លោកយាយម្នាក់ចូលចិត្តទៅវត្តជាប្រចាំ មិនថាតែថ្ងៃបុណ្យ
ឬទៅសុំសីលទេ។ លោកយាយគាត់ជាបុគ្គលគំរូក្នុងការដឹកនាំកូនចៅឲ្យចេះធ្វើអំពើល្អ
រហូតដល់កូនចៅ ក៏មានការយកចិត្តទុកដាក់ក្នុងផ្លូវធម៌ជាច្រើន។
មានកត្តាខ្លះដែលនៅសង្ស័យថា
ហេតុអ្វីលោកយាយត្រូវទៅវត្ត ឬទៅសុំសីលរាល់ថ្ងៃ ជាពិសេសក្នុងអំឡុងពេលចូលព្រះវស្សា
ឬថ្ងៃសំខាន់ក្នុងព្រះពុទ្ធសាសនា។ ពេលខ្លះគាត់មិនព្រមដេករហូតពេញមួយថ្ងៃមួយយប់ក៏សឹងមាន។
ចម្ងល់មួយនេះ ជាប់នៅក្នុងចិត្តរបស់ចៅប្រុសម្នាក់រហូតមក។
មានថ្ងៃមួយ
ជាថ្ងៃសំខាន់ក្នុងព្រះពុទ្ធសាសនា លោកយាយក៏បានទៅសុំសីលនៅវត្ត
ដូចដែលធ្លាប់ធ្វើកន្លងមក អ្វីដែលពិសេសជាងនេះ
គឺអ្នកគ្រប់គ្នាដែលទៅសុំសីលបានតាំងចិត្តថា នឹងមិនព្រមសម្រាន្តរហូតដល់ពេលអរុណរះ។
ក្នុងថ្ងៃសីលនោះក៏មានព្រះសង្ឃផ្លាស់ប្ដូរគ្នាសូធ្យធម៌ និងឡើងស្ដែងព្រះធម្មទេសនារហូតដល់អរុណរះថ្ងៃ។
លុះដល់ថ្ងៃព្រឹកស្អែកឡើង
អ្នកសុំសីលម្នាក់ៗ ព្រមទាំងលោកយាយក៏បានធ្វើដំណើរវិលត្រឡប់មកផ្ទះរៀងៗខ្លួន
ដោយទឹកមុខជ្រះថ្លា ទោះបីយប់កន្លងទៅ គាត់មិនបានសម្រាន្តក៏ដោយ ក៏ប៉ុន្តែចិត្តដែលពោរពេញទៅដោយព្រះធម៌
ទើបធ្វើឲ្យលោកយាយមានសេចក្ដីសុខជាខ្លាំង។
នៅពេលត្រឡប់មកដល់ផ្ទះវិញ
ចៅប្រុសដែលចូលចិត្តឆ្ងល់ ក៏រត់ចូលទៅទទួលរបស់ពីយាយ លុះដល់លោកយាយអង្គុយសម្រាករួចរាល់ហើយ
ក៏បានសួរចង់ដឹងថា
“យាយទៅវត្តហត់ទេ?”
យាយឆ្លើយថា
“មិនហត់ទេចៅ យាយសប្បាយចិត្ត ទើបមិនហត់ ព្រោះពីយប់មិញនេះ បានស្ដាប់លោកសម្តែងព្រះធម៌ពេញមួយយប់
មួយអង្គៗបានទេសនាគួរឲ្យចាប់អារម្មណ៍ជក់ចិត្តខ្លាំងណាស់។
លោកយាយនិយាយរួចហើយ
ក៏ញញឹម ពីព្រោះអ្វីដែលបានស្ដាប់ពីព្រះសង្ឃនោះ ហាក់ដូចជាពិសេសខ្លាំងណាស់។
ដោយការចង់ដឹងខ្លាំងជាងរាល់ដង ចៅប្រុសក៏បានសួរបន្តទៅទៀតថា
“ហើយចុះ
ព្រះសង្ឃទេសនារឿងអ្វីទៅលោកយាយ?”
យាយឆ្លើយថា
“យាយចាំមិនបានទេ គ្រាន់ត្រឹមតែដឹងថា លោកទេសនាបានល្អណាស់”។
នៅពេលយាយនិយាយបែបនេះ
ចៅប្រុសក៏មានអារម្មណ៍ប្លែកក្នុងចិត្ត ពីព្រោះលោកយាយទើបនឹងមកពីវត្ត
ប៉ុន្តែមិនបានចំណេះអ្វីជាប់ខ្លួនមកឡើយ ចៅប្រុសក៏និយាយឡើងថា
“លោកយាយទើបនឹងមកពីស្ដាប់ធម៌
ហើយនិយាយថា លោកទេសន៍បានល្អណាស់ តែដល់ពេលសួរថា តើលោកទេសន៍រឿងអ្វី ហើយល្អបែបណា?
