រស់ក្នុងសេ្នហាដោយមានសតិ
យើងម្នាក់ៗកើតមកហើយ
មានវឌ្ឍនាការធំធាត់មានសាច់ឈាម
ពេញរូបពេញរាង
ចេញមកក្រេបជញ្ជក់យកចំណេះដឹងផ្លូវលោក
មានការងារធ្វើ
មានប្រាក់ខែ មានលុយកាក់ចាយវាយ
មានគ្រួសារ
មានកូនមានចៅជាហូរហែ។
ឆ្លងកាត់មកដល់ដំណាក់កាលនេះ
វាមិនមែនជាការងាយស្រួលទេ
ហើយក៏មានមនុស្សមិនតិចដែរ
ដែលបានបរាជ័យជាមួយសេ្នហានេះ។
មនុស្សខ្លះពិការចិត្ត
ខូចចិត្តខូចថ្លើម ធ្វើបាបខ្លួនឯង
រហូតដល់មានការផ្ដាច់សង្ខារខ្លួនឯងចោល
ដោយសារតែស្នេហានេះ។
ដោយពួកគេហាក់ដូចជាលែងគិតពីអនាគតខ្លួនថា
ជីវិតនេះមិនមែនមានផ្លូវតែមួយសម្រាប់ខ្លួនដើរទេ
តែគេភ្លេចអស់ទឹកចិត្តដែលឪពុកម្តាយខិតខំប្រឹងប្រែងចិញ្ចឹមឲ្យមានជីវិត
រស់នៅធំធាត់
មានសាច់មានឈាម រស់នៅដូចគេដូចឯង
ដោយសារតែខ្លួនមានការបាត់បង់សតិមួយភ្លែតនោះ
ធ្វើឲ្យអ្វីៗហូសពេលអស់។
យើងត្រូវគិតជានិច្ចថា
យើងអាចរស់នៅជាមួយមនុស្ស
ដែលយើងស្រឡាញ់ត្រឹមតែមួយគ្រាយ៉ាងខ្លីប៉ុណ្ណោះ
ព្រោះតថភាពរឿងជួប
និងព្រាត់
បានប្រាប់យើងយ៉ាងច្បាស់គ្រប់ពេលវេលា
ទុកឲ្យយើងបានយល់ពីវារាល់ថ្ងៃ
ទុកណាថ្ងៃនេះ
មិនមែនជារូបយើងក៏ដោយ
តែថ្ងៃក្រោយនោះ
នឹងមានយើងក្នុងចំណោមពួកគេទាំងអស់ហ្នឹងដែរ។
យើងត្រូវដឹងថា
មនុស្សយើងកើតមកលើលោកសន្និវាសនេះ
ដើម្បីបានមកជួបគ្នាមានពេលយ៉ាងខ្លីណាស់
ហើយចុងក្រោយ
យើងក៏គេចមិនផុតពីការព្រាត់ប្រាសចាកនិរាសគ្នានៅពេលណាមួយ
បើយ៉ាងយូរបំផុតត្រឹមផុតអាយុក្ខ័យរបស់ខ្លួនក្នុងជាតិនេះឯង
ហើយព្រាត់បែកគ្នាជារៀងរហូតមិនដឹងថា
ជាតិណាមួយបានជួបគ្នាវិញទេ។
ព្រោះយើងម្នាក់ៗកើតមកជាមនុស្សនេះ
បានបំពេញសេចក្ដីល្អមិនស្មើគ្នា
មានសទ្ធាជ្រះថ្លាធ្វើបុណ្យ
រក្សាសីល
ចម្រើនភាវនាមិនដូចគ្នា
ជួនកាលទៅប្រពន្ធបានធ្វើច្រើនជាងប្តី
ឬប្តីបានធ្វើច្រើនជាប្រពន្ធ
តែបើមើលពីសកម្មភាពសព្វថ្ងៃនេះទៅ
ឃើញថាប្រពន្ធ ឬស្រីៗ
មានការបំពេញសេចក្ដីល្អ
ដូចជាសកម្មជាងប្រុសៗ។
ប្រុសៗបានជួបគ្នាច្រើនតែដេកលងលក់
ក្នុងដំណេកការប្រើប្រាស់គ្រឿងស្រវឹងផ្សេងៗទៅវិញ។
បើនិយាយដូចនេះ
មើលទៅដូចជាមានការបែកគ្នា
តាំងពីនៅរស់រានមានជីវិតបាត់ទៅហើយ
មិនចាំបាច់ចាំជាតិក្រោយជួបគ្នាទេ។
ដូច្នេះ
យើងម្នាក់ៗកុំគិតរំពឹងទុកក្នុងចិត្តថា យើងអាចនឹងរស់នៅរួមគ្នាបានយូរវែងឆ្ងាយ
កុំគិតរំពឹងទុកថា
យើងនឹងមានគេគ្រប់ដង្ហើមចេញចូលរបស់ខ្លួនឡើយ
សូមឲ្យដាក់ចិត្តគិតទុកថា
មនុស្សអាចសេពគប់រាប់អានគ្នា
ទុកដូចជាកល្យាលមិត្តដ៏ល្អចំពោះគ្នាទៅចុះ
យើងអាចមើលថែគ្នាបាន
នាំគ្នាខំព្យាយាមសាងហេតុ
និងបច្ច័យធម៌សង្គ្រោះរក្សាសម្ព័ន្ធភាពមួយនេះឲ្យបានល្អ
ចេះផ្ដល់ពេលវេលាឲ្យមនុស្សដែលយើងស្រឡាញ់ល្អបំផុត
គ្រប់ពេលដែលយើងបាននៅជាមួយគេ៕
ស.ស. ចាន់
រូបភាពហ្វេសប៊ុក
No comments:
Post a Comment