ព្រះពុទ្ធសាសនាមាននិកាយពីរគឺ
ព្រះពុទ្ធសាសនាថេរវាទ ឬហីនយាន និងព្រះពុទ្ធសាសនាអាចរិយវាទ ឬមហាយាន។
ព្រះពុទ្ធសាសនាថេរវាទ រក្សាទុកនូវធម៌វិន័យរបស់ព្រះពុទ្ធមិនកែប្រែ
ដែលសព្វថ្ងៃហៅថា ព្រះត្រៃបិដក។ ប្រទេសដែលកាន់ព្រះពុទ្ធសាសនាថេរវាទ
មានប្រទេសកម្ពុជា ប្រទេសលាវ ប្រទេសស្រីលង្កា និងប្រទេសភូមាជាដើម។
ព្រះពុទ្ធសាសនាមហាយាន
បានកែប្រែធម៌វិន័យរបស់ព្រះពុទ្ធ គោរពព្រះពោធិសត្វ ដូចជាព្រះពោធិសត្វ អវលោកេតេស្វរៈ
មញ្ជុស្រី មេត្រេយ ប្រាជ្ញាបារមិតាជាដើម។ ប្រទេសដែលកាន់សាសនាមហាយាន មានប្រទេសចិន
ប្រទេសទីបេត៍ ប្រទេសជប៉ុន និងប្រទេសកូរេជាដើម។
ភាពខុសគ្នានៃព្រះពុទ្ធសាសនាទាំងពីរនិកាយនេះ
និកាយថេរវាទ(ហីនយាន)
១. បង្រៀនឲ្យអ្នកប្រតិបត្តិសម្លឹងយកអរហន្ត
ដើម្បីរួចចាកទុក្ខ ដោយសង្កត់ធ្ងន់លើអរិយសច្ចៈបួន។
២.
លើកកម្ពស់គុណភាពអភិវឌ្ឍខាងសតិបញ្ញាសាសនិករបស់ខ្លួន តាមឧត្តមគតិសាសនា។
៣. បង្រៀនអ្នកប្រតិបត្តិឲ្យយល់ច្បាស់
ក្នុងធម៌វិន័យរបស់ព្រះពុទ្ធ។
៤. មិនយកពិធីកម្មសាសនាជាធំ។
៥.
គោរពប្រតិបត្តិពាក្យព្រះសម្មាសម្ពុទ្ធជាធំ។
៦. មានការបដិរូប(កែប្រែ)ទ្រឹស្តីខ្លះៗ
តែតិចតូចបំផុត ហើយប្រកាន់យកពុទ្ធវចនៈ។
៧. ជាសាសនា អទេវនិយម(មិនមែនទេវតា)
គោរពប្រតិបត្តិព្រះពុទ្ធតែមួយព្រះអង្គ។
៨. ចង្អុលបង្ហាញឲ្យជឿខ្លួនឯងជាធំ
ហើយជឿកម្ម និងផលរបស់កម្ម។
៩. ព្រះនិព្វាន ជាការរំលត់ទុក្ខ
មិនត្រឡប់មកកើតទៀតឡើយ។
១០. ព្រះត្រៃបិដកចារឹក
ក្នុងសាស្ត្រាស្លឹករិតជាភាសាបាលី។
និកាយអាចរិយវាទ(មហាយាន)
១. បង្រៀនឲ្យសាសនិក
មានជំនឿលើព្រះពោធិសត្វ និងធ្វើកិច្ចការអ្វីៗ ដើម្បីព្រះពោធិសត្វ។
២. បង្រៀនឲ្យមានជំនឿ ជឿស៊ប់
មុនពេលពង្រឹងសា្មរតី និងគុណភាព។
៣. បង្រៀនឲ្យឃើញប្រយោជន៍និកាយខ្លួនជាធំ
ទោះបីមានការប្រព្រឹត្តខុសអំពីធម៌វិន័យក៏ដោយ។
៤. មានការផ្លាស់ប្តូរពិធីកម្មជាលំដាប់
តាមប្រទេស និងទីកន្លែងនីមួយៗ។
៥. មានការអធិប្បាយបន្ថែម
