារឿយៗថា ទោះជាយាយមិនមានបានអ្វីធំដុំជាដុំកំភួនអ្វីក៏ដោយ ប្រសិនបើរឿងធ្វើបុណ្យទំនុកបម្រុងព្រះសាសនា លោកយាយជួយអស់ពីកម្លាំងកាយចិត្ត ជាពិសេស បើរឿង សិតព្រះពុទ្ធរូបមាស ផង លោកយាយគាត់មានសទ្ធាខ្លាំងណាស់ ព្រោះពេលមួយនោះ លោកឪខម វត្តផៃរោងគោ ធ្លាប់បានសម្តែងព្រះធម្មទេសនាថា


បុគ្គលណាបានសាងព្រះរូបពុទ្ធ នឹងធ្វើអង្គតូចៗប៉ុនដើមស្នាងក៏ប្រពៃ ឬធំជាងដើមស្នាងក៏ប្រពៃ បុគ្គលនោះនឹងបានកើតជាព្រះព្រហ្ម ជាព្រះឥន្ទ មួយម៉ឺនជាតិ មួយសែនជាតិ។ ប្រសិនបើកើតជាមនុស្សវិញ នឹងបានក្លាយជាស្តេចចក្រព័ត្តិមួយម៉ឺនជាតិ មួយសែនជាតិ និងមិនយោលយកកំណើតកើតជាបុគ្គលថោកទាបតូចតាចឡើយ ដរាបដល់ចូលកាន់ទីរំលត់ទុក្ខពោលគឺព្រះនិព្វាន

ចំណាប់អារម្មណ៍ក្នុងរឿងនេះដោយស្មោះអស់ពីចិត្ត ញ៉ាំងឲ្យលោកយាយថ្នាក់ដល់ទៅបើកព្រះត្រៃបិដក ស្រាវជ្រាវបន្តដល់ពាក់កណ្តាលពុទ្ធដីការ ហើយសេចក្ដីព្យាយាមរបស់លោកយាយ ក៏មិនមែនជាការឥតប្រយោជន៍ដែរ ព្រោះក្នុងព្រះត្រៃបិដកមានការពោលអំពីអានិសង្ស នៃការកសាងព្រះពុទ្ធរូបទុកមែន ដូចជា បានកើតជាទេវតា  ទេវតាសេដ្ឋី។ល។ និងពិសេសបើធ្វើបុណ្យដោយមាសផង  ហើយកាន់តែពិសេសពិសាលក្រៃលែង ព្រោះជាធាតុល្អប្រសើរក្រៃក្នុងវត្ថុទាំងឡាយ។

ដោយហេតុនេះហើយ ពេលមានមនុស្សមកប្រាប់បុណ្យ បបួលទៅសិតព្រះពុទ្ធរូបម្តងណា លោកយាយអញ្ជើញចូលរួម មិនដែលអាក់ខានឡើយ។ រូបភាពមួយដែលខ្ញុំចាំបានច្បាស់លាស់នោះគឺ លោកយាយនឹងរកផ្តិលមាស កងដៃមាស ខ្សែសយ ចិញ្ចៀនមាស ឬលោហធាតុដែលមានតម្លៃប្រភេទនេះ។ល។ ទៅដាក់សិតចូលរួមជាមួយគេឯង និងទឹកមាសសិតព្រះពុទ្ធរូបនោះទៅ។

លោកយាយជឿថា ការចូលរួមបុណ្យបែបនេះនឹងបានអានិសង្សដ៏ឧត្តម ព្រោះជាការធ្វើទាន លះបង់សម្បត្តិផ្ទាល់ខ្លួន និងធ្វើឲ្យទំលាក់ចុះនូវការប្រកាន់មាំតោងស្អិត មិនបានហួងហែងគ្រប់គ្រងវា។

