Sunday, August 7, 2016

“គុណធម៌ ៦០ប្រការ ប្រចាំត្រកូលគ្រួសារ ជោគវឌ្ឍនា”

គុណធម៌ ៦០ប្រការ ប្រចាំត្រកូលគ្រួសារ ជោគវឌ្ឍនាល្អណាស់រក្សាទុកសម្រាប់អប់រំកូនចៅ

គុណធម៌ផ្សេងៗ ដែលមានត្រកូលគ្រួសារខ្លះ មានទុកជាគោលក្នុងការប្រតិបត្តិ ផ្ទេរបន្តគ្នាមកយ៉ាងយូរ ដោយមិនឲ្យសាបសូន្យ អាប់ឱនវង្សត្រកូល ឬឲ្យកេរ្តិ៍ឈ្មោះពូជអំបូរមាន មិនល្អនៅក្នុងសង្គមរហូតមក។ ប្រសិនបើគ្រួសារណា មានការចាប់អារម្មណ៍ លើគោលការណ៍ប្រតិបត្តិនេះ អាចនាំយកទៅសិក្សា និងអនុវត្តរក្សាទុក ដើម្បីអប់រំខ្លួន ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ និងដើម្បីសេចក្ដីសុខរបស់គ្រួសារ និងជីវិតរបស់ខ្លួន។
ពាក្យអប់រំប្រចាំត្រកូល ជោគវឌ្ឍនាអ្នកជំនួញមានគុណធម៌ អប់រំតាំងពី តាទូតតាលា មកដល់ជំនាន់កូនៗ និងដល់ជំនាន់ចៅៗ។ យើងមិនមែនលើកកំពស់កោតសរសើរពីភាពមានបាន ភាពស្តុកសម្តម្ភរបស់ត្រកូលមួយនេះទេ ប៉ុន្តែអ្វីដែលយើងចង់បាន និងចង់បង្ហាញនោះគឺ គុណធម៌ប្រចាំត្រកូល៦០ ប្រការ ដែលលោកតា បុនកៀត ជោគវឌ្ឍនាបានទទួល និងផ្ញើបញ្ជូនបន្តមកក្នុងសង្គម  Line: យកទុកអប់រំខ្លួន និងអប់រំកូន ព្រមទាំងចៅៗ។

១) ចូរកូនចងចាំទុកថា... ការមិនតស៊ូក្នុងករណីខ្លះ ត្រឡប់ជាបានវីរកម្មដ៏ក្រៃលែងជាងជាការតស៊ូ ដោយការយកស្លាប់យករស់។
២) ចូរកូនកុំជ្រើសរើសរបស់ដែលចូលចិត្ត តាមសេចក្ដីប្រាថ្នាចង់បានរបស់កូន ប៉ុន្តែចូរជ្រើសរើសដោយសតិបញ្ញា និងពិចារណាដល់គុណសម្បត្តិ និងគុណវិបត្តិរបស់វាជាមុនសិន។
៣) ចូរកូនកុំក្រោធខឹងមនុស្សអាក្រក់ តាមពិតទៅគេក៏ចង់បានល្អដូចគ្នា ប៉ុន្តែគេមិនយល់ថា អ្វីទៅជាអំពើល្អ...អ្វីទៅជាអំពើអាក្រក់ប៉ុណ្ណោះ។
៤) កូនមុននឹងរិះគន់ តិះដៀលអ្នកណាមួយ ចូរកូនពិនិត្យមើលខ្លួនឯងសិន កុំឲ្យគេសូកច្រាស់ត្រឡប់មកវិញបាន។
៥) កូននឹងឃើញថា បុគ្គលដែលមានសម្មាគារវៈ នឹងជួបតែសេចក្ដីចម្រើន ការឱនលំទោនជាគុណសម្បត្តិរបស់សុភាពបុរស ការលើកដៃសំពះអ្នកដទៃបាន គឺជាការបំផ្លាញខ្លួនអញ... របស់អញចេញ។
