Wednesday, January 11, 2017

សម្លឹងមើលពិភពលោកក្នុងគំនិតល្អ ទើបមានផល


 ការសម្លឹងមើលពិភពលោកក្នុងគំនិតល្អ អាចនិយាយបានថា ជាការផ្ដល់កម្លាំងចិត្ត ឲ្យជីវិតរស់នៅមានក្ដីសង្ឃឹម 

មានកង្កែបមួយហ្វូង អាស្រ័យនៅជាមួយគ្នានៅទីកន្លែងមួយ។ រាល់ថ្ងៃ ពួកវាត្រូវចេញទៅរកអាហារព្រមគ្នា។ ថ្ងៃមួយមានកង្កែបពីរក្បាលជាបងប្អូននឹងគ្នា គិតថាចង់ទៅរកអាហារមុនគ្នីគ្នា ព្រោះត្រូវការផ្លាស់ប្ដូរភាពថ្មីៗក្នុងជីវិត ក៏បានបបួលគ្នាចេញធ្វើដំណើរទៅមុនកង្កែបផ្សេងៗទៀត ដោយសប្បាយភ្លើតភ្លើន។ ពេលដែលកំពុងលោតទៅ កង្កែបតូចទាំងពីរបានជ្រុលធ្លាក់ទៅក្នុងរណ្ដៅ ដែលជ្រៅល្មមសមគួរដែរ។ ឱកាសចង់លោតឡើងមកពីរណ្ដៅ មិនមែនជារឿងងាយស្រួលទេ តែកង្កែបទាំងពីរក្បាល ក៏មិនរាថយក្នុងការលោតឡើងមកពីររណ្ដៅនោះដែរ។

ពេលដែលកង្កែបទាំងពីរកំពុងព្យាយាមលោតឡើងមកពីរណ្ដៅនោះ កង្កែបដទៃទៀត ដែលតាមមកពីក្រោយ ក៏មកដល់រណ្ដៅមួយនោះ ហើយពួកគេបានឃើញកង្កែបបងប្អូនទាំងពីរ កំពុងព្យាយាមយ៉ាងពេញទំហឹង ដើម្បីឡើងមកពីរណ្ដៅនោះ ពួកគេនាំគ្នាទៅអើតមើលត្រង់រណ្ដៅនោះ ហើយស្រែកឲ្យពួកគេតស៊ូ។
ដំបូងនោះ កង្កែបទាំងនោះ ក៏នាំគ្នាផ្ដល់កម្លាំងចិត្ត ដើម្បីឲ្យពួកខ្លួនឡើងមកពីរណ្ដៅជ្រៅនោះបាន ប៉ុន្តែពេលវេលាកន្លងទៅមួយសន្ទុះ សំឡេងដែលធ្លាប់ផ្តល់កម្លាំងចិត្តក៏បានផ្លាស់ប្ដូរ ហើយជាសំឡេងដែលប្រាប់ឲ្យកង្កែបទាំងពីរព្រមចុះចាញ់ចំពោះជោគវាសនា ដើម្បីឲ្យកង្កែបដែលនៅក្នុងរណ្ដៅព្រមទទួលយកការពិតថា វាមិនអាចទៅរួចទេ ដែលចង់ឡើងមកពីរណ្ដៅនោះ។
កង្កែបមួយក្បាលៗ ក៏នៅក្បែរមាត់រណ្ដៅនោះនៅឡើយ ហើយផ្លាស់ប្តូរពីការផ្ដល់កម្លាំងចិត្ត មកជាស្រែកឡើងខ្លាំងជាមុន ដើម្បីឲ្យកង្កែបដែលនៅក្នុងរណ្ដៅគិតថា ជាសំណាងអាក្រក់របស់ខ្លួនទាំងពីរទៅចុះ។
កង្កែបដែលជាបង ទោះបីគ្រាដំបូងមិនព្រមទទួលយកពាក្យសម្ដីរបស់ពួកគេ ដែលស្រែកឡើងមកនោះ ដែលដល់ឮយូរៗទៅ ក៏អស់កម្លាំងចិត្តក្នុងការលោតឡើងមកពីរណ្ដៅ ក៏បានដេកអស់សង្ឃឹមនៅក្នុងរណ្ដៅ គឺដូចជាព្រមទទួលយកជោគជតាកម្ម ដែលតាមមកផ្ដាច់ជីវិតជាចុងក្រោយ។
ចំណែកកង្កែបដែលជាប្អូន លុះបានឃើញបងៗ និងមិត្តៗ ស្រែកដូច្នោះ ក៏កាន់តែមានកម្លាំងចិត្តខំលោតឲ្យផុតពីរណ្ដៅឲ្យបាន ដែលរួបរួមកម្លាំងដែលមាននៅទាំងអស់ ហើយលោតយ៉ាងអស់កម្លាំង នៅទីបំផុតក៏អាចឡើងមកពីរណ្ដៅនោះទាល់តែបានសម្រេច។