មានពេលមួយ ដែលខ្ញុំបានឱកាសតាមលោកយាយទៅសិតព្រះពុទ្ធរូបឯវត្តមួយ។ រឿងដែលខ្ញុំបានឃើញនោះគឺ ក្រៅពីលោកយាយរបស់ខ្ញុំហើយ បាននាំយកចិញ្ចៀនមាសមកចូលបុណ្យ និងមានទាំងអ៊ុំពូមីងច្រើនគ្នាដប់ម្ភៃនាក់បន្តគ្នា នាំយកលោហៈមានតម្លៃមកចូលបុណ្យយ៉ាងស្មោះស បង្ហាញដល់សទ្ធាយ៉ាងមុតមាំខ្លាំងក្លាក្នុងព្រះពុទ្ធសាសនា។

កំឡុងពេលដែលខ្ញុំកំពុងសម្លឹងមើលគំនរលោហៈច្រើនសន្ធឹកសន្ធប់ ដោយសេចក្តីរំភើបរីករាយចិត្តនោះ លោកយាយក៏បែរមកនិយាយថា

ចៅដឹងទេ ធ្លាប់មានមនុស្សចិត្តបាបលបលួចយកមាសសិតព្រះពុទ្ធរូបទៅដែរណ៎ា...រឿងនេះកើតឡើង ក្នុងសម័យយាយនៅក្រមុំ ក្នុងវិធីបុណ្យសិតព្រះពុទ្ធរូបអង្គព្រះជីធំក្នុងវត្តមួយ។ ថ្ងៃនោះ អ៊ុំផល ដែលជាគណកម្មការវត្តកំពុងក្តៅក្រហាយរឿងលុយកាក់ស្រាប់ផង ក៏មានអារម្មណ៍កើតឡើងមួយវឹប គាត់បានលួចខ្សែកមាសមួយខ្សែធំ ដែលញាតិញោមបានចូលបុណ្យ ដោយមានបំណងទៅលក់ ដូរយកលុយនោះមកដោះបំណុល។

ប្រាកដណាស់ថាគ្មានអ្នកណាដឹងទេ... ហើយវិធីសិតព្រះបានប្រព្រឹត្តទៅចប់សព្វគ្រប់”  ប៉ុន្តែក្នុងរាត្រីយប់នោះឯង សុខៗផ្ទះរបស់គាត់ក៏កើតមានអគ្គីភ័យឡើងនៅកណ្តាលយប់អាធ្រាត ទោះជាមនុស្សគ្រប់គ្នានឹងគេចរួចពីស្លាប់មកភ្លាមៗ ប៉ុន្តែដោយការសោកស្តាយខ្សែកមាសមួយខ្សែធំ ដែលបានលួចយកមក។ អ៊ុំផល ទើបត្រឡប់ចូលទៅក្នុងផ្ទះវិញ បំណងទៅយកខ្សែកមាសនោះចេញមកឲ្យបាន តែខណៈពេលរត់ត្រឡប់ចេញមកវិញ សសរមួយដើមបានដួលរំលំសង្កត់លើទ្វាមុន គាត់ទើបជាប់ផុងលង់ខ្លួននៅក្នុងផ្ទះនោះតែម្តងទៅ។

ទម្រាំអ្នកពន្លត់អគ្គីភ័យ ស្ទុះចូលទៅសង្គ្រោះទាន់បាន អ៊ុំផលក៏ត្រូវ ព្រះអគ្គីដុតឆេះរោល ដល់ខ្លួនខ្មៅរួញក្រញ៉ង់ លែងមានសតិ សល់តែដង្ហើមផ្តឹកៗ និងខ្សែកមាសមួយខ្សែក្តាប់ក្នុងដៃជាប់ មើលហាក់ដូចជាខ្លាចវាជ្រុះបាត់អ៊ីចឹង!

