Tuesday, September 13, 2016

ចូរព្រមក្រកាយ តែកុំព្រមក្រចិត្ត


សេចក្ដីអត់ឃ្លានក្រ រមែងជារបស់ដែលមនុស្សគ្រប់រូបចាំបាច់ ត្រូវភពប្រសប់គ្រប់គ្នា បើនឹងមានប្លែកត្រង់ក្រតាមឋានៈរបស់គេនឹងយើងប៉ុណ្ណោះ។ ដោយហេតុនេះ ទើបខ្ញុំសរសេរជាក្បួនដោះទាល់ក្រនេះឡើង ដើម្បីគ្រាន់ទុកជាផ្លូវត្រិះរិះរបស់លោកអ្នកទាំងឡាយ ទៅតាមអត្ថភាព។

ចូរលោកអ្នកកាត់ចោលចេញនូវគំនិតទំនើងចិត្តឡឺតលយឆាយ រួចត្រូវឲ្យចេះលៃប្រមាណខ្លួន ដូចដែលបានពោលរួចមកហើយខាងដើមចុះ លោកអ្នកមុខជាមិនជួបប្រទះនូវសេចក្ដីទីទាល់ក្រឡើយ។

សេចក្ដីសុខកាយសប្បាយចិត្ត មិនបានស្ថិតនៅត្រង់អ្នកមានសម្បត្តិទ្រព្យ វាល់កោដិលាននោះទេ ការសង់ផ្ទះតូចៗ ឬជួលកូនបន្ទប់មួយតូចនៅ ដោយមានមុខចំណូលបានល្អសមគួរ ក្រោយពីកាត់មុខចំណាយចេញរួចស្រេច ក៏ចាត់ទុកបានថា ជាសេចក្ដីសុខគ្រប់គ្រាន់នឹងអត្ថភាព។ ប៉ុន្តែឥឡូវនេះ មនុស្សយើងមិនដូច្នោះឯណា សូម្បីតែនៅមិនទាន់ដល់គ្រាក្រាផង ក៏រត់ត្រសុលចូលទៅរកសេចក្ដីក្រខ្លួនឯង បើតែយ៉ាងនេះ តើនឹងទៅបន្ទោសអ្នកណា? ចំពោះពពួកកម្លោះៗ ឥឡូវនេះគឺ បារ កុន ល្លោន ល្បែង។ល។ និង។ល។ ទាំងអស់ហ្នឹងហើយ ដែលចាំកន្ត្រាក់ឲ្យធ្លាក់ចូលទៅក្នុងរណ្ដៅក្រ បើអ្នកណាភ្លាត់ស្នៀត គឺមុខជាគ្មានទឹកភ្នែកសម្រាប់យំទេ

ចូរមនុស្សគ្រប់រូបចងចាំទុកថា កាលបើយើងអាចដោះស្រាយរឿងក្របានក្នុងថ្ងៃនេះ យើងក៏អាចនឹងមានទៅបាននៅថ្ងៃមុខ ត្រង់ឲ្យមនុស្សយើងក្រអស់មួយជីវិតនោះ គឺមានតិចណាស់ ប៉ុន្តែទោះបីជាគ្រាដែលក្រ ក៏កុំសុខចិត្តឲ្យក្រទាល់តែរលីងធេងអស់ពីខ្លួនឲ្យសោះ ត្រូវទុកខ្លះគឺ "ចូរព្រមក្រកាយ តែកុំព្រមក្រចិត្ត" ទោះបីជាត្រូវជួលផ្ទះគេនៅ ១ខែ ៥០០ រៀល ស៊ីមួយពេល អត់មួយពេល ខោអាវប៉ះជាបំណះក៏ដោយ ក៏ចូរឲ្យវាក្រតែកាយបានហើយ ឯចិត្តកុំព្រមក្រ ត្រូវកែខៃនៅពេលខាងមុខ នឹងព្យាយាមជាប់ជានិច្ច។ ចិនមកពីស្រុកចិនមានសម្បត្តិធម្មជាតិជាប់មកនឹងខ្លួនប៉ុណ្ណោះ នៅអាចធ្វើខ្លួនគេឲ្យមានទៅជាអ្នកមានបាន ចុះយើងខ្មែរជាម្ចាស់ស្រុកផង តើត្រូវសុចចិត្តឲ្យអាប់ឱនជាងជនបរទេសទៅកើតដែរឬ? យើងត្រូវធ្វើចិត្តឲ្យរឹង ឲ្យសមជាខ្មែរម្ចាស់ស្រុក ផ្លូវណាដែលសុចរិតត្រូវរត់តំរង់ចូលទៅចុះ មិនក្រយូរទេអស់លោក! លោកអ្នកដើរ កុំដើរអត់ប្រយោជន៍ កុំដេកអត់ប្រយោជន៍ កុំស៊ីអត់ប្រយោជន៍ ត្រូវគិតទៅដោយបញ្ញា ការគិតអាចកើតឡើងនៅពេលដេកក៏មាន បើសុខចិត្តក្រចិត្តថែមទៅទៀត ព្រមជាមួយរាងកាយដែលត្រូវសេចក្ដីទាល់ក្រ រុករានទន្រ្ទានស្រាប់ហើយ ចូរកុំសង្ឃឹមឲ្យសោះថា នឹងមានឱកាសបើកភ្នែក ហារមាត់បានសមបំណង។ ទោះបីជាក្រីក្រលំបាកលំបិនដូចម្តេចត្រូវខំធ្វើមុខឲ្យស្រស់ស្រាយជាប់ជានិច្ច កុំអាលទុក្ខសោកធ្វើមុខស្អុយប៉ែ វានាំឲ្យសេចក្ដីសង្ឃឹមដែលប៉ុនប៉ងទៅមុខ ត្រូវរលំរលាយទៅជាមួយផង។ មិត្តអ្នកនិពន្ធជើងចាស់របស់ខ្ញុំម្នាក់ធ្លាប់បានដាស់តឿនខ្ញុំថា ចូរយំនៅតែដើមទ្រូងបានហើយ កុំបញ្ចេញមកខាងក្រៅ នេះគឺបានសេចក្ដីថា "កុំព្រមឲ្យក្រចិត្ត" ហ្នឹងឯង។

លោកអ្នកដឹងទេថា ខោឡាញ់ដាចៗ​ដែលបោះចោលគ្មានអ្នកណារើស តែអ្នកជំនាញក្នុងការដោះទ័លក្រ​គេអាចធ្វើឲ្យវាក្លាយទៅជាប្រាក់បាន ពីរបីរយក្នុងវេលាតែមួយភ្លែត។  នេះគ្រាន់តែជាការដាស់តឿននិងបង្ហាញគោលៗឲ្យអស់លោកអ្នក ចេញទៅប្រយុទ្ធក្នុងការដោះទ័លក្រប៉ុណ្ណោះ អស់លោកអ្នកអានហើយ វិនិច្ឆ័យឲ្យម៉ត់ចត់ចុះ នឹងបង្កើតផលបានជាបង្គួរដល់ខ្លួនលោកអ្នកជាពុំខាន៕[edit]

--------------------------------------------
ស្រង់ចេញពីសៀវភៅ៖ ក្បួនដោះទ័លក្រ
ប.ទី១, បណ្ណាគារ អប្សរា, ព.ស.២៥១៩ គ.ស.១៩៧៥, ទំ.៣០-៣៣
រ.ហាក់ ឆៃហុក
រូបភាពហ្វេសប៊ុកផេក


No comments:

Post a Comment