ធម្មជាតិរបស់ចិត្ត មិនចូលចិត្តនៅស្ងៀមនឹង ចូលចិត្តនឹកគិតទៅកាន់រឿងផ្សេងៗច្រើនប្រការ
ទៅក្នុងកាមគុណខ្លះ នឹកគិតទៅក្នុងផ្លូវអាឃាតព្យាបាទខ្លះ។ ការនឹកគិតក្នុងផ្លូវដែលមិនល្អនេះ
ហៅថា អកុសលវិតក្កៈ។ ការហាមចិត្តមិនឲ្យនឹកគិតក្នុងផ្លូវអកុសលនោះ គេធ្វើបានលំបាក។ បុគ្គលភាគច្រើនមិនត្រូវការគិតក្នុងផ្លូវអកុសលទេ
ប៉ុន្តែច្រើនតែអត់ទ្រាំគិតមិនបាន គិតច្រើនរហូតដល់ដេកមិនលក់ ឬកើតរោគចិត្តក៏មាន។ ផ្ទុយមកវិញ
ពេលណាត្រូវការគិតរឿងបុណ្យរឿងកុសល ច្រើននឹងគិតក្នុងផ្លូវបុណ្យ ផ្លូវកុសលមិនបានយូរ។ ការហាមចិត្តមិនឲ្យគិតអកុសល
គឺជារឿងសំខាន់។ ក្នុងទីនេះ នឹងរៀបរាប់នូវ វិធីហាមចិត្តមិនឲ្យគិតដល់អកុសល ៥ ប្រការ។
១) ពេលយកចិត្តទុកដាក់ក្នុងអារម្មណ៍ អកុសលវិតក្កៈកើតឡើង
ក៏ឲ្យយកចិត្តទុកដាក់ក្នុងអារម្មណ៍ដទៃ ដែលជាកុសល និងជាគូសម្របសម្រួលគ្នាបាន ដូចជា ពេលនឹកគិតទៅក្នុងផ្លូវរាគៈ
ក៏ឲ្យបែរមកចម្រើនអសុភសញ្ញា ឲ្យពិចារណាថា រូបរាងកាយនេះ ជារបស់ស្អុយរលួយជាគ្រឿងមិនស្អាត
មានរបស់ស្មោកគ្រោកហូរមិនដាច់ នឹងរកជារបស់មានខ្លឹមសារមិនមាន ឬវត្ថុដ៏ល្អប្រណិតក្នុងកាយនេះមិនមានឡើយ។
ពេលបែរមកយកចិត្តទុកដាក់ក្នុងអារម្មណ៍ដទៃ ដែលជាកុសលគឺ អសុភសញ្ញា រមែងលះរាគៈនេះបាន ប្រសិនបើលោភចង់បាន របស់របរមាសប្រាក់មានប្រការផ្សេងៗ
ក៏ឲ្យគិតពិចារណាថា ទ្រព្យសម្បត្តិទាំងនេះជារបស់កណ្តាលរបស់ផែនដី មិនមានអ្នកណាមួយធ្វើជាម្ចាស់កម្មសិទ្ធិ
ដែលពិតបា្រកដបានឡើយ គ្រាន់តែជារបស់របរខ្ចីគេយកមកប្រើមួយគ្រាមួយកាលតែប៉ុណ្ណោះ ស្លាប់ទៅ
មិនឃើញយកទៅបានផង ត្រូវទុកចោលក្នុងលោកនេះ ឲ្យអ្នកដទៃប្រើបន្តទៀត។ ពេលយកចិត្តទុកដាក់រឿងដែលជាកុសល
គឺភាពមិនមែនជាម្ចាស់កម្មសិទ្ធិ និងជាម្ចាស់បណ្តោះអាសន្ន រមែងលះបង់សេចក្ដីលោភ ក្នុងទ្រព្យសម្បត្តិនោះ។
ប្រសិនបើបាននឹកគិតទៅក្នុងផ្លូការបៀតបៀនដោយអំណាចទោសៈ ក៏គប្បីចម្រើនមេត្តា ដោយការរលឹកនឹកដល់ព្រះពុទ្ធវចនៈ
ដែលជាការប្រព្រឹត្តទៅ ដើម្បីធូរថយកម្លាំងអាឃាត ដូចជា ពុទ្ធវចនកកជូបមសូត្រ (១២/១៧២)
ពោលថា
ម្នាល់ភិក្ខុទាំងឡាយ ប្រសិនបើមានពួកចោរ បុគ្គលមានសេចក្ដីប្រពឹត្តទាបថោក
យករណាដែលមានទីជាទីចាប់ទាំងសងខាង អារអវៈយវៈតូចធំរបស់ពួកអ្នក ទោះបីក្នុងហេតុនោះ ភិក្ខុមានចិត្តគិតអាក្រក់ចំពោះចោរទាំងនោះក៏ដោយ
ភិក្ខុនោះមិនជឿថា ជាអ្នកធ្វើតាមពាក្យបង្រៀនរបស់យើងទេ ព្រោះហេតុដែលអត់សង្កត់ចិត្តមិនបាននោះ។
