Monday, September 5, 2016

ធម្មៈក្នុងព្រះត្រៃរ័តន៍

------------------------------------------------------------------------------------------------
ព្រាហ្មណ៍បានទម្លាក់ចុះផ្កាក្នុងដៃអស់ហើយ ប៉ុន្តែព្រះពុទ្ធអង្គទ្រង់ឲ្យទម្លាក់ចុះទៀត
ផ្កាក្នុងដៃបានទម្លាក់ចោលអស់ហើយ តើព្រះពុទ្ធអង្គទ្រង់ឲ្យទម្លាក់ចុះអ្វីទៀត?
ចូរទម្លាក់ចុះនូវឧបាទានការប្រកាន់មាំ... ក្នុងចិត្តព្រាហ្មណ៍
------------------------------------------------------------------------------------------------

“... អ្នកប្រតិបបត្តិត្រូវហ៊ានស្លាប់ ស្លាប់ចាកកិលេស ស្លាប់ចាកពុទ្ធិចាស់ ទើបនឹងបានកើតជាមនុស្សថ្មី ត្រូវកើតជាមនុស្សថ្មី ចុះយើងនឹងហ៊ានស្លាប់ទេ? វាក៏គួរឲ្យខ្លាច ប៉ុន្តែបើមិនហ៊ានស្លាប់ នឹងមិនជួបរបស់ថ្មី ជីវិតនឹងមិនមានថ្ងៃស្រស់បំព្រងឡើយ តែបើហ៊ានស្លាប់ នៅក្នុងពិភពនៃការពិត ចិត្តនឹងសោមនស្សរីករាយ។

ព្រះពុទ្ធអង្គទើបទ្រង់ត្រាស់សំដែងថា ភាវចិត្តរបស់បុគ្គលដែលស្លាប់ពីរបស់ចាស់ហើយ ស្លាប់ពីវត្ថុគ្មានខ្លឹមសារហើយ គឺជាវិជ្ជា ជាពុទ្ធិ ជាបីតិ និងជាសិទ្ធិរបស់មនុស្សគ្រប់គ្នា ដែលនឹងចូលដល់ភាវៈមួយនេះ។ សូមកុំលង់លក់ជាប់លើសិទ្ធិនេះ សូមឲ្យតម្កល់ចិត្តចូលដល់សភាវៈពិតឲ្យបាន សូមឈោងឆក់ចាប់យកឱកាស ដែលបានកើតមកជាមនុស្ស ដែលបានកើតជាពុទ្ធបរិស័ទ និងបានកើតជាខេមរជាតិ។ សន្មត់ថា បើយើងកើតជាជនជាតិអ៊ីរ៉ាក់ អ៊ីរ៉ង់ ឱកាសដែលនឹងបានមកអង្គុយ ស្តាប់ព្រះធម៌ទេសនា ឬអង្គុយសមាធិ ប្រហែលជាគ្មានឱកាសឡើយ ប៉ុន្តែយើងមានបុណ្យភព្វសំណាង ដែលបានកើតមកក្នុងប្រទេស ដែលមានព្រះពុទ្ធសាសនា។

ការអប់រំខាងព្រះពុទ្ធសាសនា ប្រៀបបានដូចជាថ្នាំឱសថរក្សារោគ។ ព្រះពុទ្ធអង្គទ្រង់បានស្វែងរកឱសថឃើញហើយ យកមកដាក់ចំពោះមុខយើង ប្រកបដោយព្រះទ័យមហាករុណាទិគុណ ប៉ុន្តែព្រះអង្គទ្រង់មិនបានបង្គាប់បញ្ជា ឲ្យយើងត្រូវតែទទួលទានថ្នាំឱសថនេះទេ ហើយនោះវាតួនាទីរបស់យើងម្នាក់ៗ។ វាគួរសង្វេគដែរ ថា ពួកយើងចូលចិត្តមានសេចក្ដីប្រមាទ តាងជំនួសក្នុងការទទួលទានថ្នាំ បែរជាអាងវ៉ាងថា នៅមិនទាន់ឈឺ ចាំទុកឲ្យដល់ចាស់សិន សឹមចាំទទួលទាន ឬគិតរវល់តែអានឆ្លាកសញ្ញា និងទន្ទេញពីគុណសម្បត្តិរបស់ថ្នាំឱសថ ហើយនឹងគ្រឿងផ្សំរបស់វា ពេលខ្លះយកដបថ្នាំឱសថនោះ ទៅចងព្យួរកក៏សឹងមាន។ តាមការពិតទៅ ថ្នាំឱសថជារឿង ដែលត្រូវទទួលទាន ដើម្បីរក្សារោគ។ យើងមានរោគគឺ កិលេសគ្រប់ៗគ្នា ហើយថាំ្នឱសថក៏មានស្រាប់អស់ហើយដែរ។ តើហេតុអ្វីបានជាយើងមិនព្រមទទួលទាន ឲ្យដាស់សតិឡើងដោយខ្លួនឯងជានិរន្តរ៍?

សូមឲ្យយើងអត់ទ្រាំឲ្យបានច្រើន សេចក្ដីអត់ធន់នេះឯង ជាគ្រឿងដុតកំឡោចនូវកិលេស បានយ៉ាងប្រសើរក្រៃ ហើយចូលមកកម្មដ្ឋានដែលនៅទីនេះឲ្យបាន។ ប៉ុន្តែសេចក្ដីអត់ធន់តែម្យ៉ាង ក៏មិនខាតទុនទេ បានកម្រៃមហាសាល ប៉ុន្តែគង់មិនបានច្រើនជាងនោះក៏ដោយ យ៉ាងហោចណាស់ ក៏យើងបានឃើញពីខ្លួនឯងបានច្រើនឡើង ស្គាល់ពីធម្មជាតិចិត្តរបស់ខ្លួនឯង បានច្រើនឡើង។ ពេលបានស្គាល់ធម្មជាតិចិត្តរបស់ខ្លួនឯង យើងតែងតែស្គាល់ធម្មជាតិចិត្ត របស់អ្នកដទៃផងដែរ ព្រោះចិត្តរបស់មនុស្សយើង មានប្រហាក់ប្រហែលគ្នាទាំងអស់។ ការយល់ចូលចិត្តធម្មជាតិចិត្ត គឺបញ្ញា...

 ----------------------------------------
ធម្មទេសនាអប់រំ
ដោយព្រះគ្រូជយសារោ
ធម្មៈក្នុងព្រះត្រៃរ័តន៍
រូបភាព៖ www.google.plug.com


No comments:

Post a Comment