Monday, August 15, 2016

សេចក្ដីទុក្ខរបស់អ្នកធ្វើបុណ្យ


បុណ្យក្នុងខ្លួននឹងចាំបម្រុងជីវិត
ឲ្យជួបគប់ប្រសព្វតែសេចក្ដីសុខ ជោគជ័យក្នុងជីវិត
ក្នុងមុខរបររកស៊ី សិក្សា ការងារ គ្រប់អ្វីទាំងអស់ ដែលយើងបង់ប្រាថ្នា”។

តើធ្លាប់បាននាំគ្នាសង្កេតមើលខ្លះទេ? ហេតុអ្វីបានជាមនុស្សយើងមិនដូចគ្នា អ្នកខ្លះទទួលបានភាពជោគជ័យក្នុងជីវិត គ្រាន់តែប្រើសេចក្ដីព្យាយាមខួរក្បាលមួយ ដៃពីរ ជើងពីរខ្លាំងក្លាដូចគ្នានោះ។

ត្រង់គេទទួលបានភាពជោគជ័យ ព្រោះគេមានពូជបុណ្យ ដែលបានធ្វើរឿយៗជាប់មិនដាច់ មិនមានខ្សែវិបត្តិរារាំងត្រង់កណ្តាលទី។ ព្រោះហេតុដូច្នោះហើយ គេធ្វើអ្វីក៏ទៅដោយរលូន កាន់តែព្យាយាម ក៏កាន់តែមានបាន ប៉ុន្តែអ្នកខ្លះ ខំព្យាយាមធ្វើ ក៏បានត្រឹមតែហត់នឿយទៅឥតការ ព្រោះពូជបុណ្យសម្បត្តិវាខ្វះ ដោយហេតុតែធ្វើបុណ្យមិនបានជាប់លាប់នោះឯង។

បុណ្យនឹងផ្សាភ្ជាប់តំណគ្នានៅត្រង់កណ្តាលកាយរបស់យើង។ អ្នកខ្លះនៅក្នុងអតីតជាតិធ្វើបុណ្យមិនសូវបានជាប់លាប់ ម្លោះហើយត្រូវអាស្រ័យលើបុណ្យ ដែលខ្លួនធ្វើក្នុងបច្ចុប្បន្នជាតិនេះឯង។ ប៉ុន្តែបុណ្យបច្ចុប្បន្នជាតិនេះ ប្រៀបបានដូចជាកូនឈើ ទម្រាំនឹងចម្រើនលូតលាស់ធំឡើងចេញជាផ្លែ ចេញជាផ្កាក៏ត្រូវចំណាយពេល ត្រូវទុកពេលឲ្យបុណ្យធ្វើការងារខ្លះ។ ជួនកាលវាឲ្យផល មិនបានដូចចិត្តយើង ដូចជា យើងមានអារម្មណ៍ថា បុណ្យមិនជួយយើង ប៉ុន្តែតាមការពិត បាបនិងបុណ្យកំពុងធ្វើការងារ២៤ម៉ោង លើ២៤ម៉ោងហើយ

បុណ្យបច្ចុប្បន្ន ប្រៀបបានដូចជាកូនឈើតូច ដែលកំពុងរង់ចាំថ្ងៃចម្រើនលូតលាស់ធំធាត់

បាប ធ្វើឲ្យយើងកើតមានសេចក្ដីទុក្ខវេទនាក្នុងជីវិត មានឧបសគ្គក្នុងជីវិត មានទុក្ខសោករោគភ័យ រឿងអាក្រក់ៗទាំងឡាយកើតមានឡើង។ បុណ្យ គេក៏ខំដោះស្រាយ ២៤ម៉ោង ដូចគ្នាដែរ។ 
ប៉ុន្តែប្រសិនបើថា កម្លាំងបុណ្យតិច កម្លាំងបាបច្រើន វាក៏មានដំណោះស្រាយជួបការលំបាកខ្លាំង ឬបាបក្នុងអតីតជាតិច្រើន តែបុណ្យក្នុងបច្ចុប្បន្ននេះ យើងទើបនឹងបានធ្វើ ប្រៀបបានដូចជា កូនឈើទើបនឹងបានដុះ ទោះបីបានធ្វើច្រើនក៏ដោយ តែវាហុចផលឲ្យទៅសន្សឹមៗ។ ប៉ុន្តែប្រសិនបើបុណ្យក្នុងអតីតជាតិច្រើន វាប្រៀបបានដូចជាដើមឈើធំចាស់ ដែលវាចេញផ្លែផ្កាហើយ វាក៏ងាយស្រួលទៅ។ ប្រសិនបើបុណ្យអតីតជាតិច្រើន បុណ្យបច្ចុប្បន្ននេះ ក៏បានកសាងច្រើនទៀតនោះ ភាពជោគជ័យដ៏អស្ចារ្យនឹងកើតឡើង ជីវិតក៏ទទួលបានសុខស្រួលរហូត

បាប-បុណ្យប្រកួតប្រជែងគ្នាគ្រប់ ២៤ម៉ោង

រឿងរបស់បាបបុណ្យ វាមានការប្រកួតប្រជែងគ្នាគ្រប់២៤ម៉ោង។ ព្រោះហេតុដូច្នោះ នៅពេលណាដែលវាមានឧបសគ្គនៃជីវិត កុំទៅគិតថា បុណ្យមិនជួយខ្លួន ព្រោះយើងសម្លឹងមើលមិនឃើញពីអតីតជាតិ ដែលយើងបានធ្វើកន្លងមកនោះទេ ទើបយើងមានគំនិតបែបនេះ។ យើងមានការឈឺផ្សាខូចចិត្តច្រើន ធ្លាប់បានដំណើរជីវិតខុសភ្លាត់ មកជាមួយរឿងមិនបានដូចចិត្តថា ជីវិតនេះខំឧស្សាហ៍ធ្វើសេចក្ដីល្អមកអស់មួយជីវិត ប៉ុន្តែហេតុអីរឿងអី បានជួបប្រទះនូវរឿង ដែលមិនជាទីស្រលាញ់ មិនជាទីប្រាថ្នាទៅវិញ

