Friday, January 6, 2017

ធ្វើខ្លួនឲ្យដូចជាកែវទឹកទទេ


បើប្រៀបប្រដូចមនុស្សជាកែវទឹកវិញ
មនុស្សដែលមានពុទ្ធិខ្ពង់ខ្ពស់ មានសមត្ថភាព
ក៏ប្រហែលជាមិនខុសពីកែវទឹកនេះប៉ុន្មានទេ
ដែលមានទឹកនៅពេញប្រៀបហើយនោះ។
បើយើងនាំយកកែវទឹកមួយនោះ ចាក់ទឹកចូលទៅ
ទឹកក៏ប្រហែលជាហៀរហូរចេញមកជារឿយៗ
កាក់ឃាំងទុកវាមិនបានឡើយ។

ដំណើរទំនងដូចគ្នានេះដែរ បើយើងគិតរវល់តោងប្រកាន់អស្មិមានះ
ប្រកាន់មាំទៅលើពុទ្ធិ ជំនឿ ឬថ្នាក់បញ្ញាដែលយើងមានត្រឹមតែបន្តិចបន្តួចស្ដួចស្ដើងនោះ
ដោយមិនព្រមទទួលស្តាប់ និងមិនបើកទទួលយកពាក្យអប់រំប្រៀនប្រដៅ
ឬបទពិសោធដែលមានអត្ថប្រយោជន៍ រួមទាំងពុទ្ធិថ្មីៗ
ពីអ្នកផងទាំងឡាយ ឬអ្នកមានបទពិសោធផ្សេងៗទៀត។

ពេលមានព្រឹត្តិកម្មដូច្នេះ
វាមិនខុសអីពីកែវទឹកដែលមានទឹកពេញស្រេចហើយនោះទេ
កែវទឹកដែលលែងត្រូវការទឹកបន្ថែម ចាក់យ៉ាងណា
ក៏ទឹកហូរហៀរចេញមកវិញអស់ដដែល កែវទឹកលែងមានប្រយោជន៍
ក្នុងការផ្ទុកទឹកទៀតហើយ។

បើយើងដូរផ្លាស់វិធីថ្មីវិញ
យកទឹកដែលកំពុងមាននោះទៅរក្សាទុកកន្លែងផ្សេង
រួចហើយធ្វើខ្លួនជាកែវទឹកទទេថ្មី ដើម្បីទុកចាក់ទឹកថ្មីបញ្ចូលទៅ
ហើយរក្សាវាទុក ចាក់ចូលនិងរក្សា ចាក់ចូលនិងរក្សា
ចាក់ចូល និងរក្សាតាមរបៀបនេះ ជារឿយៗទៅ។

ឃើញទេថា ទឹកដែលមានក៏មិនបានបាត់បង់ទៅណា
ហើយយើងថែមទាំងមានទឹកសន្សំនោះច្រើនឡើង ច្រើនឡើងៗ
ដូចមិនមានថ្ងៃអស់អ៊ីចឹងដែរ។

សាកល្បងធ្វើខ្លួនដូចជាកែវទឹកទទេ ដើម្បីបើកទទួលយកវត្ថុធាតុថ្មីៗ
មើលទៅហាក់ដូចជាបង់ខាតខ្លះៗក៏នៅប្រសើរដែរ។
កុំភ្លេចថា ការរៀនដឹង ឬរៀនសូធ្យមិនមានថ្ងៃស្លាប់ទេ
 ហើយមនុស្សឆ្លាត រមែងមិនបិទបាំងខារខាំងខ្លួនឯងនោះឡើយ៕

Cr.HEALTH&BEAUTY 
រូបភាព google.com


No comments:

Post a Comment