Thursday, October 27, 2016

មិត្តវិន្ទុកជាតក



មិត្តវិន្ទុកជាតក

...រឿងរ៉ាវនេះកើតមានឡើងក្នុងសម័យព្រះពុទ្ធជាម្ចាស់ ដែលទ្រង់មានព្រះនាមថា សម្ដេចព្រះកស្សបសម្មាសម្ពុទ្ធជាម្ចាស់ មានសេចក្ដីដំណាល់ថា នាយមិត្តវិន្ទុក ត្រូវកងចក្រខៃនៅលើក្បាលគ្រប់កាលជានិច្ច ទើបបានទទួលរងទុក្ខទារុណកម្មវេទនាខ្លោចផ្សា។ រឿងនេះមានជាអាទ៌ថា...

មានបុរសម្នាក់ឈ្មោះថា នាយមិត្តវិន្ទុកៈ ត្រូវបានគេបណ្ដែតដាក់ពោងពាយចុះពីសំពៅ ព្រោះសំពៅជួបនូវឧបទ្ទវហេតុ ហើយគ្រប់គ្នាសម្រេចស្របមូលមតិគ្នាថា បុរសម្នាក់នេះត្រូវជាកាឡកិណី។ ពេលបណ្ដែតទៅបានមួយសន្ទុះ ក៏ទៅជាប់ទើរលើត្រើយកោះមួយ ប្រាកដជាវិមានកែវ និងស្រីទេពអប្សរបួនរូប(នាងវេមានិកប្រេត) មុខមាត់ស្រស់ស្អាតសោភា ពណ៌សម្បុរភ្លឺរលោង ពូកែបម្រើប្រណិប័តន៍យកចិត្តយកថ្លើម ហើយសោយសុខនៅជាមួយនាយមិត្តវិន្ទុកៈម្នាក់នោះ អស់កាលដ៏យូររាប់មួយចន្លោះព្រះពុទ្ធន្ដរគឺ យូរអង្វែងជាងអាយុក្ខ័យទេវតាទាំងឡាយទាំងពូងទៅទៀត។

តែមិនថា នឹងមានសេចក្ដីសុខកម្រិតណា នៅយូរៗទៅក៏ចាប់ផ្តើមធុញទ្រាន់ជិនណាយ ទើបគិតនឹងចេញសំពៅទៅកាន់ខាងមុខ តែមុនចាកចេញទៅ ទេពអប្សរប្រេតទាំងនោះ ទើបនិមិត្តសំពៅមាសឲ្យមួយ ដើម្បីឲ្យប្រើក្នុងការធ្វើដំណើរដោយស្រួល សូម្បីតែទេវតាទាំងនោះអង្វរកឃាត់  តែពេលគេទៅ នឹងហាមប្រាមមិនបាន ព្រោះធាតុពិតទៅ ទេពអប្សរទាំងនោះជាវេមានិកប្រេតដែលមានកម្ម ត្រូវមកចាំបម្រើ និងបោកបញ្ឆោតឲ្យ មនុស្សជាប់ជំពាក់ក្នុងអន្លងតណ្ហា ដោយរូបកាយដែលខ្លួននិមិត្តឡើងមកនោះ។

ពេលចេញដំណើរទៅជួបកោះមួយកន្លែងទៀត ក៏បានជួបវិមានដ៏ធំជាងមុន មានស្រីទេពអប្សរ ដែលជានាងវេមានិកប្រេតច្រើនជាងមុន ស្មើនឹង៨អង្គ។ នាយមិត្តវិន្ទុកៈម្នាក់នោះ បានសោយសុខជាមួយនាងវេមានិកប្រេតទាំងនោះ អស់កាលដ៏យូរទៅ ក៏ចាប់ផ្ដើមធុនទ្រាន់នឿយណាយទៀត ទើបគិតថា នឹងចេញដំណើរសំពៅ ដើម្បីទៅស្វែងរកសេចក្ដីសុខក្រៃលែងជាមុន។ ពេលនិយាយលាទេពអប្សរវេមានិកប្រេត ទាំង៨អង្គនោះហើយ ក៏ចេញដំណើរទៅជួបកោះថ្មីមួយទៀត ដែលមានស្រីទេពអប្សរ១៦អង្គនៅជាមួយគ្នា ជាវិមានប្រាក់ល្អស្អាតវិចិត្រ ហើយកាលវេលាក៏ដូចមុន។

