Wednesday, August 31, 2016

៩ វិធីធ្វើល្អ ធ្វើងាយចាប់ផ្តើមពីខ្លួនយើង


ថ្ងៃនេះប្រិយមិត្តអ្នកអាននឹងបានជួបខ្លឹមសារអត្ថបទមួយ បើបានអានហើយ មានអារម្មណ៍ថា គួរនឹងធ្វើល្អជាមួយមនុស្សគ្រប់គ្នា ទាក់ទងជាមួយនឹងវិធីសាស្ត្រនៃការធ្វើល្អបានបុណ្យ និងមិនចាំបាច់ចាយលុយកាក់ សូម្បីតែមួយកាក់មួយសេនឡើយ ប៉ុន្តែរឿងដែលយើងចង់ឲ្យមានចក្ខុវិស័យវែងឆ្ងាយនោះគឺ យើងធ្លាប់ចង់ឲ្យមនុស្សគ្រប់គ្នាបានធ្វើល្អដាក់គ្នាទៅវិញទៅមក។

ដោយវិធីសាស្ត្រអ្វីក៏បាន ដែលមានការងាយស្រួល ហើយអ្នកទទួលអាចទទួលយកបាន ដោយមិនចាំបាច់រង់ចាំដល់ថ្ងៃមុខ សំខាន់ឲ្យគិតរឿងផលបុណ្យ ជារឿងបន្ទាប់ចុះមក ព្រោះយើងជឿថា ការណ៍ដែលមនុស្សគ្រប់គ្នា បានធ្វើអំពើល្អដាក់គ្នាហើយ វាក៏នឹងបង្កឲ្យកើតមានសេចក្ដីសុខ ពីការចាប់ផ្តើមអនុវត្តធ្វើសកម្មភាពដោយខ្លួនឯង។

ប្រជាជនខ្មែរយើង ជាប្រជាជាតិមួយដែលមានឈ្មោះថា ពួកពេញនិយមធ្វើបុណ្យទានជានិច្ចកាល។

ជាផ្នែកមួយអាចបណ្ដាលមក ព្រោះសទ្ធាជឿជាក់ថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់បុគ្គលណាសាបព្រោះនូវពូជណា រមែងបានផ្លែផ្កានូវពូជនោះវិញ ទោះជាក្នុងបច្ចុប្បន្ននេះ មានមនុស្សជាច្រើននៅមានមន្ទិលសង្ស័យថា ហេតុអ្វី មនុស្សដែលយើងគិតថាអាក្រក់ នៅតែគេបានល្អ មានសេចក្ដីសុខ មានលុយកាក់ និងប្រើប្រាស់ជីវិតដ៏សុខសប្បាយ ហ៊ឺហារជាងយើង។ ប៉ុន្តែនោះអាចនៅបក់ស្រាយបានថា គេធ្វើកម្មចាស់ល្អ ឬនៅប្រើប្រាស់ដេកស៊ីផលបុណ្យចាស់នៅឡើយ។ អ្វីដែលយើងបានមើលឃើញ ដោយភ្នែកសាច់ធម្មតាថា គេសុខសប្បាយក៏មិនមែនជារឿងពិត ក៏អាចថាបានដែរ។

ពួកគេអាចកំពុងកើតទុក្ខចិត្ត ព្រោះត្រូវចាប់មានការរង្គាសចិត្ត បិទបាំងកំហុសអំពើរបស់ខ្លួន ខ្លាចមនុស្សទៅលង់ដឹង។ ទោះជាយ៉ាងណាក៏នៅល្អ ដោយជាទម្លាប់ទៅហើយ មនុស្សមួយចំនួនធំ ច្រើនតែចូលចិត្តពេញចិត្តធ្វើបុណ្យ ព្រោះតែមានជំនឿថា ជាការធ្វើអំពើល្អ និងជាការសន្សំពូជបុណ្យទុក ដែលវានឹងតបស្នងសងមកយើងវិញ ឲ្យយើងទទួលបាននូវរឿងល្អៗក្នុងពេលអនាគត ឬក្នុងជាតិមុខ ។ ហើយតាមការពិតការធ្វើបុណ្យ បានធ្វើភ្លាមៗក៏មានសេចក្ដីសុខស្រាប់ហើយ ព្រោះបុណ្យគឺ៖

