ជារៀងរាល់ថ្ងៃនេះ
លោកយាយនឹងភ្ញាក់ក្រោកឡើង តាំងពីម៉ោង៤ព្រឹក ក្រោយពីសូត្រធម៌ថ្វាយបង្គំព្រះ
និងធ្វើកិច្ចការផ្ទាល់ខ្លួនស្រេចបាច់ ក៏ចេញមកត្រៀមធ្វើអាហារដាក់បាត្រលោក
ដោយមានកូនស្រីជាជំនួយកម្លាំងផង។
ថ្ងៃមួយចៅស្រី
ដែលចេញទៅធ្វើការមុន ហ្វាសាង បានសង្កេតមើលថា ម៉ោងប្រាំកន្លះហើយ
លោកយាយមិនទាន់ចេញមកត្រៀមធ្វើអាហារដាក់បាត្រលោក ដូចដែលធ្លាប់ មានតែម៉ែធ្វើការងារក្នុងផ្ទះបាយតែម្នាក់ឯង។ ទើបទៅគោះទ្វាបន្ទប់លោកយាយ
ព្រមជាមួយស្រែកសួរថា
“លោកយាយច៎ា អត់ដាក់បាត្រទេឬ?”
លោកយាយឆ្លើយដោយសំនៀងស្រស់ស្រាយថា
“ថ្ងៃនេះអត់ដាក់បាត្រទេ ចាំតិចយាយកំពុងអង្គុយធ្វើសមាធិ”។
ចៅស្រីសួរបន្តថា
“អ៊ីចឹងចៅទៅធ្វើការហើយណ៎ា តើលោកយាយត្រូវការអ្វីទេ?”
លោកយាយប្រាប់ថា
“ទៅចុះ! យាយមិនត្រូវការអីទេ”
រហូតដល់ថ្ងៃត្រង់
ក៏នៅមិនទាន់ចេញមកពីបន្ទប់ទៀត។ កូនស្រីមានអារម្មណ៍ខុសប្រក្រតី ទើបទៅគោះទ្វាបន្ទប់បណ្តើរ
ស្រែកហៅបណ្តើរយ៉ាងយូរ ប៉ុន្តែមិនមានសម្លេងឆ្លើយទទួលសោះ
ទើបទៅហៅមនុស្សមកជួយគាស់ទ្វាបន្ទប់ចូលទៅ។ រូបភាពដែលប្រាកដនោះគឺ លោកយាយស្លៀកពាក់ស
ខ្នងផ្អែកទៅនឹងជញ្ជាំង ក្នុងឥរិយាបថអង្គុយធ្វើសមាធិ កែវភ្នែកបិទ
មានស្នាមញញឹមបន្តិច ស្រដៀងដូចជាការអង្គុយដែកលក់ ប៉ុន្តែពេលមានមនុស្សមកប៉ះដល់ខ្លួន
រូបកាយលោកយាយផ្អៀងដួលរលំចុះមក។ ដល់ពេលនោះ ទើបគ្រប់គ្នាដឹងថា
លោកយាយបានផុតខ្យល់ដង្ហើមបាត់ទៅហើយ។ លោកយាយចាកចេញទៅយ៉ាងស្ងប់ចិត្ត
និងមើលទៅហាក់ដូចជាដឹងទុកជាមុនស្រេចថា ខ្លួននឹងចាកចេញទៅ។
ទើបក្នុងព្រឹកថ្ងៃនោះ
ស្លៀកពាក់ស និងជ្រើសរើសទីកន្លែង នឹងធ្វើចិត្តឲ្យស្ងប់ ជំនួសនឹងចេញទៅដាក់បាត្រលោក ដូចសព្វដង។
ធម្មតាមនុស្សដែលដឹងថា ខ្លួនឯងកំពុងនឹងស្លាប់ រមែងចង់ឲ្យមនុស្សជាទីស្រលាញ់
ឬកូនចៅនៅជិតក្បែរ ដើម្បីជាកម្លាំងចិត្ត តែនេះលោកយាយ ប្រឡប់បែរជាប្រាថ្នាចង់នៅតែម្នាក់ឯង
ប្រើប្រាស់ពេលវេលា ដែលសេសសល់ នៅជាមួយការថ្វាយបង្គំព្រះ រំលឹកដល់គុណព្រះរតនត្រៃ
និងអង្គុយធ្វើសមាធិទៅវិញ។
មនុស្សដែលអាចធ្វើដូច្នេះបាន
រមែងមិនអាល័យក្នុងជីវិត និងមិនខ្លាចសេចក្ដីស្លាប់។ ទាំងនេះ ដោយសារជឿជាក់ថា ខ្លួនឯងបានធ្វើអំពើល្អមករហូត
និងបានប្រើប្រាស់ជីវិតប្រកបដោយប្រយោជន៍ ស័ក្តិសមតម្លៃ ដែលខ្លួនបានកើតមកជាមនុស្សក្នុងជាតិនេះ
ទើបប្រាកដក្នុងចិត្តថា មានសុគតិកើតមាននៅខាងមុខហើយ។ ខណៈពេលដំណាលគ្នា ក៏ប្រាកដក្នុងចិត្តថា
នាទីសមគួរធ្វើ ក៏ធ្វើបានស្រេចរួចរាល់ហើយដែរ ទើបអស់បារម្ភ គ្មានកង្វល់ចិត្ត
ដូច្នោះទើបព្រមចាកចេញទៅដោយសេចក្ដីស្ងប់ ដោយមិនចាំបាច់ប្រាប់បញ្ជា
និងរំខានដល់កូនចៅខ្លួនឡើយ៕
.....................................
រឿងរបស់ ព្រះគ្រូ វិសាលោ
រូបភាពហ្វេកប៊ុកផេក
ប្រែ.ចាន់
No comments:
Post a Comment