នាយមិត្តវិន្ទុកៈបានសោយសុខ ជាមួយនាងវេមានិកប្រេតទាំងនោះនៅអស់កាលដ៏យូរ ដល់នៅយូរៗទៅ ក៏ចាប់ផ្តើមធុញទ្រាន់នឿយណាយ ទើបចេញដំណើរទៅទៀត ក៏ទៅជួបកោះមួយដែលមានស្រីទេពអប្សរវេមានិកប្រេត អាស្រ័យរស់នៅដល់៣២អង្គ ជាមួយគ្នា មានវិមានពណ៌មាសល្អឆើតឆាយ គួរឲ្យចង់គយគន់ពិចពិលរមើល សេចក្ដីសុខនោះច្រើនអនេក និងបរិយាយរៀបរាប់ដល់គេ ក៏មិនចង់នឹងជឿក្នុងរឿងដែលខ្លួនបានជួបប្រទះឃើញ។ តែពេលនៅយូរៗទៅ ក៏គិតចង់នឹងមានសេចក្ដីសុខច្រើនឡើងទៀត ទើបត្រៀមខ្លួនចេញដំណើរសំពៅទៅ ប៉ុន្តែនាងប្រេតទេពអប្បរទាំងនោះបានហាមប្រាមឃាត់ថា បន្ទាប់ពីនេះទៅ ជាឧស្សទនរក មិនមានវិមានអ្វីណាទាំងអស់ ប៉ុន្តែនាយមិត្តវិន្ទុកៈក៏មិនចាប់អារម្មណ៍ ចេញដំណើរសំពៅទៅ ព្រោះសេចក្ដីប្រាថ្នាចង់បាន ដែលខ្លួនមានមិនចេះចប់។

ពេលបើកសំពៅទៅក៏បានជួបកោះមួយ លើកោះនោះមានមនុស្សច្រើនណាស់នាំយកផ្កាឈូក ដ៏ស្រស់ស្អាតច្រើនមកទូលទុកត្រង់លើក្បាល ពត់ពេនរាំរែកយ៉ាងសប្បាយរីករាយ។ នាយមិត្តវិន្ទុកៈឃើញហើយ ទើបចង់បានផ្កាឈូកវិសេសនោះ ប៉ុន្តែតាមការពិតទៅ ជាប្រេតដែលកងចក្រវិលខៃក្បាលគ្រប់ពេលវេលា បានទទួលការឈឺចាប់រងទុក្ខវេទនាធ្ងន់ណាស់ តែនាយមិត្តវិន្ទុកៈនិយាយហារសុំ ហើយប្រេតនោះបានពន្យល់ហើយថា វាជាកងចក្រ មិនមែនជាផ្កាឈូកទេ គេក៏មិនព្រមស្ដាប់ការអ្វី។ ប្រេតនោះទើបគិតថា យើងប្រហែលនឹងបានផុតកម្មហើយ បុរសម្នាក់នេះប្រហែលជាមកទទួលកម្មបន្ត ទើបប្រគល់ឲ្យទៅ។

ពេលនាយមិត្តវិន្ទុកៈនាំមកទូលទុកលើក្បាល ដែលធ្លាប់ឃើញថាជាផ្កាឈូក ត្រឡប់ប្រែក្លាយជាកងចក្រ អារកាត់ក្បាលគេដល់ស្លាប់។ ពេលស្លាប់ហើយ ក៏រស់ឡើងវិញ ពេលរស់ឡើងវិញ ក៏ត្រូវកងចក្រអារកាត់ទៀត មានសភាពយ៉ាងនេះអស់កាលដ៏យូរ។

ខណៈពេលនោះព្រះពោធិសត្វ បានហោះឆ្លងកាត់តាមនោះ នាយមិត្តវិន្ទុកៈទើបសួរថា បពិត្រព្រះអង្គ តើទូលបង្គំបានសាងកម្មអ្វីទុក ដល់ទេវតា ទូលបង្គំបានសាងកម្មអាក្រក់អ្វី បានជាកងចក្រនេះច្រត់ត្រង់លើក្បាល ហើយវិលខៃនៅលើក្បាលរបស់ទូលបង្គំ?”

ព្រះពោធិសត្វមានព្រះបន្ទូលថា ព្រោះហេតុណាមួយ អ្នកបានឆ្លងកាត់ទាំងប្រាសាទកែវផលឹក ប្រាសាទប្រាក់ ប្រាសាទកែវមណី និងប្រាសាទមាស ហើយទើបមកដល់ទីឋាននេះបាន

នាយមិត្តវិន្ទុកៈពោលថា សូមព្រះអង្គ ទ្រង់ចូរមើលទូលបង្គំជាបុគ្គលមានហាយនភាព អាស្រ័យព្រោះសំខាន់ថា ទីនេះមានភោគទ្រព្យសម្បត្តិច្រើនជាងប្រាសាទទាំង៤ ដែលបានពោលមកនេះ។

