Tuesday, August 2, 2016

ការអធិដ្ឋានចិត្តដែលត្រឹមត្រូវធ្វើឲ្យជានិស្ស័យ



ការអធិដ្ឋាន គឺ ការដាក់ផែនការប្រើប្រាស់បុណ្យកុសលឆ្លងភពជាតិកំណើតថា តើយើងនឹងនាំយកបុណ្យកុសលអ្វីទៅប្រើប្រាស់ ដែលអាចហុចផល ទៅតាមទិសដៅ ដែលយើងបានតាំងប្រាថ្នាអធិដ្ឋានទុកមកនោះ? វាប្រៀបបានដូចជានាវា ដែលបើកចេញពីកំពង់ចំណត់នៃត្រើយអាយ ទៅកានត្រើយនាយ ត្រូវមានសាំង ឬប្រេង។

ជីវិតនឹងចម្រើនលូតលាស់ទៅបាន ក៏ដោយសារមានបុណ្យកុសល ជាអ្នកជំនួយនៅពីខាងក្រោយដែរ។ បុណ្យកើតចេញពីអំពើល្អ ដែលធ្លាប់បានធ្វើមក ទាំងអំពើក្នុងរយៈពេលឆ្ងាយ (អតីតជាតិ) និងអំពើល្អក្នុងរយៈពេលជិត(បច្ចុប្បន្នជាតិ)។ ប្រសិនបើនាវានោះ មានតែប្រេង ហើយមិនដឹងបើកទៅទីណា ពេលណាប្រេងអស់ នាវានោះក៏ត្រូវឈប់គាំងនៅកណ្តាលសាគរ។




ជីវិតក៏ដូចគ្នា មានតែបុណ្យ មិនមានពាក្យអធិដ្ឋាន មិនដឹងថានឹងទៅទីណា ចុងក្រោយកុសលអាចធ្វើឲ្យកើតជាអកុសលបានដែរ ដូចជា មានបានដោយសារការប្រកបមុខរបរទុច្ចរិត មានការជួញថ្នាំញៀន ជួញដូរគ្រឿងអាវុធយុទ្ធភ័ណ្ឌ។ល។ មនុស្សទាំងអស់ នឹងមានបានតែក្នុងជាតិនេះជាជាតិចុងក្រោយប៉ុណ្ណោះ ក្នុងអតីតធ្លាប់ធ្វើទានមកល្អ ក៏ប៉ុន្តែ អធិដ្ឋានមិនបាន មិនដឹងថាចុងក្រោយ តើពួកគេនឹងទៅកាន់ទីណា? ព្រោះមនុស្សទាំងនេះមិនបានសិក្សានូវព្រះពុទ្ធវចនៈឲ្យបានស៊ីជម្រៅ។

ពេលណាអធិដ្ឋានស្រេចហើយ  ក៏ច្រូចទឹកបញ្ជាក់។ បន្ទាប់ពីនោះមក ក៏ឧទ្ទិសបុណ្យកុសល ដោយការនឹកគិតដល់បុណ្យ នឹកគិតដល់ក្រុមញាតិមិត្តបងប្អូន នឹកគិតដល់លោក នឹកដល់ឈ្មោះ នាមត្រកូល ប្រសិនបើលោកទាំងនេះ ទៅកើតក្នុងសុគតិ  (ឋានសួគ៌)  នឹងទទួលបុណ្យបាន ប្រសិនបើ ទៅកើតក្នុងអបាយ ក្នុងយមលោកក៏ទទួលបុណ្យបាន។


សរុបមកដល់ថ្នាក់ វគ្គក្នុងការហ្វឹកហាត់បណ្ដុះនិស្ស័យល្អប្រចាំថ្ងៃ

១) មុនទទួលទានដំណេក ត្រៀមលក្ខណបច្ច័យធ្វើបុណ្យ ត្រៀមទឹកក្តៅដាក់ក្នុងបំពងតែនលេស។

២) ដាក់ម៉ោងទូរស័ព្ទរោទិ៍ ជានាឡិកាដាស់ មុនចេញទៅធ្វើការ ១ម៉ោង។

៣) ពេលទទួលដំណេកលក់ ឲ្យលក់ទៅជាមួយការនឹកដល់បុណ្យកុសលដែលយើងធ្លាប់ធ្វើក្នុងមួយថ្ងៃៗ។

៤) ភ្ញាក់តាមដែលបានកំណត់ម៉ោងទុក តាំងម៉ោងនាឡិកាប្រព័ន្ធញ័រ មុននឹងធ្វើសរីរកិច្ច ១០នាទី។

៥) ទទួលទានទឹកក្តៅឧណ្ហៗ ប្រមាណជា ១៥-២០នាទី។

៦) អង្គុយធ្វើសមាធិ ពេលដល់នាឡិកាម៉ោងរោទិ៍ នាំយកបច្ច័យដែលត្រៀមបម្រុងទុក  មកដាក់ក្នុងដៃអធិដ្ឋាន។

៧) បង្ហូរបច្ច័យទេយ្យទាន ចូលទៅក្នុងធនាគារបុណ្យ (ប្រព័ន្ធសន្សំ)។

៨) អធិដ្ឋានចិត្ត។

៩) ឧទ្ទិសបុណ្យកុសលជូនបុព្វការីជន ដល់ម្ចាស់កម្មពារ និងសព្វសត្វទាំងឡាយ។

១០) អធិដ្ឋានចិត្តជូនបុណ្យ ទៅកាត់ផ្តាច់វិបាកកម្ម ដែលខ្លួនធ្លាប់ធ្វើភ្លាំងភ្លាត់ជ្រុលជ្រសមកក្នុងអតីត ពីធ្ងន់មកស្រាល ពីស្រាល ឲ្យរលាយសាបសូន្យបាត់អស់ទៅ។

១១) សមាទាន ឬអារធនាសីល ៥ ស្រេចហើយ ក្រោកទៅធ្វើសរីរកិច្ចមុនទៅធ្វើការងារ។

យើងតាំងចិត្តថា នឹងភ្ញាក់តាំងពីព្រឹកព្រហាម មកធ្វើសេចក្ដីព្យាយាម  បើមិនភ្ញាក់ មិនគោរពសច្ចៈ តែបើក្រោកតាមការតាំងចិត្តទុក និស្ស័យសច្ចៈនឹងមានពិតចំពោះអំពើល្អ។ អំពើល្អនឹងកើតឡើង ព្រោះត្រូវតស៊ូជាមួយភាពងោកងុយ ក្រោកឡើងមកធ្វើសេចក្ដីព្យាយាម និស្ស័យវិរិយៈ និស្ស័យខន្តិ នឹងកើតមានឡើង៕

........................................................
ស្រង់ចេញពីសៀវភៅ វដ្តជីវិត ដោយព្រះគ្រូធម្មធរ ផៃបូល ធម្មវិបុលោ

អរគុណរូបភាព៖ ហ្វេកប៊ុកផេក និងហ្វេកប៊ុក

No comments:

Post a Comment