ការធ្វើអំពើល្អដោយវិធីសាស្ត្រផ្សេងៗ ដែលធ្វើឲ្យចិត្តឆ្អែតស្កប់ស្កល់រីករាយ ដោយទូទៅ មនុស្សច្រើនធ្វើបុណ្យកុសលដោយការបរិចាគទ្រព្យសម្បត្តិ របស់របរ ឬឲ្យទានជាឱកាស ដូចជា បរិចាគជួយអ្នកជួបប្រទះគ្រោះធម្មជាតិ រួបរួមគ្នាកសាងសាសនស្ថាន បុណ្យកថិនទាន ផ្កាប្រាក់ជួយក្មេងៗកំព្រា ឬជួយទិញម្ឈូសខ្មោចជាដើម ដែលរាប់ថាជារឿងល្អ។ ប៉ុន្តែជឿងទេថា ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើងនោះ យើងមានឱកាសធ្វើអំពើល្អ ឬធ្វើបុណ្យបានគ្រប់ពេល ដោយមិនចាំបាច់ប្រើលុយកាក់មាសប្រាក់ ឬទ្រព្យសម្បត្តិ ទោះបីជាយើងមិនមានអាជីពជាពេទ្យ ជាគិល្លានុបដ្ឋាយិកា  ដែលត្រូវជួយសង្គ្រោះមនុស្សជាប្រចាំស្រាប់ហើយក៏ដោយ នឹងធ្វើបានដែរ។ គោលគំនិតល្អដើម្បីជីវិត សូមលើកយកគោលការណ៍ណែនាំ ៩វិធីល្អ បានបុណ្យបែប មិនចាំបាច់ប្រើលុយកាក់ ដើម្បីជាទស្សនាទាន ទុកសម្រាប់ឲ្យប្រិយមិត្តអ្នកអាន បានសន្សំបុណ្យកុសល ពូនគរពូជធារកើនឡើង ដូចតទៅ

១) ភ្ញាក់ព្រឹកឡើងក៏ឲ្យគិតតែរឿងល្អៗ

ភ្លាមៗដែលភ្ញាក់ពីការទទួលទានដំណេកហើយ បើយើងគិតដល់រឿងល្អស្អាតសោភា នឹងញ៉ាំងចិត្តយើងឲ្យស្រស់ថ្លាស្រស់ស្រាយ រំភើបរីករាយ ត្រៀមលក្ខណៈនឹងទប់ទល់តតាំងតស៊ូ ជាមួយជីវិតប្រចាំថ្ងៃ ដោយសេចក្ដីសប្បាយ មិនធុញថប់ព្រួយបារម្ភ មួម៉ៅក្ដៅក្រហាយ ប៉ុណ្ណេះ ក្រៅពីនេះ យើងនឹងមានសេចក្ដីសុខសម្រាន្ត ហើយមនុស្សនៅជុំវិញខ្លួនយើង ក៏គេមានសេចក្ដីសុខ ទៅជាមួយយើងដែរ អាចរាប់ទុកថា ជាការធ្វើបុណ្យម្យ៉ាង។

២) ញញឹមញញែមស្រស់បស់

ក្នុងមួយថ្ងៃៗ បើយើងចេះញញឹមញញែមស្រស់ថ្លា មិនថានឹងញញឹមជាមួយមនុស្សស្គាល់គ្នា ឬមិនស្គាល់គ្នាទេ។ មុខមាត់របស់យើង ក៏មើលទៅដូចគ្នាជាមិត្ត ធ្វើឲ្យមនុស្សចង់ចូលមកនែបនិតជិតក្បែរ។ បើយើងជាម្តាយឪពុកញញឹមដាក់កូនៗ មុននឹងចេញទៅបំពេញការងារ កូនៗក៏សប្បាយចិត្ត។ កូនៗញញឹមដាក់ម្ដាយឪពុកវិញ ម្តាយឪពុកក៏សប្បាយចិត្តថា ពួកគេម្នាក់ៗ មិនមានរឿងក្ដៅក្រហាយ កប់លាក់ទុកក្នុងចិត្តទេ ឬបើមាន ក៏នឹងហ៊ានមកប្រឹក្សាយោបល់ រកដំណោះស្រាយ ឬបើជាចៅហ្វាយនាយ ញញឹមដាក់កូនចៅ ក៏ដឹងថា ថ្ងៃនេះចៅហ្វាយនាយមានអារម្មណ៍ល្អ ធ្វើឲ្យការងារដូចជាជឿជាក់បាន មិនចាំបាច់ត្រូវសង្ស័យថា នឹងត្រូវហៅទៅស្ដីបន្ទោស តែបើនឹងហៅវិញ ក៏របៀបមានក្ដីមេត្តា ប្រសើរជាង នៅពេលចៅហ្វាយនាយពាក់មុខយក្សដាក់។

