Monday, January 23, 2017

ចម្រើនភាវនាមានអានិសង្សខ្ពស់ជាងបុណ្យទាំងឡាយ


 “...យើងទៅសម្តែងព្រះធម្មទេសនានៅទីណា ក៏សម្ដែងមិនផុតពីសម្តែងរឿងការចម្រើនភាវនានេះដែរ ទោះបីជាមិនដឹងក្ដី មិនឃើញក្ដីក៏ដោយ ផលនៃការចម្រើនភាវនារបស់យើង រមែងមានផលានិសង្សខ្ពស់ មានលំដាប់លេខមួយ ទាន សីល ជាដើម មានលំដាប់លេខពីរប៉ុណ្ណោះ។

លំដាប់ទីមួយ គឺការចម្រើនភាវនា រឹតតែដឹង រឹតតែឃើញ ហើយកាន់តែបណ្ដុះសទ្ធាជ្រះថ្លា ជឿជាក់ក្នុងផលនៃខ្លួនដែលបានធ្វើបំពេញឡើងរឿយៗ។ លើកនេះវាក៏អបស្ទបទ្រទ្រង់នូវទាន អបស្ទបទ្រទ្រង់នូវសីល អបស្ទបនូវអំពើល្អគ្រប់បែបយ៉ាង ហើយហិរិឱត្តប្បៈ ការកោតក្រែងខ្លាចរអាចំពោះអំពើបាប ចំពោះកម្មទាំងឡាយទាំងពួង ដែលនឹងយល់មក អ្វីដែលគួរឲ្យខ្លាច វានឹងបក់បោកនៅក្នុងចិត្តហ្នឹងឯង។

ដូចយ៉ាង ព្រះសោតាប័ន លោកគ្រាន់តែសម្រេចថ្នាក់ត្រឹមសោតាប៉ុននោះ ក៏ចូលកាន់សច្ចភាពបាត់ទៅហើយ ជឿបាប ជឿបុណ្យ ជឿផលកម្មនោះឯង ដែលបានស្តាប់មកហើយ។ ពេលបានស្តាប់ហើយ លោកទើបមានព្រះធម៌ប្រចាំចិត្ត ជានិស្ស័យដុះឡើងមកដោយស្វ័យប្រវត្តិ។ ព្រោះដូច្នោះ សោតាប័នទើបមិនមានការទទួលសីល ជាសមុច្ឆេទវិរតិដោយស្វ័យប្រវត្តិទៅ គឺហិរិឱត្តប្បៈ ការកោតក្រែងខ្លាចរអាចំពោះបាប ចំពោះកម្មទៅក្នុងនោះស្រេចហើយ ដូចជា ទទួលសីល ៥ សីល៨ ឬសីលអ្វីណានីមួយ ប្រសិនបើនៅក្នុងក្រុម ជាមួយមិត្ត លោកក៏ដឹកនាំបណ្ដាប្រជាជននោះទទួលប៉ុណ្ណោះ។

បុគ្គលដែលព្រះសោតាប័ននោះ លោកនឹងមិនមានចេតនាថា តាំងចិត្តនឹងទទួលសីល ព្រោះសីលពពាលពព្រុះ ឬធ្លុះធ្លាយមិនមាន មានត្រឹមតែជាអ្នកដឹកនាំ នេះហៅថា សមុច្ឆេទវិរតិរបស់ព្រះអរិយបុគ្គល។ សមុច្ឆេទវិរតិរបស់បុថុជ្ជននេះ តាំងការវៀរចាកទុករហូតដល់ថ្ងៃស្លាប់នេះហៅថា វិរតិរហូតដល់ថ្ងៃស្លាប់។

ចំណែកឯព្រះអរិយបុគ្គល ដូចជា ថ្នាក់ព្រះសោតាប័ននេះឡើងទៅ នឹងជាសមុច្ឆេទវិរតិដោយស្វ័យប្រវត្តរហូតដល់ថ្ងៃស្លាប់ ដូចគ្នា មិនបានតាំងឥរិយាបថ តាំងខាងរឿងហិរិឱត្តប្បៈ ការកោតក្រែងខ្លាចរអាចំពោះបាបកម្មទាំងឡាយនេះកើតមានឡើងមកឯកឯង។ នេះឯង ដែលកើតចេញពីការចម្រើនភាវនា កើតចេញពីការបានឮ បានស្តាប់ ដឹងឃើញធម៌ជាសច្ចភាពហើយ បណ្ដុះឡើងមកគ្រប់បែបយ៉ាង មានឈ្មោះថា សច្ចភាព ភាពក្លែងបន្លំ ភាពមាយារលាស់ចេញចោលអស់ហើយ លោកមានសភាពយ៉ាងនោះឯង។

