Friday, January 6, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៩)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៩)

"...អំពើល្អ ជាហេតុឲ្យនាមត្រកូលតាំងនៅដោយមានកិត្តិយស។
អំពើអាក្រក់ ជាហេតុឲ្យនាមត្រកូលតាំងនៅដោយការអាប់យស។

ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង អាចយកព្រះអង្គធ្វើជាសក្ខីកម្មមកបញ្ជាក់អះអាងការពិតដែលថា រាងកាយរបស់សត្វលោករលាយបាត់ទៅមែន ប៉ុន្តែនាមត្រកូល (នាមនិងគោត្រ) មិនរលាយបាត់ទៅណាឡើយ។

ព្រះពុទ្ធសរីរៈ គឺជារូបកាយរបស់ព្រះពុទ្ធបរមគ្រូនៃយើង ទ្រង់រលាយបាត់ទៅអស់រាប់ពាន់ឆ្នាំហើយ រាប់ជាពេលវេលាពីរពាន់ប្រាំរយឆ្នាំជាង ប៉ុន្តែនាម និងគោត្ររបស់ព្រះអង្គ រកបាន មិនបានរលាយបាត់ទៅណាទេ បានកំពុងតាំងនៅឋិតថេរគង់វង់បន្តរហូតដល់សព្វថ្ងៃនេះ។ ព្រះនាមព្រះអង្គត្រូវបានមនុស្សម្នា ស្គាល់យ៉ាងទូលំទូលាយពាសពេញពិភពលោកយើងនេះ ហើយស្គាល់ក្នុងការលើកកំពស់គោរពបូជា មានសទ្ធាជ្រះថ្លាដ៏ក្រៃលែង។

បរិបទនេះ បានញ៉ាំងឲ្យយើងគួរគិតត្រិះរិះពិចារណាថា នាម និងគោត្រដែលមិនបានរលាយបាត់នេះ មានលក្ខណៈផ្សេងគ្នា មានពីរចំណុច។ លក្ខណៈចំណុចទីមួយ តាំងនៅត្រូវបានគេមើលងាយមើលថោក ត្មះដិះដៀល ពេបជ្រាយ បន្តុះបង្អាប់ ជេរប្រទិច ផ្ដាសាសព្វគ្រប់បែបយ៉ាង។ លក្ខណៈមួយចំណុចទៀត តាំងនៅ ដោយមានកិត្តិស័ព្ទ  កិត្តិយស កេរ្ដិ៍ឈ្មោះ លើកស្ទួយ លើកកំពស់ពីសំណាក់មនុស្សម្នា គ្រប់ស្រទាប់វណ្ណៈទាំងអស់។ ភាពផ្សេងគ្នានេះ មនុស្សយើងគ្រប់គ្នា គួរគប្បីយល់ថា កើតមានព្រោះកត្តាហេតុសំខាន់ៗពីរ គឺអំពើល្អ និងអំពើអាក្រក់។ អំពើល្អ នឹងជាហេតុឲ្យនាម និងគោត្រ តាំងនៅដោយមានកិត្តិយស ត្រូវបានលើកសសើរ។ អំពើអាក្រក់ នឹងជាហេតុឲ្យនាម និងគោត្រតាំងនៅដោយការអាប់យស ការស្អប់ខ្ពើម ការមើលងាយមើលថោក..."៕

អប់រំគតិធម៌ដោយ
ព្រះញាណសំវរ



No comments:

Post a Comment