Friday, August 19, 2016

៣រឿងដែលនារីគួរយល់ និង៣រឿងដែលបុរសគួរដឹង... អាថ៌កំបាំងរក្សាគូគ្រងឲ្យបានយូរ


ពេលណាអ្នកសម្រេចចិត្តរៀបការជាមួយគ្នាហើយ ប្រហែលជាមិនមានគូគ្រងគូណាមួយ ដែលមានគំនិតសុបិនថា ពួកខ្លួននឹងត្រូវមានថ្ងៃលែងលះគ្នាទេ ភាគច្រើនពួកគេគិតថា ម្តេចម្តារក៏ពួកគេនឹងគ្រប់គ្រងជីវិតអាពាហ៍ពិពាហ៍នេះឲ្យបានយូរបំផុត។

ប៉ុន្តែមែនទែនទៅសព្វថ្ងៃនេះ ស្ថិតិការចែកផ្លូវគ្នា បែរជាមានកំណើនខ្ពស់គួរឲ្យតក់ស្លុត សូម្បីក្រុមអ្នកចិត្តវិទ្យាផ្ទាល់ផងដែរ ក៏ត្រូវឈឺក្បាលវិលមុខ ដោយហេតុតែគិតរកដំណោះស្រាយឲ្យគូសា្វមីភរិយា ដែលកំពុងមានបញ្ហាទាំងនោះ។ ទោះជាយ៉ាងនេះក្តី ការប្រើជីវិតគូស្រករ នឹងមិនមែនជារឿងងាយស្រួល ហើយក៏មិនមែនជារឿងត្រូវពិបាកហួសហេតុពេកដែរ ដែលពួកខ្លួនត្រូវរស់នៅជាមួយគ្នាប្រកបដោយមានសេចក្ដីសុខនោះ។ គោលគំនិតល្អដើម្បីជីវិត បានស្រង់យកនូវអត្ថបទមួយទាក់ទង់នឹង ៣រឿងដែលនារីត្រូវយល់ និង៣រឿងដែលបុរសគួរដឹង អាថ៌កំបាំងគ្រប់គ្រងដៃគូជីវិតឲ្យបានយូរបំផុត ដែលមានរៀបរាប់ទុកជាចំណីអាហារផ្នែកគំនិត ត្រិះរិះគិតពិចារណាតាមការគួរ ដួចខាងក្រោម៖


រឿងដែលនារីគួរយល់

១) បុរសច្រើនតែមិនចូលចិត្តរឿង សុញសាញ កំប៉ិកកំប៉ុក រឿងណាគួរបណ្តោយលែងបាន អ្នកជានារីគួរតែលែងបណ្តោយតាម មិនគួរនាំយកមកធ្វើជារឿងរ៉ាវធំដុំ បង្ករដល់នូវការរំខានចិត្ត ឲ្យដៃគូរបស់ខ្លួនឡើយ។

២) បុរសមិនសូវចូលចិត្តផ្លាស់ប្តូរទម្លាប់ បើខ្លួនធ្វើយ៉ាងណាក៏ខ្លួនធ្វើយ៉ាងនោះ ដូច្នោះ កុំព្យាយាមផ្លាស់ប្តូរគេ ប៉ុន្តែត្រូវផ្លាស់ប្តូរខ្លួនអ្នកវិញ ប្រសិនបើគេធ្វើអ្វី ដែលធ្វើឲ្យអ្នកមិនចូលចិត្ត រឿងដែលមិនអាចទទួលយកបាន ចូរប្រាប់រឿងនោះឲ្យគេបានស្តាប់ឮ ប៉ុន្តែត្រូវនិយាយជាមួយគេដោយសភាពទន់ភ្លន់ កុំប្រើសម្លេងខឹង មួមៅ តាំងអាកប្បកិរិយាច្រឡោងខាមជាដាច់ខាត ព្រោះអ្នកមិនមានផ្លូវណាបាននូវរឿង ដែលអ្នកត្រូវការឡើយ។