....ព្រះពោធិសត្វទើបត្រាស់ឆ្លើយតបថា អាស្រ័យព្រោះអ្នកមានសេចក្ដីប្រាថ្នាចង់បានហួសហេតុពេក បានគ្រប់គ្រងស្រីទេពទាំង៤ មិនគាប់ចិត្តទាំង៤អង្គ, បានគ្រប់គ្រងស្រីទេពទាំង៨ មិនគាប់ចិត្តទាំង៨អង្គ, បានគ្រប់គ្រងស្រីទេពទាំង១៦ មិនគាប់ចិត្តទាំង១៦អង្គ, បានគ្រប់គ្រងស្រីទេពទាំង៣២ មិនគាប់ចិត្តទាំង៣២អង្គ អ្នកទើបបានជួបប្រទះជាមួយកងចក្រដែលវិលកាត់ នៅលើក្បាលរបស់អ្នក ព្រោះត្រូវសេចក្ដីលោភលន់ សេចក្ដីប្រាថ្នាចង់បានហួសហេតុពេក។

ព្រះពោធិសត្វត្រាស់ដូច្នេះហើយ ស្តេចហោះវិលត្រឡប់ទៅទេវឋាននៃខ្លួនភ្លាមៗ។ ចំណែកខាងនាយមិត្តវិន្ទុកៈ ក៏គង់នៅមានកងចក្រវិលខៃនៅលើក្បាលរហូតអស់កាល និងបានទទួលសេចក្ដីទុក្ខវេទនាខ្លាំងក្លារឿយៗ ទម្រាំដល់បាបកម្មដែលខ្លួនបង្កទុកនោះអស់ទៅ។ ការណ៍ដែលនាយមិត្តវិន្ទុកៈ បានទទួលបាបកម្មដូចនេះ អាស្រ័យហេតុនៃសេចក្ដីលោភលន់ សេចក្ដីប្រាថ្នាចង់បាន និងប្រាថ្នាចង់បានគ្មានទីបំផុតហ្នឹឯង។

ព្រះពុទ្ធអង្គទើបទ្រង់ត្រាស់ប្រៀនប្រដៅថា តាំងដាក់ឈ្មោះថា សេចក្ដីចង់បាន មានសភាពផ្សាយចេញទៅធំក្រៃកន្លង ធ្វើឲ្យពេញបានដោយក្រ (សេចក្ដីប្រាថ្នាមិនមានទីបំផុត) បើជនណាមួយធ្លាក់ខ្លួនចូលក្នុងសភាពក្រោមអំណាចនៃសេចក្ដីប្រាថ្នាចង់បាន(តណ្ហា)ហើយ ក៏ពិបាកនឹងដក់ខ្លួនឲ្យរួចផុតចេញមកបានងាយៗ ដូចគ្នានឹងលោកក្នុងបច្ចុប្បន្ននេះ ត្រូវទូលកងចក្រទុកនៅលើក្បាលអស់កាលជានិច្ច។

ពេលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ចប់ហើយ ទ្រង់ប្រជុំជាតកថា នាយមិត្តវិន្ទុកៈក្នុងកាលនោះ បានមកជាមិត្តវិន្ទុកភិក្ខុអ្នកប្រដៅថាដោយលំបាក ចំណែកទេវបុត្តក្នុងកាលនោះ បានមកជាយើងតថាគត ក្នុងកាលឥឡូវនេះឯង។

តណ្ហាគឺចំណង់ ជាវត្ថុដែលបំពេញឲ្យពេញបានដោយក្រ រីកសាយភាយទៅបានគ្មានដែនកំណត់។ បុគ្គលដែលមានចំណង់ដែលគ្មានទីបំផុត រមែងកើតមានដូចនាយមិត្តវិន្ទុកៈម្នាក់នេះដែលត្រូវទៅសោយសុខ ជាមួយនាងវេមានិកប្រេត និងទៅដល់ទីបំផុតគឺនរក។

បុគ្គលអ្នកធ្វើហេតុដោយសេចក្ដីប្រាថ្នាចង់បាន រមែងមិនអាចចូលដល់សុគតិទេវលោកបាន អ្នកលះបង់ចោលនូវចំណង់បានទៅវិញទេ ទើបអាចចូលដល់ទេវលោក សូម្បីតែទេវតានឹងមានសេចក្ដីសុខ ក្នុងកាមដែលល្អប្រណីត តែការជំពាក់ក្នុងកាមរបស់ទេវតាត្រឡប់ជាមានតិចជាង ព្រោះសេពសោយដោយស្គាល់ប្រមាណ មិនបានរត់ទៅតាមតណ្ហា ដែលគ្មានទីបំផុត ព្រោះពេលទេវតាសេពកាមច្រើនពេក ដល់ភ្លេចបរិភោគអាហារទិព្វ កាយរមែងបែកធ្លាយ រមែងចុតិ តាំងនៅក្នុងភេទភាវៈរបស់ទេវតាមិនបាន។ សេចក្ដីសុខតែមួយគត់ដែលមានជាអមតៈ ស្ថេរភាព ជានិរន្តរ៍ មិនពឹងផ្អែកជាមួយវត្ថុអ្វី គឺសេចក្ដីក្នុងអមតមហានិព្វាន៕[edit]

រូបភាពហ្វេសប៊ុកផេក 
ប្រែ.ចាន់

No comments:

Post a Comment