ពេលបាបហុចផលឲ្យមុន ប្រៀបបានដូចជាដើមឈើ ដែលមានផ្លែផ្កាហើយ ជីវិតទើបមានទុក្ខ យើងទើបបានសាងបុណ្យក្នុងបច្ចុប្បន្នជាតិនេះ វានៅជាកូនឈើខ្ចីល្វក់នៅឡើយ ប្រៀបដូចជា មនុស្សចាស់ និងកូនក្មេងទៅប្រយុទ្ធតតាំងអ្វីទៅរួច បានត្រឹមតែម៉ាទន់លោង។

ព្រោះហេតុដូច្នោះ ពេលជីវិតជួបប្រទះនូវឧបសគ្គ ទាំងដែលយើងអ្នកបុណ្យអ្នកទាន កុំទៅកើតទុក្ខមិនសុខចិត្ត ទ្រាំអត់ធន់មួយជាតិនេះ ខំសាងអំពើល្អបន្តទៅទៀត។ បាបក៏ធ្វើការងារគេបណ្តើរ បុណ្យគ្នាក៏ធ្វើការងារបណ្តើរ។ ពេលយើងអត់ទ្រាំមួយជាតិនេះ ហើយក៏មិនប៉ុន្មានឆ្នាំទៀតទេ យើងក៏នឹងអស់ពេលហើយ។ ភពជាតិខាងមុខទៅ ដើមឈើបុណ្យរបស់យើងធំចាស់ វានឹងឲ្យផ្លែផ្កាហើយ បាបក៏វាតាមមិនទាន់ហុចផលឲ្យមិនបាន។ យើងក៏នាំគ្នាមានបីតិសប្បាយរីករាយនៅពេលនោះឯង

មនុស្សយើងកើតមកដើម្បីកសាងបារមី និងជាបុព្វការីជនជាគំរូដ៏ល្អរបស់ប្រជាពលលោក ដែលគេមិនទាន់បានដឹងរឿងរ៉ាវអ្វីនៅឡើយច្រើនទៀត។ យើងជាបុគ្គលដែលបានដឹងហើយ ជាបុគ្គលលំដាប់លេខមួយ ដែលបានរៀនស្គាល់ពីពាក្យបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ ពេលជួបប្រទះសេចក្ដីទុក្ខ មិនត្រូវញាប់ញ័រ មិនត្រូវបោះប៉ង់ព្រះធម៌ មិនត្រូវលះបង់ក្នុងការកសាងបារមី មិនត្រូវអស់សង្ឃឹម អ្នកធ្វើបុណ្យមិនមានសេចក្ដីទុក្ខ រួចហើយយើងនឹងបានស្អាតស្រស់សោភាគ្រប់ពេលវេលា ទោះបីជាដល់ថ្ងៃចុងក្រោយនៃជីវិត ទម្លាក់ចោលអ្វីគ្រប់យ៉ាងទៅនៅលើលោកមួយនេះក៏ដោយ ក៏យើងបានបន្សល់ទុកឲ្យដល់អនុជន ដែលនឹងមកដំណើរការវាបន្ត។ ពេលណាលះបង់លោកនេះទៅហើយ បុណ្យនឹងតាមហុចផលឲ្យ ទៅសោយសុខក្នុងឋានទេវលោក ដែលជាសុខក្រៃលែងច្រើនជាងនៅឋានមនុស្សលោក។

ដូច្នោះ អត់ទ្រាំតស៊ូទៅ ក្នុងពេលមានការជួបប្រទះទុក្ខលំបាក ប៉ុន្តែក្នុងពេលដែលជួបប្រទះ នូវភាពជោគជ័យ មានសេចក្ដីសុខ កុំឲ្យឈ្លក់វង្វេងរីករាយភ្លេចខ្លួន កុំប្រមាទក្នុងដំណើរជីវិត ត្រូវសន្សំបុណ្យបន្ត កុំរវល់ភ្លើតភ្លើនជាមួយសេចក្ដីសុខ សេចក្ដីសម្រេចនៃជីវិត ដែលបានកើតឡើងពីបុណ្យចាស់ ព្រោះការយកបុណ្យចាស់ទៅប្រើ វាក៏មានថ្ងៃអស់ទៅរឿយៗដែរ។

បុណ្យចាស់គេមានសម្រាប់យកមកបន្តបុណ្យថ្មី ដើម្បីសន្សំបុណ្យឲ្យបានច្រើនឡើង ព្រោះគោលដៅរបស់មនុស្សយើង គឺទីបំផុតនៃធម៌ មិនមែនជាគោលដៅតូចតាច ក្នុងស្រុកមនុស្សទេ ដូចជាបុគ្គលមិនដឹងទាំងឡាយ ដែលគេកំពុងជាប់ញៀននៅក្នុងវដ្ដៈនេះ។ អារម្មណ៍របស់យើង ត្រូវតែបញ្ជូនឲ្យវាខ្ពស់ជាង ចំណុចត្រង់នេះទៅឲ្យបាន៕ [edit]


គ្រូតូច
រូបភាព៖ ហ្វេកប៊ុក

No comments:

Post a Comment