---------------------------------------------------------------------------------
បើអ្នកឥតមានសមត្ថភាពពិសោធ
ឃើញសេចក្ដីពិត តាមភាពពិតរបស់វានោះ
សេចក្ដីពិត
គឺវាកោងក្ងុកបត់ចុះបត់ឡើងបាន សម្រាប់អ្នកជានិច្ចហើយ។
|
ក្មេងប្រុសពីរនាក់ក្រណាស់ រស់នៅដោយសារសុំទានម្ហូបអាហារ
ពីផ្ទះមួយទៅផ្ទះនៅក្នុងទីក្រុង និងជនបទនានា។ ក្មេងម្នាក់ខ្វាក់ពីកំណើត
ម្នាក់ទៀតជួយយកអាសារវា តាមរបៀបនេះ វាចេញដើរសុំទានអាហារជាមួយគ្នា។
ថ្ងៃមួយ ក្មេងខ្វាក់ធ្លាក់ខ្លួនឈឺ ក្មេងម្នាក់ទៀតថា
"ឯងនៅសំរាកទីនេះចុះ អញនឹងទៅសុំទានអាហារសម្រាប់យើងទាំងពីរនាក់
អញនឹងយកអាហារមកឲ្យឯងផងដែរ"។
គាប់ជួនថ្ងៃនោះ វាសុំបានចំណីអាហារមានឱជារសឆ្ងាញ់មួយមុខហៅថា
"ខៀរ" ជានំសង់ខ្យាឥណ្ឌា។ វាមិនដែលញ៉ាំនំមានឱជារសបែបនេះទេ ពីមុនមក។
វាញ៉ាំនំនោះយ៉ាងសប្បាយរីករាយ ប៉ុន្តែជាអកុសលគ្មានចានដាក់នំ យកទៅឲ្យមិត្តវាទេ
ដូច្នេះហើយ វាញ៉ាំនំនោះអស់។
ពេលវាត្រឡប់ទៅដល់លំនៅវិញ វាបាននិយាយប្រាប់មិត្តវាថា
"អញស្ដាយណាស់ ថ្ងៃនេះអញសុំបាននំសង់ខ្យាធ្វើពីទឹកដោះគោ ញ៉ាំឆ្ងាញ់ណាស់
តែគ្មានចានដាក់យកមកឲ្យឯង"។
ក្មេងខ្វាក់សួរថា៖ តើអ្វីទៅនំសង់ខ្យាធ្វើពីទឹកដោះគោនោះ?
"ឱ! វាពណ៌ស។ ទឹកដោះគោពណ៌ស"។
ដោយងងឹតពីកំណើត
វាមិនស្គាល់ពណ៌សសោះ ក៏សួរថា "តើអ្វីទៅពណ៌ស?"
"ឯងមិនស្គាល់ពណ៌សទេឬ?"
"ទេ អញមិនស្គាល់ទេ"។
"គឺវាមិនមែនខ្មៅ"។
"តើអ្វីទៅពណ៌ខ្មៅ?"
វាមិនស្គាល់អ្វីដែលហៅថា ពណ៌ខ្មៅនោះទៀត។
ឱ ឯងត្រូវយល់ពណ៌ស។ ប៉ុន្តែក្មេងខ្វាក់មិនអាចយល់បានទេ។
ដូច្នេះមិត្តវាក៏ក្រឡេកមើលជុំវិញខ្លួន ឃើញសត្វក្រៀលពណ៌សមួយ វាចាប់យកទៅបង្ហាញមិត្តវាថា
"សគឺដូចសត្វស្លាបនេះ"។
ដោយខ្វាក់ពីកំណើត ក្មេងខ្វាក់ស្ទាបសត្វក្រៀលនេះនឹងម្រាមដៃ
ហើយថា "អា! ឥឡូវអញយល់ហើយ អ្វីទៅពណ៌ស! សគឺទន់"។
ទេ! មិនមែនទេ វាគ្មានអីទាក់ទងជាមួយទន់ទេ។
សគឺស! ឯងត្រូវតែយល់"។
"ប៉ុន្តែ ឯងប្រាប់អញថា វាដូចជាសត្វក្រៀលនេះ
ហើយអញពិនិត្យមើលទៅឃើញថាវាទន់។ ដូច្នោះនំសង់ខ្យាទឹកដោះគឺវាទន់។ ស មានន័យថា
ទន់"។
"ទេ ឯងមិនយល់ទេ ចូរសាកល្បងម្តងទៀត"។
ម្ដងនេះ ក្មេងខ្វាក់ពិនិត្យមើលសត្វក្រៀលទៀត
វាស្ទាបពីចំពុះទៅក ទៅដងខ្លួនរហូតទៅចុងកន្ទុយ។ "ឱ! ឥឡូវនេះ អញយល់ហើយ។
វាកោងក្ងុកបត់ចុះបត់ឡើងបាន!"
វាមិនអាចយល់ ព្រោះវាគ្មានសមត្ថភាព ដើម្បីពិសោធឃើញអំពីពណ៌ស។
តាមរបៀបដូចគ្នានេះដែរ បើអ្នកឥតមានសមត្ថភាពពិសោធឃើញ
សេចក្ដីពិតតាមភាពពិតរបស់វានោះ សេចក្ដីពិត គឺវាកោងក្ងុកបត់ចុះបត់ឡើងបាន
សម្រាប់អ្នកជានិច្ចហើយ៕
..................................................
ស្រង់ចេញពី៖
សិល្បះនៃការរស់នៅ
ទំព័រ
១៩៧-១៩៩
ប.ទី១
ព.ស. ២៥៥៧ គ.ស. ២០១៣
ប.
ស.ន. ហ្គោឥនកា
រៀប.
វិល្លីយ៉ាំ ហាត
ប្រែ.
ពូ តុងហាវ(ភិក្ខុ សង្ឃពោធី)
រូបភាព
www.google.com
No comments:
Post a Comment