៦) កូនគប្បីជាមនុស្សរឹងមាំង... មិនរឹសរូស កូនគប្បីជាមនុស្សគេប្រដៅងាយ...មិនមាក់ងាយ កូនគប្បីជាមនុស្សទន់ភ្លន់...មិនទន់ជ្រាយឡើយ។
៧) កូនគួររវាសរវៃរហ័សរហួន ដែលជាបច្ច័យនៃភាពរីកចម្រើនរបស់គ្រួសារ។
៨) មាសប្រាក់ដែលកូនមាន កាន់តែប្រើ កាន់តែអស់ទៅ។ បញ្ញាដែលកូនរកបាន កាន់តែប្រើ ក៏កាន់តែចម្រើនឡើង។
៩) ប្រសិនបើកូនធ្វើបានល្បី នឹងត្រូវគេញាក់ភ្នែកដាក់ និងសមមុខហើយ កូននឹងបាត់បង់ជំហរ ព្រោះតែចង់លេចធ្លោ និងចង់ល្បីល្បាញ។
១០) ចូរកូនចាំទុកថា មាសប្រាក់លុយកាក់ជារបស់ក្រៅខ្លួនទេ ម្តាយឪពុក នឹងសុខសប្បាយចិត្ត ពេលណាបងប្អូនចេះស្រលាញ់គ្នា។
១១) ចូរកូនបង្អោនបន្ទន់ខ្លួនតាម ដោយវៃឆ្លាត និងសុខុម ការបរាជ័យដោយសិល្បះ ល្អជាងការយកឈ្នះដោយអារម្មណ៍។
១២) ភាពក្លាហាន ត្រូវប្រកបដោយដោយសតិបញ្ញា ប្រសិនបើកូនក្លាហានដោយគ្មានសតិបញ្ញា គេហៅថា មនុស្សល្ងីល្ងឺឥតបទ។
១៣) កូនត្រូវធ្វើគ្រប់យ៉ាងដោយសុចរិតភាព។ ពេលណាមានសុចរិតភាព ចិតស្រស់ថ្លា ពេលណាមានទុច្ចរិត ចិត្តសៅហ្មង។
១៤) ទ្រព្យសម្បត្តិ មិនមែនជាវត្ថុចាំបាច់ ដែលម៉ែពុកនឹងឲ្យដល់កូនទេ។ ចំណេះដឹង និងការប្រព្រឹត្តល្អប៉ុណ្ណោះ ដែលម៉ែពុកគួរប្រគល់ឲ្យដល់កូន... ជាទីស្រលាញ់។
១៥) កូនគេចផ្លូវឲ្យគេ គឺជាការបើកផ្លូវឲ្យយើងរូចផុតពីគ្រោះថ្នាក់។ នៅចុងបញ្ចប់កូននឹងទទួលបានផលល្អដូចគ្នា ទាំងគេ និងកូន។
១៦) ចុងផ្លូវបំផុតនៃការមិនចេះគ្រប់គ្រាន់គឺ...សេចក្ដីទុក្ខ។
១៧) ចូរកូនចាំទុកថា...បុគ្គលដែលមិនចេះឲ្យអភ័យទោសដល់អ្នកដទៃ គឺជាបុគ្គលទន់ជ្រាយផ្នែកចិត្ត។ ការឲ្យអភ័យទោសដល់សត្រូវគឺជា ការសាងមិត្តមេត្រីភាព។
១៨) ប្រសិនបើអ្នកដទៃបោកប្រាស់យើង យើងដឹងបានងាយ និងដោះស្រាយបានងាយ ប៉ុន្តែប្រសិនបើកូនបោកប្រាស់ខ្លួនឯង ដឹងបានពិបាក កែខៃបានពិបាក។