នៅពេលកង្កែបតូចឡើងមកពីរណ្ដៅនោះបានសម្រេច កង្កែបទាំងអស់មកចោមរោម ដោយការសប្បាយចិត្ត ព្រមទាំងសួរដោយភ្ញាក់ផ្អើលថា
ហេតុអ្វីបានជាឯងលោតឡើងមកពីរណ្ដៅបាន ទាំងដែលរណ្ដៅនោះជ្រៅខ្លាំងណាស់ ហើយបងរបស់ឯងក៏ព្រមចុះចាញ់ទៀតផង?”
កង្កែបតូចមើលទៅគ្នីគ្នា ហើយក៏ឆ្លើយដោយសេចក្ដីសោមនស្សក្នុងចិត្តថា
ខ្ញុំមានត្រចៀកមិនសូវល្អទេ ពេលនៅក្នុងរណ្ដៅ ខ្ញុំឮតែពួកបងៗឈរធ្វើមាត់ដូចកំពុងស្រែកប្រាប់អ្វីម្យ៉ាង ក៏គិតថា ពួកបងៗកំពុងផ្ដល់សំឡេងឲ្យកម្លាំងចិត្ត ខ្ញុំក៏បានប្រមូលកម្លាំងរួបរួម ដែលមាននៅទាំងអស់ ដើម្បីលោតឡើងមកឲ្យបាន ឲ្យសក្ដិសមនឹងពួកបងៗខំមកផ្ដល់កម្លាំងចិត្តខ្ញុំ
បណ្ដាលកង្កែបដែលមកចោមរោម ពេលបានស្ដាប់ចម្លើយពីកង្កែបតូចមួយក្បាលនោះហើយ ក៏ស្រឡាំងកាំងចំពោះអ្វីដែលពួកគេនិយាយចេញមក និងវិធីគិតរបស់ពួកគេ ហើយកង្កែបមួយក្បាលនិយាយឡើងថា
ឯងគិតបែបនេះឬ ផ្ទុយពីពួកយើងមិនបានផ្ដល់កម្លាំងចិត្តអ្វីឡើយ តែប្រាប់ពួកឯងទាំងពីរ ដែលនៅក្នុងរណ្ដៅ ព្រមទទួលយកការពិតទៅថា វាមិនអាចទៅរួចទេ ដែលចង់លោតឡើងមកពីរណ្ដៅ ដែលមានជម្រៅដូច្នោះនោះ
ចំណែកកង្កែបតូច ដែលប្រកាន់ភ្ជាប់នូវគំនិតរបស់ខ្លួន នៅពេលបានស្តាប់ឮពាក្យសម្ដី ដែលគ្នីគ្នានិយាយឡើងដូច្នោះ  មិនត្រឹមតែមិនខូចចិត្តទេ តែបែរជានិយាយដោយក្ដីរីករាយ ក្នុងការសម្លឹងមើលពីភពលោកដ៏ល្អថា
ក៏មិនជាថ្វីឡើយ គឺខ្ញុំយល់ថា ជាការផ្ដល់កម្លាំងចិត្តពីពួកបង ម្យ៉ាងទៀត គ្រាន់តែឃើញពួកបងមកឈរនៅមាត់រណ្ដៅ ខ្ញុំក៏មានកម្លាំងស្វាហាប់នឹងលោតឡើងមក ទោះបីជាពួកបងៗនិយាយបែបណាក៏ដោយ តែខ្ញុំមិនបានឮ ហើយទោះជាបានឮអ្វីដែលពួកបងនិយាយ ក៏ខ្ញុំមិនគិតរាថយចំពោះឧបសគ្គនោះឡើយ។
ហ្វូងកង្កែបទាំងនោះថា ឯងនេះ ពូកែសម្លឹងមើលពីភពលោកក្នុងគំនិតល្អពិតមែន អរគុណដែលឯងបានផ្ដល់សតិសម្បជញ្ញៈដល់ពួកយើង និងធ្វើឲ្យពួកយើងបានចេះសម្លឹងមើលអ្វីដែលល្អៗ
កង្កែបតូចធំទាំងអស់បានអរគុណ ចំពោះកង្កែបតូចមួយក្បាលនោះ ទោះបីត្រចៀកមិនសូវល្អប៉ុន្មានក្នុងការស្ដាប់សំឡេងក៏ដោយ ប៉ុន្តែគំនិតរបស់គេនោះ បែរជាមានគំនិតល្អគ្រប់គ្រាន់ ធ្វើឲ្យកង្កែបផ្សេងៗយកទៅធ្វើជាគំរូដ៏ល្អ ក្នុងការប្រើជីវិតឲ្យមានសេចក្ដីសុខ៕

ស្រ.ស. និទានធម្ម
រោ.Olympic,  ទំ. ៦៧-៧០, ឆ្នាំ ២០១១
ប្រែ.  ប្រាជ្ញ សម្បត្តិ
រូបភាព៖ Google.com

                               




No comments:

Post a Comment