Wednesday, October 26, 2016

គំនិតពិចារណាខ្លឹមសារនៃជីវិត(១៧)


គំនិតពិចារណាខ្លឹមសារនៃជីវិត(១៧)
មនុស្សដែលឃើញពីប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ ដែលជាមនុស្សអាត្មានិយម មិនបានឃើញពីផលលំបាករបស់សង្គមដែលខ្លួនឯងកំពុងរស់នៅ អាចនិយាយបានថា មនុស្សសព្វថ្ងៃនេះ ជាមនុស្សដូចហ្វូងឆ្កែចចក ដែលដណ្ដើមគ្នាស៊ីដើម្បីរស់នៅ ពួកគេបានបាត់បង់នូវមនសិការជាតិអស់ទៅហើយ ដូចមានបុរសចំណាស់ម្នាក់បានធ្វើដំណើររួមជាមួយស្មេរ គាត់និយាយថា ពេលនេះគ្មានអ្នកណាមួយស្នេហា ស្រឡាញ់ជាតិនោះទេ ពាក្យថា ស្នេហាស្រឡាញ់ជាតិមានតែលើបបូរមាត់និយាយ តែតាមធាតុពិតវិញ វាផ្ទុយស្រឡះ កាលណាមនុស្សស្រេកឃ្លានមិនចេះគ្រប់គ្រាន់ សម្រាប់តណ្ហាក្រពះរបស់ខ្លួន រកប្រយោជន៍រួមអត់ឃើញទេ។ ការឃើញពីប្រយោជន៍ខ្លួនមិនចេះគ្រប់នេះហើយ ដែលបង្កភាពវិនាសកម្មដល់សង្គមមនុស្ស សត្វ វត្ថុ និយាយរួម បរិស្ថានទាំងមូលតែម្តង។ ដូចជា ព្រះគ្រូញាណសំវរៈ មានថេរដីការថា៖


...មនុស្សដែលមានគោលបំណងប្រយោជន៍ខ្លួនប៉ុណ្ណោះ ដែលមិនចេះសង្រ្គោះដល់អ្នកណា ជាជំពូកពួកមនុស្សដែលឃើញតែខ្លួនពិសេសតែមួយគត់ ជាមនុស្សចង្អៀតចង្អល់ ចិត្តតូចចង្អៀត មិនប្រព្រឹត្តទៅជាគុណប្រយោជន៍ដល់បុគ្គលណាមួយសោះឡើយ អាចចម្រើនដោយប្រយោជន៍បច្ចុប្បន្ន មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជារបស់ខ្លួនឯង តែជាមនុស្សគ្មានប្រយោជន៍ដល់មនុស្សដទៃ ឬដល់ក្រុមពួកគណៈ ហៅថា ជាមនុស្សមានគំនិតទស្សនវិស័យខ្លី ព្រោះមូលដ្ឋាននៃការរស់នៅសមូហៈ ពេលណាអ្នកដទៃនាំគ្នាមានទុក្ខលំបាក ក្ដៅក្រហាយ នឹងរស់ជាសុខបានយ៉ាងណាទៅ!។ ដូចនេះ មនុស្សមានបញ្ញាទើបមានគំនិតគិតវែងឆ្ងាយ និងធំទូលាយ ពេលណាខ្លួនឯងបានប្រយោជន៍ មានសេចក្ដីសុខ សេចក្ដីចម្រើន ក៏ធ្វើការងារដែលជាប្រយោជន៍ ចែករំលែកសេចក្ដីសុខឲ្យដល់មនុស្សម្នាផងទាំងឡាយ ដែលមានការពាក់ព័ន្ធ និងតាមសមត្ថភាព ដើម្បីជាប្រយោជន៍ទៅខាងមុខ...



No comments:

Post a Comment