Monday, January 23, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៤)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៤)

...មនុស្សធ្វើបុណ្យធ្វើទាន ចេះតែជួបទុក្ខលំបាកគ្រប់បែបយ៉ាង ត្រូវជួបអគ្គីភ័យ ត្រូវទឹកជំនន់ ត្រូវជួបគ្រោះរាំងស្ងួត ត្រូវរថយន្តគៀរ ត្រូវចោរប្លន់ ត្រូវញាតិបោកប្រាស់ ត្រូវកូនធ្វើបាប ត្រូវប្តីមានស្រី ម្លោះហើយចិត្តក៏កើតទុក្ខ ខូចសតិ។ អ្នកខ្លះក៏អស់សង្ឃឹម មកនិយាយឲ្យលោកតាស្តាប់ថា ខំឧស្សាហ៍ចូលវត្តចូលវ៉ា ធ្វើបុណ្យរក្សាសីល ប្រតិបត្តិធម៌តាំងពីក្មេងរហូតដល់ចំណាស់ណេះអស់ទៅហើយ ចុះហេតុអីរឿងអី បានជាបុណ្យកុសលនោះ មិនមកជួយឃុំគ្រងរក្សាខ្លួន ហើយអ្នកខ្លះទៀតក៏គិតឈប់ចូលវត្ត ឈប់ធ្វើបុណ្យទាន ព្រោះព្រះធម៌មិនបានជួយឲ្យគេរួចផុតពីមហន្តរាយទាំងនេះ បែរជាឃើញអ្នកធ្វើអាក្រក់ ចេះតែមាន ចេះតែបាន ចេះតែរីកចម្រើន ចេះតែសុខសប្បាយទៅ។ 

លោកតា ឌូល្យ បានមានថេរដីកាថា “គ្រោះថ្នាក់ បាបគ្រោះ មហន្តរាយទាំងនេះ ធ្វើតាមតួនាទីរបស់វា ព្រះធម៌មិនអាចជួយអ្វីអ្នកណាក្នុងលក្ខណៈសភាពបែបនោះបានទេ មានន័យថា មហន្តរាយក្ដី ភាពអន្តរធានក្តី វិបត្តិក្ដី វិនាសកម្មក្តី និងការព្រាត់ប្រាសចាកនិរាសគ្នាក្ដី រឿងទាំងអស់នេះ វាមានប្រចាំលោកស្រាប់ហើយ។

ត្រង់ចំណុចបុគ្គលអ្នកមានធម៌អាថ៌ បុគ្គលអ្នកប្រតិបត្តិធម៌ ពេលណាជួបប្រទះជាមួយហេតុការណ៍ដូច្នេះហើយ នឹងធ្វើចិត្តយ៉ាងដូចម្ដេចទៅ ទើបមិនកើតទុក្ខ ខូចចិត្ត ក្រៀមក្រំចិត្តយ៉ាងនេះទៅវិញទេ ពុំមែនធម៌ ជួយមិនឲ្យចាស់ មិនឲ្យស្លាប់ មិនឲ្យស្រេកឃ្លាន មិនឲ្យកើតគ្រោះមហន្តរាយ មិនមែនបានយ៉ាងនេះយ៉ាងនោះឡើយ...”
 ----------------------------
អប់រំដោយ
តេ. ឌូល្យ អតុលោ
ធម្មៈ ព្រះត្រៃរ័តន៍

No comments:

Post a Comment