Thursday, September 1, 2016

វិធីសាស្រ្តស្ថាបនាជំនឿលើខ្លួនឯង ៧ចំណុច


សក្ដានុពលក្នុងភាពជោគជ័យ ស្ថិតនៅលើគំនិតថាជោគជ័យ។ គ្រប់យ៉ាងដែលកើតពីសក្ដានុពលគំនិត ភាពជឿជាក់លើខ្លួនឯង ដែលជាសក្ដានុពលដែលលាក់ទុកក្នុងខ្លួនរបស់មនុស្សយើងគ្រប់គ្នា ព្រោះមនុស្សគ្រប់គ្នាម្នាក់ៗមានគំនិត មានភាពជឿជាក់ជារបស់ខ្លួនឯង។ វាកើតឡើងនៅត្រង់ថា តើនឹងគិតឲ្យខ្លួនឯងទៅជាយ៉ាងម៉េច បើអ្នកគិតថា អ្នកធ្វើបាន អ្នកក៏នឹងធ្វើបាន ដូចដែលគិត តែបើគិតថា អ្នកធ្វើមិនបាន អ្នកនឹងកើតមានជំងឺមួយគឺ ជំងឺចុះចាញ់អស់សង្ឃឹម និងធ្វើមិនសម្រេច ដូចដែលចិត្តអ្នកគិតនោះឯង

លទ្ធផលចេញពីការសិក្សាលើមនុស្ស ដែលបានទទួលភាពជោគជ័យ សុទ្ធតែរកឃើញថា គ្រប់គ្នាម្នាក់ៗមានជំនឿជឿជាក់លើខ្លួនឯង គិតថាខ្លួនឯងធ្វើបានដូចៗគ្នាទាំងអស់ ដូច្នោះបើចង់បានភាពជោគជ័យខ្លះៗ គួរតែមានជំនឿជឿជាក់បានលើខ្លួនឯង។

វិធីសាស្រ្តស្ថាបនាជំនឿលើខ្លួនឯង ៧ចំណុច

១) ចេះស្ដាប់ខ្លួនឯង មិនមានបុគ្គលណា ដែលអាចជួយយើងបានគ្រប់ពេលទេ យើងត្រូវចេះជួយខ្លួនសិន មុនទៅរកអង្វរកឲ្យអ្នកដទៃមកជួយ ហើយប្រកាន់យក នូវការអភិវឌ្ឍសមត្ថភាពរបស់យើង ដោយយើងផ្ទាល់ ត្រូវព្យាយាមធ្វើដោយខ្លួនឯង ឲ្យអស់ពីសមត្ថភាពដែលមាន និងពេលយើងបានហើយ យើងនឹងមានមោទកភាព ក្នុងសមត្ថភាពរបស់ខ្លួនឯងច្រើនឡើង។

២) ចេះ និងព្រមទទួលយកខ្លួនឯង យើងត្រូវតែត្រួតពិនិត្យលើខ្លួនឯងថា តើនឹងមានចំណុចខ្សោយ ចំណុចខ្លាំងអ្វីខ្លះ? បើសិនរកឃើញថា មានចំណុចខ្សោយ ដែលត្រូវដោះស្រាយបាន ក៏ព្យាយាមដោះស្រាយ ហើយយើងត្រូវព្រមទទួលយក ក្នុងរឿងដែលខ្លួនមាន។ មនុស្សគ្រប់គ្នាម្នាក់ៗ សុទ្ធតែមានចំណុចខ្សោច និងខ្លាំងរបស់ខ្លួនឯងរៀងៗខ្លួន ដែលជាសភាវៈ តាមធម្មជាតិរបស់មនុស្ស មិនមានបុគ្គលណាមួយមានល្អ គ្រប់មួយរយភាគរយទេ ព្រោះហេតុដូច្នោះ យើងត្រូវព្យាយាម ពេញចិត្តគាប់ចិត្តចូលចិត្ត ក្នុងរឿងដែលខ្លួនឯងមាន

៣) មានជំនឿលើខ្លួនឯង យើងមិនត្រូវមើលងាយ បន្ទាបបន្ថោកគុណភាពខ្លួនឯងទេ ឲ្យជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង។ ភាពជឿជាក់លើខ្លួន ភាពជោគជ័យស្ថិតនៅលើគំនិត ប្រសិនបើយើងគិតថា យើងធ្វើបាន យើងក៏ធ្វើបាន រួមទៅដល់សេចក្ដីទុក្ខសុខគ្រប់យ៉ាង ក៏សុទ្ធតែស្ថិតនៅលើចិត្តយើងគិតទាំងអស់ បើយើងគិតថា យើងកើតទុក្ខ យើងក៏នឹងកើតទុក្ខ បើយើងគិតថា យើងមានសេចក្ដីសុខ យើងក៏នឹងមានសេចក្ដីសុខ មិនមានបុគ្គលណា ដែលនាំសេចក្ដីទុក្ខ ឬសេចក្ដីសុខចេញទៅពីខ្លួនយើង ក្រៅពីចិត្តយើងទៅគិតនោះទេ