អ៊ុំផល ត្រូវបានគេនាំយកទៅព្យាបាល បានត្រឹមតែ ៣ថ្ងៃក៏ស្លាប់ទៅ ព្រោះស៊ូទ្រាំមុខរបួសលែងបាន

ក្រោយពីធ្វើបុណ្យសពចប់ទៅ អ៊ុំស្រីណាន់ ដែលជាប្រពន្ធ ក៏សម្រេចចិត្តបើកបង្ហើបប្រាប់រឿងរ៉ាវរបស់អ៊ុំផលឲ្យញាតិមិត្តស្តាប់ ព្រោះអ៊ុំផលមកពន្យល់សប្តិថា ត្រូវការឲ្យរឿងនេះ ទុកជាឧទាហរណ៍ដល់មនុស្សទូទៅបានដឹងឮ។ អ៊ុំណាន់និយាយទាំងអួលដើមកទាំងទឹកភ្នែកហូរថា ល្ងាចថ្ងៃដែលកើតហេតុ ក្រោយត្រឡប់មកពីវត្ត ប្តីគាត់បានលួចខ្សិបប្រាប់ឲ្យអ៊ុំណាន់ស្តាប់ថា គាត់បានលួចខ្សែកមកពីវត្ត មានបំណងលក់ ដើម្បីយកប្រាក់មកដោះបំណុលគេ។

ជំនួសនឹងការណ៍ដែលរូបគាត់ឃើញមាសល្អស្អាតហើយ  តែគាត់សុំអង្វរឲ្យប្តីគាត់យកទៅប្រគល់ឲ្យលោកវិញ ព្រោះថាខ្លួនក្រលំបាកយ៉ាកយ៉ាប់កម្រិតណាក៏ដោយ គាត់ត្រូវការឲ្យជួយគ្នាធ្វើការរកស៊ី ជួយរកប្រាក់គ្នាច្រើនជាងទៅធ្វើបាបបែបនេះ។

សម្តីរបស់អ៊ុំណាន់បានផល ព្រោះប្តីគាត់តាំងចិត្តថា នឹងនាំយកខ្សែកមាសនេះ ទៅប្រគល់ប្រគេនលោកឪវិញក្នុងថ្ងៃស្អែក ប៉ុន្តែបែរជាកើតរឿងអកុសលបែបនេះមុនទៅវិញ គាត់មានអារម្មណ៍សោកស្តាយ​និងមានវិប្បដិសារីខ្លាំងណាស់ចំពោះរឿងបាបកម្មមួយនេះ។ អ៊ុំណាន់បានសម្រេចចិត្តនាំយកខ្សែកមួយខ្សែនោះ ទៅប្រគេនលោកឪជំនួសប្តីរបស់គាត់ទៅ ព្រមទាំងប្តេជ្ញាចិត្តសុំបម្រើព្រះសាសនាដោយគ្មានដែនកំណត់ ដោយការតម្កល់ចិត្តថា នឹងឧទ្ទិសមគ្គផលបុណ្យកុសលឲ្យប្តីគាត់ ដើម្បីឲ្យរំដោះបាបកម្មឲ្យបានស្រាលឡើងខ្លះ

ខ្ញុំបានស្តាប់រឿងរ៉ាវរបស់អ៊ុំផលហើយ ក៏នឹកតក់ស្លុតរន្ធត់ចិត្តជំនួសគាត់ រាងកាយមនុស្សដែលត្រូវអណ្តាតភ្លើងដុតកំឡោចទាំងរស់ តើវានឹងមានការឈឺចុកចាប់វេទនាប៉ុនណាទៅហ៎្ន... ប្រហែលជាមិនខុសពីលោហធាតុដ៏មានតម្លៃ ដែលឡោមព័ទ្ធដោយកម្តៅអគ្គីនោះឯង។

នេះឯងដែលគេនិយាយតគ្នាថា កម្មពៀរតាមទាន់!លួចគេបានគ្រាន់ គេតាមទាន់ក្រែល។ ពេលបានដឹងរឿងរ៉ាវបែបនេះហើយ ប្រហែលជាគ្មានបុគ្គលណាចង់ហ៊ានលួចយក សទ្ធា របស់បុគ្គលណាមួយឡើយប្រាកដ។[edit]

ដំណាលរឿងពីអ្នកអាន
ប្ល៉ាយទៀន


No comments:

Post a Comment