បុណ្យដែលមនុស្សយើងបានធ្វើសន្សំទុក វានឹងបានជាប់តាមខ្លួនយើងទៅ ដូចជាស្រមោលអន្ទោលតាមប្រាណ
វាមិនបានបាត់បង់រលាយសាបសូន្យទៅណាឡើយ ហើយវានឹងហុចផលច្រើនណាស់ហួសពីការនឹកស្មានដល់ ប្រៀបដូចជាយើងដាំដើមឈើ
ផ្លែតែមួយគ្រាប់ នាំយកទៅដាំ ដល់ពេលវាធំ វាឲ្យផ្លែផ្កាដល់យើងវិញ បេះប្រមូលផលបានច្រើនរាប់មិនអស់
និងបានយូរឆ្នាំទៅទៀត។ បុណ្យ ទោះបី ធ្វើបានត្រឹមតែមួយម្តងក៏ឲ្យផលមហាសាល និងអាចនាំទៅប្រើប្រាស់បានឆ្លងភព
ឆ្លងជាតិកំណើត បាបក៏មិនខុសគ្នានឹងរឿងបុណ្យនេះដែរ ធ្វើត្រឹមតែម្តង ក៏ផ្តល់ផលអាក្រក់ឆ្លងភពជាតិកំណើតបានដូចគ្នា។
រឿងការនាំយកបុណ្យទៅប្រើក្នុងលោកខាងមុខ មានបុគ្គលពោលប្រៀបធៀបទុក គួរឲ្យចាប់រម្មណ៍ផងដែរថា “បុណ្យដែលយើងធ្វើសន្សំទុក ប្រៀបដូចជារូបិយប័ណ្ណមួយសន្លឹក ដែលយើងនាំយកជាប់តាមខ្លួនទៅប្រើប្រាស់នៅក្នុងលោកខាងមុខ ដូចជាពេលយើងធ្វើដំណើរទៅបរទេស យើងត្រូវតែប្រើរូបិយប័ណ្ណប្រចាំប្រទេសនោះៗ”។ ដូច្នោះ បុណ្យទើបជាមិត្តពិតប្រាកដ ដែលតាមឃុំគ្រងយើងទៅបានគ្រប់ភព គ្រប់ជាតិ វាចាំគាំទ្រឲ្យយើងបានជួបភាពជោគជ័យ នៅក្នុងជីវិត និងរឿងដែលគប្បីដល់ នូវការប្រាថ្នាទាំងឡាយទាំងពួង ទាំងសម្បត្តិមនុស្ស ទាំងសម្បត្តិទេវតា និងទាំងសម្បត្តិព្រះនិព្វាន ដូចដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្តែងទុក ក្នុងមិត្តសូត្រថា “ពួករទេះពួកគោជាមិត្តរបស់អ្នកធ្វើដំណើរ មាតាជាមិត្តក្នុងផ្ទះរបស់ខ្លួន សម្លាញ់ជាមិត្តរបស់បុគ្គលមានធុរៈកើតឡើងទៀងទាត់ បុណ្យដែលបុគ្គលបានធ្វើទុកជាមិត្តជាប់តាមខ្លួនទៅដល់ភពខាងមុខ”។
បុណ្យដែលយើងសន្សំទុក នឹងចេញគំរូជីវិតយើងឲ្យមានសេចក្ដីសុខ និងសុវត្ថិភាព ក្នុងការធ្វើដំណើរឆ្លងកាត់វដ្ដសង្សារដ៏វែងឆ្ងាយ ដូចជាតួយ៉ាង របស់បុគ្គលមានបុណ្យមួយចំនួនច្រើន ដែលមានប្រាកដនៅក្នុងព្រះត្រៃបិដក
ដូចជា ជដិលសេដ្ឋី បុគ្គលមានភ្នំមាស ផលចេញពីការធ្វើឆ្នាំងផ្កាមាស៣ តំកល់ព្រះអដ្ឋិធាតុ,
មេណ្ឌកសេដ្ឋី បុគ្គលមានពពែមាស ផលចេញពីការសាងសាលធំ និងធម្មាសនៈលំអដោយពពែមាស ថ្វាយដល់ព្រះពុទ្ធទ្រង់ព្រះនាមវិបស្សីជាម្ចាស់,
មាឃមានពបុគ្គលបំពេញវត្តបទ ៧ ហើយបានទៅកើតជាស្តេចសក្កៈ (ស្តេចទេវតា) ជាដើម៕ [edit]
ដកស្រង់ចេញពីសៀវភៅ ចេញគំរូឲ្យជីវិតបាន
ប្រភព៖ winne.ws និងរូបភាព៖ ហ្វេកប៊ុកផេក
No comments:
Post a Comment