១៩) កូនគួរចាំរឿងដែលគួរធ្វើ បំភ្លេចរឿងដែលគួរបំភ្លេច។ ធ្វើរឿងដែលគួរធ្វើ និងត្រូវដឹងថា រឿងណាគួរធ្វើមុន និងរឿងណាគួរធ្វើក្រោយ។
២០) ពេលកូនសង្កេតមើល នឹងរកឃើញថា នៅពីក្រោយសម្លេងសើច នឹងមានទឹកភ្នែក នៅពីក្រោយការជូតទឹកភ្នែក នឹងឃើញពន្លឺធម៌ គឺជាសច្ចភាពនៃជីវិត។
២១) ជំពប់ដួល ដោយសារបោះជំហានទៅមុខ នៅល្អជាងកូនឈរជាប់នឹងកន្លែង ព្រោះបើកូនឈរស្រួលមិនស្រួល នឹងមានមនុស្សមកធាក់ឲ្យដួលផ្ងារងាយ។
២២) ចូរកូនរកសេចក្ដីសុខជាមួយនឹងបច្ចុប្បន្ន កុំប្រាថ្នាសុបិនដល់អនាគត កុំដេកលក់នៅនឹងអតីត នឹងកើតទុក្ខ។
២៣) ជោគជ័យ...កាន់ជើងតែបុគ្គលដែលមានសេចក្ដីដាក់ខ្លួនជានិច្ច ប្រសិនបើកូនជាអ្នកតូចត្រូវគំនាបអ្នកធំ អ្នកណាក៏ស្រលាញ់ ប្រសិនបើកូនជាអ្នកធំយល់អ្នកតូច អ្នកតូចក៏មានចិត្តភក្ដី។
២៤) ជីវិតគឺជាការតស៊ូ សត្រូវគឺជាថ្នាំប៉ូវកម្លាំង។ សូមឲ្យកូនចេះគិតជានិច្ចថា ប្រសិនបើមានរឿងអ្វីក្នុងលោកនេះ ដែលអ្នកដទៃធ្វើបាន មិនមានហេតុផលណា ដែលយើងធ្វើមិនបានទេ។
២៥) ភាពសោកសៅខូចចិត្ត ពុំធ្វើឲ្យអ្នកណា ទទួលបានប្រយោជន៍អ្វីទាល់តែសោះ ក្រៅពីធ្វើឲ្យសត្រូវរបស់យើងសប្បាយចិត្ត និងបាក់មុខតែប៉ុណ្ណោះ។
១៦) ពេលណាជួបភ័យនៅចំពោះមុខ ចូរគេចចូលទៅរកលោក ល្អជាងគេចចូលទៅរកចោរ ហើយចោរនឹងឆក់យកឱកាសពីយើងជានិច្ច...ដោយនឹកស្មានមិនដល់។
២៧) មនុស្សយើងមានសេចក្ដីលោភគ្រប់រូប ប្រសិនបើលោភលន់ខ្លាំង ក៏នឹងកើតទុក្ខខ្លាំង ប្រសិនបើលោភតិច នឹងកើតទុក្ខក៏តិច។
២៨) ប្រសិនបើកូនប្រព្រឹត្តល្អ កូនក៏នឹងជួបមនុស្សប្រព្រឹត្តល្អ ប្រសិនបើកូនប្រព្រឹត្តអាក្រក់ កូននឹងជួបជាមួយមនុស្សអាក្រក់។
២៩) កូនកុំទៅខ្លាចឡើយថា នឹងរៀបការជាមួយនឹងមនុស្សមិនល្អ ប្រសិនបើកូនមិនជក់ មិនផឹក មិនលេង មិនដើរ កូននឹងជួបគូគ្រងដែលមិនចេះជក់ មិនផឹក មិនលេង និងមិនដើរ។
៣០) មិនថាមនុស្សឬសត្វ ត្រូវការពាក្យទន់ផ្អែម កូនក៏ដូចគ្នា គួរនិយាយពាក្យទន់ភ្លន់ផ្អែមល្ហែម ដល់អ្នកដទៃ ពេលកូនទន់ផ្អែមដល់អ្នកដទៃ អ្នកដទៃនឹងទន់ផ្អែមមករកកូនវិញ។