៣) រាក់ទាក់រក មានអធ្យាស្រ័យ

មនុស្សខ្លះ ក្រៅពីមិនចេះញញឹមដាក់គេឯងហើយ ថែមទាំងចូលចិត្តធ្វើមុខស្ងួតស្អុយបែស មិនសូវចេះនិយាយរាក់ទាក់រកគេឯងផងទេ ហើយបើបានធ្វើការងារផ្នែកគ្រប់គ្រងចាត់ការទៀតសោត មនុស្សដែលមកទំនាក់ទំនងគង់ប្រហែលមានអារម្មណ៍រអាចិត្ត និងមានកង្វល់គ្រប់ពេលថា នឹងត្រូវមានពាក្យសម្តីអាឡូអាឡាពេលណាមួយក៏មិនដឹង។ ដូច្នោះ ក្រៅពីញញឹមញញែម ស្រស់ស្រាយហើយ យើងក៏គួរនឹងបញ្ចេញសម្ដី វាចារាក់ទាក់មនុស្ស ដែលមកទទួលការគ្រប់គ្រងមុន។ ការរាក់ទាក់ មានអធ្យាស្រ័យដល់បុគ្គលដទៃ មិនថានឹងជាបុគ្គល ដែលមកទទួលការគ្រប់គ្រងក្តី ក្រុមមិត្តភក្ដិស្គាល់គ្នាក្តី បុគ្គលអ្នកនៅក្រោមការបង្គាប់បញ្ជាក្តី ឬសូម្បីតែមនុស្ស ដែលមកធ្វើការងារឲ្យយើង ដូចជា មេចុងភៅ អ្នកយាម។ល។ នឹងធ្វើឲ្យគេមានអារម្មណ៍ជាមិត្ត និងកក់ក្ដៅចិត្ត ញ៉ាំងឲ្យបរិយាកាសក្នុងទីនោះ ពេលនោះល្អប្រសើរឡើង។

៤) ចេះចែករំលែកទឹកចិត្ត

អាចធ្វើបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដូចជាជួយម្ដាយឪពុករៀបចំតុអាហារ លាងចានឆ្នាំង ក្រោកពីកន្លែងឲ្យក្មេង ស្រ្តីមានផ្ទៃពោះ ឬមនុស្សចាស់អង្គុយ ជួយកាន់យូររបស់របរធ្ងន់ៗ ឲ្យមនុស្សក្នុងឡានឈ្នួល ឈប់រថឲ្យមនុស្សម្នាបានឆ្លងផ្លូវ ឬរថយន្ដដទៃមានអាទិភាព ជួយចែករំលែកភារៈការងារ ឲ្យមិត្តភក្តិក្នុងកន្លែងការងារធ្វើជាដើម។ ការឲ្យជំនួយសង្គ្រោះដូច្នេះ ជាការធ្វើបុណ្យដោយការកាត់បន្ថយ ភាពអាត្មានិយមរបស់យើងចុះ ហើយនឹងចេះឲ្យ។

៥) លួងលោមផ្ដល់កម្លាំងចិត្ត

ជួយដោះស្រាយបញ្ហា ជារឿយៗដែលក្រុមមិត្តភក្តិអាចជួបវិបត្តិបញ្ហាជីវិត និងកើតមានសេចក្ដីទុក្ខចិត្ត សែនឈឺចាប់។ រឿងដែលល្អបំផុតគឺភាពជាមិត្ត និងពាក្យពេជន៍ ដែលត្រូវលួងលោមឲ្យកម្លាំងចិត្ត។ ពាក្យពេជន៍សម្តីល្អៗ ដែលផុសចេញមកពីចិត្ត នឹងធ្វើឲ្យមនុស្ស ដែលធ្លាក់ចូលក្នុងអន្លង់ទុក្ខ មានអារម្មណ៍ល្អប្រសើរឡើង ហើយមានកម្លាំងចិត្ត តស៊ូក្នុងជីវិតជាបន្តទៀត។

