Thursday, September 22, 2016

ការឧបមាកំណាត់ឈើ ទៅនឹងភិក្ខុក្នុងព្រះសាសនានេះ​


កំណាត់ឈើ ដែលអណ្ដែតរសាត់ឆ្ពោះទៅកាន់សមុទ្រហើយ
ភិក្ខុទាំងឡាយ! តើពួកអ្នកបានឃើញកំណាត់ឈើដុំធំនោះ
ដែលរសាត់អណ្ដែតមក ដោយក្រសែទឹកទន្លេគង្គា ឬអត់?
បានឃើញហើយ ព្រះអង្គ!
ភិក្ខុទាំងឡាយក្រាបទូល

ភិក្ខុទាំងឡាយ! បើកំណាត់ឈើនោះ
នឹងមិនចូលទៅទើជាប់ត្រង់ច្រាំងក្នុង ឬច្រាំងក្រៅទេ,
មិនលិចចុះចំកណ្ដាលទឹកទេ,
មិនឡើងទៅជាប់ដីគោកទេ,
មិនត្រូវមនុស្សចាប់យកទេ,
មិនត្រូវអមនុស្សចាប់យកទេ,
មិនត្រូវក្រសែទឹកគួចយកទៅទេ,
មិនពុកផុយទៅឯកឯងក្នុងខាងក្នុងទេ,
កំណាត់ឈើដូចដែលពោលមកនេះ
នឹងរសាត់អណ្ដែតឆ្ពោះទៅកាន់សមុទ្រ
ព្រោះហេតុថា
ដងទឹកទន្លេគង្គា ទំនោរទៅ ទំនៀលទៅ ជំរាលឆ្ពោះទៅកាន់សមុទ្រ ប្រការនេះយ៉ាងណា។

ភិក្ខុទាំងឡាយ! សូម្បីតែពួកអ្នកទាំងឡាយក៏យ៉ាងដូច្នោះដែរ
បើសិនជាពួកអ្នកទាំងឡាយមិនចូលទៅជាប់ច្រាំងក្នុងទេ,
មិនចូលទៅជាប់ច្រាំងក្រៅទេ,
មិនលិចចុះចំកណ្ដាលទឹកទេ,
មិនឡើងទៅជាប់លើដីគោកទេ,
មិនត្រូវមនុស្សចាប់យកទេ,
មិនត្រូវអមនុស្សចាប់យកទេ,
មិនត្រូវក្រសែទឹកគួចយកទៅទេ,
មិនស្អុយរលួយឯកឯងក្នុងខាងក្នុងទេ,
ពួកអ្នកទាំងឡាយនឹងហូរចូលទៅកាន់ព្រះនិព្វាន
ព្រោះហេតុថា
សម្មាទិដ្ឋិមានធម្មតាដែលទំនោរទៅ ទំនៀលទៅ ជំរាលឆ្ពោះទៅកាន់ព្រះនិព្វាន។

ពេលផុតក្រសែព្រះតម្រាស់ហើយ
ភិក្ខុមួយរូបបានក្រាបបង្គំទូលសួរព្រះមានព្រះភាគជាម្ចាស់ថា

 បពិត្រព្រះអង្គដ៏ចម្រើន
តើអ្វីទៅជាច្រាំងក្នុង ឬច្រាំងក្រៅ?
តើអ្វីទៅជាឈ្មោះថា លិចចុះចំកណ្ដាល?
តើអ្វីទៅជាឈ្មោះថា ឡើងជាប់លើដីគោក?
តើអ្វីទៅជាឈ្មោះថា ត្រូវមនុស្សចាប់យក?
តើអ្វីទៅជាឈ្មោះថា ត្រូវអមនុស្សចាប់យក?
តើអ្វីទៅជាឈ្មោះថា ត្រូវក្រសែទឹកគួចយកទៅ?
តើអ្វីទៅជាឈ្មោះថា ការពុកផុយឯកឯងក្នុងខាងក្នុង?”