៣១) ភ្លេចអ្វីក៏ភ្លេចបាន ប៉ុន្តែកុំភ្លេចប្រាណ បាត់បង់អ្វីក៏បាត់បង់បាន តែកុំឲ្យបាត់បង់មនុស្ស ខុសអ្វីក៏ខុសបាន ប៉ុន្តែកុំឲ្យខុសសីលធម៌។
៣២) ចូរកូនចាំទុកថា សត្រូវថ្ងៃនេះ អាចជាមិត្តក្នុងថ្ងៃក្រោយ ព្រោះហេតុដូច្នោះ កុំធ្វើអ្វីគេឲ្យធ្ងន់ដៃ និងជ្រុលពេក។
៣៣) ចូរកូនសប្បាយជាមួយការចាយលុយកាក់ នឹងព្រមគ្នានោះ កូនត្រូវសប្បាយជាមួយនឹងការប្រមូលរក្សាប្រាក់ នឹងខ្លាំងជាងនោះ ត្រូវសប្បាយជាមួយការស្វែងរកប្រាក់ ដោយមិនកើតទុក្ខ គឺការស្វែងរកដោយភាពត្រឹមត្រូវ។
៣៤) ទង្វើរបស់កូន ជួនកាលនៅមិនត្រូវចិត្តខ្លួនឯង ហើយចុះនឹងឲ្យអ្នកដទៃធ្វើឲ្យត្រូវចិត្តបានយ៉ាងម៉េចទៅ! គិតដល់ត្រង់នេះ កូននឹងមិនប្រកាន់ខឹងអ្នកដទៃឡើយ។
៣៥) ប្រសិនបើកូនក្លាហានដោយត្រឹមត្រូវ និងក្លាយជាមនុស្សឆ្លាតឈ្លាស ប្រសិនបើកូនក្លាហានដោយក្តីល្ងីល្ងឺ នឹងក្លាយជាមនុស្សល្ងង់ខ្លៅ។ សូមឲ្យកូនក្លាហាន ប្រកបដោយភាពឆ្លាតឈ្លាស។
៣៦) បាប និងបុណ្យ ដែលកូនកំពុងធ្វើក្នុងខណៈពេលនេះ ថ្ងៃណាមួយវានឹងប្រមូលផ្តុំគ្នាមកតបស្នងសងដល់កូនវិញ។ វត្ថុដែលកូនទទួលបាននៅសព្វថ្ងៃនេះ ជាផលដែលចេញពីទង្វើរបស់កូនទាំងអស់។
៣៧) ចូរកូនចង់ចាំទុកថា...ធម្មជាតិមិនធ្លាប់លើកលែងឲ្យបុគ្គលណាមួយឡើយ បុគ្គលណាធ្វើយ៉ាងណា ក៏ត្រូវទទួលបានយ៉ាងនោះ ប៉ុន្តែធម្មជាតិក៏ផ្តល់ឱកាសដល់មនុស្សគ្រប់រូបជានិច្ច គ្រាន់តែយើង...ដោយភាគច្រើន យើងមិនទាន់ទទួលបានឱកាសនោះតែប៉ុណ្ណោះ។
៣៨) ពេលមានបញ្ហា ដោះស្រាយឲ្យត្រូវបញ្ហា នឹងផុតទុក្ខាបានឆាប់ កុំធ្វើដូចជាយាយចាស់ៗ សម្លឹងរកម្ជុលត្រង់បង្គោលភ្លើង ព្រោះមានពន្លឺភ្លឺច្បាស់ ប៉ុន្តែទោះជាខំរកប៉ុនណាក៏រកមិនឃើញ ព្រោះដោយហេតុថា ដោះស្រាយបញ្ហាមិនត្រូវបញ្ហា ម្ជុលបាត់នៅឯក្នុងផ្ទះ ហើយមករកវានៅក្រៅផ្ទះវិញ ដោយសារតែក្នុងផ្ទះមិនមានភ្លើងអគ្គិសនី...អ៊ីចឹង! គួរឲ្យខ្នាញ់មែនទេ?