ភិក្ខុទាំងឡាយនោះ ទោះបីក្នុងប្រការនោះ ពួកអ្នកគប្បីសិក្សាយ៉ាងនេះថា ចិត្តរបស់យើងនឹងមិនប្រែប្រួល
យើងនឹងមិនបញ្ចេញវាចាលាមក យើងនឹងអនុគ្រោះដោយវត្ថុ ដែលមានប្រយោជន៍ យើងនឹងមានចិត្តមេត្តា
មិនមានទោសៈខាងក្នុង យើងនឹងផ្សាយមេត្តាដ៏បរិបូណ៌ ឲ្យក្រៃលែង រកប្រមាណមិនបាន មិនមានពៀរ
មិនមានព្យាបាទ ទៅពេញសាកលលោក ទៅគ្រប់ទិសទី ដែលជាអារម្មណ៍របស់ចិត្តនោះ។ ពេលយកចិត្តទុកដាក់លើអារម្មណ៍
គឺចម្រើនមេត្តា រមែងលះបង់ទោសៈនោះបាន ដូចជាជាងឈើឆ្លាតប្រើដែកដូយ យោក ដកស្នៀតឈើដ៏ធំចេញបានដូច្នេះដែរ។
២) ពេលយកចិត្តទុកដាក់អារម្មណ៍ដទៃជាកុសល អកុសលវិតក្កៈនឹងកើតឡើងរឿយៗ
ក៏គួរពិចារណាទោសរបស់អកុសលវិតក្កៈថា រមែងប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនខ្លះ បៀតបៀនបុគ្គលដទៃខ្លះ បៀតបៀនខ្លួន និងអ្នកដទៃខ្លះ ធ្វើឲ្យបញ្ញាអាប់ បង្កឲ្យកើតនូវភាពឈឺចាប់
ឲ្យផលជាសេចក្ដីទុក្ខ សេចក្ដីក្តៅក្រហាយ មិនប្រព្រឹត្តទៅដើម្បីព្រះនិព្វាន។ ពេលពិចារណាទោសនៅដូច្នេះ
រមែងលះបង់អកុសលវិតក្កៈនោះបាន ដូចជាបុរសកម្លោះស្រីក្រមុំដឹងថា មានសាកសពដែលជារបស់បដិកូលគួរឲ្យខ្ពើមរអើមចងនៅត្រង់កក
រមែងប្រញាប់បោះចោលសាកសពនោះទៅដោយលឿន។
៣) ពេលកំពុងពិចារណាទោសរបស់អកុសលវិតក្កៈនោះ អកុសលវិតក្កៈនឹងកើតឡើងរឿយៗ
កុំយកចិត្តទុកដាក់ កុំនឹកដល់អកុសលវិតក្កៈនោះ។ ពេលណាមិននឹក មិនយកចិត្តទុកដាក់ ក៏រមែងលះបង់អកុសលវិតក្កៈនោះបាន
ដូចជាបុរសអ្នកមានចក្ខុ មិនត្រូវការឃើញរូបដែលឆ្លងកាត់មក គេគប្បីបិទភ្នែក ឬគេចមើលទៅម្ខាងទៀត។
ព្រះបូរាណាចារ្យ ក៏ធ្លាប់ប្រើវិធីនេះ ដោះស្រាយភាពក្រវល់ក្រវាយរបស់តិស្សសាមណេរដែលត្រូវការលាចាកសិក្ខា(សឹក)ដែរ។
មានរឿងដំណាលថា តិស្សសាមណេរ គិតចង់លាចាកសិក្ខា
ទើបក្រាប់ថ្វាយជូនដំណឹងដល់ព្រះឧបជ្ឈាយ៍លោកជ្រាប។ ព្រះថេរៈទើបរកវិធីបំបែរអារម្មណ៍របស់សាមណេរ
ដោយពោលថា ក្នុងវិហារនេះរកទឹកបានដោយលំបាក អ្នកចូរនាំយើងទៅឯចិត្តលដាបព្វៈ សាមណេរក៏ធ្វើតាម
ព្រះថេរៈក៏ពោលជាមួយសាមណេរតទៅទៀតថា ចូរអ្នកសាងជាទីគង់នៅថ្មី ឲ្យជាទីនៅអាស្រ័យពិសេសបុគ្គលម្នាក់។
សាមណេរក៏ទទួលពាក្យ រួចហើយសាមណេរក៏ចាប់ផ្តើមរឿងទាំង៣ព្រមៗគ្នា គឺរៀនគម្ពីរសំយុត្តនិកាយតាំងពីដើម
ការជម្រះទីធ្លាឯញកភ្នំ និងការបរិកម្មតេជោកសិន រហូតដលអប្បនា។ ពេលរៀនសំយុត្តនិកាយចប់សព្វគ្រប់ហើយ
ក៏ចាប់ផ្តើមធ្វើនៅក្នុងគុហារ។ ពេលធ្វើកិច្ចទាំងពួងសម្រេចហើយ ក៏បង្គំប្រាប់ឧបជ្ឈាយ៍ឲ្យលោកជ្រាប។