យាយក៏ឆ្លើយឲ្យចៅ ដឹងមិនបាន បញ្ជាក់ថា
លោកយាយប្រហែលជាមិនបានអ្វីមកនោះទេ”។
លោកយាយហែលឆ្លងកាត់ជីវិតមកជាយូរ
នៅពេលបានស្ដាប់ពាក្យមន្ទិលសង្ស័យរបស់ចៅប្រុស ក៏បាននិយាយឡើងថា
“បើចៅចង់ដឹង
អីចេះទៅចុះ ចៅទៅយកកញ្ច្រែងមួយមក ហើយយកកញ្ច្រែងនោះទៅដួសទឹកឲ្យបាន
ហើយយាយនឹងប្រាប់ឲ្យដឹងថា យាយបានអ្វីមកខ្លះ ពីការស្ដាប់ព្រះធម្មទេសនានេះ”។
ចៅសួរថា “លោកយាយ
កញ្ច្រែងនេះ តើដួសទឹកបានយ៉ាងម៉េច?”
យាយប្រាប់ថា
“សាកធ្វើតាមយាយប្រាប់ទៅបានហើយ”។
ដោយមានការគោរពចំពោះមនុស្សចាស់
ចៅប្រុសក៏បានអនុវត្តធ្វើតាមពាក្យសម្ដីរបស់លោកយាយ តែក្នុងពេលជាមួយគ្នានោះ
ក៏អត់ឆ្ងល់មិនបានថា តើកញ្ច្រែងដួសទឹកបានយ៉ាងម៉េចទៅ? ព្រោះពេលគេយកកញ្ច្រែងពន្លិចក្នុងទឹក
ហើយលើកឡើងមក អ្វីដែលជាប់មកជាមួយគឺ កញ្ច្រែងសើមប៉ុណ្ណោះ ទោះបីជាធ្វើប៉ុន្មានដង គេក៏មិនអាចដួសទឹកនោះមកបានឡើយ តែនៅពេលបានអនុវត្តធ្វើតាមពាក្យសម្ដីរបស់លោកយាយហើយ
ចៅប្រុសដែលពូកែសង្ស័យ ក៏យកកញ្ច្រែងសើមនោះរត់មករកលោកយាយវិញ
ហើយក៏បានប្រាប់ទៅលោកយាយថា វាមិនអាចដួសទឹកមកបានទេ។
លោកយាយមើលមុខចៅប្រុសដោយក្ដីមេត្តា ហើយគាត់មានប្រសាសន៍ថា
បើអ៊ីចឹង
ចៅសាកល្បងគោះកញ្ច្រែងដែលសើមទឹកនោះទៅ”។
នៅពេលទទួលពាក្យបង្គាប់ពីលោកយាយហើយ
ចៅប្រុសក៏បានគោះកញ្ច្រែងសើមទឹកនោះភ្លាម ហើយទឹកដែលនៅជាប់នឹងកញ្ច្រែងនោះ ក៏ខ្ទាតខ្ចាយចេញពីកញ្ច្រែងជាច្រើន។
នៅពេលឃើញដូចនេះ លោកយាយក៏បានលើកយកហេតុការណ៍ ដែលបានកើតឡើង ដើម្បីអប់រំចៅប្រុសឲ្យយល់
នូវអ្វីដ៏សំខាន់ដែលភ្នែកធម្មតាមើលមិនឃើញ។
“ចៅសម្លាញ់
ការណ៍ដែលយាយឲ្យចៅយកកញ្ច្រែងទៅដួសទឹកឲ្យបាន។ ការពិតទៅ យាយចង់ឲ្យចៅដឹងថា
របស់ខ្លះដែលយើងប្រាប់ថា មិនបានអ្វីពីរបស់នោះឡើយ
ការពិតទៅក៏មានរបស់ខ្លះ ដែលយើងបានមកពីវាដែរ ដូចអ្វីដែលយាយប្រាប់ថា
ទៅស្តាប់ការសម្ដែងព្រះធម្មទេសនាហើយ តើបានអ្វីមក? ទោះបីជាយាយមិនអាចប្រាប់ឲ្យដឹងថា
វាមានលក្ខណៈបែបណា
ប៉ុន្តែចិត្តដែលយាយបានដឹងចំពោះអ្វីដែលគ្មានរូបរាងក៏ប្រាប់ឲ្យដឹងថា ក្នុងចិត្តរបស់យាយឈ្វេងយល់ដឹងនូវអ្វីបានខ្លះ
ចិត្តរបស់យាយក៏ដូចជាកញ្ច្រែង យាយរកប្រាប់មិនត្រូវទេថា យាយបានអ្វីមកខ្លះទេ
វាប្រៀបបានដូចជាកញ្ច្រែង ដែលមិនអាចដួសទឹកមកបាន
ប៉ុន្តែក្នុងចិត្តរបស់យាយក៏ប្រាប់ឲ្យដឹងថា មានអ្វីល្អៗ ធ្វើឲ្យយាយមានសេចក្ដីស្ងប់
សុខខាងក្នុង ជាសេចក្ដីសុខ ដែលអាចដឹងបានចំពោះតែខ្លួនឯង ចង់ប្រាប់នរណាឲ្យបានដឹង
ក៏មិនច្បាស់លាស់ដូចជាខ្លួនឯងបានយល់ឡើយ៕
ស្រ.ស. និទានធម្ម
រោ.Olympic, ទំ. ១១២-១១៥, ឆ្នាំ ២០១១
ប្រែ. ប្រាជ្ញ
សម្បត្តិ
No comments:
Post a Comment