Tuesday, August 30, 2016

ដុំគ្រួស និងខ្លាញ់ទឹកដោះគោ


សម័យថ្ងៃមួយ មានមាណពក្មេងម្នាក់ បានចូលទៅរកព្រះសម្ពុទ្ធ ហើយចេះតែយំឥតឈប់សោះ។ ព្រះអង្គទ្រង់តា្រស់សួរថា "នែ! មាណព តើមានបញ្ហាអ្វី?"
"ព្រះករុណាព្រះអង្គ ពីម្សិលមិញឪពុករបស់ខ្ញុំព្រះករុណាបានស្លាប់"។
"តើតថាគតអាចធ្វើអ្វីកើត? បើគាត់បានស្លាប់បាត់ទៅហើយ ការយំសោក នឹងមិនអាចធ្វើឲ្យគាត់រស់ឡើងវិញបានទេ"។
"ព្រះករុណាព្រះអង្គ ខ្ញុំព្រះករុណាយល់ថា ការយំសោក នឹងមិនធ្វើឲ្យឪពុកខ្ញុំព្រះករុណារស់ឡើងវិញមែន ប៉ុន្តែ ខ្ញុំព្រះករុណាមករកព្រះអង្គ ដើម្បីសុំការពិសេសមួយ សូមទ្រង់ព្រះករុណា ជួយធ្វើអ្វីមួយ ឲ្យខ្មោចឪពុកខ្ញុំព្រះករុណាផង!"។
"តើតថាគត អាចធ្វើអ្វីឲ្យខ្មោចឪពុកអ្នកបាន?"