ព្រះឧបជ្ឈាយ៍ពោលថា សាមណេរដែលនៅ ជាពិសេសបុគ្គលម្នាក់ ដែលអ្នកធ្វើសម្រេចនោះ ធ្វើបានលំបាក
អ្នកហ្នឹងឯងចូរនៅ។ សាមណេរនោះ ពេលនៅក្នុងគុហារពេញមួយរាត្រី បានឧតុសប្បាយៈ ទើបញ៉ាំងវិបស្សនាឲ្យចម្រើន
ហើយសម្រេចព្រះអរហត្ត បរិព្វានក្នុងគុហារនៅឯង។ ជនទាំងឡាយ ទើបយកអដ្ឋិធាតុសាមណេរនោះ មកកសាងព្រះចេតិយដំកល់ទុក។
នេះគឺជារឿងរបស់តិស្សសាមណេរ ដែលត្រូវព្រះឧបជ្ឈាយ៍ បំបែរចំណាប់អារម្មណ៍ ឲ្យទៅធ្វើរឿងដែលជាកុសល
រហូតដល់ភ្លេចគំនិត ដែលចង់លាចាកសិក្ខា។ ពេលមិនយកចិត្តទុកដាក់ ពេលមិននឹកដល់ គំនិតដែលចង់លាចាកសិក្ខានោះ ក៏រលាយបាត់ទៅឯកឯង។
៤) ពេលមិននឹកដល់ មិនយកចិត្តទុកដាក់ក្នុងអកុសលវិតក្កៈនោះ
អកុសលវិតក្កៈ ក៏មិនកើតឡើងរឿយៗ ក៏គួរយកចិត្តទុកដាក់ដល់ហេតុ របស់អកុសលវិតក្កៈនោះ តើមានអ្វីជាហេតុ? មានអ្វីជាបច្ច័យ? ព្រោះហេតុអ្វីទើបកើតឡើង? ពេលរាវរកជួបហេតុបច្ច័យដែលជាឫសគល់ហើយ អកុសលវិតក្កៈនោះ រមែងនឹងស្រាលឡើង
ហើយដល់សេចក្ដីរំលត់ទៅដោយប្រការទាំងពួង។
៥) ពេលកំពុងយកចិត្តទុកដាក់ដល់ហេតុនៃអកុសលវិតក្កៈនោះ
អកុសលនឹងកើតឡើងរឿយៗ ក៏គប្បីអត់សង្កត់ចិត្តដោយខាំធ្មេញ ទុលពិដានដោយអណ្តាត ទប់សង្កត់
ប្រចាច់ បង្គាប់ចិត្តដោយចិត្ត។ ពេលបង្ខំចិត្តយ៉ាងដូច្នេះ រមែងលះបង់អកុសលវិតក្កៈនោះចោលបាន
ដូចជាបុរសអ្នកមានកម្លាំងខ្លាំង ចាប់បុរសអ្នកមានកម្លាំងខ្សោយជាប់បាន ហើយចាប់សង្កត់ត្រង់ក្បាល
កឬកញ្ចឹងកជាប់នែន ធ្វើបុរសនោះឲ្យក្តៅរោលរាល ឲ្យលំបាក ឲ្យឱនក្រាប យ៉ាងដូច្នោះ(វិតក្កសន្ធានសូត្រ
១២/ ២៥៦)
វិធីគ្រប់គ្រងអកុសលវិតក្កៈទាំង ៥ ប្រការនេះ អាចសង្ខេបឲ្យខ្លី
ដើម្បីឲ្យចាំបានងាយដូចនេះគឺ
១) ផ្លាស់ប្តូរនិមិត្ត
បែរមកគិតរឿងដែលជាកុសល និងជាគូសម្រប់សម្រួលគ្នាបាន។
២) ពិចារណាទោសា
ពិចារណាទោសរបស់គំនិតផ្នែកអាក្រក់។
៣) កុំទៅចាប់អារម្មណ៍
កុំទៅចាប់អារម្មណ៍គំនិតផ្នែកអាក្រក់ រកការងារដទៃធ្វើ។
៤) រកហេតុដែលគិត
រកមូលហេតុរបស់គំនិតផ្នែកអាក្រក់។
៥) បង្ខំចិត្ត យកធ្មេញខាំធ្មេញ
យកអណ្តាតទល់ពិដាន ដើម្បីទប់សង្កត់ចិត្ត។
បុគ្គលដែលបានហ្វឹកហាត់តាមវិធីទាំង ៥នេះ រហូតដល់ជំនាញ
រមែងគ្រប់គ្រងគំនិតខ្លួនបាន។ ពេលត្រូវការគំនិតគិតរឿងអ្វី ក៏គិតរឿងនោះបាន មិនត្រូវការគិតរឿងអ្វី
ក៏លែងគិតរឿងនោះបាន។ ការគ្រប់គ្រងគំនិតបាន ដូចចិត្តនឹកដូច្នេះ មានប្រយោជន៍យ៉ាងច្រើនទាំងផ្លូវលោក
និងផ្លួវធម៌៕[edit]
អរគុណ៖ បទវិភាគធម្មអប់រំចិត្ត
No comments:
Post a Comment