Friday, September 2, 2016

ចូរគ្រប់គ្រង់ចិត្តរបស់អ្នក


ចិត្តរបស់មនុស្សមានឥទ្ធិពលគ្របដណ្ដប់លើសរីរាង្គយ៉ាងជ្រៅបំផុត។ ចិត្តមានសក្ដានុភាពដ៏ខ្លាំងក្លាជាងឱសថ ក៏ដូចជាវាមានសក្ដានុភាព ដ៏ខ្លាំងក្លាជាងថ្នាំពុលដែរ។ កាលណាចិត្តជាសភាវៈអាក្រក់ វាអាចសម្លាប់ជីវិតមួយបាន ប៉ុន្តែកាលណាចិត្តនោះមិនវិលវល់ ហើយឧស្សាហ៍ព្យាយាម វាអាចផ្ដល់អត្ថប្រយោជន៍ដល់មនុស្សឯទៀត។ កាលណាចិត្តតាំងនៅស៊ប់ ក្នុងការត្រិះរិះត្រឹមត្រូវគាំទ្រផង ផលដែលចិត្តនេះបង្កើតបានគឺ មានទំហំធំធេងណាស់។ ចិត្តដែលប្រកបដោយតម្រិះបរិសុទ្ធ និងជាកុសលនាំឲ្យមានជីវិតរស់នៅ ប្រកបដោយសុខភាពល្អ និងមានភាពល្ហែល្ហើយឥតស្រាកស្រាន្តចិត្ត។

ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា "គ្មានសត្រូវណាមួយ​ អាចបង្កសេចក្ដីឈឺចាប់ដល់បុគ្គលច្រើន ស្មើនឹងគំនិតអំពីលោភៈ ទោសៈ ឥស្សាជាដើម របស់បុគ្គលខ្លួនឯងទេ"

មនុស្សដែលមិនចេះសម្របសម្រួលចិត្តរបស់ខ្លួន ទៅតាមកាលៈទេសៈ គឺទុកដូចជាមនុស្សស្លាប់។ ចូរបង្វែរចិត្តរបស់លោកអ្នក ឆ្ពោះមកព្ធដ៏ផ្ទៃខាងក្នុងរបស់លោកអ្នក ហើយសាកល្បងរកឲ្យឃើញនូវសេចក្ដីសប្បាយ នៅព្ធដ៏ខាងក្នុងចិត្តនោះ។

មានតែចិត្តត្រូវបានគ្រប់គ្រងហើយ តម្រែតម្រង់យ៉ាងត្រឹមត្រូវប៉ុណ្ណោះទេ ទើបវាប្រែក្លាយជាមានប្រយោជន៍ដល់ម្ចាស់វា និងដល់សង្គមបាន។ ចិត្តគ្រប់គ្រងមិនបាន គឺជាក្តីកង្វល់ដល់ម្ចាស់វាផង ដល់អ្នកដទៃទាំងឡាយផង។ មហន្តរាយទាំងអស់ ដែលកើតមានក្នុងពិភពលោកនេះ គឺជាស្នាដៃរបស់មនុស្ស ដែលមិនបានចេះវិធីគ្រប់គ្រងចិត្ត, ធ្វើចិត្តឲ្យមានតុល្យភាព និងស្ងប់ស្ងៀម។

ភាពស្ងប់ស្ងៀមមិនមែនជាភាពទន់ខ្សោយទេ ឥរិយាបថស្ងប់ស្ងៀមគ្រប់គ្រងពេលវេលា បង្ហាញឲ្យឃើញថា មនុស្សនោះមានវប្បធម៌។ វាពុំមែនជាការលំបាកទេ សម្រាប់មនុស្សម្នាក់ៗប្រកាន់ឥរិយាបថស្ងប់ស្ងៀម នៅពេលជួបរឿងរ៉ាវជាទីពេញចិត្ត ប៉ុន្តែការប្រកាន់ឥរិយាបថបែបនេះ គឺជាការលំបាកនៅពេលជួបរឿងរ៉ាវអាក្រក់។ គឺគុណសម្បត្តិដ៏លំបាកនេះហើយ ដែលវាមានតម្លៃស័ក្តិសម នឹងការខិតខំសម្រេចឲ្យបាន ពីព្រោះដោយសារការហ្វឹកហាត់ នូវភាពស្ងាត់ស្ងៀម និងការគ្រប់គ្រងចិត្តបែបនេះ ហើយទើបមនុស្សអាចសាងពង្រឹងនូវចរិតរបស់ខ្លួនបាន៕[edit]

..................................................
ស្រង់ចេញពីសៀវភៅ៖ តើត្រូវជំនះឧបសគ្គរបស់អ្នកយ៉ាងដូចម្ដេច?
ទំព័រ ៨-៩
ប.ទី១ ព.ស. ២៥៥១ គ.ស. ២០០៨
និ.ក.ស្រីធម្មានន្ទ
ប.ជួន ប៊ុនស៊ីវ (ភិក្ខុ)
រូបភាពហ្វេសប៊ុកផេក

No comments:

Post a Comment