ទៅណាមកណា យើងបានសម្តែងធម្មទេសនា តែរឿងការចម្រើនភាវនា ព្រោះជាល័ខគោលដ៏សំខាន់ណាស់ ទោះបីជាមិនកើតមានឡើងក៏ដោយ ការចម្រើនភាវនារបស់យើង មានផលអានិសង្សច្រើនទីមួយរហូតស្រាប់ហើយ  កាន់តែបានដឹងឃើញវត្ថុនោះ  កាន់តែបែកខ្ញែកទូលាយឡើងៗ ស្តាប់កាន់តែស្លុងជ្រៅទៅៗតាមលំដាប់។

រឿងជឿបុណ្យជឿបាប មិនចាំបាច់ប្រាប់ កើតឡើងមកឯកឯង ហើយពង្រីកជំនឿ  រីកសាយទូលំទូលាយ ជ្រាលជ្រៅទៅរឿយៗ នេះកើតឡើងពីការចម្រើនភាវនា។ ការណ៍ដែលយើងបានឮ បានស្តាប់ពីធម្មាចារ្យនេះ ក៏ជាបទមួយ ប៉ុន្តែស៊ូនឹងបទការចម្រើនភាវនា ដែលប្រត្យក្សឡើងក្នុងសមីខ្លួនមិនបាន អំពីគ្រូអាចារ្យអប់រំឲ្យធ្វើយ៉ាងនេះយ៉ាងនោះ នឹងកើតឡើងប្រាកដក្នុងចិត្តខ្លួនឯង បានតាមលំដាប់ ទើបចង់ឲ្យបងប្អូនក្នុងញាតិព្រះធម៌ ធ្វើសាកការចម្រើនភាវនានេះ។

សរុបសេចក្ដីមកវិញ គឺជាការចេញពីការចម្រើនភាវនា។ ការចម្រើនភាវនា ទើបមានភាពពិស្ដារណាស់ វត្ថុដែលមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់គិតស្មានដល់ កើតមានឡើងមកបានមិនចាំបាច់មានការសង្ស័យឡើយ កិលេសតែមួយគត់មកបាំងបិទរាំងស្ទះ ពេលបានបើកចំហ វាក៏មើលឃើញ បើកខ្លាំង បើកតិចក៏មើលឃើញ បើកចំហទាំងអស់ ក៏មើលឃើញពេញបេះដូង កើតមានយ៉ាងនោះ ទើបចង់ឲ្យបងប្អូនរៀនចម្រើនភាវនានេះ។

សព្វថ្ងៃនេះទៅទីណា យើងច្រើនតែទេសន៍ផ្នែកខាងការចម្រើនភាវនា ព្រោះតែអាណិតអាសូរ ចង់ឲ្យតាំងគោលជំហរទុកក្នុងចំណុចការចម្រើនភាវនា ទោះបីជាមិនមានអ្វីប្លែកចំលែកអស្ចារ្យក៏ដោយ ការចម្រើនភាវនានេះ មានផលានិសង្សច្រើនជាងការធ្វើបុណ្យទានទាំងឡាយ  ទើបនឹងបានសន្សំបុណ្យការចម្រើនភាវនាជានិច្ចនិរន្តរ៍។ ទោះបីជាដឹងឃើញអ្វីក្តី មិនឃើញអ្វីក្តី ចំណែកបុណ្យកុសល ដែលកើតឡើងពីបុណ្យការចម្រើនភាវនា ជាមូលដ្ឋានដ៏សំខាន់ និងមានផលានិសង្សច្រើនទៀតផង ទើបសុំឲ្យនាំគ្នាចម្រើនភាវនា បំប៉នដើមឲ្យបានល្អ មែកធាង ស្លឹក ផ្លែ ផ្កា នឹងបែកសាខាទៅឯកឯង...”
-----------------------------------------
អប់រំដោយ
ព្រះមហាបួ ញាណសម្បន្នោ
ប្រភព៖ ធម្ម ព្រះត្រៃរ័តន៍


No comments:

Post a Comment