៣៩) ចូរកូនចងចាំទុកថា មនុស្សឃើញពីលុយកាក់ រាប់អានក្រ មនុស្សឃើញពីការងារ រាប់អានងាយ មនុស្សយល់ឃើញពីអ្នកដទៃ រាប់អានសប្បាយ។
៤០) ប្រសិនបើកូនប្រាថ្នាចង់ឲ្យអ្នកដទៃស្រលាញ់ កូនត្រូវធ្វើខ្លួនគួរឲ្យស្រលាញ់ កូនទើបនឹងជាទីស្រលាញ់របស់អ្នកដទៃបាន។
៤១) ឈើដួលដើររំលងបាន មនុស្សដួលកុំដើររំលង សំខាន់បំផុត...កូនកុំរំលងខ្លួនឯង។
៤២) បុគ្គលដែលក្លាហាន គឺបុគ្គលដែលអាចបង្គាប់បញ្ជាលើខ្លួនឯងបាន។ ប្រសិនបើកូនចាប់ផ្តើមដាំកូនឈើ ត្រូវបម្រុងឫស ប៉ុន្តែប្រសិនបើដាំចិត្ត ត្រូវបម្រុងដោយសីល ដោយធម៌។
៤៣) កូនបានកើតមកជាមនុស្សហើយ ត្រូវព្យាយាមធ្វើល្អបំផុត។ ពេលធ្វើល្អបំផុតហើយ ក្រៅពីនោះទុកឲ្យព្រហ្មលិខិតចុះ។ បូរាណថា លិខិតរបស់ព្រហ្ម(ផលនៃទង្វើ) ជោគជតាជារបស់មនុស្ស(ការធ្វើរបស់ខ្លួនឯង)
៤៤) កូនគួរនឹងព្រមខុសចិត្តជាមួយសុភាពជន ប៉ុន្តែកុំខុសចិត្តជាមួយជនពាល នឹងក្តៅក្រហាយ ដោយគ្មានផ្លូវគេចរួច។
៤៥) ការមិនប្រុងប្រយ័ត្នក្នុងការចាយវាយកំប៉ិកកំប៉ុក អាចធ្វើឲ្យរលំរលាយបាន ដូចជានាវាមានរន្ធលេចតូចៗក៏អាចធ្វើឲ្យនាវាធំលិចបាន។
៤៦) រោគភ័យផ្លូវរូបកាយ នឹងចូលតាមទ្វាមាត់ ភ័យវិបត្តិក៏នឹងចេញពីមាត់របស់យើងដូចគ្នា។ ពេលកូននឹងនិយាយអ្វី ចូរកូនពិចារណាឲ្យបានច្បាស់សិន។
៤៧) ការក្រោធខឹង ជានិស្ស័យរបស់បុថុជ្ជន ការឲ្យអភ័យទោសជានិស្ស័យរបស់បណ្ឌិត។
កូននឹងក្លាយជាបណ្ឌិត ទើបត្រូវហ្វឹកហាត់ការឲ្យអភ័យ ដោយមានក្តីមេត្តា នឹងដោះស្រាយសេចក្ដីក្រោធបាន។
៤៨) ការធ្វើដំណើររាប់ម៉ឺនលី ត្រូវឈានចេញពីមួយជំហានដំបូង។ ពេលកូនមានអំណាច ចូរកុំឆ្កួតអំណាច ពេលកូនមានសេចក្ដីសុខ កុំលង់វង្វេង ប្រយ័ត្នសេចក្ដីទុក្ខនឹងតាមមក។
៤៩) ប្រសិនបើកូនឲ្យលុយកាក់មិត្តខ្ចី...ប្រយ័ត្នអស់ទាំងលុយ នឹងអស់ទាំងមិត្ត ហើយនឹងខូចចិត្ត ព្រោះហេតុដូច្នោះ កូនកុំឲ្យលុយអ្នកណាខ្ចី ប្រសិនបើមានឲ្យគេទៅចុះ។
៥០) ប្រសិនបើមានមន្ទិលសង្ស័យអ្នកណាហើយ កូនកុំធ្វើជំនួញរួមគ្នាឡើយ ព្រោះនឹងមានតែភាពសង្ស័យគ្នា ការងារមិនទៅដោយរលូន សេចក្តីទុក្ខនឹងចូលមកក្នុងចិត្តកូន។