៣) ទម្លាប់បុរសដូចចំពាមកៅស៊ូ ក្នុងពេលដែលសេពគប់ជាមួយគ្នា បុរសត្រូវការទាំងសម្ព័ន្ធភាពជិតស្និត និងទាំងមានសេរីភាព ប៉ុន្តែនារីច្រើនត្រូវការជាកម្មសិទ្ធិផ្តាច់មុខ និងចាំទាញគេជាប់ជានិច្ច។ នោះហើយ កាន់តែធ្វើឲ្យគេកាន់តែចង់នៅឆ្ងាយពីខ្លួនគ្រប់វិនាទី វិធីដ៏ល្អគួរនៅស្ងៀមស្ងាត់ ចិត្តត្រជាក់សិន។ ប្រសិនបើគេស្រលាញ់អ្នកដោយស្មោះ ដល់ពេលណាមួយគេនឹងវិលមករកអ្នកដោយខ្លួនឯង ប៉ុន្តែដល់ពេលនោះ តើអ្នកមិនត្រូវការរូបគេឬក៏ត្រូវការ? ចាំដល់ពេលនោះ សឹមគិតគ្នាទៀត!


រឿងដែលបុរសគួរដឹង

១) ពេលខ្លះនាងអាចមានអារម្មណ៍ស្ត្រេសងាយ គ្មានហេតុផល ដែលអាចមានមូលហេតុបណ្តាលមក ពីអ័រមូនដែលកំពុងផ្លាស់ប្តូរ ដូចជាមុនមករដូវ ឬពេលកំពុងមានទម្ងន់។ ប្រសិនបើបុរសដឹងពីធម្មជាតិប្រការទាំងអស់នេះបាន នឹងជួយឲ្យបុរសកាន់តែយល់ចិត្តនាងច្រើនឡើង។

២) នាងចង់ឲ្យសភាពបុរសចេះផ្តល់ពេលនៅជាមួយគ្រួសារខ្លះ ពេលណាសម្រេចចិត្តរៀបការហើយ អ្នកគួរកាត់បន្ថយពេលប្រើនៅជាមួយក្រុមមិត្តភក្ត្រិ ហើយបែរមកយកចិត្តទុកដាក់ជាមួយការកសាងសេចក្តីស្រលាញ់ សេចក្ដីកក់ក្តៅឲ្យមាននៅក្នុងក្រុមគ្រួសារឲ្យបានច្រើនឡើង។

៣) មិនថានាងនឹងត្រូវទូលពុនរែកនូវអម្រែកធ្ងន់កម្រិតណាទេ នាងនឹងសប្បាយចិត្ត បាត់ពីការហត់នឿយភ្លាមៗ ដែលមានប្តីសម្លាញ់ចេះសម្តែងពីការលើទឹកចិត្តកោតសរសើរ និងមើលឃើញពីគុណតម្លៃចំពោះខ្លួននាង។ ពេលនាងមានអារម្មណ៍ល្អ នាងនឹងអាចចែករំលែកសេចក្ដីស្រលាញ់ឲ្យដល់អ្នកដទៃបានច្រើនឡើង ប៉ុន្តែពេលនាងមានអារម្មណ៍ពិបាក រឿងដែលនាងត្រូវការខ្លាំងបំផុតគឺ សេចក្ដីស្រលាញ់ពីមនុស្សដែលនៅក្បែរខ្លួននាង។ គ្រាន់តែសម្របសម្រួលខ្លួនចូលរកគ្នាឲ្យបាន ប៉ុណ្ណេះភាពជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ ក៏មិនមែនអ្វីដែលរឿងឆ្ងាយហួសពីសុបិនដល់ដែរ៕[edit]


រឿង សៅវលក្ខណ៍ ស្រីសុវណ្ណ
រូបភាព៖ ហ្វេសប៊ុក


No comments:

Post a Comment