"សូមទ្រង់ព្រះករុណាប្រោស ព្រះអង្គជាបុគ្គលមានអំណាចបែបហ្នឹង គឺពិតជាអាចធ្វើអ្វីមួយបាន។ មើលចុះបព្វជិតទាំងអស់នោះ លោកតែងធ្វើពិធីសាសនា ទំនៀមទម្លាប់គ្រប់យ៉ាងទាំងអស់ ដើម្បីជួយមនុស្សស្លាប់។ កាលណាពិធីទំនៀមទម្លាប់ បានចប់សព្វគ្រប់ហើយភ្លាម ទ្វារឋានសួគ៌បានបើកចំហ រួចមនុស្សស្លាប់នឹងបានចូលទៅទីនោះ គេនឹងបានច្បាប់ទិដ្ឋាការអនុញ្ញាតឲ្យចូលទៅទីនោះ។ ព្រះអង្គមានអំណាចខ្លាំងណាស់ បើព្រះអង្គធ្វើពិធីទំនៀមទម្លាប់ឲ្យតែម្ដងនោះ ខ្មោចឪពុកខ្ញុំព្រះអង្គ គាត់នឹងមិនមែនគ្រាន់តែបានទិដ្ឋាការទេ គាត់នឹងបានកាតបៃតង ដើម្បីស្នាក់នៅឯឋានសួគ៌ជាអចិន្ត្រៃយ៍ផង សូមព្រះអង្គករុណាធ្វើអ្វីមួយឲ្យគាត់ផង"។
មាណពពោលសង្កត់ដោយការយំសោក។ ព្រះពុទ្ធមិនអាចធ្វើតាមពាក្យសម្ដី ដែលគ្មានហេតុផលនោះទេ ព្រះអង្គត្រូវប្រើមធ្យោបាយផ្សេងវិញ ដើម្បីជួយគាត់ឲ្យយល់។ ដូច្នោះ ព្រះអង្គមានពុទ្ធដីកាថា "ត្រឹមត្រូវហើយ ចូរទៅរកទិញឆ្នាំងដីពីរឯផ្សារមក។ មាណពសប្បាយចិត្តណាស់ ដោយគិតថា ព្រះពុទ្ធបានយល់ព្រមធ្វើពិធីទំនៀមទម្លាប់ឲ្យឪពុករបស់ខ្លួនហើយ។ គាត់រត់ទៅផ្សារ រួចត្រឡប់មកជាមួយនឹងឆ្នាំងដីពីរ។ ព្រះអង្គត្រាស់ថា "ត្រឹមត្រូវហើយ ចូរបំពេញខ្លាញ់ទឹកដោះគោនៅក្នុងឆ្នាំងមួយ និងឆ្នាំងមួយទៀត ដាក់ដុំគ្រួសឲ្យពេញដែរ ហើយបិទមាត់ឆ្នាំងទាំងពីរឲ្យជិត រួចពន្លិចវាទៅក្នុងស្រះទឹកនោះទៅ"។ មាណពបានធ្វើតាម។ ឆ្នាំងទាំងពីរបានលិចធ្លាក់ចុះទៅបាតស្រះ ព្រះសម្ពុទ្ធបានត្រាស់ថា "ឥឡូវនេះ ចូរយកដំបងធំមួយ វាយបំបែកឆ្នាំងទាំងពីរឲ្យរបើកគម្របចំហឡើង"។ មាណពសប្បាយចិត្តណាស់ដោយគិតថា ព្រះពុទ្ធអង្គបានធ្វើពិធីទំនៀមទម្លាប់ដ៏អស្ចារ្យ ឲ្យឪពុកគាត់ហើយ។
តាមទំនៀមទម្លាប់ពីបូរាណ នៅប្រទេសឥណ្ឌា កាលណាមានមនុស្សស្លាប់ គេនាំសពទៅកន្លែងបូជាសព គេដាក់សពលើគំនរឧស រួចគេឆួលភ្លើងដុត លុះសពឆេះបានពាក់កណ្ដាលហើយ កូនត្រូវយកដំបងមួយធំ ទៅសំពងបំបែកលលាដ៍ក្បាលឲ្យបើកចំហ។ ស្របតាមជំនឿចាស់បូរាណ កាលណា លលាដ៍ក្បាលបានបើកចំហនៅក្នុងលោកនេះ ទ្វារឋានសួគ៌ត្រូវបើកចំហនៅឯឋានលើ។ ដូច្នេះ ពេលហ្នឹងមាណពគិតថា "ពីម្សិលមិញ សពរបស់ឪពុកខ្ញុំបានឆេះ ទៅជាផេះអស់ទៅហើយ។ ឥឡូវនេះ ព្រះសម្ពុទ្ធចង់ឲ្យខ្ញុំបំបែកឆ្នាំងទាំងពីរនេះ ទុកជានិមិត្តរូប"។ គាត់សប្បាយចិត្តនឹងពិធីទំនៀមទម្លាប់នេះណាស់។
ដូចជាព្រះសម្ពុទ្ធមានព្រះបន្ទូល មាណពបានយកដំបងសំពងបំបែបឆ្នាំងទាំងពីរ ឲ្យបើកចំហ។ ភ្លាមនោះគេក៏ឃើញមានខ្លាញ់ទឹកដោះគោ អណ្ដែតចេញពីឆ្នាំងមួយមកលើផ្ទៃទឹក ពីឆ្នាំងមួយទៀត គេឃើញដុំគ្រួសធ្លាក់ទៅបាតក្រោម។ គ្រានោះព្រះអង្គបានត្រាស់ថា "តថាគតធ្វើបានតែប៉ុណ្ណឹងទេ ឥឡូវនេះ ចូរទៅនិមន្តបព្វជិតអ្នកទាំងអស់នោះ ឲ្យមកសូត្រធម៌បន់ស្រន់ថា ឱ! ដុំគ្រួសអើយ សូមអណ្ដែតឡើងលើផ្ទៃទឹកមក ឱ! ខ្លាញ់ទឹកដោះគោអើយ សូមធ្លាក់ចុះក្រោមទៅ តថាគតរង់ចាំមើល តើវាទៅជាយ៉ាងដូចម្ដេចដែរ?"
"ឱ! ព្រះអង្គ ព្រះអង្គមានព្រះបន្ទូលកម្លែងហើយព្រះអង្គ! តើវាអាចមានអ្វីក្រៅពីនេះទៅកើតព្រះអង្គ? ដុំគ្រួសធ្ងន់ជាងទឹក វាត្រូវតែធ្លាក់ចុះទៅបាតក្រោម។ វាមិនអាចអណ្ដែតឡើងលើផ្ទៃទឹកបានទេ នេះជាច្បាប់ធម្មជាតិ។ ខ្លាញ់ទឹកដោះគោស្រាលជាងទឹក វាត្រូវតែអណ្ដែតមកលើផ្ទៃទឹក។ វាមិនអាចលិចចុះទៅបាតក្រោមទេ។ នេះជាច្បាប់ធម្មជាតិ"
"នែមាណព អ្នកស្គាល់ច្បាប់ធម្មជាតិច្រើនណាស់ ប៉ុន្តែអ្នកឥតយល់ច្បាប់ធម្មជាតិនេះសោះ បើពេញមួយជីវិតរបស់គាត់ ឪពុករបស់អ្នក គាត់ប្រព្រឹត្តតែអំពើ ដែលធ្ងន់ដូចដុំគ្រួស គាត់នឹងធ្លាក់ចុះទៅឋានក្រោមហើយ តើអ្នកណាអាចទាញគាត់ឲ្យឡើងមកលើរួច? បើអំពើប្រព្រឹត្តរបស់គាត់ទាំងអស់ស្រាល ដូចខ្លាញ់ទឹកដោះគោ គាត់នឹងឡើងទៅឋានសួគ៌ហើយ។ តើអ្នកណាអាចទាញគាត់ចុះមកក្រោមបាន?"
យើងឆាប់បានយល់ច្បាប់ធម្មជាតិពេលណា រួចចាប់ផ្ដើមរស់នៅតាមច្បាប់នេះ យើងនឹងឆាប់បានរំដោះឲ្យរួចផុតពីទុក្ខចាប់ពីត្រឹមពេលនេះ៕ [edit]

....................................................................
ស្រង់ចេញពីសៀវភៅ៖ សិល្បះនៃការរស់នៅ
ទំព័រ  ១២៧-១៣១
ឆ្នាំបោះពុម្ព ព.ស.២៥៥៧ គ.ស.២០១៣
ស.ន. ហ្គោឥនកា
រៀប. វិល្លីយ៉ាំ ហាត
ប្រែ. ពូ តុងហាវ(ភិក្ខុសង្ឃពោធី)
រូបភាព៖ www.google.com.kh

No comments:

Post a Comment