៥១) នាវាដែលចេញទៅសមុទ្រ បដិសេធខ្យល់រលក់មិនបានយ៉ាងណា ជីវិតរបស់កូន ក៏បដិសេធឧបសគ្គមិនបានក៏យ៉ាងនោះដែរ។
៥២) កូនសង្កេតមើលដឹងថា បុគ្គលជាមនុស្សល្អ ច្រើនតែទន់ភ្លន់ដាក់ខ្លួន បុគ្គលល្ងង់ច្រើនតែឆ្មើងឆ្មៃ ក្រអើតក្រទម មនុស្សល្ងង់ច្រើនអំនួតខ្លួនឯងថា ឆ្លាត ឬចង់ឲ្យមនុស្សដទៃគេដឹងថា ឆ្លាត ទើបអួត និយាយបង្គាប់បញ្ជា សង្កត់សង្កិនអ្នកដទៃ។ រីឯមនុស្សឆ្លាត ច្រើនតែមិនមានអំនួតខ្លួន នឹងជាមនុស្សទន់ភ្លន់ ដាក់បន្ទាបខ្លួន មិនឆ្មើងមិនឆ្មៃ មិនក្អេងមិនក្អាង និងចូលចិត្តប្រកាសអំពើល្អរបស់អ្នកដទៃ។
៥៣) សត្វឃ្មុំ ចូលចិត្តរបស់ក្រអូបរបស់ផ្អែម សត្វរុយចូលចិត្តរបស់ស្អុយ របស់គំរុង។ ប្រសិនបើកូនចូលចិត្តរឿងមិនល្អ សេពគប់មនុស្សមិនល្អ និយាយមិនល្អ ធ្វើមិនល្អ ទៅកាន់ទីមិនល្អហើយ រូបកូនប្រៀបដូចជាសត្វរុយ ហើយមិនមានបុគ្គលណា គេចូលចិត្ត ឬចង់នឹងផ្តល់ក្តីស្រលាញ់ឡើយ។ ប៉ុន្តែប្រសិនបើកូនគិតល្អ និយាយល្អ ធ្វើល្អ រាប់អានមនុស្សល្អ និងឆ្ពោះទៅកាន់កន្លែងល្អ កូនប្រៀបដូចជាសត្វឃ្មុំ មនុស្សល្អណា គេក៏ចង់រាប់អានផងដែរ។ ប្រសិនបើកូនជាសត្វឃ្មុំ កូននឹងបានជួបជាមួយផ្កា ប្រសិនបើកូនជាសត្វរុយវិញនោះ កូននឹងបានជួបជាមួយគំរុង។ ចាស់បូរាណពោលទុកថា “ខ្ជិលជាសត្វរុយ ឧស្សាហ៍ជាសត្វឃ្មុំ”។
៥៤) បុគ្គលដែលស្គាល់ប្រមាណខ្លួន ជាមនុស្សឆ្លាត កូនគួរចាយវាយតាមខ្ទង់តាមខ្នាត(ឋានៈ) កូននឹងមិនខ្សត់ខ្សោយជារៀងរហូត។
៥៥)  ប្រសិនបើកូនមានសេចក្ដីព្យាយាម និងដាក់បន្ទាបខ្លួនហើយ នៅក្រោមផ្ទៃមេឃមួយនេះ កូននឹងធ្វើបានគ្រប់យ៉ាង។ មានព្រះធម៌អប់រំថា មនុស្សឆ្លងសេចក្ដីទុក្ខបាន ដោយសារសេចក្ដីព្យាយាម
៥៦) ប្រសិនបើកូនធ្វើកិច្ចការដោយអន្ទះសា ទាន់ហន់ ច្រើននឹងនាំកំហុសឆ្គងមកឲ្យកូនជានិច្ច។ កូនធ្វើដោយភាពរួតរះ បែបបទមានសតិស្មារតី ទើបនឹងជោគជ័យ បានត្រឹមត្រូវ និងសប្បាយរីករាយ។  
៥៧) ការនិន្ទា និងការមួលបង្កាច់បង្ខូចលើជនដទៃ វាឈឺចាប់ច្រើនជាងការយកកំបិតទៅអារសាច់គេច្រើនដងទៀត។ ពេលកូនយល់យ៉ាងនេះហើយ កុំនិន្ទា កុំបង្កាច់បង្ខូចលើជនដទៃឡើយ ព្រោះពេលគេឈឺចាប់ ដោយសារសម្តីរបស់យើងហើយ គេអាចសាងកំហុសដល់យើងវិញជាមិនខាន យើងក៏ក្តៅក្រហាយដែរ។