បន្ថយពុទ្ធវចនៈជាច្រើន។
៦. មានតែងព្រះសូត្រថ្មីៗ
និងកាត់បន្ថយព្រះសូត្រចាស់ជាច្រើន មិនប្រកាន់ភ្ជាប់នូវពុទ្ធវចនៈ។
៧. ជាសាសនាទេវនិយម
គោរពប្រតិបត្តិព្រះពុទ្ធជាម្ចាស់ច្រើនអង្គ។
៨. ឲ្យតម្លៃទៅលើការបន់ស្រន់
និងចិត្តស្មោះចំពោះព្រះពុទ្ធ។
៩. និព្វានរបស់ព្រះសម្មាសម្ពុទ្ធ
មិនមែនជាការរលត់សូន្យទាំងស្រុងទេ គឺគ្រាន់តែបរិនិព្វាន ក្នុងស្ថានមនុស្សលោកទៅកើត
ក្នុងស្ថានសួគ៌ទេវលោក។ ពេលណាមនុស្សកើតកោឡាហល នឹងចុះមកកើតជាមនុស្ស
ដើម្បីចង្អុលផ្លូវរំលត់ទុក្ខ ដល់សត្វលោកម្តងទៀត។
១០.
ព្រះត្រៃបិដកចារឹកលើក្រាំងមាសជាភាសាសំស្រ្កឹត។
តាមការរៀបរាប់មកនេះ
បញ្ជាក់ថា ព្រះពុទ្ធសាសនាមហាយានបានកែប្រែធម៌វិន័យរបស់ព្រះពុទ្ធ
បានចាត់ទុកព្រះពុទ្ធជាអាទិទេព ដូចសាសនាព្រាហ្មណ៍ ព្រោះព្រះអង្គបរិនិព្វាននៅស្ថានមនុស្ស
តែបានទៅកើតនៅស្ថានសួគ៌រង់ចាំជួយមនុស្សលោក។ ត្រង់នេះផ្ទុយពីសាសនាហីនយាន ដែលពោលថា
ព្រះពុទ្ធបរិនិព្វានបាត់ហើយ មិនត្រឡប់វិញឡើយ ទុកតែធម៌វិន័យឲ្យសត្វប្រតិបត្តិតាម។
គណៈមហានិកាយ
និងធម្មយុត្តនៅកម្ពុជា
ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាគឺ
ព្រះពុទ្ធសាសនាថេរវាទ មាននិកាយពីរគឺ មហានិកាយ មានអ្នកកាន់ដ៏ច្រើនលើសលប់
និងធម្មយុត្តិកនិកាយ មានអ្នកកាន់តិចតូច
ដែលនៅក្នុងពុទ្ធសាសនាថេរវាទជាមួយគ្នា។ ប្រទេសស្រីលង្កា ប្រទេសភូមា ប្រទេសនេប៉ាល់
និងប្រទេសកាន់ព្រះពុទ្ធសាសនាថេរវាទដទៃទៀត គ្មាននិកាយធម្មយុត្តទេ។ ចំណែកខ្មែរចំលងយកធម្មយុត្តពីប្រទេសថៃ
សូម្បីលាវដែលយកធម្មយុត្តពីប្រទេសថៃដែរ ឥឡូវនេះ គេបំបាត់និកាយនេះចោលហើយ
នៅមានតែនិកាយមួយគឺ មហានិកាយ៕ [edit]
......................................
ស្រង់ចេញពីសៀវភៅ៖
តួនាទីរបស់ព្រះសង្ឃក្នុងសង្គមខ្មែរ
ទំព័រ
៥៨-៦៣
ឆ្នាំបោះពុម្ព
ព.ស. ២៥៥២ គ.ស.២០០៨
និ.
ហុក សាវណ្ណ (បណ្ឌិត)
រូបភាពហ្វេសប៊ុក
និងផេក
No comments:
Post a Comment