៦) ផ្តល់ពាក្យកោតសរសើរដោយការត្រេកអរនិយម

ការពោលពាក្យកោតសរសើរចំពោះអ្នកដទៃ មិនថានឹងជារឿងណាៗទេ រមែងនឹងធ្វើឲ្យ អ្នកទទួលពាក្យសរសើរ មានអារម្មណ៍សប្បាយរីករាយ និងមានសេចក្ដីសុខបាន ជាពិសេសក្នុងរឿង ដែលគេធ្វើបានសម្រេច។ ប៉ុន្តែទាំងអស់នេះ ត្រូវនៅលើមូលដ្ឋានគ្រឹះនៃការពិត និងសុទ្ធចិត្តដោយមើលទៅ ដូចជាខ្លួនឯង ត្រឹមគ្រាន់តែថ្ងៃណាមួយ ខ្លួនស្លៀកពាក់ស្អាតស្រស់សង្ហារ ហើយមានមនុស្សមកសរសើរ យើងក៏មានមុខរីកដូចគ្រាប់ជីទៅពេញថ្ងៃហើយ។ ដូចគ្នានេះដែរ មនុស្សគ្រប់គ្នា សុទ្ធតែចង់បានការព្រមទទួមយក និងពាក្យពេជន៍សរសើរទាំងអស់ហ្នឹង ព្រោះថាពាក្យសរសើរទាំងនោះ ជាការបន្ថែមបង្កើនកម្លាំងចិត្ត ឲ្យចង់ធ្វើល្អបន្តទៅទៀត។ 

៧) ណែនាំផ្ដល់ពាក្យអប់រំដែលល្អ និងមានគុណតម្លៃ

មិនថា យើងនឹងនៅក្នុងស្ថានភាពណាទេ ដូចជាកូន ជាម្ដាយឪពុក កូនចៅ ចៅហ្វាយនាយ មិត្តរួមការងារ រូមអាជីព។ល។ បើយើងនឹងមានមេត្តា ណែនាំក្នុងរឿងដ៏ល្អ មានប្រយោជន៍ និងមានគុណតម្លៃដល់ជនដទៃ ឬអប់រំក្នុងរឿងដែលយើងមានជំនាញឲ្យដល់អ្នកដទៃ ក៏ជាការជួយស្តារសង្គមឲ្យល្អប្រសើរឡើង ហើយផលរមែងត្រឡប់មកដល់យើងអ្នកធ្វើវិញ ដូចជា ការបង្រៀនការងារឲ្យកូនចៅចេះបន្ត។ ពេលគេធ្វើការងារកើត យើងក៏លែងហត់នឿយលំបាកខ្លាំង ហើយគេនឹងមានចិត្តសោមនស្សរីករាយ អរគុណយើង និងណែនាំវិធីហាត់ប្រាណ ដល់លោកឪពុកអ្នកម្តាយ ឲ្យលោកមានសុខភាពរឹងមាំ មិនសូវមានជំងឺដង្កាត់គ្រុនរងា យើងក៏បានសប្បាយចិត្ត ឬសូម្បីតែការណែនាំចំណេះដឹង ដែលយើងមាន ឬបញ្ជ្រាបការយល់ដឹង មកដល់មនុស្សមិនស្គាល់គ្នាក៏ដោយ ដូចជាណែនាំគ្រូពេទ្យល្អ ថ្នាំឱសថល្អ ឬព្រះធម៌ល្អៗដល់ជនដទៃ ធ្វើឲ្យគេលែងមានការឈឺចាប់ ឬមានអារម្មណ៍ល្អប្រសើរឡើង។ ពួកគេទាំងអស់នោះនឹងអធិដ្ឋាន ឬឲ្យសព្វសារធុការពរ មកដល់យើង ឲ្យយើងជួបតែសំណាងល្អ មានជោគមានលាភគ្រប់ពេលវេលា។