ភិក្ខុទាំងឡាយ!
ពាក្យថា ច្រាំងក្នុង ជាឈ្មោះរបស់ អាយតនៈខាងក្នុង៦។
ពាក្យថា ច្រាំងក្រៅ ជាឈ្មោះរបស់ អាយតនៈខាងក្រៅ៦។
ពាក្យថា លិចចុះចំកណ្ដាលជាឈ្មោះរបស់ នន្ទរាគៈ  
(ភាពកំណាន់ដោយសេចក្ដីភ្លើតភ្លើនត្រេកត្រអាល)។
ពាក្យថា ឡើងទៅជាប់លើដីគោក ជាឈ្មោះរបស់អស្មិមានះ
(ភាពសំខាន់ថា យើងមាន យើងបាន)។
ពាក្យថា ត្រូវមនុស្សចាប់យក បានដល់
ភិក្ខុក្នុងករណីនេះជាអ្នកច្របុកច្របល់ដោយគ្រហស្ថ
ភ្លើតភ្លើនដូចគ្នា,
សោកសៅដូចគ្នា,
មានសុខ ពេលគ្រហស្ថទាំងនោះមានសុខ,
កើតទុក្ខ ពេលគ្រហស្ថទាំងនោះកើតទុក្ខ,
ប្រកបកិច្ចការក្នុងកិច្ចការ ដែលបង្កបង្កើតឡើងដល់គ្រហស្ថទាំងនោះដូចខ្លួនៈ
ភិក្ខុនេះ យើងហៅថា អ្នកត្រូវមនុស្សចាប់យក។
ពាក្យថា ត្រូវអមនុស្សចាប់យក បានដល់
ភិក្ខុរូបខ្លះ ក្នុងករណីនេះប្រព្រឹត្តព្រហ្មចរិយធម៌
ដោយតាំងសេចក្ដីប្រាថ្នាទេពនិកាយក្នុងភូមិជាន់ណាមួយ
ថា ដោយសីលនេះ ឬដោយវត្តប្រណិប័តន៍នេះ ឬក៏ថាដោយតបៈនេះ
យើងនឹងបានកើតជាទេវតាអ្នកមានយសស័ក្ដិធំ
ឬកើតជាទេវតាអ្នកមានសក្ដាតិច យ៉ាងណាមួយដូច្នេះ
ភិក្ខុនេះ យើងហៅថា អ្នកត្រូវអមនុស្សចាប់យក។
ពាក្យថា ត្រូវក្រសែទឹកគួចយកទៅ” ជាឈ្មោះរបស់កាមគុណ៥។
តើ ភិក្ខុជាអ្នកស្អុយរលួយឯកឯងក្នុងខាងក្នុង គឺយ៉ាងណាទៅ?
គឺភិក្ខុរូបខ្លះ ក្នុងករណីនេះជាមនុស្សទ្រុស្តសីល
មានការប្រព្រឹត្តថោកទាប មិនបរិសុទ្ធ
មានការប្រព្រឹត្តប្រភេទដែលខ្លួនឯងគិតហើយ
ក៏មានមន្ទិលសង្ស័យខ្លួនឯង មានទង្វើដែលត្រូវបិទបាំងលាក់បំពួន
មិនមែនជាសមណៈ ក៏ប្ដេជ្ញាចិត្តថាជាសមណៈ
មិនមែនជាអ្នកប្រព្រឹត្តព្រហ្មចរិយៈ ក៏ប្ដេជ្ញាចិត្តថា ជាអ្នកប្រព្រឹត្តព្រហ្មចរិយៈ
ជាអ្នកស្អុយក្នុង សើមរលួយ មានសញ្ញជាតិស្មៅហ្មង ដូចជារណ្ដៅចាក់សម្រាមលាមកម៉ូត្រ
ភិក្ខុនេះ យើងហៅថា អ្នកស្អុយរលួយឯកឯងក្នុងខាងក្នុងហ្នឹងឯង៕[edit]


-បាលី សឡា.សំ. ១៨/២២៣/៣២២.

No comments:

Post a Comment