Sunday, September 4, 2016

តើហេតុអ្វីបានជាពុទ្ធបរិស័ទត្រូវដាក់បាត្រ ឬប្រគេនចង្ហាន់ដល់ព្រះសង្ឃ?


បើនិយាយអំពីការដាក់បាត្រ ឬការប្រគេនចង្ហាន់ដល់ព្រះសង្ឃ អ្នកខ្លះសង្ស័យថា មិនបានផលប្រយោជន៍អ្វី ហើយគេហាក់ដូចជាយល់ថា ព្រះសង្ឃប្រាថ្នាចង់រស់នៅក្នុងជីវិតងាយស្រួល ដោយមិនចាំបាច់ប្រកបការងារអ្វី ប៉ុន្តែគេមិនបានយល់នូវអត្ថន័យពិតថា បព្វជិតជាអ្នកស្វែងរកសច្ចធម៌ឡើយ។ ហើយម្យ៉ាងទៀត ព្រះសង្ឃលោកត្រូវរស់នៅជាជីវិតអានាគារិក។ ព្រះសង្ឃលោករស់នៅបាន ដោយសារទឹកចិត្តជ្រះថ្លាដ៏បរិសុទ្ធរបស់មនុស្សទូទៅ។ លោកគង់នៅបានដោយពឹងផ្អែកទាំងស្រុងលើពុទ្ធបរិស័ទ។ យោងទៅតាមធម្មវិន័យ ព្រះសង្ឃ លោកត្រូវលះបង់ផ្ទះសម្បែងចេញ ហើយត្រូវរស់នៅក្នុងភាពជាអានាគារិកបុគ្គល។ ព្រះសង្ឃលោកបូជាការរស់នៅរបស់លោក ដើម្បីសិក្សាព្រះធម៌វិន័យ និងអនុវត្តន៍តាមព្រះធម៌វិន័យ ដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានឲ្យឱវាទប្រៀនប្រដៅ ដើម្បីធ្វើឲ្យមានអភិវឌ្ឍន៍ចិត្ត។ ព្រះសង្ឃលោកបង្រៀនព្រះធម៌ដល់ឧបាសក ឧបាសិកា។ 

ជីវិតរបស់ព្រះសង្ឃជាជីវិតមួយដ៏សែនលំបាក ព្រះសង្ឃមិនមានគ្រួសារ លោកមិនអាចជ្រើសរើសចង្ហាន់​តាមចំណូលចិត្ត ហើយលោកមិនអាចចូលរួមចំណែកជាមួយវិធីកំសាន្តផ្សេងៗ ដូចជាទៅមើលកុនល្ខោន ឬកីឡាប្រកួតបានឡើយ។ ព្រះសង្ឃលះបង់គ្រប់ប្រណីតភាពនៃកន្លែងគង់នៅ ល្បែងកំសាន្ត ការជ្រើសរើសស្បង់​ចីពរសំរាប់គ្រង និងចង្ហាន់សំរាប់ឆាន់ ដើម្បីស្វែងរកសច្ចធម៌ និងជួយអ្នកដទៃឲ្យរកឃើញសច្ចធម៌ផងដែរ។


នៅពេលណាអ្នកណាម្នាក់ប្រគេនចង្ហាន់ដល់ព្រះសង្ឃ កាយវិការរបស់គេនោះ នឹងជាអំពើមួយ ដែលនឹងផ្ដល់កុសលផលបុណ្យ ដល់ភាគីទាំងសងខាងៈ ព្រះសង្ឃនិងអ្នកដែលប្រគេនចង្ហាន់ដល់ព្រះសង្ឃ។ អ្នកធ្វើទាននឹងបានទទួលបុណ្យកុសល ពីកុសលកម្មរបស់គេ ព្រោះថាគេមានចិត្តធ្វើទាន នៅពេលដែលគេប្រគេនចង្ហាន់ដល់ព្រះសង្ឃៈ កាលណាសម្បុរសធម៌កើតមាន កាលនោះឯង សេចក្ដីលោភលន់ ឬចំណង់លោកីយ៍(ឧបាទាន) នឹងមិនកើតមានឡើយ។ ឯព្រះសង្ឃដែលជាអ្នកទទួលទាននោះសោត ក៏នឹងបានទទួលកុសលផលបុណ្យ ពីអំពើល្អរបស់អ្នកធ្វើទាននោះដែរ ព្រោះថា ព្រះសង្ឃលោកត្រូវបានអ្នកធ្វើទាននោះ ជួយជម្រុញលើកទឹកចិត្ត ឲ្យលោកកាន់តែឧស្សាហ៍ខិតខំសិក្សា និងប្រព្រឹត្តតាម ឱវាទប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ និងជួយដល់មនុស្សផងគ្នា ឲ្យបានយល់ដឹងនូវឱវាទប្រៀនប្រដៅ របស់ព្រះពុទ្ធជាម្ចាស់ផងដែរ។ ព្រះសង្ឃលោកត្រូវដឹងថា ចង្ហាន់ដែលលោកបានមកនោះ គឺជាកាតព្វកិច្ចមួយ តម្រូវឲ្យលោកប្រព្រឹត្តខ្លួនឲ្យបានល្អប្រពៃ ដើម្បីឲ្យសមតម្លៃនៃទាននោះ ដោយខិតខំព្យាយាមឲ្យមានសុខមាលភាព ដល់ព្រះពុទ្ធសាសនាទូទាំងពិភពលោក។ ព្រះសង្ឃលោកត្រូវបានគេរំលឹកជានិច្ចជាកាល នូវការទទួលខុសត្រូវប្រតិបត្តិតាមវិន័យ នៃបាតិមោក្ខសំវរសីលពីរដងក្នុងមួយខែ ដែលជាកាតព្វកិច្ចមួយរបស់លោក ត្រូវទទួលបន្ថែមទៀត។ ជាបន្ថែមទៀត ពេលណាដែលអ្នកដែលទទួលយកនូវទេយ្យទាន (ព្រះសង្ឃ) បានយល់ដឹងនូវសទ្ធាជ្រះថ្លា នៃភាវចិត្តរបស់អ្នកធ្វើទាន លោកនឹងមានសោមនស្សរីករាយ ជាមួយនឹងសទ្ធាដ៏ជ្រះថ្លា របស់អ្នកធ្វើទាននោះដែរ។ ដូច្នេះហើយ​ព្រះសង្ឃលោកក៏នឹងមានភាវចិត្ត ប្រកបទៅដោយសទ្ធាជ្រះថ្លា ដូចគ្នានឹងអ្នកធ្វើទានដែរ។ គឺព្រះសង្ឃលោកត្រូវ បានទទួលការជួយជម្រុញលើកទឹកចិត្ត ឲ្យមានសទ្ធាជ្រះថ្លា ដោយសារតែការធ្វើទានរបស់អ្នក ដែលប្រគេនចង្ហាន់ដល់លោក៕[edit]
.
...........................................................
ស្រង់ចេញពីសៀវភៅ៖ ព្រហ្មចរិយេសនា
ទំព័រ ៣៥-៣៦
ប.ទី២ ព.ស.២៥៥៤ គ.ស.២០១០
និ. ខេង ខេមរះ
រូបភាពហ្វេសប៊ុក


No comments:

Post a Comment