៥៨) មនុស្សខ្ជិល ច្រើនអាងថា នៅមិនទាន់ធ្វើ ព្រោះព្រឹកពេក ព្រោះត្រជាក់ពេក ព្រោះក្តៅពេក ព្រោះរងាពេក ព្រោះភ្លៀងធ្លាក់ ព្រោះថ្ងៃរះ  ប្រសិនបើកូនអាងយ៉ាងនេះ នឹងធ្វើអ្វី ក៏មិនសម្រេចដែរ។
៥៩) ក្នុងសម័យនេះ អ្នកណាក៏គេចូលចិត្តរបស់ល្អៗ តែមិនដឹងទេថា តើដូចម្តេចដែលហៅថាល្អ ទើបសូមកើនរំលឹកថា៖
...កុំល្អតែគិត កូនត្រូវគិតល្អៗ
...កុំល្អតែសម្តី កូនត្រូវនិយាយល្អៗ
...កុំល្អតែធ្វើ កូនត្រូវធ្វើល្អៗ
...កុំល្អតែសេពគប់ កូនត្រូវសេពគប់ល្អៗ
...កុំល្អតែទៅ កូនត្រូវទៅល្អៗ
ចូរកូនគិតល្អ និយាយល្អ ធ្វើល្អ រាប់អានល្អ ទៅកាន់ទីដែលល្អៗ។

៦០) ប្រសិនបើកូនលះបង់រឿងតូចតាច ធ្វើខុសត្រឹមតែចំណុចតូចមួយ ក្នុងពេលបច្ចុប្បន្ន កូនអាចត្រូវស្តាយក្រោយខ្លាំងនៅពេលជាខាងក្រោយ។
          គិតជាមួយអ្នកដទៃមិនល្អ ក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃគិតមិនល្អជាមួយយើងវិញ នៅថ្ងៃក្រោយ។
          ធ្វើជាមួយអ្នកដទៃមិនល្អ ក្នុងថ្ងៃនេះ អាចអ្នកដទៃ ធ្វើចំពោះយើងមិនល្អវិញ នៅថ្ងៃក្រោយ។
          រំខានដល់អ្នកដទៃ ក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃរំខានវិញ នៅថ្ងៃក្រោយ
          កែងប្រវ័ញ្ញអ្នកដទៃបាន ក្នុងថ្ងៃនេះ អាចអ្នកដទៃគេងប្រវ័ញ្ញវិញ នៅថ្ងៃក្រោយ។
          កុហកអ្នកដទៃបាន ក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃកុហកវិញ នៅថ្ងៃក្រោយ។
មើលងាយអ្នកដទៃបាន ក្នុងថ្ងៃនេះ អាចត្រូវគេមើលងាយវិញ នៅថ្ងៃក្រោយ។ 
          ខឹងអ្នកដទៃ ក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃខឹងវិញ នៅថ្ងៃក្រោយ។
          ឫស្សា អាឃាតអ្នកដទៃ ក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃឫស្យា អាឃាតវិញ នៅថ្ងៃក្រោយ។
          សម្លាប់អ្នដទៃ ក្នុងថ្ងៃនេះ អាចត្រូវគេសម្លាប់វិញ នៅថ្ងៃក្រោយ។

ផ្ទុយមកវិញ..
ប្រសិនបើកូនស្រលាញ់ និងមានមេត្តាដល់អ្នកដទៃ នៅក្នុងថ្ងៃនេះ

កូននឹងទទួលបានសេចក្ដីស្រលាញ់ និងក្តីមេត្តា នៅថ្ងៃក្រោយវិញ៕ [edit]

No comments:

Post a Comment