ប្រឌិតញាណ
(Creativity)
គឺជាសមត្ថភាពក្នុងការច្នៃច្បាប់ទម្លាប់ចាស់ គំនិត ឬអ្វីៗផ្សេងៗ
ហើយបង្កើតអ្វីដែលថ្មី តាមរយៈការមិនយកលំនាំតាមនរណា តាមមនោគតិ(នឹកគិត) ។ល។
ខណៈដែលប្រឌិតញាញ គឺជាគុណសម្បត្តិពីធម្មជាតិ ចំពោះបុគ្គលខ្លះ ប្រឌិតញាណបានកប់បាត់
ហើយមិនអាចប្រើប្រាស់បានដោយសារតែភាពស្មុគស្មាញ
និងភាពតប់ប្រមល់ក្នុងជីវិតប្រចាំថ្ងៃ។ មានវិធីជាច្រើនដែលអាចបង្កើន
និងធ្វើឲ្យប្រសើរឡើងប្រឌិតញាណរបស់អ្នក ដែលបានកប់បាត់នោះ។ ប៉ុន្តែថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត
សូមលើកយកវិធី៥យ៉ាងមកលាតត្រដាង។ តើវិធីប្រាំយ៉ាងណាខ្លះ ដែលធ្វើឲ្យប្រសើរឡើងប្រឌិតញាណ
ឬភាពច្នៃប្រឌិតរបស់អ្នក? កុំបង្អង់យូរ ខាងក្រោមនេះ គឺជាវិធី
ដែលអ្នកអាចយកទៅប្រើប្រាស់បាន!
ហ្វឹកហ្វឺនគំនិតប្រាជ្ញា
ការហ្វឹកហ្វឺនគំនិតប្រាជ្ញា
គឺជាវិធីដ៏ល្អមួយ សម្រាប់បង្កើនប្រឌិតញាណរបស់អ្នក។ ប្រៀបដូចជាខ្លួនប្រាណរបស់យើងអ៊ីចឹង
គំនិតប្រាជ្ញាត្រូវការហ្វឹកហ្វឺន ដើម្បីធ្វើឲ្យសាច់ដុំនៃភាពច្នៃប្រឌិតមានភាពសកម្មឡើង
ហើយធ្វើឲ្យមានភាពប្រសើរឡើង។ ហ្វឹកហ្វឺនខួរក្បាលរបស់អ្នកតាមរយៈការរៀនមុខវិជ្ជា
ឬមុខជំនាញថ្មីៗ ធ្វើការពិភាក្សាលើប្រធានបទផ្សេងៗ ដូចជានយោបាយ បច្ចេកវិទ្យា
វិទ្យាសាស្ត្រ ។ល។ និងធ្វើការប្រាស័យទាក់ទង និងសំណេះសំណាលជាមួយមនុស្ស ដែលអ្នកគិតថាមានប្រឌិតញាណ
និងឆ្លាតវៀងវៃ។ សកម្មភាពទាំងអស់ខាងលើនេះ
និងធ្វើឲ្យប្រឌិតណាណរបស់អ្នកមានភាពរីកចម្រើន។
ក្តីស្រឡាញ់ និងការចូលចិត្ត
ជ្រុងមួយនៃភាពច្នៃប្រឌិត
ឬប្រឌិតញាណគឺក្តីស្រឡាញ់ និងការចូលចិត្ត។ ជាធម្មតាមនុស្សណាម្នាក់ ដែលស្រឡាញ់ និងចូលចិត្តលើជំនាញ
ឬមុខវិជ្ជាអ្វីមួយ គេមានការវិវឌ្ឍន៍សមត្ថភាព និងចាប់បានផ្នែកនោះបានយ៉ាងលឿន។
ការស្រឡាញ់ និងចូលចិត្តអ្វីមួយ ដែលផុសចេញពីចិត្តនឹងធ្វើឲ្យអ្នកឈ្នះរាល់ឧបសគ្គទាំងអស់។
ស្វែងយល់ពីខ្លួនឯង ហើយរកឲ្យឃើញនូវអ្វីដែលអ្នកស្រឡាញ់ ឬចង់ធ្វើ
ដែលផុសចេញពីក្រអៅបេះដូងរបស់អ្នក។ ការធ្វើនូវអ្វីដែលយើងស្រឡាញ់ និងចង់ធ្វើ