៨) ការឲ្យអភ័យក្នុងកំហុសឆ្គងរបស់អ្នកដទៃ

ដោយទូទៅមនុស្សយើងច្រើនតែនឹងឲ្យអភ័យខ្លួនឯងងាយស្រួល និងមានខដោះសាឲ្យខ្លួនឯង ប្រការផ្សេងៗ ប៉ុន្តែបើជាអ្នកផ្សេងវិញ មានកំហុសភ្លាំងភ្លាត់ហើយ យើងច្រើនតែមើលឃើញ ជារឿងមហាធំ និងស្តីបន្ទោសរិះគន់តិទៀន មិនចេះចប់មិនចេះហើយ។ ដូច្នោះ យើងនឹងត្រូវហាត់រៀនសូធ្យ មានមេត្តាចិត្ត ចេះឲ្យអភ័យដល់ជនដទៃ ឲ្យបានងាយឡើង ឲ្យដូចជាការឲ្យអភ័យទោសខ្លួនយើងដែរ ព្រោះការឲ្យអភ័យ នឹងធ្វើឲ្យយើងមិនចងកួច កូនចិត្តឈឺចាប់ មិនអាឃាតព្យាបាទ មិនបង្កសត្រូវ ប៉ុន្តែធ្វើឲ្យចិត្តយើងស្ងប់រម្ងាប់ត្រជាក់ ដែលជាការហ្វឹកហាត់ចិត្ត មូលដ្ឋានមួយ ដែលនាំទៅកាន់កុសលថ្នាក់ខ្ពស់ផ្សេងៗទៀត។

៩) ហ្វឹកហាត់ចិត្តឲ្យហ្នឹងហ្ន និងធ្វើខ្លួនឲ្យសប្បាយ

ដោយការធ្វើសមាធិ ឬសូត្រធម៌ថ្វាយបង្គំព្រះ។ ការធ្វើសមាធិ ស្តាប់មើលដូចជាពិបាក ប៉ុន្តែតាមធាតុពិត យើងអាចធ្វើបានគ្រប់ពេល មិនថានឹងនៅទីណា ឬកំពុងធ្វើអ្វីណានីមួយទេ ដូចជា ទទួលទានអាហារ ងូតទឹក ធ្វើម្ហូប ធ្វើកិច្ចងារផ្ទះ អានសៀវភៅ នៅកន្លែងធ្វើការ។ ចិត្តជាគោលគឺ ឲ្យយកចិត្តទៅផ្ចិតផ្ចង់ ក្នុងរឿងដែលកំពុងធ្វើក្នុងពេលតែមួយ និងញ៉ាំងឲ្យយើង ធ្វើគ្រប់យ៉ាងបានល្អប្រសើរឡើង ព្រោះមិនគិតព្រួយមុខ ព្រួយក្រោយ ឬបំផ្លិចបំផ្លាញគ្រប់យ៉ាង ក្នុងពេលតែមួយ ដែលធ្វើឲ្យធ្វេសប្រហែស បាត់បង់សតិ។ ហើយរាល់យប់មុននឹងចូលដំណេក គួរសូត្រថ្វាយបង្គំព្រះរតនត្រៃ ដែលខ្លួនយើង បានគោរពរាប់អាន ដោយការរើសយកធម៌សង្ខេបខ្លីៗដែលយើងចូលចិត្ត ស្រេចហើយ កុំភ្លេចផ្សាយមេត្តាចិត្ត ឲ្យដល់ខ្លួនយើង និងបុគ្គលតាមសមគួរ។ រឿងដែលបានពោលមកទាំងអស់នេះ នឹងមើលឃើញបានថា ជាការធ្វើអំពើល្អ ដែលមិនចាំបាច់ចាយលុយអស់មួយកាក់មួយសេនឡើយ។ ប៉ុន្តែអាចប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃរបស់យើងបាន ដោយមិនពិបាកតានតឹងចិត្តពេកទេ ទាំងបដិបត្តិ ហើយទាំងបុណ្យកុសលដែលជួយអប់ស្ទបរុញច្រានយើង ព្រមទាំងមនុស្ស ដែលរស់នៅជុំវិញខ្លួនយើង មានសេចក្ដីសុខ ដោយសារ (បុណ្យ)។ ក្នុងន័យមួយទៀត គឺជាគ្រឿងជម្រះសម្អាតកាយ វាចា និងចិត្តរបស់យើងឲ្យបរិសុទ្ធ ជាការនាំមកនូវប្រយោជន៍ ឲ្យដល់ខ្លួន និងអ្នកដទៃ ហើយថែមទាំងជួយកាត់បន្ថយ កម្លាំងកិលេសគ្រឿងសៅហ្មងផ្សេងៗ បានទៀត។

ចាប់ផ្ដើមអនុវត្តពីថ្ងៃនេះណ៎ា! ព្រោះមានគេប្រាប់ថា អំពើល្អមិនមានការលក់ទិញលើទីផ្សារទេ បើចង់បានធ្វើតាមដំណើរលំអាននេះ៕ [edit]
.................................................
Credit :  វត្តឥន្ទារាម

cr.  http://club.sanook.com

No comments:

Post a Comment