Monday, January 23, 2017

ធ្វើអំពើល្អប្រកបដោយចិត្តបរិសុទ្ធ


 “...សព្វថ្ងៃនេះ យើងមានឱកាសធ្វើអំពើល្អជាមួយគ្នាបានរាល់ថ្ងៃ ដូចនោះ ទើបសុំឲ្យព្យាយាមតាំងសតិឲ្យបានល្អ ប្រើបញ្ញាត្រិះរិះគិតមើលឲ្យបានច្បាស់លាស់ កុំបីមានចិត្តលោភលន់ កុំបីមានចិត្តស្រវឹងវង្វេង កុំបីមានចិត្តធ្វើល្អប្រកបដោយមានសេចក្ដីលោភលន់ ដោយសេចក្ដីស្រវឹងវង្វេង ឲ្យធ្វើល្អប្រកបដោយសេចក្ដីបរិសុទ្ធសស្អាតពិតប្រាកដចុះ។ វាមានវិធីត្រួតពិនិត្យមើលចិត្តខ្លួនឯងថា ធ្វើអំពើល្អប្រកបដោយចិត្តប្រាសចាសពីគ្រឿងសៅហ្មង គឺកិលេស លោភលន់ ខឹងក្រោធ ស្រវឹងវង្វេង ឬមិនអ៊ីចឹងទេ ឲ្យពិនិត្យមើលថា ពេលធ្វើល្អនោះ

- ក្តៅរោលរាលចិត្ត ដែលជាការដណ្ដើមនរណាធ្វើឬទេ
- ជំទាស់ខារខាំងនរណាគេឬអត់
- ជ្រួលច្រាលច្របូកច្របល់ខ្វាយខ្វល់កិបកេងផលហួសហេតុក្នុងការធ្វើល្អឬទេ
- ត្រូវការនឹងធ្វើទាំងដែលខ្លួនមិនអាចធ្វើបាន រួចហើយក៏តូចចិត្តតូចថ្លើម ឬមួមៅក្ដៅក្រហាយឈឺចាប់ចងអាឃាតព្យាបាទឬអត់។

ប្រសិនបើមានចម្លើយបដិសេធទាំងអស់ ក៏រាប់បានថា ល្អ ជាការធ្វើល្អមួយដែលនៅឆ្ងាយពីចិត្តកិលេស ក៏ល្មមសមគួរហើយ បើពិចារណាមើលទៅឃើញថា ចិត្តខ្លួនឯងថ្លៃថ្លាត្រចះត្រចង់ ចិត្តសប្បាយ ចិត្តត្រជាក់ ក្នុងការធ្វើអំពើល្អអ្វីៗនោះ ជាការរាប់បានថា មានកិលេសប្រាសចាកពីចិត្ត ក្នុងខណៈនោះ ក៏គួរឲ្យត្រេកអរសោមនស្សាយ៉ាងក្រៃលែង នឹងជាហេតុហុចផលល្អឲ្យ ដែលកើតពីកម្មល្អ បរិសុទ្ធសស្អាតផូរផង់ និងឧត្តមថ្លៃថ្លានោះ...”
--------------------------- 
ស្រ.ស. ចេះគ្រប់
អប់រំដោយ
តេ.ញាណសំវរ
ប្រភព៖ ធម្ម ព្រះត្រៃរ័តន៍

No comments:

Post a Comment