ផឹកស្រាដូចផឹកថ្នាំពុល ជាប្រធានបទមួយដែលស្ថិតនៅក្នុងចំណោមអបាយមុខ៣
ប្រការ ដែលសង្គមចាស់បុរាណ ដែលមានជំនឿក្នុងព្រះពុទ្ធសាសនា តែងតែអប់រំកូនចៅមិនឲ្យដើរលើគន្លងផ្លូវមួយនេះ
ដែលលោកបានយល់ពីពាក្យថា “អបាយមុខ” ដែលមានន័យថា ប្រធាននៃសេចក្ដីវិនាស
គ្រឿងមិនចម្រើនដល់ខ្លួនឯង ហើយនឹងអ្នកដទៃ មិនតែប៉ុណ្ណោះទៀតសោត វានាំឲ្យមានផលប៉ះពាល់ដល់សង្គម
ក្នុងការរស់នៅរបស់មនុស្សទៀតផង។ លើសពីនេះទៅទៀត វាក៏គួរឲ្យភ័យខ្លាចពេលដែលខ្លួនស្លាប់ទៅនោះ
មិនអាចគេចផុតជៀសរួចពីអបាយភូមិ គឺយើងទៅកើតក្នុងស្រុកទេសមិនរីកចម្រើន គ្រួសារក្រីក្រ
អាប់ឱនសតិបញ្ញា ឆ្កួតវង្វេង ដែលគេហៅថា កើតមិនគ្រប់ខែ មិនគ្រប់ទឹកនោះឯង។
ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត
ចង់លើកយកប្រធានបទថា ផឹកសា្រដូចផឹកថ្នាំពុល មកបង្ហាញប៉ុន្តែស្មេរមិនសរសេររៀបរាប់អ្វីឲ្យច្រើនទេ
ទុកឱកាសឲ្យអ្នកអាន នឹងបានមកអានទស្សនវិស័យរបស់លោកគ្រូតូចវិញ តើលោកគ្រូ មានទស្សនៈបែបណាដែរ
ចំពោះប្រធានបទនេះ? តោះចូលទៅអាន ដើម្បីឈ្វេងយល់ ដើម្បីយកទៅប្រតិបត្តិ នាំឲ្យកើតមានប្រយោជន៍ច្រើនប្រការ
សម្រាប់សង្គមជាតិ សម្រាប់ខ្លួនឯងក្នុងជាតិនេះ និងជាតិខាងមុខ។...
ផឹកស្រាដូចផឹកថ្នាំពុល ទោះបីជាថា
ផឹកស្រាវាមិនខុសទៅនឹងច្បាប់ប្រទេសក៏ពិតមែន ប៉ុន្តែខុសទៅនឹងច្បាប់កម្ម។ ច្បាប់កម្ម បានចាត់ទុកសកម្មភាពនេះថា
មិនទទួលខុសត្រូវចំពោះសង្គម។ ប្រសិនបុគ្គលណាជួញដូរទឹកស្រវឹង
ទោះបីមានបានក៏មានបានត្រឹមតែមួយជាតិនេះ ស្លាប់ទៅរមែងទៅកាន់អបាយ
ពេលណាអស់កម្មក្នុងអបាយ បើបានមកកើតជាមនុស្សថ្មី រមែងកើតជាមនុស្សក្នុងជីវភាពក្រលំបាក
ហើយបន្តក្នុងវដ្តៈក្រលំបាកយូរអង្វែងទៀត មានអវៈយវៈពិការ ត្រូវកើតមានជម្ងឺដង្កាត់រោគភ័យច្រើន
ត្រូវមនុស្សល្អប្រមាថកាតទានញាំញីគ្រប់សព្វប្រការ ហើយអាយុខ្លួននោះក៏មិនវែងទៅទៀត។
ទឹកប្រភេទដូចនេះ
បុគ្គលណាច្រកដបទុកតាំងលំអក្នុងផ្ទះ ព្រោះយល់ឃើញថា ជារបស់ស្អាតល្អ
គិតថាវានឹងជួយលើកឋានៈថា ជាបុគ្គលមានរសនិយមខ្ពស់ ប៉ុន្តែព្រះគ្រូ ទត្តជី លោកមានថេរដីកាថា
ជាទឹកស្នៀត បើចង់ឲ្យផ្ទះជាផ្ទះមានមន្តស្នេហ៍ ក៏ត្រូវយកស្នៀតនោះចេញពីផ្ទះ កុំទៅចាប់លើកយកឲ្យអ្នកណាគេឃើញ
ឲ្យយកទឹកហ្នឹងទៅចាក់ចោល ដបក៏យកទៅគ្រវែងចោល។ ការយកស្នៀតចេញពីផ្ទះ
ហើយភាពមានមន្តស្នេហ៍ ភាពជាសិរិមង្គល រមែងកើតមានឡើងក្នុងផ្ទះ ហើយនឹងជាទីដេកពួននៃភោគទ្រព្យទៀតផង។
ព្រោះហេតុដូច្នោះ ត្រង់ផ្ទះបុគ្គលណា មានទឹកប្រភេទនេះ
មានរូបភាពបែបនេះ មានបដិធិន ឬអ្វីៗឲ្យតែស្រា ឲ្យ យកចេញពីផ្ទះរបស់យើងឲ្យផុត
រួចហើយអាចទៅជួយណែនាំបន្តឲ្យគេឈប់ធ្វើរឿងបែបនេះដែរ។
ជាពិសេសព្រះសង្ឃ មានតួនាទីដោយផ្ទាល់
ដែលត្រូវចុះអប់រំពុទ្ធបរិស័ទ មិនត្រូវក្រែងចិត្ត រអាចិត្តបុគ្គលណាមួយទេ។
យើងត្រូវមានក្តីអាណិតមេត្តាខ្លាចថា ពួកគេមានទុក្ខក្នុងអបាយ និងក្នុងសង្សារវដ្តវែងឆ្ងាយទៀត។
យើងត្រូវជួយគ្នាទទួលខុសត្រូវចំពោះសង្គម និងពិភពលោក៕[edit]
លោកគ្រូតូច
No comments:
Post a Comment