៤) កំចាត់បង់សេចក្ដីភ័យខ្លាច ដឹងឬអត់ទេថា សេចក្ដីភ័យខ្លាចជាឧបសគ្គដ៏ចម្បងនៃភាពជោគជ័យ។ ពេលយើងខ្លាច យើងនឹងមិនហ៊ានចាប់ផ្ដើមធ្វើអ្វីទាំងអស់ ព្រោះខ្លាចថា នឹងធ្វើខុស ខ្លាចបរាជ័យ ខ្លាចភ្លាំងភ្លាត់ ខ្លាចអស់អ្វីៗទៅគ្រប់យ៉ាង។ យើងត្រូវគិតទៅដល់ឫសគល់ការពិតថា បើសិនមិនចាប់ផ្ដើមធ្វើហើយ នឹងជួបភាពជោគជ័យបានពីណាទៅ ហើយមានតែការចាប់ផ្តើមធ្វើប៉ុណ្ណោះ ដែលអាចកើតមានកំហុសខ្លះៗ ប៉ុន្តែវាជាបទពិសោធឲ្យយើងអភិវឌ្ឍជាបន្ត មិនមានបុគ្គលណាបានទទួលភាពជោគជ័យ ដោយគ្មានស្នាកស្នាមភាពបរាជ័យមកពីមុនទេ។ យើងត្រូវមានកម្លាំងចិត្តយ៉ាងរឹងមាំមុះមុត កុំភ័យខ្លាចតក់ស្លុតញញើតញញើម ក្នុងរឿងដែលនៅមិនទាន់កើតឡើងឲ្យសោះ

៥) នៅក្នុងលោកបច្ចុប្បន្ននេះ មនុស្សច្រើនចូលចិត្តគិតទៅដល់រឿងអនាគត ដោយមិនធ្លាប់គិតដល់រឿង ដែលខ្លួនកំពុងធ្វើក្នុងបច្ចុប្បន្ននេះឡើយ។ ការគិតតាមរបៀបនេះ នឹងធ្វើឲ្យកើតមានអារម្មណ៍ ព្រួយមុខព្រួយក្រោយ រឿងដែលខ្លួនកំពុងធ្វើ វាហុចលទ្ធផលមកមិនបានល្អ។ តាមពេលដ៏សមគួរ យើងគួរគិតដល់រឿងដែលកំពុងធ្វើ ដោយការយកចិត្តទុកដាក់ ផ្ចិតផ្ចង់ជាមួយរឿងដែលខ្លួនធ្វើ ហើយលទ្ធផលការងារដែលចេញមកនោះ និងជាទីពេញចិត្ត ព្រោះយើងបានធ្វើវា ដោយការយកចិត្តទុកដាក់បំផុតហើយ។

៦) គិតជាវិជ្ជមាន ការណ៍ដែលធ្វើចិត្តមានកម្លាំងថាមពល ក៏ត្រូវគិតដល់រឿងដែលខ្លួនធ្វើ នាំឲ្យយើងមានសេចក្ដីសុខ  ពេលយើងមានសេចក្ដីសុខ ក៏មានកម្លាំងចិត្ត មានកម្លាំងតស៊ូប្រយុទ្ធជាបន្តទៀត។ បើសិនគិតដល់រឿងដែលមានរូបភាពអាក្រក់ៗ យើងនឹងមានអារម្មណ៍ក្នុងរឿងអស់សង្ឃឹម អស់កម្លាំងចិត្ត អស់លទ្ធភាព ហើយវាក៏ក្លាយជាឧបសគ្គ ក្នុងភាពជោគជ័យបាន។ យើងត្រូវគិតតែក្នុងរូបភាពល្អៗ នឹងកើតឡើងក្នុងពេលអនាគត កុំគិតថា អនាគតនឹងកើតឡើងរឿងរ៉ាវអាក្រក់ៗ ឲ្យបន្ថយកម្លាំងចិត្ត។ ហេតុការណ៍នៅមិនទាន់មកដល់ កុំទៅខ្វល់ជាមួយវាធ្វើអ្វី

៧) សាបព្រោះបណ្ដុះពូជនិស្ស័យល្អ យើងត្រូវមានការហ្វឹកហាត់លុតដំខ្លួនឯង ឲ្យកើតមានជំនឿជឿជាក់ខ្លួនឯង ហើយយើងក៏ត្រូវហ្វឹកហាត់ខ្លួនឯង ឲ្យជាមនុស្សម្នាក់ មានចិត្តរឹងមាំស្វាហាប់ មិនព្រមចុះចាញ់ចុះញ៉ម ចំពោះឧបសគ្គ មានសេចក្ដីអត់ធ្មត់ មានសេចក្ដីព្យាយាម មិនខ្លាចញញើត ហ៊ានជំនះពុះពារគ្រប់យ៉ាង ទៅតាមដំណើរវិធីសាស្ត្ររបស់យើងទាំងអស់។

មនុស្សដែលជោគជ័យក្នុងឆាកជីវិតបាន មិនចាំបាច់ជាមនុស្សមនុស្សពូកែ អស្ចារ្យជានិច្ចទេ ប៉ុន្តែវាស្ថិតនៅលើភាពជឿជាក់ក្នុងខ្លួនឯងច្រើនជាង។ បើសិនគិតថា យើងធ្វើបាន យើងនឹងធ្វើបាន បើសិនយើងជឿជាក់ និងមុតមាំលើខ្លួនយើង ទៅថ្ងៃមុខ នឹងមានមនុស្សជឿជាក់ និងមុតមាំលើខ្លួនយើងបាន។ គំនិត ជំនឿ និងភាពប្រាកដប្រជា គឺជាកម្លាំងដ៏មហាសាល ដែលវាជួយជម្រុញឲ្យយើងបោះជំហាន ទៅកាន់គោលដៅភាពជោគជ័យ ក្នុងជីវិតបាន៕ [edit]

ប្រភព៖ http://www.thaieditorial.com

No comments:

Post a Comment