Tuesday, August 30, 2016

ពូជ និងផ្លែ


បើហេតុយ៉ាងណា ផលមុខជាយ៉ាងនោះ បើពូជយ៉ាងណា ផ្លែមុខជាយ៉ាងនោះ។ បើអំពើយ៉ាងណា លទ្ធផលក៏ជាយ៉ាងនោះដែរ។ នៅលើដីដូចគ្នា អ្នកស្រែម្នាក់បានដាំពូជពីរមុខ មួយមុខជាពូជអំពៅ មួយមុខទៀតជាពូជឈើល្វីងណាស់ ដែលហៅថា ដើមស្ដៅ។ ពូជទាំងពីរមុខ ដាំនៅលើដីដូចគ្នា គេស្រោចទឹកដូចគ្នា ត្រូវពន្លឺថ្ងៃខ្យល់ដូចគ្នា ធម្មជាតិផ្ដល់ជីវជាតិឲ្យពូជទាំងពីរដូចគ្នា។ កូនឈើតូចៗពីរបានដុះធំឡើង។ តើមានអ្វីកើតឡើងដល់ដើមស្ដៅ វាបានដុះធំឡើងជាឈើល្វីង ចំណែកឯអំពៅ វាបានលូតលាស់ធំឡើងជាឈើផ្អែម។ ហេតុអ្វីបានជាធម្មជាតិ ឬបើអ្នកចូលចិត្តនិយាយថា ហេតុអ្វីបានជាព្រះអាទិទេព ចិត្តល្អចំពោះឈើមួយដើម ហើយចិត្តអាក្រក់ចំពោះឈើមួយដើមទៀត?

ទេ! ទេ ធម្មជាតិឥតចិត្តល្អ ឬអាក្រក់ទេ។ ធម្មជាតិធ្វើការស្របតាមច្បាប់ ដែលបានកំណត់ទុករួចហើយ។ ធម្មជាតិបានត្រឹមគ្រាន់តែជួយពូជនោះ ឲ្យបញ្ចេញគុណភាពវាមក ឲ្យឃើញជាក់ស្ដែងតែប៉ុណ្ណោះ។ ជីវជាតិទាំងអស់គ្រាន់តែជួយគ្រាប់ពូជឲ្យបញ្ចេញមក ឲ្យឃើញគុណភាព ដែលលាក់កប់នៅខាងក្នុងខ្លួនវា។ គ្រាប់ពូជអំពៅ មានគុណភាពផ្អែម ដូច្នោះ ដើមអំពៅគ្មានអ្វីក្រៅពីផ្អែមឡើយ។ គ្រាប់ពូជស្ដៅមានគុណភាពល្វីង វាគ្មានអ្វីក្រៅពីល្វីងឡើយ បើពូជយ៉ាងណា ផ្លែមុខជាយ៉ាងនោះហើយ។

អ្នកស្រែចូលទៅក្រោមដើមស្ដៅ ថ្វាយបង្គំបីដង ដើរប្រទក្សិណ១០៨ជុំ ថ្វាយផ្កា ធូប ទាន ផ្លែឈើ និងបង្អែម។ រួចគេសូត្រធម៌បន់ស្រន់ថា "ឱ! ព្រះអាទិទេពដើមស្ដៅអើយ សូមករុណាឲ្យផ្លែស្វាយផ្អែមមកខ្ញុំ, ខ្ញុំចង់បានផ្លែស្វាយផ្អែម!" ព្រះអាទិទេព្យដើមស្ដៅដ៏កំសត់ មិនអាចឲ្យផ្លែស្វាយផ្អែមបានទេ ព្រះអង្គគ្មានអំណាចនឹងធ្វើដូច្នោះបានទេ។ បើគេចង់បានស្វាយផ្អែម គេត្រូវតែដាំគ្រាប់ស្វាយផ្អែម។ ពេលនោះ គេមិនបាច់យំស្រែក ឬអង្វរកសុំជំនួយពីអ្នកណាទេ។ ផ្លែដែលនឹងបាន មុខជាគ្មានអ្វីក្រៅពីស្វាយផ្អែមទេ។ បើពូជយ៉ាងណា ផ្លែមុខជាយ៉ាងនោះហើយ។

សេចក្តីលំបាករបស់យើង សេចក្ដីល្ងង់ខ្លៅរបស់យើងនៅត្រង់ថា យើងមិនយកចិត្តទុកដាក់ទេ នៅពេលដាំ។ យើងចេះតែដាំពូជស្ដៅ ប៉ុន្តែដល់ពេលផ្លែ យើងច្រឡេមច្រឡាម ចង់បានផ្លែស្វាយផ្អែម។ រួចយើងចេះតែស្រែកទ្រហោ ចេះតែសូត្រធម៌បន់ស្រន់ ចេះតែសង្ឃឹមចង់បានផ្លែស្វាយ។ អំពើបែបនេះ ឥតបានការសោះឡើយ៕[edit]

..............................
ស្រង់ចេញពីសៀវភៅ៖ សិល្បះនៃការរស់នៅ
ទំព័រ ៩៩-១០០
ឆ្នាំបោះពុម្ព ព.ស ២៥៥៧ គ.ស ២០១៣
ប. ស.ន.ហ្គោឥនកា
រៀប.វិល្លីយ៉ាំ ហាត
ប្រែ.ពូ តុងហាវ (ភិក្ខុ សង្ឃពោធី)
រូបភាពហ្វេសប៊ុកផេក

No comments:

Post a Comment