គឺជាកត្តាដែលជួយឲ្យប្រឌិតរបស់អ្នកមានភាពវិវឌ្ឍន៍ទៅមុខជាលំដាប់។
ផ្លាស់ប្តូរទម្លាប់របស់អ្នក
ពេលខ្លះ
ប្រឌិតញាណត្រូវបានកប់បាត់ ដោយសារតែអារម្មណ៍ធុញទ្រាន់
ហើយនឹងភាពមានទម្លាប់ដដែលៗរបស់អ្នក។ ជីវិតប្រចាំថ្ងៃមួយភាគធំគឺ
ពឹងផ្អែកទៅលើកាលវិភាគដដែលៗ ដូចជាពេលដែលត្រូវក្រោកពីដំណេក
ផ្លូវដែលអ្នកធ្វើដំណើរទៅសាលា ឬកន្លែងធ្វើការ ទស្សនាវដ្តី កាសែតអ្នកអានរាល់ថ្ងៃ
អាហារដែលយើងបរិភោគ និងកម្មវិធីទូរទស្សន៍ដែលអ្នកទស្សនា។
ដើម្បីបង្កើនប្រឌិតញាណរបស់អ្នក អ្នកគួរធ្វើការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃខ្លះៗ។
អ្នកគួរតែព្យាយាមផ្លាស់ប្តូររសជាតិនៃជីវិតប្រចាំថ្ងៃ
ដោយសាកល្បងធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើ មើលកម្មវិធីណាដែលប្លែកៗ ដែលសកម្មភាពនេះ
នឹងធ្វើឲ្យប្រឌិតញាណរបស់អ្នកមានភាពប្រសើរឡើង។
អាន
ខណៈដែលការអានបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់គំនិតប្រាជ្ញា
ការអានក៏អំណោយផលដល់ការបង្កើនប្រឌិតញាណផងដែរ។ ការអានគឺជាសកម្មភាពហ្វឹកហ្វឺនខួរក្បាលរបស់អ្នក
ហើយវាក៏បានផ្តល់ឲ្យអ្នក នូវការជំរុញទឹកចិត្តឲ្យមានភាពច្នៃប្រឌិតផងដែរ។
ចូរអានឲ្យបានច្រើនដែលអាចធ្វើទៅបានអំពីប្រធានបទ និងមុខជំនាញផ្សេងៗគ្នា។
អ្នកគួរតែគិតពិចារណាអានទៅលើប្រធានបទណា ដែលអ្នកមិនចាប់អារម្មណ៍ពីមុន។ ការធ្វើដូចនេះ
នឹងអាចធ្វើឲ្យពន្លកប្រឌិតញាណរបស់អ្នកផុសឡើង។
ចែកពេលវេលាខ្លះសម្រាប់ភាពស្ងប់ស្ងាត់
កាលវិភាគប្រចាំថ្ងៃដ៏សែនមមាញឹក
និងការមិនបានសម្រាករបស់ខួរក្បាល គឺជាហេតុដែលមិនអំណោយផលដល់ប្រឌិតញាណ។ ទុកពេលខ្លះ
ប្រចាំថ្ងៃរបស់អ្នកសម្រាប់ភាពស្ងប់ស្ងាត់ ដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ថ្លា និងការសម្រាក់នៃរាងកាយ។
ក្នុងរយៈពេលស្ងប់ស្ងាត់នេះ អ្នកអាចធ្វើសមាធិ
ក៏សម្រាកនៅបន្ទប់ស្ងាត់ណាមួយដែលគ្មានការរំខាន នៅក្នុងសួនច្បារ ឬនៅតាមឆ្នេរសមុទ្រ
។ល៕ [edit]
ប្រភព៖
http://www.ksmc-news.com/kh
រូភភាពហ្វេកប៊ុកផេក
No comments:
Post a Comment