Tuesday, January 24, 2017

ព្រះវរធម្មគតិ


យុគនេះ ហៅថាលោកាភិវឌ្ឍន៍  ជាយុគដែលត្រូវរវល់មមាញឹកខ្លាំងណាស់។ សេចក្ដីក្ដៅក្រហាយអន្ទះអន្ទែង កើតឡើងសព្វមុខអន្លើ ជាគ្រឿងបង្គាប់បញ្ជាចិត្តមនុស្សម្នា ឲ្យនៅឃ្លៀងឃ្លាតពីព្រះធម៌ ពាក្យអប់រំរបស់ព្រះពុទ្ធបរមគ្រូ ជាម្ចាស់នៃយើងយ៉ាងដាច់ឆ្ងាយ ថែមទាំងមានការបង្រៀនអប់រំផ្នែកព្រះពុទ្ធសាសនា បង្រៀនអប់រំឲ្យប្រតិបត្តិតាម។ វាគួរឲ្យសោកស្ដាយ វាគួរឲ្យព្រួយបារម្ភ សន្ដានចិត្តមនុស្សចេះតែទាបទៅៗ និងហួសពីការជឿ មើលឃើញបានពីទង្វើអាក្រក់ ដូចជាធ្វើមិនដឹងខ្យល់អី ដូចមិនចេះញញើតខ្លាចខ្មាសបាប។

សូម្បីតែអ្នកបួសក្នុងព្រះសាសនាមួយនេះផង ក៏មិនញាប់ញ័រ ប្រព្រឹត្តល្មើសសីល ល្មើសធម៌វិន័យសឹងតែគ្មានសល់ ឲ្យមានសីល មានធម៌ មានវិន័យរបស់ព្រះសង្ឃសាវកហើយ។ តាមពិត ទោះបីជាមិននាំមកនិយាយ ក៏គេដឹងច្បាស់ទាំងគ្នាហើយ។ ថ្ងៃនេះ នឹងសុំត្រឹមតែថា កុំធ្វើខ្លួនឯងឲ្យមានសភាពដូចដែលបានដឹងឮដូចបាននិយាយខាងលើ ចូរអភិបាលរក្សាខ្លួន អភិបាលរក្សាចិត្តឲ្យជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការទ្រទ្រង់ ស្ថានប័ន ជាតិ សាសនា ព្រះមហាក្សត្រឲ្យផុតចេញពីក្ដីវិបត្តិ។ 

អ្នកបួសជាទីពឹងពំនាក់ដ៏សំខាន់របស់ញាតិញោម ដែលជាបរិស័ទ សូមធ្វើខ្លួនឲ្យជាទីពឹងពំនាក់ដ៏ពិតប្រាកដមួយ ដើម្បីអាចរក្សាខ្លួនឲ្យរួចផុតពីកំហុសអាក្រក់បាន ចូរតម្កល់ចិត្តសិក្សាឈ្វែងយល់ ពីហេតុភេទ ដែលកំពុងបានកើតឡើងយ៉ាងច្រើន នៅក្នុងសង្គមមួយនេះ ឥតមានថ្ងៃណាមួយ ថាមិនមានកើតឡើងទេ។ សេចក្ដីស្លាប់ដែលបានកំពុងកើតឡើងឲ្យឃើញឲ្យដឹងនេះ ជាមូលហេតុឲ្យអ្នកមិនពិការភ្នែកឲ្យគិតពិចារណា ឲ្យមានសេចក្ដីសង្វេគ សេចក្ដីតក់ស្លុត ក្រែងរអា ដែលត្រូវជួបប្រទះជាមួយសេចក្ដីស្លាប់ ដោយឥតបានធ្វើអំពើល្អ ធ្វើតែអំពើអាក្រក់បាបលាមកច្រើនឡើងរាល់ថ្ងៃ។

ជឿចុះថា មិនមានមនុស្សច្រើនប៉ុន្មានទេ ដែលមិនខ្លាចផលកម្មអាក្រក់ ផលនៃការល្មើសខុសសីល ខុសធម៌វិន័យរបស់ភិក្ខុ របស់សាមណេរ គ្រាន់តែនាំគ្នាប្រមាទជ្រុលហួសខ្នាត ចង់ឲ្យខ្លាចសេចក្ដីស្លាប់ដែលនឹងកើតឡើងចំពោះខ្លួន ខណៈដែលមានបាប មានអកុសល ដែលជាមាគ៌ានាំទៅកាន់ភពកំណើតថ្មី ដែលគួរឲ្យតក់ស្លុតរន្ធត់ចិត្ត សម្បត្តិបន្តិចបន្តួចយកជាប់តាមខ្លួនទៅក៏មិនមាន មានតែបុណ្យ និងបាបប៉ុណ្ណោះតាមជាអាយ៉ងរបស់ខ្លួន។

សូមឲ្យភិក្ខុ សាមណេរក្នុងធម៌វិន័យនេះ បញ្ឈប់ភាពស៊ីវិល័យ ភាពស្រើបស្រាល ស្រវាស្រទេញ គួរប្រតិបត្តិតាមអ្វីដែលព្រះពុទ្ធបរមគ្រូនៃយើងទ្រង់ដាក់ទុកមក។ ពេលជាតិមុខមកដល់ នឹងមិនបានទៅខ្មាសសត្វនរកដែលនៅមុន ជាពិសេសសត្វនរកពួកនេះ មិនជាភិក្ខុ ជាសាមណេរមកពីមុនទេ អ្វីៗបានបួសរៀនរួចមកហើយ អស់រយៈច្រើនឆ្នាំ កុំឲ្យខាតពេលទទេៗ ចូរខិតខំប្រឹងប្រែងធ្វើប្រយោជន៍ឲ្យខ្លួនឯងរួចផុតពីកណ្ដាប់ដៃរបស់នរក រួចផុតពីកម្មធ្ងន់ កម្មក្រាស ដែលជាបុគ្គលអ្នកដឹកនាំព្រះសាសនា ឬធម៌វិន័យនេះ ឲ្យរីកចម្រើនផ្សព្វផ្សាយ ពាសពេញលោកសាកល កុំឲ្យទាបថោកទៅតាមបរិស្ថាន ដោយសេចក្ដីមិនស្អាតស្អំរបស់ភិក្ខុសាមណេរដែលគ្មានសីល គ្មានធម៌ និងគ្មានវិន័យនោះៗ។

យុគសម័យនេះ មើលឃើញត្រូវ ហ៊ាននិយាយដូច្នេះ សង្ឃឹមថា ការណ៍ដែលនិយាយក្នុងថ្ងៃនេះ ភិក្ខុសាមណេរគង់នៅក្រោមម្លប់ព្រះសាសនាមួយនេះ គង់បានឮ បានស្តាប់ បានអាន នឹងបានជឿខ្លះ ដើម្បីជាការឲ្យពរខ្លួនឯងឲ្យរួចផុតពីកម្មមហន្ត បានសុខទាំងជាតិនេះ និងជាតិមុខ។ សូមផ្ដាំផ្ញើដល់គ្រប់អង្គរូបប៉ុណ្ណេះចុះ។

-----------------------------------------------------------
ថ្ងៃទី ១៨ មិនា ព.ស. ២៥៤១ នៅពុទ្ធមណ្ឌល ក្នុងប្រជុំសង្ឃសន្និបាតថ្នាក់ព្រះចៅអធិការទូទាំងប្រទេស។

No comments:

Post a Comment